CGCC

CGCC ចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល ACSIC លើកទី៣៣ ឆ្នាំ២០២៥ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ គណៈប្រតិភូ CGCC ដឹកនាំដោយ លោកស្រី គឹម សុផៃ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់ CGCC និងចូលរួមដោយ លោកស្រី កឹម ចាន់ថាវី អនុប្រធានការិយាល័យទីផ្សារ និង​អភិវឌ្ឍន៍អាជីវកម្ម និង លោក អំ ដេត អនុប្រធានការិយាល័យហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខព័ត៌​មាន​វិទ្យា បានចូលរួមកម្មវិធីបណ្តុះបណ្តាល Asian Credit Supplementation Institution Confederation (ACSIC) លើកទី៣៣ ឆ្នាំ២០២៥ នៅទីក្រុង  ម៉ានីល ប្រទេសហ្វីលីពីនដែលបានរៀបចំដោយ​ស្ថាប័នធានាឥណទាននៃប្រទេសហ្វីលីពីន​ (PHILGUARANTEE) ក្រោមប្រធានបទ ការបង្កើតលទ្ធភាពធានាឥណទានដើម្បីកៀរគរមូលនិធិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាបន្ន (Enabling Credit Guarantees to Mobilize Funds for Sustainable and Inclusive Economic Development) ”។

កម្មវិធីបណ្តុះបណ្តាលនេះមានការចូលរួមពីគណៈប្រតិភូប្រមាណ ៨៥នាក់ មកពីស្ថាប័នសមាជិក និងអ្នកសង្កេតការណ៍របស់ ACSIC ១៣ស្ថាប័ន មកពី ១១ប្រទេស ផ្សេងៗគ្នា។ ព្រឹត្តិការណ៍នេះចាត់ទុកជាវេទិកាមួយដើម្បីបង្ហាញពីការអនុវត្តល្អបំផុត ក្នុងការជំរុញកិច្ចសហការ និងស្វែងរកវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតក្នុងការពង្រឹងការផ្តល់ហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)។

ក្នុងអំឡុងពេលនៃកម្មវិធីបណ្តុះបណ្តាល អ្នកចូលរួមទាំងអស់ បានចូលរួមក្នុងការពិភាក្សាដ៏រឹងមាំជាមួយអ្នកជំនាញអន្តរជាតិ តំណាងរដ្ឋាភិបាល និងស្ថាប័នសមាជិក ACSIC ដែលផ្តោតលើការកែលម្អលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម ដោយផ្តោតជាពិសេសលើតួនាទីសំខាន់នៃការធានាឥណទានក្នុងការជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

កម្មវិធីបណ្តុះបណ្តាលនេះក៏បានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់ប្រតិភូរបស់ CGCC ក្នុងការពង្រីកបណ្តាញទំនាក់ទំនងជាមួយស្ថាប័នធានាឥណទានផ្សេងទៀត ដែលជាការបើកផ្លូវទៅកាន់កិច្ចសហប្រតិបត្តិការនាពេលអនាគត់និងការចែករំលែកចំណេះដឹងដែលនឹងជួយគាំទ្រដល់ការអភិវឌ្ឍន៍របស់ CGCC ។  សំខាន់ជាងនេះ ប្រតិភូរបស់ CGCC ក៏បានសិក្សាពីរបៀបដែលកម្មវិធីបណ្តុះបណ្តាល ACSIC ត្រូវបានធ្វើឡើង ដែលជាបទពិសោធន៍ដ៏មានប្រយោជន៍សម្រាប់ CGCC ក្នុងការធ្វើជាម្ចាស់ផ្ទះកម្មវិធីបណ្តុះបណ្តាល ACSIC លើកទី៣៤ នៅឆ្នាំ២០២៦ ដែលកម្ពុជាជាប្រទេសម្ចាស់ផ្ទះ។

 

CGCC តំណាងឱ្យកម្ពុជា ចូលរួមកម្មវិធី KOICA Fellowship Program on Capacity Building on Innovative Financing on MSMEs (2025–2027) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េខាងត្បូង

កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ លោក ញឹម សូរិយា នាយកនាយកដ្ឋានហិរញ្ញវត្ថុ និងវិភាគអាជីវកម្ម និងកញ្ញា ជុំ សិលារ័ត្ន ប្រធានការិយាល័យអភិវឌ្ឍន៍អាជីវកម្ម  (ធានាសញ្ញាប័ណ្ណ) របស់​ CGCC បានតំណាងឱ្យកម្ពុជាចូលរួមក្នុង កម្មវិធី KOICA Fellowship Program on Capacity Building on Innovative Financing on MSMEs (2025–2027)  នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េខាងត្បូង។

កម្មវិធីនេះរៀបចំឡើងដោយ Korea International Cooperation Agency (KOICA) សហការជាមួយ Korea Credit Guarantee Fund (KODIT) ដោយមានការចូលរួមពីគ្រូបង្គោលដែលមានជំនាញនិងបទពិសោធន៍ជាច្រើនរូប និងសិក្ខាកាមពីស្ថាប័នពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ និងសហគ្រាសធុនតូចនិងមធ្យមនៃបណ្តាប្រទេសចំនួន៦ផ្សេងទៀត ដើម្បីផ្សព្វផ្សាយចំណេះដឹង និងចែករំលែកបទពិសោធន៍ដោយផ្តោតសំខាន់លើយន្តការធានាឥណទាននិងហិរញ្ញប្បទានបៃតង។

ក្នុងរយៈពេលពីរសប្តាហ៍ កម្មវិធីនេះបានផ្តល់ឱកាសឱ្យសិក្ខាកាមទទួលបានចំណេះដឹង តាមរយៈសិក្ខាសាលា និងទស្សនកិច្ចសិក្សា ពាក់ពន្ធ័នឹងប្រធានបទដូចជា៖

  • ការអភិវឌ្ឍប្រកបដោយចីរភាព និង ហិរញ្ញវត្ថុអន្តរកាល
  • យន្តការហិរញ្ញវត្ថុបៃតង និងការរួមបញ្ចូល ESG នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ
  • ផែនទីផ្លូវនៃការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចបៃតងរបស់កូរ៉េ និង Green Taxonomy
  • ឧបករណ៍ជំនួយហិរញ្ញវត្ថុដូចជា Loan Guarantees, P-CBOs (Primary Collateralized Bond Obligations), និង Public-Private Partnership Guarantees
  • ការវាស់វែងកាបូន និងប្រព័ន្ធ MRV (Monitoring, Reporting, and Verification)
  • ដំណើរទស្សនកិច្ចទៅកាន់ក្រុមហ៊ុនអាជីវកម្មបៃតង និងសហគ្រិនច្នៃប្រឌិត ដែលទទួលបានការគាំទ្រពីស្ថាប័នហិរញ្ញវត្ថុកូរ៉េ

កម្មវិធីនេះបានបង្ហាញពីប្រព័ន្ធធានាឥណទានដ៏រឹងមាំរបស់កូរ៉េ និងវិធីសាស្ត្រច្នៃប្រឌិតនានាដើម្បីកាត់បន្ថយហានិភ័យក្នុងការផ្តល់ហិរញ្ញវត្ថុសម្រាប់ MSMEs។ CGCC ក្នុងនាមជាស្ថាប័នក្នុងស្រុកមួយដែលផ្តល់ការធានាឥណទានសម្រាប់អាជីវកម្ម មានបំណងយកបទពិសោធន៍ និងចំណេះដឹងដែលទទួលបានក្នុងកម្មវិធីនេះ ដើម្បីបន្តពង្រឹងយុទ្ធសាស្ត្រ និងការអភិវឌ្ឍផលិតផល របស់ខ្លួន ជាពិសេសក្នុងហិរញ្ញប្បទានបៃតង (Green Finance) និង ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព (Sustainable Finance) ដើម្បីពង្រឹងបន្ថែមនូវការបង្កើនបរិយាបន្នហិរញ្ញវត្ថុ បង្កើនភាពធន់នឹងហានិភ័យ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានភាពបៃតង និងចីរភាព។

 

CGCC រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “Design Thinking”

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ CGCC បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “Design Thinking” សម្រាប់បុគ្គលិករបស់ខ្លួន ដែលសម្របសម្រួលដោយលោក ជ័យ វីរៈ ប្រធានការិយាល័យអភិវឌ្ឍអាជីវកម្ម (ការធានាសញ្ញាបណ្ណ)។

Design Thinking គឺជាវិធីសាស្រ្តដោះស្រាយបញ្ហាដែលផ្តោតលើអ្នកប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិត ដែលផ្តោតលើការយល់ដឹង និងការដោះស្រាយតាមរយៈតម្រូវការរបស់អ្នកប្រើប្រាស់ចុងក្រោយ។ វិធីសាស្រ្តនេះត្រូវបានទទួលស្គាល់ និងអនុវត្តជាក់ស្ដែងយ៉ាងទូលំទូលាយដោយស្ថាប័នឈានមុខគេ ដូចជាសាកលវិទ្យាល័យ Stanford និងក្រុមហ៊ុនច្នៃប្រឌិតដ៏ល្បីៗដូចជា Apple, Google និង Toyota ដើម្បីជំរុញការអភិវឌ្ឍផលិតផល និងភាពច្នៃប្រឌិតនានា។

ក្នុងអំឡុងវគ្គបណ្ដុះបណ្ដាល សិក្ខាកាមដែលជាបុគ្គលិក CGCC បានចូលរួមក្នុងសកម្មភាពជាក្រុមយ៉ាងសកម្ម ដែលត្រូវបានរៀបចំឡើងដើម្បីស្វែងយល់ និងអនុវត្តដំណើរការនៃ Design Thinking នេះ ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមស្មុគស្មាញនានាក្នុងពិភពពិតជាក់ស្ដែងដែលពាក់ព័ន្ធនឹង CGCC ដែលនឹងជួយជំរុញកិច្ចសហការ ការយោគយល់គ្នា និងបង្កើតនូវដំណោះស្រាយ និងផលជះដ៏មានប្រសិទ្ធភាព។

CGCC ចូលរួមកិច្ចប្រជុំ Water Credit Partner Meeting ក្រោមប្រធានបទ “Flowing Together: Financing Sustainable Solutions for Water and Sanitation”

នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន លោក ណូ លីដា អគ្គនាយក CGCCបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងកិច្ចប្រជុំ Water Credit Partner Meeting ក្រោមប្រធានបទ “Flowing Together: Financing Sustainable Solutions for Water and Sanitation” ។

កិច្ចប្រជុំដែលត្រូវបានរៀបចំឡើងដោយអង្គការ Water.Org នេះ មានគោលបំណងចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការរួមគ្នារវាងភាគីពាក់ព័ន្ធ ជាពិសេសដៃគូដែលបានចូលរួមក្នុងគម្រោងឥណទានទឹកស្អាត និងអនាម័យ (WCAD) ក៏ដូចជាចែករំលែកនូវចំណេះដឹង បទពិសោធល្អៗ ព្រមទាំងឧត្តមាននុវត្តន៍ពាក់ព័ន្ធនឹងការអនុវត្តគម្រោង WCAD។ កិច្ចប្រជុំដដែលនេះ ក៏នឹងផ្តល់នូវកាលានុវត្តភាពដ៏ល្អដល់សិក្ខាកាម ដើម្បីសិក្សាស្វែងយល់កាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងផលជះ និងការពង្រីកវិសាលភាពនៃការអនុវត្តគម្រោង WCAD ព្រមទាំងឈ្វេងយល់អំពីនិន្នាការ និងឱកាសនានា សំដៅធានាឱ្យបាននូវការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ លទ្ធភាពទទួលបានទឹកស្អាត និងអនាម័យចំពោះប្រជាពលរដ្ឋនៅតាមសហគមន៍ឱ្យបានកាន់តែល្អប្រសើរ។

នៅក្នុងកិច្ចប្រជុំនេះ លោក ណូ លីដា ក៏បានចូលរួមចែករំលែកអំពីការចូលរួមចំណែករបស់ CGCC ក្នុងការគាំទ្រការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជាផងដែរ តាមរយៈការធានាឥណទាន និងការកសាងសមត្ថភាព។

កិច្ចប្រជុំគណៈកម្មការវិនិយោគនៃកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ លើកទី៧

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរៀបចំកិច្ចប្រជុំគណៈកម្មការវិនិយោលើកទី៧ ដែលជាកិច្ចប្រជុំលើកចុងក្រោយនៃកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (Value Chain Investment Support Facility – ISF) នៅឯសណ្ឋាគារខាព្រីភ្នំពេញ និងតាមរយៈប្រព័ន្ធអនឡាញ។ កិច្ចប្រជុំនេះមានការដឹកនាំដោយលោក ខូវ គួង អនុប្រធានរដ្ឋបាលជលផល និងប្រធានគណៈកម្មការវិនិយោគនៃកម្មវិធី ​ISF និងមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ រួមមានការចូលរួមពីតំណាងរដ្ឋបាលជលផល (FiA) សមាគមអ្នកផលិតចំណីអាហារកម្ពុជា (CFMA), ក្រុមការងារគម្រោង UNIDO, ប្រតិភូសហភាពអឺរ៉ុប, តំណាងមក CGCC ដែលមានលោក ណូ លីដា ជាអគ្គនាយក លោកស្រី សាន សុខរីណា ជាប្រធានជាន់ខ្ពស់នៃការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការ​ រួមជាមួយក្រុមការងារ  និងស្ថាប័នហិរញ្ញវត្ថុចំនួនបីផ្សេងទៀត ដើម្បីពិនិត្យ វាយតម្លៃ និងអនុម័តលើផែនការអាជីវកម្មរបស់សហគ្រាស។

ក្នុងនោះ ក្រុមការងារ​ CGCC បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃគម្រោង ISF និង​ ផែនការអាជីវកម្មរបស់សហគ្រាស ដើម្បីឱ្យគណៈកម្មាធិការធ្វើការពិនិត្យ  វាយតម្លៃ និងអនុម័តលើផែនការអាជីវកម្មរបស់សហគ្រាសទាំងនោះ។ បន្ថែមពីលើនេះផងដែរ កិច្ចប្រជុំក៏បានផ្តោតទៅលើការវិនិយោគដែលកំពុងបន្ត មូលនិធិដែលបានប្រើប្រាស់ និងសមិទ្ធិផលរបស់សហគ្រាសដែលទទួលបានការគាំទ្រការវិនិយោគពីគម្រោង ISF កន្លងមក។ កម្មវិធី ISF គឺជាគំរូ​ហិរញ្ញវត្ថុថ្មីមួយរបស់គម្រោង CAPFISH-Capture ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) អនុវត្តដោយអង្គការ UNIDO និងរដ្ឋបាលជលផល (FiA) ហើយកម្មវិធីនេះត្រូវបានគ្រប់គ្រង និងចាត់ចែងមូលនិធិដោយ CGCC ក្រោមគម្រោងធានាឥណទានសម្រាប់វិស័យជលផលក្រោយប្រមូលផល (PFGS) ។

គិតមកដល់ដំណាច់ខែសីហា ឆ្នាំ២០២៥ CGCC បានអនុម័តការធានាឥណទានដល់សហគ្រាសសរុបចំនួន២១ ដែលបានទំហំវិនិយោគសរុបប្រមាណ ១,៨ លានដុល្លា ដែលក្នុងនោះ ជំនួយឥតសំណងមាន (Grant) មានទំហំ ៤៦៣.៥៨៤ ដុល្លារ ស្មើនឹង ២៥.៧១%, កម្ចីដែលមានការធានា (Guaranteed Loan) មានទំហំ ៥៧៩.៥០០ ដុល្លារ ស្មើនឹង ៣២.១៤% និង បដិភាគចូលរួមផ្ទាល់ពីសហគ្រាស (Equity) មានទំហំ ៧៦០.០០៦ ដុល្លារ ស្មើនឹង ៤២.១៥% ៕

កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់សាជីវកម្មធានាឥណទានកម្ពុជា (EPIC) វគ្គទី៦

នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តព្រៃវែង សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តព្រៃវែង បានសហការរៀបចំកម្មវិធី EPIC វគ្គទី៦ ស្តីអំពី “គន្លឹះក្នុងការទទួលបាន និងការប្រើប្រាស់ហិរញ្ញប្បទានផ្លូវការ ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព” ក្រោមអធិបតីភាព លោក វ៉ាន់ សុភាព ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តព្រៃវែង និងវត្តមានជាកិត្តិយសរបស់ លោក ណូ លីដា អគ្គនាយក CGCC លោក លឹម មិញ នាយកប្រតិបត្តិសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងមានការចូលរួមពីសិក្ខាកាមដែលជាម្ចាស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ម្ចាស់សិប្បកម្ម ជាពិសេសប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តព្រៃវែង និងបណ្តាខេត្តនានា សរុប រូប ព្រមទាំងបុគ្គលិករបស់ស្ថាប័ន និងមន្ទីរ សរុបប្រមាណរូប

ជារបៀបវារៈនៃកម្មវិធី EPIC 6 សិក្ខាកាម និងអ្នកចូលរួមទទួលបានការស្វែងយល់អំពី “យន្តការធានាឥណទាន ក្នុងការគាំទ្រលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនតូច និងមធ្យម”  តាមរយៈបទបង្ហាញដោយ លោក អេង តុងងី ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ និងអនុលោមភាពនៃ CGCC ដែលក្នុងនោះក៏មាននូវការចែករំលែកអំពីគម្រោងធានាឥណទានសម្រាប់អភិវឌ្ឍសេវាសាធារណៈ (UDGS) សម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន ដែលជាគម្រោងធានាឥណទាន ជាមួយនឹងលក្ខខណ្ឌអនុគ្រោះ ក្នុងគោលបំណងគាំទ្រ និងបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានផ្លូវការក្នុងការគាំទ្រដល់ប្រតិបត្តិករទឹកស្អាតឯកជន។

ស្របជាមួយនឹងយន្តការធានាឥណទានរបស់ CGCC លោក ហួត សារ៉ាត់ នាយកការិយាល័យសេវាហិរញ្ញវត្ថុ សហគ្រាសខ្នាតតូច និងមធ្យម នៃធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ក៏បានចែករំលែកអំពី “នីតិវិធីនៃការវាយតម្លៃឥណទាន និងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម” និងបានគូសបញ្ជាក់អំពីដំណោះស្រាយហិរញ្ញវត្ថុដែលធនាគារFTB អាចផ្តល់ជូនដល់ប្រតិបត្តិករទឹកស្អាតឯកជន និងម្ចាស់អាជីវកម្ម/សហគ្រាសផងដែរ។

បន្ថែមពីនេះ សិក្ខាកាមបានស្វែងយល់អំពីប្រធានបទបណ្តុះបណ្តាលគោលស្តីអំពី “គន្លឹះក្នុងការទទួលបាន និងការប្រើប្រាស់ហិរញ្ញប្បទានផ្លូវការ ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព” ដែលចែករំលែកដោយ លោក ទិត្យ កំរង អ្នកឯកទេស​ផ្នែកចំណេះ​ដឹង​ហិរញ្ញវត្ថុ និងជាស្ថាបនិក ក្រុមហ៊ុន ឫទ្ធិពល និងអេបកត់លុយ។ ក្រោយពីបានសិក្សាស្វែងយល់លើប្រធានបទបណ្តុះបណ្តាល សិក្ខាកាមទាំងអស់បានបែងចែកជា៤ក្រុម និងពិភាក្សាក្នុងការបង្កើតផែនការហិរញ្ញវត្ថុអាជីវកម្ម ដោយផ្អែកលើតារាងគម្រោងចំណូល ចំណាយ រយៈពេល១ឆ្នាំ។ ជាលទ្ធផលនៃការពិភាក្សា សិក្ខាកាមបានចែករំលែកអំពីគម្រោងចំណូល ចំណាយអាជីវកម្មតាមក្រុមនីមួយៗ ព្រមទាំងទទួលបានយោបល់កែលម្អពីគ្រូបង្គោលផងដែរ។

EPIC គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលនឹងនាំមកនូវប្រធានបទពាក់ព័ន្ធការប្រតិ​បត្តិនិងគ្រប់គ្រងអាជីវកម្ម ដើម្បីអភិវឌ្ឍសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ/គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម៕

 

Roadshow លើកទី២ ប្រចាំឆ្នាំ២០២៥ របស់ CGCC ក្នុងការផ្សព្វផ្សាយការធានាឥណទានទៅកាន់សាខាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមក្នុងខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង

កាលពីថ្ងៃទី៨ ដល់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដឹកនាំដោយលោក អេង តុងងី ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ និងអនុលោមភាពនៃ CGCC បានជួបពិភាក្សាស្វែងយល់អំពីការអនុវត្តយន្តការធានាឥណទាន និងផ្សព្វផ្សាយបន្ថែមអំពីគម្រោងធានាឥណទានរបស់ CGCC ដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិករបស់សាខានៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួនរបស់ CGCC រួមមាន៖

– ខេត្តស្ទឹងត្រែង៖ ធនាគារព្រីនស៍ និង ធនាគារ ABA

– ខេត្តក្រចេះ៖ ធនាគារ ABA ធនាគារព្រីនស៍ និង ធនាគារស្ថាបនា

– ខេត្តត្បូងឃ្មុំ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ធនាគារព្រីនស៍ និង ធនាគារស្ថាបនា

– ខេត្តព្រៃវែង៖ ធនាគារហ្វីលីព និងធនាគារ ABA

ការពិភាក្សាជាមួយ PFIs នៅតាមសាខានានានៃខេត្តនីមួយៗ បានផ្តល់ឱកាសសម្រាប់ CGCC និង PFIs ក្នុងការជំរុញការយល់ដឹងកាន់តែច្បាស់អំពីសេវាធានាឥណទាន បង្កើនគុណភាពនៃសេវាកម្ម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការធានាឥណទាន និងអាចបង្កើនការផ្តល់កម្ចីជូនទៅដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានសក្តានុពលនិងមានតម្រូវការកម្ចីចាំបាច់ រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ជនបទផងដែរ៕

CGCC ចូលរួមកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក”

កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ CGCC បានចូលរួមជាអ្នកសហការរៀបចំមួយក្នុងកម្មវិធី “ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥” ក្រោមប្រធានបទ “ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក” ដែលបានរៀបចំឡើងដោយសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ផងដែរថា កម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ នេះ  មានប្រមាណ ៣០០ស្តង់ ដែលបានដាក់តាំងនូវផលិតផលខ្មែរផលិតក្នុងស្រុកជាង ១០០ប្រភេទ ដែលក្នុងនោះ CGCC ក៏បានចូលរួមចំណែកមួយក្នុងការលើកកម្ពស់ផលិតផលិតក្នុងស្រុក សំដៅលើការផ្ដល់ការធានាឥណទានលើកម្ចីអាជីវកម្ម ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងលើកស្ទួយការផលិតក្នុងស្រុក ដែលកំពុងមានសន្ទុះកើនឡើងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។

ទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយលើកទី៣ អំពីសហគ្រាសជលផលក្រោយប្រមូលផល គាំទ្រដោយគម្រោង CAPFISH-Capture ក្រោមប្រធានបទ “គម្រោង CAPFISH-Capture នឹងបញ្ចប់ សមិទ្ធិផលនៅតែបន្ត”

កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកំពង់ធំ និងសៀមរាប CGCC តំណាងដោយ លោកស្រី សាន សុខរីណា ប្រធានជាន់ខ្ពស់នៃការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការរបស់ CGCC បានចូលរួមទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយលើកទី៣  អំពីសហគ្រាសជលផលក្រោយប្រមូលផល គាំទ្រដោយគម្រោង CAPFISH-Capture ក្រោមប្រធានបទ “គម្រោង CAPFISH-Capture នឹងបញ្ចប់ សមិទ្ធិផលនៅតែបន្ត”។

ទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយលើកទី៣នេះ  ក៏មានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ​​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អ្នកតំណាងរដ្ឋបាលជលផល, ប្រតិភូសហភាពអឺរ៉ុប និងស្ថានទូតប្រទេសអឺរ៉ុបផ្សេងទៀត, បុគ្គលមានឥទ្ធិពល (Social Media Influencers), តំណាង CGCC, អ្នកសារព័ត៌មាន, ក្រុមការងារគម្រោង UNIDO​ និងបានទស្សនកិច្ចសិក្សាផ្ទាល់ទៅកាន់ទីតាំងអាជីវកម្មផ្ទាល់ របស់សហគ្រាសដៃគូអាជីវកម្ម ដែលស្ថិតនៅក្នុងវិស័យជលផលក្រោយប្រមូលផលចំនួន ៣។

គួរបញ្ជាក់ផងដែរថា កម្មវិធី ISF គឺជាគំរូហិរញ្ញវត្ថុថ្មីមួយរបស់គម្រោង CAPFISH-Capture ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) អនុវត្តដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO Cambodia) និងរដ្ឋបាលជលផល (FiA) ហើយកម្មវិធីនេះត្រូវបានគ្រប់គ្រង និងចាត់ចែងមូលនិធិដោយ CGCC។ កម្មវិធីនេះ ធ្វើឡើងដើម្បីជម្រុញដល់សហគ្រាស ដៃគូអាជីវកម្ម ដែលស្ថិតនៅក្នុងវិស័យជលផលក្រោយប្រមូលផល ដើម្បីបង្កើននូវផលិតភាព នៃផលិតផល ជាពិសេសលើលកម្ពស់ស្តង់ដា ចំណីអាហារ ឱ្យមានលក្ខណៈប្រកួតប្រជែងក្នុងទីផ្សារ ទាំងក្នុងនិងក្រៅប្រទេស។

 

CGCC ចូលរួមវគ្គបណ្តុះបណ្តាលក្រៅប្រទេស ស្តីពី “ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈដំណោះស្រាយឥណទានឌីជីថល” នៅប្រទេសសិង្ហបុរី

កាលពីថ្ងៃទី២៨ ដល់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី ក្រុមការងារ CGCC រួមមានលោក រីក ចំរើន អនុប្រធានការិយាល័យវាយតម្លៃឥណទាន និងលោក ម៉ក់ ឧត្តម បុគ្គលិកប្រតិបត្តិជាន់ខ្ពស់ គ្រប់គ្រងការធានាឥណទាន បានចូលរួមវគ្គបណ្តុះបណ្តាលក្រៅប្រទេស ស្តីពី “ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈដំណោះស្រាយឥណទានឌីជីថល” ដែលបានរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) តាមរយៈកិច្ចសហការជាមួយនឹងអង្គការ Water.Org ជូនដល់គ្រឹះស្ថានសមាជិកដែលបានចូលរួមក្នុងគម្រោងឥណទានទឹកស្អាតនិងអនាម័យ (WCAD)។

កម្មវិធីបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការវាយតម្លៃ និងត្រួតពិនិត្យឥណទាន ដើម្បីពង្រឹង និងពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុដែលប្រកបដោយបរិយាបន្ន ជាពិសេសការផ្តល់ដំណោះស្រាយលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យនៅកម្ពុជាប្រកបដោយនវានុវត្តឌីជីថល។ ជាមួយគ្នានេះ កម្មវិធីបណ្តុះបណ្តាល ក៏ផ្តល់នូវកាលានុវត្តភាពដល់សិក្ខាកាមដើម្បីឈ្វេងយល់អំពីការអនុវត្តល្អៗពាក់ព័ន្ធនឹងថ្នាលឌីជីថល ក៏ដូចជាទទួលបាននូវចំណេះដឹងអំពីការវាយតម្លៃឥណទាន ការគ្រប់គ្រងហានិភ័យ ការប្រមូលទិន្នន័យតាមប្រព័ន្ធឌីជីថល ជាពិសេសការបង្កើតយុទ្ធសាស្ត្រនានាដើម្បីជំរុញ និងគាំទ្រដល់សហគមន៍មូលដ្ឋានក្នុងការទទួលបានឥណទានទឹកស្អាត និងអនាម័យ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ CGCC និង CMA បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាពនៅកម្ពុជា ដែលរួមមានកិច្ចសហប្រតិបត្តិការក្នុងការចូលរួមពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបង្កើនការផ្តល់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើង៕