CGCC

ទស្សនកិច្ចរបស់និស្សិតនៃវិទ្យាស្ថានខេមអេដ មកកាន់សាជីវកម្មធានាឥណទានកម្ពុជា

ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ លោក ណូ លីដា អគ្គនាយក CGCC មានក្តីសោមនស្សដែលបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចនៃនិស្សិតវិទ្យាស្ថានខេមអេដ  (CamEd Business School) មកកាន់ការិយាល័យ CGCC តាមរយៈការដឹកនាំ និងសម្របសម្រួលដោយសាស្ត្រាចារ្យ ហូរ វរៈបុត្ត។

តាមរយៈដំណើរទស្សនកិច្ចនេះ លោកអគ្គនាយក បានចែករំលែកការយល់ដឹងអំពីតួនាទីសំខាន់របស់ CGCC ក្នុងការគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា តាមរយៈការធានាឥណទាន ការធានាសញ្ញាបណ្ណ និងកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC)។ និស្សិតទាំងអស់ក៏ទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រតិបត្តិការនៃការធានាឥណទាន សមិទ្ធផលសំខាន់ៗរបស់ CGCC និងការរួមចំណែកដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចកម្ពុជា។

គួរបញ្ជាក់ផងដែររថា ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ CGCC ក្នុងការចូលរួមកសាងសមត្ថភាព និងអភិវឌ្ឍជំនាញដល់យុវជនកម្ពុជា CGCC ក៏បានចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានខេមអេដ ក្នុងការផ្តល់ឱកាសដល់សិស្សានុសិស្សរបស់វិទ្យាស្ថាន តាមរយៈកម្មវិធីហ្វឹកហាត់ការងារ  (Internship Program) របស់ CGCC ដែលជាក់ស្ដែងនិសិត្សដែលបានបញ្ចប់ការសិក្សាចំនួន ៣រូបបានចូលរួមកម្មវិធីហ្វឹកហាត់ការងារយ៉ាងជោគជ័យផងដែរ។

CGCC ចូលរួមសន្និសីទជាតិកម្ពុជាឆ្នាំ ២០២៥

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារ SUN & MOON, លោក ណូ លីដា អគ្គនាយក CGCC និងសហការី​ បានចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងសន្និសីទជាតិកម្ពុជាឆ្នាំ ២០២៥ (Cambodia National Conference 2025) របស់ស្ថាប័ន CorporateConnections Cambodia ដែលមានការចូលរួមដោយផ្ទាល់ពី ថ្នាក់ដឹកនាំ សមាជិក វាគ្មិនថ្នាក់ជាតិ និងវាគ្មិនអន្តរជាតិ ព្រមទាំងភ្ញៀវកិត្តិយស។ សន្និសីទនេះគឺជាឱកាសដ៏មានតម្លៃក្នុងការបង្កើតទំនាក់ទំនងជាមួយម្ចាស់អាជីវកម្មទាំងក្នុង និងក្រៅប្រទេស ព្រមទាំងស្វែងយល់បន្ថែមពី បទពិសោធន៍ក្នុងការដឹកនាំអាជីវកម្មផ្ទាល់។

តាមរយៈសន្និសីទនេះ លោក ណូ ​លីដា ​ក៏បាន​ចែករំលែកអំពីការគាំទ្ររបស់ CGCC ទៅកាន់សហគ្រាសធុនតូច និងមធ្យមតាមរយៈសេវាកម្ម និងផលិតផលរបស់ CGCC ដែលរួមមាន ការធានាលើកម្ចីអាជីវកម្ម ការធានាសញ្ញាបណ្ណ និងកម្មវិធីកសាងសមត្ថភាពសម្រាប់សហគ្រិនរបស់ CGCC  ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា ស្ថាប័ន CorporateConnections គឺជាសហគមន៍បណ្តាញធុរកិច្ចសកល ដែលបានបង្កើតឡើងក្នុងគោលដៅ ផ្សារភ្ជាប់អ្នកដឹកនាំជុំវិញពិភពលោក និងផ្តល់សិទ្ធិអំណាចដល់ពួកគេដើម្បីបង្កើតឱកាសអាជីវកម្ម និងការផ្លាស់ប្តូរជាវិជ្ជមានប្រកបដោយអត្ថន័យនៅក្នុងស្ថាប័ន សហគមន៍ និងជីវិតរស់នៅរបស់ពួកគេ។ បច្ចុប្បន្ននេះ ស្ថាប័ន CorporateConnections មាននៅក្នុងប្រទេស ចំនួន ៣៣ប្រទេស និងមានសមាជិកសរុបចំនួន ១.៧០០នាក់។ គោលបំណងរបស់ CorporateConnections Cambodia គឺផ្សារភ្ជាប់ប្រទេសកម្ពុជាទៅកាន់ពិភពលោក និងផ្សារភ្ជាប់ពិភពលោកមកកាន់ប្រទេសកម្ពុជា។

 

CGCC បរិច្ចាគថវិកាចំនួន ២០.០០០.០០០ រៀល ក្នុងការគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា

កាលពីព្រឹកថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលដឹកនាំដោយប៊ុត វ៉ាន់នី ប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាលរបស់ CGCC និងបុគ្គលិករបស់ CGCC បានចូលជួបសម្តែងការគួរសមនិងសំណេះសំណាលជាមួយ លោកស្រី ថន កេណ្ណារ័ត្ន អគ្គនាយករង និងជាប្រធានផ្នែករដ្ឋបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងបាននាំយកថវិកាពី CGCC ចំនួន ២០.០០០.០០០ រៀល ដើម្បីប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

ការបរិច្ចាគនេះ គឺជាផ្នែកមួយនៃការចូលរួមគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្ដើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីស្នាមញញឹមកុមារកម្ពុជា និងរួមចំណែកបន្តនិរន្តរភាពនៃដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា៕

ដំណើរទស្សនកិច្ចរបស់ CGCC ទៅកាន់សហគ្រាស ក្នុងវិស័យជលផលក្រោយប្រមូលផលក្នុងខេត្តសៀមរាប

នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារ CGCC ដឹកនាំដោយលោក ណូ លីដា អគ្គនាយក CGCC បានធ្វើដំណើរទស្សនកិច្ចសំណេះសំណាលជាមួយម្ចាស់សហគ្រាសនៅក្នុងវិស័យជលផលក្រោយប្រមូលផល ចំនួន២ ក្នុងខេត្តសៀមរាបដែលទទួលបានកម្ចីមានការធានាពី CGCC និងទទួលបានការគាំទ្រទុនវិនិយោគ ក្រោមកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ដែលជាគម្រោងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មនៅកម្ពុជា (UNIDO Cambodia) និងសហការឧបត្ថម្ភដោយសហភាពអឺរ៉ុប និងមាន CGCC ជាអ្នកគ្រប់គ្រងគម្រោងមូលនិធិគម្រោង។

គោលបំណងនៃការជួបពិភាក្សានេះ គឺដើម្បីស្វែងយល់ពីវឌ្ឍនភាពក្រោយទទួលបានការគាំទ្រវិនិយោគពីកម្មវិធី ISF, ស្ថានភាព និងប្រតិបត្តិការអាជីវកម្ម, ផែនការសកម្មភាព, ព្រមទាំងបញ្ហាប្រឈមដែលម្ចាស់សហគ្រាសកំពុងជួបប្រទះ ក្នុងអំឡុងភាពតានតឹងនៃជម្លោះព្រំដែននាពេលបច្ចុប្បន្ននេះ។

តាមរយៈការគាំទ្រពីកម្មវិធី ISF និងការធានាឥណទានពីCGCC ម្ចាស់សហគ្រាសជលផលក្រោយប្រមូលផលទាំងពីរនេះ បាននិងកំពុងអភិវឌ្ឍ និងបង្កើនផលិតភាពអាជីវកម្មរបស់ខ្លួន តាមរយៈការធ្វើទំនើបកម្មនូវសម្ភារបរិក្ខារ និងបច្ចេកទេសកែច្នៃ ដែលអនុវត្តតាមស្ដង់ដារសុវត្ថិភាពចំណីអាហារ ដើម្បីពង្រីកទីផ្សារក្នុងស្រុក និងឱកាសនាំចេញនាពេលអនាគតផងដែរ៕

ជំនួបពិភាក្សារវាង CGCC ជាមួយធនាគារ FTB និង ធនាគារ ABA ក្នុងខេត្តសៀមរាប

នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារ CGCC ដឹកនាំដោយ លោក ណូ លីដា អគ្គនាយក CGCC បានចុះជួបសម្ដែងការគួរសម និងពិភាក្សាជាមួយថ្នាក់ដឹកនាំ និងសហការីនៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួនពីរ ក្នុងខេត្តសៀមរាប រួមមាន ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) និងធនាគារវឌ្ឍនៈ អាស៊ី ចំកាត់​ (ABA)។

ក្នុងជំនួបពិភាក្សានេះ លោក ណូ លីដា អគ្គនាយក CGCC បានសម្តែងនូវការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរបស់ធនាគារ FTB និងធនាគារ ABA ក្នុងការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម  ជាពិសេសទៅលើការចូលរួមរបស់ធនាគារទាំងពីរជាមួយ CGCC ក្នុងគម្រោងធានាឥណទានថ្មីៗ ដើម្បីគាំទ្រដល់កំណើនអាជីវកម្មរបស់ SMEs។ បន្ថែមពីនេះ លោកក៏បានចែករំលែកពីបច្ចុប្បន្នភាពនៃគម្រោងឥណទាន និងយន្តការគាំទ្ររបស់ CGCC ដែលពង្រីកលទ្ធភាពក្នុងការផ្តល់ហិរញ្ញប្បទានរបស់ PFIs និងមានលក្ខខណ្ឌប្រសើរជាងមុន​។

កិច្ចពិភាក្សានេះក៏ជាឱកាសមួយដ៏ពិសេសសម្រាប់ CGCC និងសាខាខេត្តរបស់ PFIs ក្នុងការពិភាក្សាដោយបើកចំហរអំពីស្ថានភាពអាជីវកម្មនៅក្នុងតំបន់, បញ្ហាប្រឈមដែលធនាគារ និងម្ចាស់អាជីវកម្មជួបប្រទះ, និងទទួលយកអនុសាសន៍ ក៏ដូចជាសំណូមពរនានាលើកិច្ចសហប្រតិបត្តិការកន្លងមក៕

បេសកកម្មមនុស្សធម៌របស់ CGCC ទៅកាន់គ្រួសារខ្មែរដែលកំពុងរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមព្រំដែន

កាលពីថ្ងៃ១០ ខែសីហា ឆ្នាំ២០២៥ នៅតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ, មន្ទីរពេទ្យបង្អែកឧត្តរមានជ័យ និងតំបន់សុវត្ថិភាពក្នុងខេត្តឧត្តរមានជ័យ ក្រុមការងាររបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដឹកនាំដោយលោក ណូ លីដា អគ្គនាយក CGCC បានចូលរួមអមដំណើររបស់ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិត (ក្រុមទី៦) នៃសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងជាអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយបាននាំយកជំនួយសប្បុរសធម៌ដែលទទួលបានពីបុគ្គលិកគ្រប់ជាន់ថ្នាក់ និងថវិកាផ្ទាល់របស់ CGCC ប្រគល់ជូនប្រជាពលរដ្ឋជាជនភៀសសឹក និងគ្រួសារ ក៏ដូចជាចុះសួរសុខទុក្ខវីរៈកងទ័ពជួរមុខ និងគ្រួសារ នៅមណ្ឌលសុវត្ថិភាព ក្នុងខេត្តឧត្តរមានជ័យ ដែលកំពុងរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមព្រំដែន។

សម្ភារៈជំនួយមួយចំនួនរួមមានម្ហូបអាហារ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ រួមជាមួយនឹងថវិការមួយចំនួនផងដែរ ត្រូវបានផ្ដល់ជូនដោយផ្ទាល់ ក្នុងនោះភាគច្រើនរួមមានមនុស្សចាស់ ស្ត្រី និងកុមារតូចៗ ដែលជាក្រុមងាយរងគ្រោះបំផុត។ សកម្មភាពមនុស្សធម៌នេះមិនត្រឹមតែជួយកាត់បន្ថយបន្ទុកជាក់ស្តែងរបស់បងប្អូនជនរួមជាតិខ្មែរដែលជាជនភាសសឹកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាបង្ហាញដ៏មានអត្ថន័យនៃស្មារតីសាមគ្គីរវាងប្រជាជនខ្មែរទាំងមូល និងស្ថាប័នពាក់ព័ន្ធនានាផងដែរ។

បេសកកម្មមនុស្សធម៌នេះជាការបង្ហាញយ៉ាងច្បាស់នៃស្មារតី ខ្មែរជួយខ្មែរ” ដែលពោរពេញដោយក្តីស្រឡាញ់ សាមគ្គីភាព និងការថែរក្សាគ្នាទៅវិញទៅមក ដែលបានជ្រាបចូលក្នុងសង្គមខ្មែរតាំងពីយូរលង់ណាស់មកហើយ និងក៏ជាសេចក្ដីបញ្ជាក់ពីកាតព្វកិច្ចជាតិដ៏ជ្រាលជ្រៅក្នុងការធានាថា គ្មានបងប្អូនខ្មែរណាមួយត្រូវបានទុកចោល នៅក្នុងអំឡុងពេលដ៏លំបាកមួយនេះ ហើយក៏ជាសក្ខីភាពបញ្ជាក់ថា ប្រជាជនរួមជាតិតែងតែនៅក្បែរគ្នាជានិច្ច។

កម្មវិធីកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាសធុនតូច និងមធ្យម (BCC) ឆ្នាំ២០២៥ ក្នុងខេត្តបាត់ដំបង

នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង ធនាគារ មេយប៊ែង ខេមបូឌា​ (Maybank) បានសហការគ្នាជាលើកទី៦ ក្នុងការរៀបចំកម្មវិធីកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាសធុនតូច និងមធ្យម (BCC) ឆ្នាំ២០២៥ នៅក្នុងខេត្តបាត់ដំបង ដែលមានការចូលរួមពីសហគ្រិននាំចេញអង្ករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវដែលអញ្ជើញមកពីតំបន់ភូមិភាគពាយ័ព្យ ព្រមទាំងខេត្តដែលនៅជុំវិញសរុបប្រមាណ ៣០រូប និងអ្នកប្រឹក្សាហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃស្ថាប័នទាំងពីរផងដែរ។

កម្មវិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពពីសំណាក់ ឯកឧត្តម អ្នកឧកញ៉ា ភួ ពុយ ប្រធានក្រុមប្រឹក្សាភិបាល និងប្រធានគ្រប់គ្រងក្រុមហ៊ុន បៃតងកម្ពុជា ដែលបានផ្តល់នូវសុន្ទរកថាគន្លឹះ និងចែករំលែកអំពីសក្តានុពលនៃការនាំចេញអង្កររបស់កម្ពុជា និងការចូលរួមជាកិត្តិយសពីសំណាក់ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ដែលបានផ្តល់នូវទស្សនវិស័យទូលំទូលាយអំពីនិន្នាការបច្ចុប្បន្ន និងឱកាសនៅក្នុងឧស្សាហកម្មស្រូវអង្ករ។

ជាមួយគ្នានេះផងដែរ លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសនៃធនាគារ Maybank ក៏បានលើកឡើងអំពីការប្តេជ្ញាចិត្តរបស់ Maybank លើសពីការផ្តល់សេវាហិរញ្ញវត្ថុ ដោយការចូលរួមពង្រឹងសមត្ថភាព SMEs ដូចជាសហគ្រិននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវជាដើម។

លោក ណូ លីដា អគ្គនាយក CGCC បានសម្តែងនូវការកោតសរសើរចំពោះធនាគារ Maybank ដែលបានផ្តួចផ្តើម និងបន្តសហការជាមួយ CGCC ក្នុងការរៀបចំកម្មវិធី BCC ចាប់តាំងពីឆ្នាំ ២០២២ រួមទាំងលើកឡើងអំពីយន្តការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្កររបស់ CGCC សម្រាប់សហគ្រិននាំចេញអង្ករ និងសមាជិករោងម៉ាស៊ីនកិនស្រូវរបស់ CRF ដើម្បីជំរុញដល់ការនាំចេញស្រូវអង្ករកម្ពុជា។

តាមរយៈសិក្ខាសាលានេះ សហគ្រិនក្នុងវិស័យស្រូវអង្ករទទួលបានការចែករំលែកចំណេះដឹងដោយផ្ទាល់លើការរំពឹងទុក និងតម្រូវការរបស់អតិថិជន ការត្រៀមខ្លួនសម្រាប់ទីផ្សារ និងភាពជាដៃគូអាជីវកម្ម ដែលជាយុទ្ធសាស្ត្រនៅក្នុងបរិបទពាណិជ្ជកម្មដែលកំពុងផ្លាស់ប្តូរ។ គំនិតផ្តួចផ្តើមនេះ បានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួមគ្នារវាងធនាគារ Maybank និង CGCC ក្នុងការផ្តល់ជូនលើសពីលទ្ធភាពទទួលបានហិរញ្ញវត្ថុ ដោយផ្តោតលើការពង្រឹងសមត្ថភាព ទំនុកចិត្ត និងការបង្កើនទំនាក់ទំនងដែលចាំបាច់ដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញភាពលូតលាស់​ក្នុងអំឡុងស្ថានភាពសេដ្ឋកិច្ចសកល ដែលកំពុងបន្តមានភាពស្មុគស្មាញនាពេលបច្ចុប្បន្ននេះ។

ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៤២០ ៥៧២តោន ទៅកាន់ទីផ្សារ៦៥គោលដៅនៅទូទាំងពិភពលោក នេះបើយោងតាមរបាយការណ៍នាំចេញអង្ករបស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។។ ដើម្បីចូលរួមគាំទ្រគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនការនាំចេញអង្ករឱ្យបាន១លានតោនក្នុងមួយឆ្នាំ CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ដែលរួមមានធនាគារមេយប៊ែង (ខេមបូឌា) ផងដែរ បាននិងកំពុងបន្តសហការអនុវត្តគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ (REGS)។ ក្នុងនោះ CGCC បានអនុម័តការធានាលើកម្ចីសរុបទឹកប្រាក់ប្រមាណ​​៣៨ លានដុល្លារ គិតត្រឹមបំណាច់ខែកក្កដា ឆ្នាំ២០២៥ ដើម្បីគាំទ្រផ្នែកហិរញ្ញប្បទានដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ។ ទន្ទឹមនឹងការគាំទ្រផ្នែកហិរញ្ញប្បទាន ធនាគារ មេយប៊ែង (ខេមបូឌា) និង CGCC ក៏បានសហការគ្នារៀបចំកម្មវិធី BCC ចំនួន៥លើក ចាប់តាំងពីឆ្នាំ២០២២ មកម្ល៉េះ។

ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC ក្រោមគម្រោងធានាឥណទានសម្រាប់វិស័យជលផលក្រោយប្រមូលផល

វិស័យជលផល ជាវិស័យយ៉ាងសំខាន់មួយក្នុងការទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ មិនតែប៉ុណ្ណោះ វិស័យនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានិរន្ដរភាពសន្ដិសុខស្បៀង ប្រភពចំណូល និងការផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា។

ខ្ញុំបាទឈ្មោះ ចាវ សួស្ដី សព្វថ្ងៃជាម្ចាស់សិប្បកម្មផលិតផលជលផល ចាវ សួស្ដី។ ខ្ញុំបានចាប់ផ្ដើមបើកប្រតិបត្តិការអាជីវកម្មរបស់ខ្ញុំ នៅឆ្នាំ២០២២ ជាអាជីវកម្មលក្ខណៈគ្រួសារ ក្រោយខ្ញុំបម្រើការងារជាមួយក្រុមហ៊ុនឯកជនមួយក្នុងវិស័យកសិកម្មដែលផ្តោតលើវារីវប្បកម្មជាងមួយទសវត្ស។ ការចាប់ផ្ដើមរបស់ខ្ញុំ កើតឡើងដោយសារក្ដីស្រមៃ និងក្ដីស្រឡាញ់ក្នុងវិស័យកែច្នៃផលិតផល ជាពិសេសបទពិសោធន៍ ចំណេះនិងជំនាញដែលខ្ញុំមានស្រាប់នៅក្នុងវិស័យវារីវប្បកម្ម។ ប្រតិបត្តិការអាជីវកម្មដំបូងរបស់ខ្ញុំ មានបុគ្គលិកក្រៅម៉ោងចំនួន ៤រូប រហូតដល់ឆ្នាំ២០២៤ បានកើនឡើងរហូតដល់ ៨រូប ហើយចាប់ពីឆ្នាំ២០២៣ ផលិតផលរបស់ខ្ញុំបានចែកចាយ និងផ្គត់ផ្គង់ ២៥ខេត្ត/ក្រុង តាមបណ្ដាអាហារដ្ឋាននានា។ បន្ថែមពីនេះ ក្នុងឆ្នាំ២០២៥ ខ្ញុំក៏បានបង្កើនផលិតភាពនិងកែច្នៃផលិតផលបន្ថែមទៀត រួមមានប្រហុកមណ្ឌល, ម្សៅត្រីប្រមាមណ្ឌល, និងម្សៅត្រីមណ្ឌល។

ក្នុងនាមជាម្ចាស់អាជីវកម្ម ការស្វែងរក និងការកៀរគរទុនសម្រាប់ពង្រីក និងអភិវឌ្ឍអាជីវកម្ម គឺជារឿងដ៏លំបាកមួយសម្រាប់ខ្ញុំ ដោយសារការខ្វះទ្រព្យធានាក្នុងការដាក់ស្នើកម្ចីអាជីវកម្ម។ ខ្ញុំធ្លាប់បរាជ័យក្នុងការដាក់ស្នើកម្ចី ដោយសារខ្វះទ្រព្យធានា និងកង្វះខាតការរៀបចំឯកសារ។ ប៉ុន្ដែក្នុងឆ្នាំ២០២៤ ខ្ញុំទទួលបានព័ត៌មានពីគម្រោង កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH CAPTURE) ស្របពេលខ្ញុំមានគោលបំណងក្នុងការបង្កើនផលិតភាពនិងពង្រីកអាជីវកម្ម។

ដោយស្ថានភាពអំណោយផល និងការទទួលបានគាំទ្រពីគម្រោង និង CGCC ដែលជាអ្នកគ្រប់គ្រងមូលនិធិរបស់គម្រោង ខ្ញុំក៏បានចាប់ឱកាសនេះ ដើម្បីសិក្សាពីលទ្ធភាពស្នើកម្ចី ហើយខ្ញុំបានជួបពិភាក្សាជាមួយធនាគារមេយប៊ែង ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមមួយរបស់ CGCC ជាមួយនឹងជំនឿទុកចិត្តក្នុងការប្រឹក្សា និងការទទួលបានកម្ចីអាជីវកម្ម។

ការធានាពី CGCC លើកម្ចីអាជីវកម្មរបស់ខ្ញុំ ពិតមានសារៈសំខាន់ណាស់ ដោយសារជាធម្មតាមិនថាបុគ្គល ឬម្ចាស់អាជីវកម្មទេ ភាគច្រើនតែងតែមានជាប់ទ្រព្យតម្កល់ជាមួយកម្ចីចាស់នៅធនាគារមុន ហើយប្រសិនបើចង់ស្នើកម្ចីបន្ថែម ច្រើនតែមិនងាយមានទ្រព្យធានាដែលនៅសល់នោះទេ។ ជាមួយនឹងកម្ចីមានការធានា ខ្ញុំមានឱកាសក្នុងការពង្រីក និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការទិញគ្រឿងបរិក្ខារ ដើម្បីជំរុញប្រសិទ្ធភាព និងបង្កើនផលិតភាពអាជីវកម្មរបស់ខ្ញុំ។ ជាសមិទ្ធផល ខ្ញុំគ្រោងនឹងចេញនូវកញ្ចប់ផលិតផលចំនួន ៣ទំហំបន្ថែម គឺទម្ងន់១០ក្រាម ១០០ក្រាម និង២០០ក្រាម។ ខ្ញុំរំពឹងថា ខ្ញុំនឹងអាចនាំចេញផលិតផលរបស់ខ្ញុំទៅកាន់ទីផ្សារអន្ដរជាតិនាពេលខាងមុខ នៅឆ្នាំ២០២៦ ព្រោះខ្ញុំមានគ្រឿងបរិក្ខារគ្រប់គ្រាន់ ដែលសិប្បកម្មខ្ញុំអាចផលិតក្នុងបរិមាណច្រើន និងផ្គត់ផ្គង់ទាន់ពេលវេលា។

ដើម្បីស្នើកម្ចីអាជីវកម្មបានជោគជ័យ ខ្ញុំគិតថាម្ចាស់អាជីវកម្មគ្រប់រូបត្រូវតែមានការតាំងចិត្តខ្ពស់ក្នុងការរៀបចំផែនការអាជីវកម្ម ការទទួលស្គាល់ពីចំណុចខ្វះខាត និងការស្វែងរកយន្ដការគាំទ្រសម្រាប់អាជីវកម្មរបស់ខ្លួន។ ជាពិសេស ការកំណត់គោលដៅអាជីវកម្មនិងផែនការចំណាយលើប្រាក់កម្ចីដែលទទួលបាន ផ្អែកទៅតាមផែនការអាជីវកម្មដែលបានកំណត់ និងជាពិសេស ត្រូវកត់ត្រារបាយការណ៍ហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ ពីចំណូល ចំណាយ ចំណេញ និងខាតប្រចាំខែ និងប្រចាំឆ្នាំ៕

អាននិងទាញយកជា PDF: ម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC ក្រោមគម្រោងធានាឥណទានសម្រាប់វិស័យជលផលក្រោយប្រមូលផល

 

ការស្វែងយល់អំពីការធ្វើចំណាត់ថ្នាក់ឥណទានលើសញ្ញាបណ្ណ

ស្របពេលដែលទីផ្សារមូលបត្របំណុលសាជីវកម្មរបស់ប្រទេសកម្ពុជាកំពុងមានភាពរីកចម្រើន, ការធ្វើចំណាត់ថ្នាក់ឥណទានលើក្រុមហ៊ុនបោះផ្សាយមូលបត្របំណុលសាធារណៈកាន់តែមានសារៈសំខាន់សម្រាប់ក្រុមហ៊ុនដែលបោះផ្សាយ, អ្នកវិនិយោគិន, និយ័តករ, និងស្ថាប័នធានាឥណទាន។

ចំណាត់ថ្នាក់ឥណទាន គឺជាស្តង់ដារនៃការវាស់វែងហានិភ័យឥណទាន, ដែលនាំមកនូវតម្លាភាព និងទំនុកចិត្តខ្ពស់សម្រាប់ទីផ្សារក៏ដូចជាផ្ដល់នូវភាពសាមញ្ញក្នុងការប្រៀបធៀបពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ។ ការធ្វើចំណាត់ថ្នាក់ឥណទានជាព័ត៌មានជួយដល់ការកំណត់តម្លៃសញ្ញាបណ្ណ, ការវាយតម្លៃភាពសក្ដិសមនៃឥណទាន និងការគាំទ្រការអនុលោមតាមបទប្បញ្ញតិ និងគោលការណ៍ ឬលក្ខខណ្ឌវិនិយោគ។ ដូច្នេះហើយទើបការយល់ដឹងពីរបៀបធ្វើចំណាត់ថ្នាក់ឥណទានអាចជួយឱ្យយើងធ្វើការសម្រេចចិត្តដោយឆ្លាតវៃ បង្កើនទំនុកចិត្តដល់វិនិយោគិន និងពង្រឹងភាពជឿជាក់ និងប្រសិទ្ធភាពនៃទីផ្សារហិរញ្ញវត្ថុកម្ពុជា។

តើការធ្វើចំណាត់ថ្នាក់ឥណទានលើសញ្ញាបណ្ណជាអ្វី?

ការធ្វើចំណាត់ថ្នាក់ឥណទានលើសញ្ញាបណ្ណគឺជាការវាយតម្លៃឯករាជ្យដោយភ្នាក់ងារវាយតម្លៃទៅលើសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់អ្នកបោះផ្សាយសញ្ញាបណ្ណ។ ចំណាត់ថ្នាក់ឥណទានទាំងនេះត្រូវបានវាយតម្លៃដោយភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិដូចជា Standard & Poor’s (S&P), Moody’s និង Fitch Ratings ក៏ដូចជាស្ថាប័នក្នុងស្រុកក្រុមហ៊ុន រ៉េតធីង អេជេនស៊ី អហ្វ ខេមបូឌា Rating Agency of Cambodia (RAC) ដែលទទួលស្គាល់ដោយនិយ័តករមូលបត្រកម្ពុជា។

ខណ:ដែលភ្នាក់ងារនីមួយៗវាយតម្លៃផ្អែកតាមស្តង់ដាររបស់ខ្លួន ការវាយតម្លៃផ្អែកលើគុណភាពឥណទាន កម្រិតហានិភ័យជាទូទៅនោះចែកជាបី ១. កម្រិតដែលអាចវិនិយោគបាន ២. កម្រិតដែលមិនគួរវិនិយោគ ៣. មិនមានការវាយតម្លៃ។ សញ្ញាបណ្ណដែលស្ថិតក្នុងកម្រិតដែលអាចវិនិយោគបាន ជាទូទៅមានហានិភ័យទាប មានស្ថិរភាព ប៉ុន្តែផ្ដល់អត្រាការប្រាក់ទាប។ ផ្ទុយទៅវិញសញ្ញាបណ្ណដែលស្ថិតក្នុងកម្រិតដែលមិនគួរវិនិយោគ ជាទូទៅមានហានិភ័យខ្ពស់និងផ្តល់អត្រាការប្រាក់ខ្ពស់។ ជាឧទាហរណ៍ក្នុងតារាងខាងក្រោម សញ្ញាបណ្ណដែលស្ថិតក្នុងកំរិតដែលអាចវិនិយោគបានគឺមានចំណាត់ថ្នាក់ចាប់ពី Baa3/BBB ឡើងទៅ។Aaa/AAA គឺជាចំណាត់ថ្នាក់ដែលខ្ពស់ជាងគេបំផុតស្របពេលដែល D គឺជាចំណាត់ថ្នាក់ដែលទាបជាងគេបំផុត។ ភាពខុសផ្នែកនៃសញ្ញាបូក (+) ឬដក (-) ត្រូវបានកំណត់ ដើម្បីផ្ដល់ភាពខុសគ្នាកាន់តែល្អិតល្អន់ក្នុងប្រភេទចំណាត់ថ្នាក់នីមួយៗ។

និមិត្តសញ្ញាកម្រិតចំណាត់ថ្នាក់ឥណទានមានភាពដូចគ្នាពីប្រភេទអាជីវកម្មមួយទៅអាជីវកម្មមួយ។ ឧទាហរណ៍ ការវាយតម្លៃ BBB ដែលផ្ដល់ឱ្យអ្នកខ្ចីក្នុងវិស័យសេវាកម្មមានកម្រិតហានិភ័យ ដូចគ្នានិងការវាយតម្លៃ BBB ក្នុងក្រុមហ៊ុនមួយក្នុងវិស័យផលិតកម្ម។ ការផ្ដល់ចំណាត់ថ្នាក់ឆ្លុះបញ្ចាំងពីភាពសក្តិសមនៃឥណទានទាំងមូលរបស់អ្នកខ្ចី ប៉ុន្តែមិនឆ្លុះបញ្ចាំងពីហានិភ័យជាក់លាក់នៃកម្ចីជាក់លាក់នោះទេ។ Facility Rating គឺជាការវាយតម្លៃទៅលើហានិភ័យឥណទានសម្រាប់កម្ចីជាក់លាក់ណាមួយដោយផ្អែកទៅលើកត្តាមួយចំនួន ដូចជាប្រភេទនៃទ្រព្យធានា លំដាប់អាទិភាពនៃឥណទាន លទ្ធភាពនៃការសងត្រឡប់។ ឧទាហរណ៍ កម្ចីដែលត្រូវបានធានាដោយអចលនទ្រព្យអាចទទួលបាន Facility Rating ខ្ពស់ជាងកម្ចីដែលមិនមានការធានាពីអ្នកបោះផ្សាយសញ្ញាបណ្ណដែលមានចំណាត់ថ្នាក់ BBB ដូចគ្នាដោយសារតែការខាតបង់ដែលរំពឹងទុកមានភាពទាបជាងក្នុងករណីការខកខានបំពេញកាតព្វកិច្ចបំណុល។

ការផ្ដល់ចំណាត់ថ្នាក់ឥណទាន

ភ្នាក់ងារផ្ដល់ចំណាត់ថ្នាក់ឥណទានវាយតម្លៃហានិភ័យឥណទានរបស់អ្នកបោះផ្សាយសញ្ញាបណ្ណ យោងលើការវិភាគចម្រុះរវាងកត្តាតួលេខនិងគុណភាព។ តួលេខដែលយកមកវិភាគនោះរួមមានលទ្ធផលហិរញ្ញវត្ថុដូចជាលំហូរសាច់ប្រាក់លទ្ធភាពនៃការប្រើប្រាស់កម្ចីភាពអាចបង្វែរជាសាច់ប្រាក់និងរចនាសម្ព័ន្ធទុនជាដើម។ ចំណែកឯកតាគុណភាពរួមមានហានិភ័យនៃវិស័យអាជីវកម្ម ហានិភ័យប្រទេស កម្រិតសមត្ថភាពនៃអាជីវកម្ម គុណភាពនៃការគ្រប់គ្រង គុណភាពអភិបាលកិច្ច និងបរិយាកាសបទប្បញ្ញតិ។ បន្ទាប់ពីធ្វើការវាយតម្លៃភាពសក្ដិសម ឥណទានរួចមក ភ្នាក់ងារផ្ដល់ចំណាត់ថ្នាក់ ពិនិត្យមើលលក្ខខណ្ឌនៃសញ្ញាបណ្ណមួយចំនួនដូចជា លំដាប់អាទិភាពនៃឥណទាន ទ្រព្យធានានិងវិធីសាស្រ្ដនៃការបង្កើតគុណភាពឥណទាន (ឩ.ការធានាផ្សេងៗ)។ ការវាយតម្លៃឥណទានបង្ហាញពីលទ្ធភាពសងនិងធ្វើឡើងដោយគណ:កម្មាធិការវាយតម្លៃ និងត្រូវបានត្រួតពិនិត្យជាទៀងទាត់បើសិនជាអាចមានការផ្លាស់ប្ដូរ។

ការផ្ដល់ចំណាត់ថ្នាក់ គឺជាការសន្មតទៅកាន់ពេលអនាគតពី ៦ខែ ទៅ ២ឆ្នាំទៅតាមការវិភាគរបស់ភ្នាក់ងារវាយតម្លៃ។ ការវិភាគទៅមុខនេះបានពិចារណាអំពីសមត្ថភាពក្នុងការបំពេញកាតព្វកិច្ចហិរញវត្ថុដែលអាចកើតឡើងប៉ុន្តែចំណាត់ថ្នាក់ឥណទានមិនមែនជាការធានានូវលទ្ធផលនាពេលអនាគតទេ។ ទោះបីជាការធ្វើចំណាត់ថ្នាក់ឥណទានជាមធ្យោបាយមួយដ៏សំខាន់ដើម្បីកំណត់ហានិភ័យនៃសញ្ញាបណ្ណ វិនិយោគិនត្រូវបានលើកទឹកចិត្តមិនឱ្យពឹងផ្អែកលើការវាយតម្លៃនេះទាំងស្រុងក្នុងការសម្រេចចិត្តទេ។ ដូច្នេះវិនិយោគិនគួរប្រើប្រាស់ចំណាត់ថ្នាក់ឥណទាននេះជាជំនួយបន្ថែមទៅលើការត្រួតពិនិត្យ ឬវិភាគដោយខ្លួនឯង ដូចជាការវិភាគទៅលើរបាយការណ៍ហិរញ្ញវត្ថុ យល់ដឹងឱ្យច្បាស់អំពីលក្ខខណ្ឌដែលទាក់ទងនឹងសញ្ញាបណ្ណព្រមទាំងវិភាគលក្ខខណ្ឌទីផ្សារនិងសេដ្ឋកិច្ច មុននឹងសម្រេចចិត្តវិនិយោគយោងលើព័ត៌មានដែលគ្រប់គ្រាន់។

ការប្រើប្រាស់ការផ្ដល់ចំណាត់ថ្នាក់ឥណទាននៅក្នុងទីផ្សារសញ្ញាបណ្ណនៅប្រទេសកម្ពុជា

ការវាយតម្លៃឥណទានដោយភ្នាក់ងារវាយតម្លៃក្នុងស្រុកនិងអន្តរជាតិ ពិតជាមានសារ:សំខាន់ក្នុងការធ្វើឱ្យមានតម្លាភាព ការកំណត់តម្លៃដែលមានភាពត្រឹមត្រូវ និងលើកកម្ពស់ទំនុកចិត្តវិនិយោគិននៅក្នុងទីផ្សារសញ្ញាបណ្ណដែលកំពុងរីកចម្រើននៅប្រទេសកម្ពុជា។ ចំណាត់ថ្នាក់ឥណទានផ្ដល់នូវស្ដង់ដារនៃការវាយតម្លៃលើហានិភ័យឥណទាន និងជួយដល់ការត្រួតពិនិត្យពីស្ថាប័ននិយ័តករ ក៏ដូចជាបង្កើនការទាក់ទាញទៅកាន់វិនិយោគិនដែលវិនិយោគរយ:ពេលវែង។ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានតួនាទីជាយុទ្ធសាស្រ្ដដ៏សំខាន់ក្នុងការគាំទ្រការអភិវឌ្ឍទីផ្សារមូលបត្របំណុលជាពិសេសតាមរយ:ការធានាសញ្ញាបណ្ណរូបិយប័ណ្ណចារឹកជាប្រាក់រៀលដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX)។ ការធានាឥណទានលើសញ្ញាបណ្ណ ជួយឱ្យចំណាត់ថ្នាក់ឥណទាន (Credit Rating) របស់សញ្ញាបណ្ណដែលត្រូវបានបោះផ្សាយមានភាពប្រសើរឡើងផងដែរ និងចូលរួមបង្កីនការជឿទុកចិត្តរបស់វិនិយោគិន និងទាក់ទាញការវិនិយោគលើសញ្ញាបណ្ណដែលមានការធានា។

ឯកសារយោង:

Corporate Finance Institute. (n.d.). Bond Ratings.

Fidelity. (n.d.). Bond Ratings: What they are and how they work.

S&P Global Ratings. (2022). Guide to credit rating essentials: What are credit ratings and how do they work?

Credit Guarantee Corporation of Cambodia (CGCC). (n.d.). Bond Guarantee.

Yog INFRA (2025) Credit Risk Assessment – CGCC Training 2025. Phnom Penh: Credit Guarantee Corporation of Cambodia.

 

អាននិងទាញយកជា PDF៖ ការស្វែងយល់អំពីការធ្វើចំណាត់ថ្នាក់ឥណទានលើសញ្ញាបណ្ណ

 

ABA និង CGCC សហការផ្ដល់លទ្ធភាពកាន់តែទូលំទូលាយ ដើម្បីអាជីវកម្មនានាទទួលហិរញ្ញប្បទាន តាមរយៈគម្រោងធានាឥណទាន

(ភ្នំពេញ)៖ ធនាគារ ABA និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធានាឥណទានចំនួនពីរ រួមមាន១៖ គម្រោងធានាឥណទានដើម្បីជំរុញសេដ្ឋកិច្ច (ESGS) និង២៖ គម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ ជំហានទី២ (REGS 2)។ ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើង នៅការិយាល័យកណ្តាលធនាគារ ABA ដោយមានការអញ្ជើញចូលរួមពីលោក Bibhu Pandey អគ្គនាយករងប្រតិបត្តិ និងជានាយកឥណទាននៃធនាគារ ABA និង លោក ណូ លីដា អគ្គនាយក CGCC ព្រមទាំងក្រុមការងាររបស់ស្ថាប័នទាំងពីរ។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងពីរនេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ច សហការដ៏រឹងមាំរវាងធនាគារ ABA និង CGCC ក្នុងការគាំទ្រអាជីវកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា ដោយពង្រីកវិសាលភាពឲ្យកាន់តែទូលំទូលាយ ដើម្បីអាជីវកម្មនានាទទួលបានកម្ចីផ្លូវការ តាមរយៈគម្រោងធានាឥណទានដែលមានរចនាសម្ពន្ធត្រឹមត្រូវ។

ក្រោមគម្រោង ESGS នេះ CGCC អាចផ្តល់ការធានាទៅលើកម្ចីដែលផ្ដល់ដោយធនាគារ ABA ជូនដល់អាជីវកម្មដែលមានគុណវុឌ្ឍជាមួយនឹងវិសាលភាពនៃការធានារហូតដល់៩០% និងកម្រៃធានាឥណទានចាប់ពី០.៧៥។ ជាមួយនឹងការធានារបស់ CGCC ធនាគារABA នឹងអាចបង្កើនការផ្តល់កម្ចីចាំបាច់បន្ថែមទៀតដល់អាជីវកម្មដែលមានសក្តានុពល ដើម្បីគាំទ្រដល់ ភាពធន់នៃសេដ្ឋកិច្ចក្នុងកាលៈទេសៈដ៏លំបាកនេះ។

ជាមួយគ្នានេះ គម្រោង REGS 2 ក៏បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជានៅក្នុងវិស័យកសិកម្មផងដែរ។ គម្រោងនេះនឹងផ្តល់នូវកម្ចីមានការធានា ដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលខ្វះទ្រព្យធានា សំដៅបង្កើនភាពប្រកួតប្រជែងរបស់អង្ករកម្ពុជា លើទីផ្សារអន្តរជាតិ ដែលបន្តលើកកម្ពស់វិស័យដ៏សំខាន់មួយនេះ សម្រាប់ការអភិវឌ្ឍជនបទ។ គិតត្រឹមនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ កម្ចីមានការធានាពី CGCC ប្រមាណជា៣៨លានដុល្លារអាមេរិក ត្រូវបានផ្ដល់ជូនអាជីវកម្ម ក្រោមគម្រោងREGS។

លោក Bibhu Pandey បានថ្លែងថា «យើងខ្ញុំនៅធនាគារ ABA មានមោទនភាពយ៉ាងក្រៃលែង ក្នុងការពង្រីកភាពជាដៃគូយុទ្ធសាស្ដ្រនេះ ជាមួយ CGCC តាមរយៈគម្រោងធានាឥណទានទាំងពីរ។ គំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំចំពោះការផ្ដល់ហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង។ ក្នុងដំណើររួមគ្នានេះ យើងខ្ញុំនឹងនៅតែបន្តគាំទ្របណ្ដាធុរកិច្ច និងអាជីវកម្មគ្រប់ប្រភេទ ដើម្បីឲ្យពួកគេសម្រេចបាននូវ សក្តានុពលពេញលេញ»

លោក ណូ លីដា ក៏បានថ្លែងថា «ធនាគារ ABA និង CGCC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទានជាលើកដំបូងកាលពីឆ្នាំ២០២១។ ចាប់តាំងពីពេលនោះមក ធនាគារ ABA បានបង្កើនការបញ្ចេញកម្ចី តាមរយៈគម្រោងធានារបស់ CGCC ជាលំដាប់ ដើម្បីគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម (SME) ក្នុងវិស័យអាទិភាព។ ថ្ងៃនេះ យើងខ្ញុំពិតជាមានក្តីសោមនស្សដែលបានពង្រីកកិច្ចសហការនេះកាន់តែស៊ីជម្រៅ តាមរយៈគម្រោង ESGS និង REGS2»

លោកបានគួសបញ្ជាក់ផងដែរថា «REGS2 គឺជាផលបត្រគម្រោងធានាឥណទានដំបូងបង្អស់របស់យើងខ្ញុំជាមួយធនាគារ ABA ដែលនឹងបង្កើនប្រសិទ្ធភាពនៃ ការបញ្ចេញកម្ចី មានការធានាជូនដល់អតិថិជន។ ខ្ញុំជឿជាក់ថា ការចូលរួមរបស់ធនាគារ ABA ក្នុង គម្រោងទាំងពីរនេះ នឹងផ្ដល់លទ្ធភាពដល់អាជីវកម្ម កាន់តែច្រើនឲ្យទទួលបានកម្ចី សម្រាប់ពង្រីកអាជីវកម្មរបស់ពួកគាត់។ តាមរយៈការផ្តល់កម្ចីរបស់ធនាគារ ABA និងការធានាឥណទានរបស់ CGCC យើងរួមគ្នាពង្រឹងលទ្ធភាពរបស់សហគ្រាសធុនតូច និងមធ្យម ឲ្យទទួលបានហិរញ្ញប្បទាន»

ដោយសម្លឹងឆ្ពោះទៅមុខប្រកបដោយសុទិដ្ឋិនិយម ធនាគារ ABA និង CGCC នឹងនៅតែបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការបង្កើនលទ្ធភាពអាជីវកម្ម ឲ្យទទួលបានហិរញ្ញប្បទានកាន់តែទូលំទូលាយ ក្នុងន័យលើកកម្ពស់សហគ្រិនភាព និងរួមចំណែកជួយឲ្យទិដ្ឋភាពសេដ្ឋកិច្ចកាន់តែមានភាពធន់ និងពិពិធភាព៕

Credit to: Fresh News Plus, Published on 07 August 2025