CGCC

ពង្រឹងលទ្ធភាពនៃការទទួលបានហិរញ្ញប្បទាន: កិច្ចសហការរវាង ABA និង CGCC តាមរយៈគម្រោងធានាឥណទាន

នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ធនាគារ ABA និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធានាឥណទានចំនួនពីរ រួមមាន (១) គម្រោងធានាឥណទានដើម្បីជំរុញសេដ្ឋកិច្ច (ESGS), និង (២) គម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ (REGS 2)។ ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើង​ ដោយមានការអញ្ជើញចូលរួមពី លោក ណូ​ លីដា អគ្គនាយក CGCC និង លោក Bibhu Pandey អគ្គនាយករងប្រតិបត្តិ​ និងជានាយកឥណទាននៃធនាគារ ABA  ព្រមទាំងក្រុមការងាររបស់ស្ថាប័នទាំងពីរផងដែរ នៅការិយាល័យកណ្តាលរបស់ធនាគារ ABA។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងពីរនេះ បានបញ្ជាក់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ចសហការរវាងធនាគារ ABA និង CGCC ក្នុងការគាំទ្រអាជីវកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យម ក្នុងប្រទេសកម្ពុជា ដោយពង្រីកលទ្ធភាពនៃការទទួលបានកម្ចីផ្លូវការ តាមរយៈគម្រោងធានាឥណទាន ដែលមានលក្ខខណ្ឌដ៏ប្រសើរ។

ក្រោមគម្រោង ESGS​ នេះ CGCC អាចផ្តល់ការធានាទៅលើកម្ចីដែលបញ្ចេញដោយធនាគារ ABA  ជូនដល់អាជីវកម្មដែលមានគុណវុឌ្ឍ ជាមួយនឹងវិសាលភាពនៃការធានារហូតដល់ ៩០% និងកម្រៃធានាទាបបំផុតត្រឹម ០,៧៥%។ ជាមួយនឹងការធានារបស់ CGCC ធនាគារ ABA នឹងអាចបង្កើនការផ្តល់កម្ចីចាំបាច់បន្ថែមទៀត ដល់អាជីវកម្មដែលមានសក្តានុពល ដើម្បីគាំទ្រដល់ភាពធន់នៃសេដ្ឋកិច្ចក្នុងកាលៈទេសៈលំបាកនេះ។

ជាមួយគ្នានេះដែរ​ គម្រោង REGS 2 ក៏បានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងរួមគ្នា ក្នុងការជំរុញសេដ្ឋកិច្ចនៃវិស័យកសិកម្ម ក្នុងប្រទេសកម្ពុជា។ គម្រោងនេះនឹងផ្តល់នូវកម្ចីដែលមានការធានាដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលខ្វះទ្រព្យធានា សំដៅបង្កើនភាពប្រកួតប្រជែងរបស់អង្ករកម្ពុជា លើទីផ្សារអន្តរជាតិ ដែលបន្តលើកកម្ពស់វិស័យដ៏សំខាន់មួយនេះ ក្នុងការអភិវឌ្ឍនៅតាមបណ្តាខេត្ត និងទីជនបទ។ គិតត្រឹមនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ កម្ចីមានការធានាពី CGCC ប្រមាណជា ៣៨ លានដុល្លារអាមេរិក ត្រូវបានបញ្ចេញក្រោមគម្រោង REGS។

លោក Bibhu Pandey មានប្រសាសន៍ថា៖ “យើងខ្ញុំ ពីធនាគារ​​ ABA មានកិត្តិយស​ក្នុងការពង្រីកភាពជាដៃគូសហការនេះ ជាមួយ CGCC តាមរយៈគម្រោងធានាឥណទានទាំងពីរ។​ ការផ្តួចផ្តើមនេះ គូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ចំពោះបរិយាបន្នហិរញ្ញប្បទាន និងការអភិវឌ្ឍសេដ្ឋកិច្ចទៅថ្ងៃអនាគត។ ជាមួយគ្នា យើងនឹងបន្តគាំទ្រអាជីវកម្ម ដើម្បីឲ្យពួកគេសម្រេចបាននូវសក្តានុពលពេញលេញ។”

លោក ណូ​ លីដា ក៏មានប្រសាសន៍ថា៖ “ធនាគារ ABA និង CGCC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន ជាលើកដំបូង កាលពីឆ្នាំ២០២១។ ចាប់តាំងពីពេលនោះមក ធនាគារ ABA បានបង្កើនសន្ទុះនៃការប្រើប្រាស់ការធានារបស់ CGCC ជាលំដាប់ ដើម្បីគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម (SME) ស្ទើរគ្រប់វិស័យ។ ថ្ងៃនេះ យើងពិតជាមានក្តីសោមនស្សដែលបានពង្រីកកិច្ចសហការឱ្យកាន់តែស៊ីជម្រៅ តាមរយៈគម្រោង ESGS និង REGS2។ REGS2 គឺជាគម្រោងធានាឥណទានជាកញ្ចប់ទី១ រវាង CGCC និងធនាគារ ABA ដែលនឹងបង្កើនប្រសិទ្ធភាពនៃការបញ្ចេញកម្ចីមានការធានាជូនដល់អតិថិជន។ ខ្ញុំជឿជាក់ថា ការចូលរួមរបស់ ធនាគារ ABA ក្នុងគម្រោងទាំង២នេះ​ នឹងបង្កើនភាពសំបូរបែបនៃកម្ចីអាជីវកម្ម។ តាមរយៈការផ្តល់កម្ចីរបស់ធនាគារ ABA និងការធានាឥណទានរបស់ CGCC យើងរួមគ្នា ដើម្បីពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ SME។”

ជាការសម្លឹងឆ្ពោះទៅមុខ ធនាគារ ABA និង CGCC នឹងបន្តខិតខំប្រឹងប្រែងក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន លើកកម្ពស់សហគ្រិនភាព និងរួមចំណែកដល់ទិដ្ឋភាពសេដ្ឋកិច្ច ប្រកបដោយភាពធន់ និង​ពិពិធ​ភាព៕

កិច្ចប្រជុំបុគ្គលិក CGCC ប្រចាំត្រីមាសទី២ និងផែនការសកម្មភាពសម្រាប់ត្រីមាសបន្ទាប់

នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥  សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរៀបចំនូវកិច្ចប្រជុំបុគ្គលិក ដើម្បីធ្វើបច្ចុប្បន្នភាព និងបូកសរុបពីសមិទ្ធផលវឌ្ឍនភាពការងារត្រីមាសទី២ នៃឆ្នាំ២០២៥ និងចែករំលែកអំពីផែនការការងារសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥ ។

កិច្ចប្រជុំបុគ្គលិកនេះ មានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ CGCC ដែលមិនត្រឹមតែជាវេទិកា ចែករំលែករបាយការណ៍វឌ្ឍនភាព និងផែនការប៉ុណ្ណោះទេ ថែមទាំងជាវេទិកាសន្ទនា ដើម្បីពិភាក្សា និងទទួលយកអនុសាសន៍ដោយបើកចំហរ ពីគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ស្របជាមួយទិសដៅដើម្បីអភិវឌ្ឍ CGCC លើប្រតិបត្តិការការងារ និងចូលរួមចំណែកសម្រេចចក្ខុវិស័យរួមរបស់ CGCC ក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងសាជីវកម្មធានាឥណទានកម្ពុជា និងសមាគមក្រុមហ៊ុនមូលបត្រកម្ពុជា តាមរយៈកិច្ចសហការយុទ្ធសាស្រ្តលើការធានាលើសញ្ញាបណ្ណនៅកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសមាគមក្រុមហ៊ុនមូលបត្រកម្ពុជា (CASF) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) នៅទីស្នាក់ការ CGCC ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ស៊ូ សុជាតិ  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងវត្តមានរបស់ លោក ណូ លីដា អគ្គនាយក CGCC លោក អ៊ីវ រ៉ាណ្ណារិទ្ធ ប្រធាន CASF រួមជាមួយ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃ ន.ម.ក, CGCC, ក្រុមហ៊ុនមូលបត្រដែលជាសមាជិករបស់ CASF និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីស្ថាប័ននានា នៅក្នុងវិស័យមូលបត្រ សរុបប្រមាណ ៧០រូប។

MOU នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍការបោះផ្សាយសញ្ញាបណ្ណនៅកម្ពុជា និងសញ្ញាបណ្ណដែលមានការធានាដោយ CGCC តាមរយៈកិច្ចសហប្រតិបត្តិការរវាង CGCC និង CASF។ ភាពជាដៃគូនេះមានគោលបំណងពង្រឹងទីផ្សារសញ្ញាបណ្ណក្នុងស្រុក ជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទានរយៈពេលវែងសម្រាប់អាជីវកម្ម និងគាំទ្រដល់ការអភិវឌ្ឍរួមនៃទីផ្សារមូលបត្ររបស់កម្ពុជា។

តាមរយៈពិធីចុះ MOU នេះផងដែរ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “កម្មវិធីជំរុញការបោះផ្សាយសញ្ញាបណ្ណចីរភាពនៅកម្ពុជា (CSBA វគ្គទី៣)”  ដែលមាន ន.ម.ក. គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (UNESCAP) និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ជាសមាជិក និងកិច្ចសហការពីមូលនិធិធានាឥណទាន និងជំរុញការវិនិយោគ (CGIF) ក្រុមហ៊ុន GuarantCo និង CGCC ផងដែរ ដែលកម្មវិធីនេះនឹងផ្ដល់នូវជំនួយផ្នែកបច្ចេកទេសដល់ការបោះផ្សាយសញ្ញាបណ្ណបៃតង សញ្ញាបណ្ណចីរភាព និងសញ្ញាបណ្ណផ្សារភ្ជាប់នឹងចីរភាព ដើម្បីជំរុញការផ្តល់ហិរញ្ញប្បទានឆ្ពោះទៅរកគម្រោងដែលស្របទៅតាមផែនការអាទិភាពអាកាសធាតុរបស់ប្រទេសកម្ពុជា និងជំរុញភាពបៃតង ចីរភាព និងគម្រោងដែលមិនមានការសាយភាយឧស្ម័នកាបូនិចនាពេលអនាគត។

ឯកឧត្តម ស៊ូ សុជាតិ  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកន.ម.ក. បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងការថ្លែងសុន្ទរកថាចូលរួមអបអរសាទរក្នុងពិធីចុះ MOU ដោយចែករំលែកថា ៖ “ការអភិវឌ្ឍ និងការរីកចម្រើនពោរពេញទៅដោយអត្ថន័យ អាចកើតមានឡើងដរាបណាមានការចូលរួមពីស្ថាប័ននៅក្នុងឧស្សាហកម្មដែលមានទស្សនវិស័យរួម។ ការចុះ MoU រវាង CGCC និងសមាគមក្រុមហ៊ុនមូលបត្រ និងការដាក់ដំណើរការកម្មវិធី CSBA វគ្គទី៣ នាថ្ងៃនេះ ជាភស្ដុតាង និងសបញ្ជាក់ឱ្យឃើញពីឥទ្ធិពលនៃកិច្ចសហការគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមជាធ្លុងមួយ ដែលគំនិតជាច្រើនត្រូវបានផ្លាស់ប្ដូរ ហើយសកម្មភាពរួមនឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងសក្តិ-សិទ្ធភាព។ តាមរយៈការចូលរួមជាដៃគូយុទ្ធសាស្ត្របែបនេះ ទើបយើងអាចបង្កើត ទីផ្សារហិរញ្ញវត្ថុដែលសកម្ម បរិយាបន្ន និងប្រកបដោយចីរភាព សម្រាប់ប្រទេសកម្ពុជា។”

 លោក ណូ លីដា អគ្គនាយក CGCC បានមានប្រសាសន៍ថា៖ ដើម្បីចូលរួមគាំទ្រការបោះផ្សាយសញ្ញាបណ្ណនៅកម្ពុជា ការសហការជាមួយសមាគមក្រុមហ៊ុនមូលបត្រកម្ពុជា និងការចូលរួមក្នុង CSBA វគ្គទី៣ ជាការសំខាន់ និងជាការចាំបាច់ សម្រាប់ CGCC។ តាមរយៈ MOU និង CSBA វគ្គទី៣ នេះ CGCC នឹងមានលទ្ធភាពធ្វើការងារកាន់តែជិតស្និតជាមួយបណ្តាក្រុមហ៊ុនមូលបត្រដែលជាសមាជិករបស់សមាគម និងដៃគូពាក់ព័ន្ធផ្សេងទៀត ដើម្បីទទួលបានឱកាសក្នុងការផ្តល់ការធានាសញ្ញាបណ្ណ ដែលបោះផ្សាយនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ ជាជំហានមួយដ៏សំខាន់ ក្នុងការចូលរួមជំរុញការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា។”

លោក អ៊ីវ រ៉ាណ្ណារិទ្ធ ប្រធានសមាគមក្រុមហ៊ុនមូលបត្រកម្ពុជា ក៏បានចូលរួមចែករំលែកផងដែរថា​៖ “អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងបើកឱកាសឱ្យក្រុមហ៊ុនមូលបត្រដែលជាសាមាជិករបស់សមាគមក្រុមហ៊ុនមូលបត្រកម្ពុជា ធ្វើការសហការផ្ទាល់ជាមួយសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីសិក្សា និងវាយតម្លៃលើឱកាសបោះផ្សាយដែលមានសក្ដានុពលទទួលបាននូវការធានាពីសាជីវកម្មធានាឥណទានកម្ពុជា។” លោកក៏លើកទឹកចិត្តដល់តួអង្គពាក់ព័ន្ធទាំងអស់ ពិសេសក្រុមហ៊ុនធានាទិញមូលបត្រ និងក្រុមហ៊ុនដែលមានសក្ដានុពលបោះផ្សាយសិក្សាស្វែងយល់ចាប់យកឱកាសបោះផ្សាយបណ្ណបំណុលដែលមានការធានាដោយសាជីវកម្មធានាឥណទានកម្ពុជាផងដែរ។

 

អំពី CGCC

CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ ផលិតផល និងសេវាកម្មចម្បងរបស់ CGCC រួមមាន ការធានាកម្ចីក្នុងវិស័យធនាគារ, ការធានាសញ្ញាបណ្ណក្នុងវិស័យមូលបត្រ, និងកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលហៅកាត់ថា (EPIC)។  សម្រាប់ព័ត៌មានអំពី CGCC សូមចូលទៅកាន់គេហទំព័រ www.cgcc.com.kh ឬទំនាក់ទំនង CGCC តាមរយៈលេខទូរស័ព្ទ៖ 023 722 123។

អំពី សមាគមក្រុមហ៊ុនមូលបត្រកម្ពុជា (ស.ក.ម.ក)

សមាគមក្រុមហ៊ុនមូលបត្រកម្ពុជា (ស.ក.ម.ក) គឺជាសមាគមមិនរកប្រាក់ចំណេញ ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ និងអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា ហើយត្រូវបានទទួលស្គាល់ជាផ្លូវការដោយនិយ័តករមូលបត្រកម្ពុជា (SERC) នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។ ស.ក.ម.ក មានបេសកកម្មជំរុញ និងអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា សហការយ៉ាងជិតស្និទ្ធជាមួយនិយ័តករមូលបត្រកម្ពុជា (SERC)។

សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារ ស្ថាបនា ជំរុញការរីកចម្រើននៅកម្ពុជា តាមរយៈកិច្ចសហការយុទ្ធសាស្រ្តលើគម្រោងធានាឥណទាន

ភ្នំពេញ ថ្ងៃទី២១  ខែកក្កដា ឆ្នាំ២០២៥៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការស្តីពីគម្រោងធានាឥណទានបោះដុំ និងគម្រោងធានាឥណទានដើម្បីជំរុញសេដ្ឋកិច្ច។ គំនិតផ្តួចផ្តើមនេះបង្កើតឡើងក្នុងគោលបំណងបង្កើនការផ្តល់កម្ចីដល់អាជីវកម្មនៅកម្ពុជា។ កិច្ចសហការជាយុទ្ធសាស្រ្តមួយនេះ មានសារៈសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម និងសាជីវកម្មធំៗ ទៅលើការពង្រីកអាជីវកម្ម និងជួយសម្រួលប្រតិបត្តិការផ្សេងៗឱ្យកាន់តែប្រសើរ។

ស្របពេលដែលប្រទេសកម្ពុជាកំពុងបន្តអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារ ស្ថាបនា តាមរយៈគម្រោងធានាឥណទានដែលទើបដាក់ចេញនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាទាំងមូល។ កិច្ចសហការមួយនេះនឹងធានាបានថា អាជីវកម្មគ្រប់ប្រភេទ មិនថាខ្នាតតូច មធ្យម ឬធំ ឬមានទ្រព្យធានាប៉ុណ្ណានោះទេ  ពួកគេនឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុចាំបាច់ដែលពួកគេត្រូវការដើម្បីរីកចម្រើន និងរួមចំណែកដល់ពាណិជ្ជកម្មនៅកម្ពុជា។

លោក ណូ លីដា អគ្គនាយក CGCC បានមានប្រសាសន៍ថា៖ “៥ឆ្នាំមុន ធនាគារស្ថាបនា និងសាជីវកម្មធានាឥណទានកម្ពុជា បានចាប់ផ្តើមរួមសហការគ្នា ក្នុងគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ដើម្បីគាំទ្រអាជីវកម្មឱ្យទទួលបានហិរញ្ញប្បទានចាំបាច់ ក្នុងអំឡុងពេលដ៏លំបាកនៃវិបត្តិជំងឺកូវីដ-១៩។ ចាប់តាំងពីពេលនោះមក កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំង២ បានចូលរួមគាំទ្រដល់ការស្តារឡើងវិញ និងអភិវឌ្ឍអាជីវកម្មជាច្រើន។ តាមរយៈនេះ ស្ថាប័នទាំង២ ក៏បានបង្កើតមូលដ្ឋានគ្រឹះរឹងមាំមួយ សម្រាប់ការស្វែងយល់គ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យប្រសើរឡើងនូវគម្រោងធានាឥណទាន។”

លោកបានបន្ថែមថា ៖ “ការចុះហត្ថលេខាលើគម្រោងធានាឥណទានបោះដុំ (WGS) និងគម្រោងធានាឥណទានដើម្បីជំរុញសេដ្ឋកិច្ច (ESGS) នៅក្នុងថ្ងៃនេះ បង្ហាញឱ្យឃើញពីឆន្ទៈរួមគ្នារបស់ស្ថាប័នទាំង២ ក្នុងការពង្រឹងភាពជាដៃគូ ដើម្បីបង្កើនឥទ្ធិពលនៃការធានាឥណទាន។ គម្រោង WGS  និង ESGS នឹងគាំទ្រធនាគារស្ថាបនា ក្នុងការគ្រប់គ្រងអ៊ិចស្ពូស័រ និងជួយធនាគារឱ្យមានលទ្ធភាពច្រើនជាងមុន ក្នុងការផ្តល់ហិរញ្ញប្បទានចាំបាច់ជូនដល់សហគ្រាសធុនតូច និងមធ្យម ដែលមានសក្តានុពល ជាពិសេស ក្នុងអំឡុងពេលដែលស្ថានភាពសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជា។”

លោក ហែន ហ្គី. ម៉ូលដឺ ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ «តាមរយៈកិច្ចសហការរវាងធនាគារ ស្ថាបនា និងសាជីវកម្មធានាឥណទានកម្ពុជា លើគម្រោងធានាឥណទានបោះដុំ និង គម្រោងធានាឥណទានដើម្បីជំរុញសេដ្ឋកិច្ច អនុញ្ញាតឱ្យយើងពង្រីកបណ្តាញឥណទានតាមរយៈបណ្តាញសាខាទូទាំងប្រទេសរបស់យើងទៅកាន់ទីផ្សារកាន់តែទូលំទូលាយ។» លោកបានបន្ថែមថា ការណ៍នេះនឹងជួយលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និង​បញ្ចេញ​សក្តានុពល​សហគ្រិនភាព​របស់​ប្រជាជន​កម្ពុជា។

លោកបានបន្ថែមថា៖ «កិច្ចសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា ធានាថាការផ្តល់ប្រាក់កម្ចីរបស់យើងស្របតាមអាទិភាពនៃការអភិវឌ្ឍជាតិរបស់កម្ពុជា ជំរុញកំណើននៅក្នុងតំបន់ដែលជាគន្លឹះនៃវិបុលភាពរយៈពេលវែង និងការលើកកម្ពស់ជីវភាពសម្រាប់គ្រួសារកម្ពុជា។»

 

អំពី CGCC

CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ ផលិតផល និងសេវាកម្មចម្បងរបស់ CGCC រួមមាន ការធានាកម្ចីក្នុងវិស័យធនាគារ, ការធានាសញ្ញាបណ្ណក្នុងវិស័យមូលបត្រ, និងកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលហៅកាត់ថា (EPIC)។  គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៥ CGCC បានអនុម័តការធានាលើកម្ចីអាជីវកម្មសរុបចំនួន ៥.០២៧ គណនី ដែលស្មើនឹងទឹកប្រាក់ប្រមាណ ៣០៥ លានដុល្លារអាមេរិក។ សម្រាប់ព័ត៌មានអំពីគម្រោង WGS និង ESGS  សូមចូលទៅកាន់គេហទំព័រ www.cgcc.com.kh ឬទំនាក់ទំនង CGCC តាមរយៈលេខទូរស័ព្ទ៖ 023 722 123។

អំពី ធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង 2.7 ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង 3,500 នាក់។ ធនាគារ មានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាចំនួន175 ស្ថាបនាព្រីមារណ៍ ចំនួន4  និងម៉ាស៊ីនអេធីអឹមជាង 280កន្លែង។ យើងផ្តល់ជូននូវ សេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគារចល័ត សេវាធនាគារអេឡិចត្រូនិច ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាបើកប្រាក់បៀវត្សរ៍ សេវាផ្ទេរប្រាក់ឆ្លងប្រទេសជាមួយ SWIFT វីសា B2B Connect, VISA Direct, បាគង សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត។

ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃវិស័យសហគ្រាស ធុនតូច និងមធ្យមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារ ស្ថាបនាក៏ផ្តល់ជូននូវដំណោះស្រាយក្នុងការទទួលយកការទូទាត់ជាច្រើនតាមរយៈកម្មវិធីដូចជា៖ Sathapana Tutort សម្រាប់ដៃគូអាជីវកម្ម Sathapana Gateway, S2Biz, Sathapana POS និងសេវាឌីជីថលជាច្រើនទៀត។

ថ្មីៗនេះ ធនាគារ ស្ថាបនា បានទទួលវិញ្ញាបនបត្រកម្រិតមាសក្នុងការអនុវត្តយ៉ាងពេញលេញទៅតាមគោលការណ៍ការពារអតិថិជន។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ៕

បន្ថែមពីលើនេះ ធនាគារ ក៏ត្រូវបានជ្រើសរើស និងទទួលពានរង្វាន់ឆ្នើម 2នោះគឺ “Most Innovative Mobile Banking App – Cambodia 2024” ពីស្ថាប័ន International Finance និង “Best Retail Banking –  Cambodia 2024” ពី Global Retail Banking Rankings ។ ពានរង្វាន់នេះសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ធនាគារ ស្ថាបនា ក្នុងការផ្តល់ជូនអតិថិជន និងប្រជាជនកម្ពុជានូវបទពិសោធធនាគារចល័តប្រកបដោយភាពច្នៃប្រឌិត និងល្អបំផុត។

ហើយក្នុងឆ្នាំ 2024 ធនាគារ ស្ថាបនា ក៏ទទួលបាននូវពានរង្វាន់ឆ្នើមចំនួន 3 សម្រាប់ឆ្នាំ2024 ពីក្រុមហ៊ុន VISA រួមមាន ពានរង្វាន់ “Leadership in Consumer Debit Payment Volume”, “Leadership in Total Merchant Sales Volume Growth” និងពានរង្វាន់ “Leadership in Active Net New Acceptance Location”។ ទន្ទឹមនឹងនេះផងដែរ ធនាគារក៏ទទួលបានពានរង្វាន់ឆ្នើមចំនួន 3 ពីក្រុមហ៊ុនម៉ាស្ទ័រកាតរួមមាន ពានរង្វាន់ “Leadership in Credit Growth 2024”, “Leadership in Debit Growth 2024” និងពានរង្វាន់ “Leadership in Credit Volume 2024”។ ការទទួលបានពានរង្វាន់នេះ បានបង្ហាញយ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់ធនាគារក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតជូនអតិថិជននៅកម្ពុជា។

សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារ វីង (ខេមបូឌា) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធានាឥណទានបោះដុំ ទំហំ ៥០លានដុល្លារ

នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារវីង (ខេមបូឌា) មានក្តីសោមនស្សដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងធានាឥណទានបោះដុំ (Wholesale Guarantee Scheme – WGS) ដែលមានទំហំសរុប ៥០លានដុល្លារ ក្រោមវត្តមានកិត្តិយសពី លោក ណូ លីដា អគ្គនាយក CGCC និងបណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារវីង (ខេមបូឌា) និងមានការចូលរួមជាកិត្តិយសពីថ្នាក់គ្រប់គ្រងរបស់ស្ថាប័នទាំងពីរ សរុបប្រមាណ ៣០រូប ដែលរៀបចំឡើងនៅអគារវីង ថៅវើរ។

ស្របតាមការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ WGS ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដើម្បីផ្តល់ការធានាលើកម្ចីអាជីវកម្មដែលមានស្រាប់ របស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ​ក្នុងគោលបំណងចែករំលែកហានិភ័យជាមួយ PFIs​  និងកាត់បន្ថយកម្រិតថ្លឹងហានិភ័យនៃអ៊ិចស្ពូស៊ើដែលមានការធានាដោយ CGCC។  យោងលើប្រកាសស្តីពីហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ របស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ អ៊ិចស្ពូស៊ើចារឹកជាប្រាក់រៀល ឬរូបិយបណ្ណដែលមានការធានាច្បាស់លាស់ និងឥតលក្ខខណ្ឌដោយរាជរដ្ឋាភិបាលកម្ពុជា រាប់បញ្ចូលទាំងការធានាដោយគម្រោងធានាឥណទានដែលបង្កើតដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានថ្លឹងហានិភ័យសូន្យភាគរយ។

លោក ណូ​ លីដា អគ្គនាយក CGCC មានប្រសាសន៍ឱ្យដឹងថា ៖ CGCC មានសេចក្តីសោមនស្សរីករាយដែលបានអនុវត្តគម្រោងធានាឥណទានបោះដុំលើកដំបូងបំផុត ជាមួយធនាគារវីង។ គម្រោងប្រកបដោយនវានុវត្តន៍នេះ នឹងផ្តល់អត្ថប្រយោជន៍រួមដល់ទាំង CGCC និង ធនាគារវីង។ គម្រោងនេះ នឹងអាចជួយ CGCC ឱ្យគ្រប់គ្រងគុណភាពធានាឥណទានសរុបប្រកបដោយប្រសិទ្ធភាព ដើម្បីធានាបាននិរន្តរភាពរយៈពេលវែងផងដែរសំខាន់បំផុត គម្រោងនេះនឹងបង្កើនហិរញ្ញប្បទានដែលអាចផ្តល់ជូនសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។”

បណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារវីង (ខេមបូឌា) មានប្រសាសន៍ឱ្យដឹងថា ៖ “សហគ្រាសធុនតូច និងមធ្យមគឺជាដង្ហើមនៃសេដ្ឋកិច្ចរបស់ប្រទេសជាតិយើង ហើយតាមរយៈភាពជាដៃគូនេះ យើងកាន់តែមានលទ្ធភាពក្នុងការគាំទ្រដល់ភាពរីកលូតលាស់ បង្កើនភាពធន់ ក៏ដូចជាជំរុញនូវសក្តានុពលរបស់ពួកគេឱ្យអស់ពីលទ្ធភាព។ ខ្ញុំជឿជាក់ថា ការវិនិយោគលើសហគ្រាសធុនតូច និងមធ្យម ប្រៀបបាននឹងកំពុងវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជាយ៉ាងដូច្នេះដែរ។ ដោយមានការសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា យើងកំពុងរួមគ្នាកសាងប្រព័ន្ធហិរញ្ញវត្ថុមួយឱ្យកាន់តែរឹងមាំ និងប្រកបដោយបរិយាបន្ន ដែលអាចជួយ​ដល់សហគ្រិន ក៏ដូចជាពង្រឹងការអភិវឌ្ឍសហគមន៍ឱ្យកាន់តែរីកចម្រើននៅទូទាំងប្រទេសកម្ពុជា។”

តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារវីង (ខេមបូឌា) គឺជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFI) ទី១ របស់ CGCC  ដែលទទួលបានការធានាឥណទានបោះដុំរបស់ CGCC សំដៅបង្កើន និងពង្រីកលទ្ធភាពផ្តល់ហិរញ្ញប្បទានចាំបាច់របស់ធនាគារ ជូនដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា និងស្របជាមួយឆន្ទៈរួមរបស់ CGCC ក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។

 

អំពី CGCC

CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ ផលិតផល និងសេវាកម្មចម្បងរបស់ CGCC រួមមាន ការធានាកម្ចីក្នុងវិស័យធនាគារ, ការធានាសញ្ញាបណ្ណក្នុងវិស័យមូលបត្រ, និងកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលហៅកាត់ថា (EPIC)។ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៥ CGCC បានអនុម័តការធានាលើកម្ចីអាជីវកម្មសរុបចំនួន ៥.០២៧ គណនី ដែលស្មើនឹងទឹកប្រាក់ប្រមាណ ៣០៥ លានដុល្លារអាមេរិក។ សម្រាប់ព័ត៌មានអំពីគម្រោង WGS  សូមចូលទៅកាន់គេហទំព័រ www.cgcc.com.kh ឬទំនាក់ទំនង CGCC តាមរយៈលេខទូរស័ព្ទ៖ 023 722 123។

 

អំពីធនាគារ វីង (ខេមបូឌា)

ធនាគារ វីង (ខេមបូឌា) ម.ក. គឺជាធនាគារឌីជីថលរីកចម្រើនដ៏ឆាប់ហ័សមួយនៅក្នុងប្រទេសម្ពុជា ដែលផ្តល់ភាពងាយស្រួលក្នុងការទទួលបាននូវសេវាធនាគារ និងហិរញ្ញវត្ថុនៅទូទាំងប្រទេសកម្ពុជា។ ធនាគារ វីង បានផ្តល់សេវាធនាគារ និងហិរញ្ញវត្ថុយ៉ាងទូលំទូលាយ តាមរយៈបណ្តាញភ្នាក់ងារធនាគារ​ វីង ជាង ១២.០០០ កន្លែង, ភ្នាក់ងារវីង ម៉ាស្ទ័រ ១២០ កន្លែង, សាខាធនាគារ វីង ជិត​ ៣០ ទីតាំង និងអេបរបស់ធនាគារដែលមានពហុមុខងារ។ អាជីវកម្ម និងស្ថាប័នរដ្ឋាភិបាលជាង ៦00 រួមទាំងអាជីវកម្ម ១៧0.000 កំពុងពឹងផ្អែកលើធនាគារ វីង ដើម្បីជួយសម្រួលប្រតិបត្តិការរបស់ពួកគេ។ ធនាគារ វីង បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បរិយាបន្នផ្នែកឌីជីថល ហិរញ្ញវត្ថុ និងយេនឌ័រ ដោយធានាឱ្យបានថាប្រជាជនកម្ពុជាទាំងអស់អាចទទួលបានអត្ថប្រយោជន៍ពីដំណោះស្រាយធនាគារ និងហិរញ្ញវត្ថុឌីជីថលប្រកបដោយសសុវត្ថិភាព និងងាយស្រួល។ សម្រាប់ព័ត៌មានបន្ថែម៖ www.wingbank.com.kh

CGCC ចូលរួមចែករំលែក អំពីការធានាលើសញ្ញាបណ្ណ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី របាយការណ៍វាយតម្លៃទីផ្សារមូលបត្ររបស់ប្រទេសកម្ពុជា

កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កញ្ញាជុំ សិលារ័ត្ន ប្រធានការិយាល័យអភិវឌ្ឍន៍អាជីវកម្ម (ការធានាសញ្ញាបណ្ណ) នៃ CGCC  បានចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី “របាយការណ៍វាយតម្លៃទីផ្សារមូលបត្ររបស់ប្រទេសកម្ពុជា” ទៅលើប្រធានបទ “អាទិភាពសម្រាប់ជំរុញការអភិវឌ្ឍទីផ្សារមូលបត្រក្នុងស្រុក” ដែលរៀបចំដោយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក.។

សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយអំពីការយល់ដឹងឱ្យកាន់តែច្បាស់ និងរបៀបនៃការមើលរបាយការណ៍នៃការវាយតម្លៃនៅក្នុងទីផ្សារមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅជំរុញដល់ការបោះផ្សាយលក់មូលបត្រនៅក្នុងប្រទេស។

តាមរយៈសិក្ខាសាលាផ្សព្វផ្សាយនេះ កញ្ញា ជុំ សិលារ័ត្ន បានចែករំលែកអំពីអាទិភាពសម្រាប់ជំរុញការអភិវឌ្ឍទីផ្សារមូលបត្រក្នុងស្រុក ដោយសង្កត់ធ្ងន់លើការជំរុញទីផ្សារឱ្យកាន់តែមានភាពស៊ីជម្រៅតាមរយៈឧបករណ៍ជួញដូរដែលមានលក្ខណៈច្នៃប្រឌិត និងការជំរុញប្រតិបត្តិការទីផ្សារបន្ទាប់។ កញ្ញាក៏បានបញ្ជាក់ផងដែរពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារទីផ្សារផ្សេងទៀតដូចជា ក្រុមហ៊ុនធានាអន្តរជាតិដើម្បីពង្រីកសមត្ថភាពធានាសញ្ញាបណ្ណ និងក្រុមហ៊ុនមូលបត្រក្នុងការរៀបចំប្រតិបត្តិការធានាសញ្ញាបណ្ណឱ្យកាន់តែឆ្លើយតបទៅនឹងតម្រូវការ និងបើកទូលាយការចុះបំពេញកាតព្វកិច្ចតាមច្បាប់ពីសំណាក់អ្នកវិនិយោគ និងកិច្ចពិភាក្សាផ្សេងៗដើម្បីបញ្ច្រាបអំពីសមត្ថភាពធានារបស់ CGCC ។

កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់សាជីវកម្មធានាឥណទានកម្ពុជា (EPIC) វគ្គទី៥

នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារមេយប៊ែង បានសហការរៀបចំកម្មវិធី EPIC វគ្គទី៥​ ស្តីអំពី «ការរៀបចំផែនការអាជីវកម្ម សម្រាប់កម្ចីអាជីវកម្មខ្នាតតូច និងមធ្យម» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា (FASMEC), និងវត្តមានកិត្តិយសពីសំណាក់ លោក ណូ លីដា អគ្គនាយក CGCC, និង លោក ឌុក សារ៉ាក់ នាយក នៃនាយកដ្ឋានសេវាហិរញ្ញវត្ថុសហគមន៍ នៃធនាគារ មេយប៊ែង និងមានសិក្ខាកាមដែលជាម្ចាស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ៣៥រូប ព្រមទាំង បុគ្គលិកនៃស្ថាប័នទាំងបី សរុបប្រមាណ ៧០រូប។​

ជាផ្នែកមួយនៃរបៀបវារៈនៃកម្មវិធី EPIC 5 សិក្ខាកាម និងអ្នកចូលរួមបានទទួលការចែករំលែក តាមរយៈកិច្ចពិភាក្សាលើប្រធានបទ «លទ្ធភាពទទួលបានការគាំទ្រ និងហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម» ដោយវាគ្មិនកិត្តិយសរួមមាន ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC,  លោក ញឹម សូរិយា  ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងវិភាគអាជីវកម្មនៃ CGCC, លោក ឌុក សារ៉ាក់ នាយក នៃនាយកដ្ឋានសេវាហិរញ្ញវត្ថុសហគមន៍ នៃធនាគារមេយប៊ែង, និង លោក ចាវ សួស្ដី ម្ចាស់សិប្បកម្មផលិតផលជលផល ចាវ សួស្ដី ដែលទទួលបានកម្ចីមានការធានាពី​ CGCC តាមរយៈធនាគារមេយប៊ែង និងទទួលបានការគាំទ្រទុនវិនិយោគក្រោមកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ។

ជាលទ្ធផលនៃកិច្ចពិភាក្សា សិក្ខាកាម និងអ្នកចូលរួមបានស្វែងយល់ពីស្ថានភាព និងបញ្ហាប្រឈ​ម​ដែល​ម្ចាស់​អាជីវកម្ម​ជួបប្រទះ ការស្វែងរកដំណោះស្រាយ និងយន្ដការគាំទ្រ រួមទាំងគន្លឹះ​ដើម្បីបង្កើនលទ្ធភាព​ទទួលបាន​​ហិរញ្ញប្បទាន និងការប្រើប្រាស់កម្ចីប្រកបដោយប្រសិទ្ធភាព។

លើសពីនេះ សិក្ខាកាមក៏បានស្វែងយល់អំពីប្រធានបទបណ្តុះបណ្តាលគោល ស្តីអំពី «ការរៀបចំផែនការអាជីវកម្មសម្រាប់កម្ចីអាជីវកម្មខ្នាតតូច និងមធ្យម» ដែលចែករំលែកដោយ លោកស្រី ចៅ លន់មូលីការ នាយិកាប្រតិបត្តិ និងស្ថាបនិកក្រុមហ៊ុន Cambodian Standard Development & Supply Co., Ltd. និងជាក្រុមប្រឹក្សាភិបាលទទួលបន្ទុកគណៈកម្មការលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)។ ក្រោយពីបានសិក្សាស្វែងយល់លើប្រធានបទបណ្តុះបណ្តាល សិក្ខាកាម​និងអ្នកចូលរួមទាំងអស់បានធ្វើការពិភាក្សាជាក្រុម ដើម្បីបង្កើតផែនការអាជីវកម្មដោយប្រើ Model Lean Canvas រួមទាំងទទួលបានយោបល់​កែលម្អ​ពីគ្រូបង្គោល​ផងដែរ។

ការកសាងសមត្ថភាពសហគ្រិន គឺជាការងារអាទិភាពមួយរបស់ CGCC ក្នុងបេសកកម្មបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។ EPIC គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលនឹងនាំមកនូវប្រធានបទពាក់ព័ន្ធការប្រតិ​បត្តិនិងគ្រប់គ្រងអាជីវកម្ម ដើម្បីអភិវឌ្ឍសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ/គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម៕

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការ លើកកម្ពស់ការផ្តល់ឥណទានដែលមានការធានាដល់សហគមន៍កសិកម្មទំនើប

នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានក្តីសោមនស្សដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាត្រីភាគីចំនួន២ រួមមាន (១) ជាមួយ MAFF និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), និង (២) ជាមួយ MAFF និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងផ្តល់នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងស្ថាប័ន ក្នុងការលើកកម្ពស់ការផ្តល់ឥណទានគាំទ្រដល់សហគមន៍កសិកម្មទំនើប។

MOU ទាំងពីរនេះ នឹងមានវិសាលភាពអនុវត្តចំពោះការលើកកម្ពស់ប្រសិទ្ធភាព និងនិរន្តរភាពនៃអាជីវកម្ម ក្នុងការគាំទ្រឥណទាន តាមរយៈធនាគារ ARDB និង FTB និងការធានាឥណទានពី CGCC ដល់សហគមន៍កសិកម្មទំនើបទាំងឡាយណា ដែលបានចុះបញ្ជីផ្លូវការដោយអនុលោមតាមច្បាប់ស្តីពីសហគមន៍កសិកម្ម ក្រោមការគាំទ្រទាំងគោលនយោបាយ និងបច្ចេកទេសពី MAFF។ តាមរយៈ MOU នេះ ក្រោមការគាំទ្រយ៉ាងសកម្មពី MAFF លើការអភិវឌ្ឍសហគមន៍កសិកម្មទំនើប និងជាពិសេស គឺជំរុញការទទួលបានហិរញ្ញប្បទានផ្លូវការដល់សហគមន៍កសិកម្មទំនើប, CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) រួមមាន ធនាគារ ARDB និងធនាគារ FTB នឹងអាចពង្រីកកិច្ចសហប្រតិបត្តិការលើការផ្តល់កម្ចីដែលមានការធានាជាចាំបាច់ ជូនដល់សហគមន៍កសិកម្មទំនើប ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់យកវិស័យកសិកម្មជាវិស័យអាទិភាព និងគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ CGCC និង MAFF ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នាទ្វេភាគី ស្តីពីការប្រើប្រាស់សេវាធានាឥណទាន សម្រាប់ជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលជាការបើកផ្លូវមួយដល់ CGCC និង MAFF ឱ្យសម្រេចបាននូវគោលដៅរួមគ្នា ក្នុងការគាំទ្រសហគ្រាសធុនតូច និងមធ្យម ជាពិសេសសហគមន៍កសិកម្មទំនើប លើការអភិវឌ្ឍវិស័យកសិកម្ម និងគាំទ្រ CGCC ក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា វិស័យកសិកម្មត្រូវបានចាត់ទុកថាជាវិស័យអាទិភាព ក្នុងការទទួលបានការធានាឥណទានពី CGCC តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC។ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៥ នេះ CGCC បានផ្តល់ការធានាលើឥណទានប្រមាណជាង ៥.០២៧ គណនី ក្នុងទឹកប្រាក់សរុបប្រមាណ​ ៣០៥ លានដុល្លារ។ ក្នុងនោះ ការធានាឥណទានដែលត្រូវបានផ្តល់ជូនវិស័យកសិកម្មមានចំនួន ១៣៧ គណនី ក្នុងទឹកប្រាក់ប្រមាណ ៤១ លានដុល្លារ៕

CGCC ដាក់ឱ្យដំណើការគម្រោងធានាឥណទានដើម្បីជំរុញសេដ្ឋកិច្ចជាមួយទំហំសរុប ២០០លានដុល្លារ

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “គម្រោងធានា ឥណទានដើម្បីជំរុញសេដ្ឋកិច្ច – Economic Stimulus Guarantee Scheme(ESGS)” ដែលមានទំហំសរុប ២០០លានដុល្លារ ចាប់ពីថ្ងៃទី០១ ខែកក្កដា ដើម្បីចូលរួមជំរុញសកម្មភាពសេដ្ឋកិច្ច ខណៈស្ថានភាពសេដ្ឋកិច្ចសកល និងក្នុងតំបន់នៅប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CGCC កាលពីថ្ងៃទី៣០ ខែមិថុនា ESGS គឺជាគម្រោងធានាឯកត្តឥណទាន ដែលត្រូវ បានដាក់ឱ្យដំណើរការ បន្ទាប់ពី “គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម – Business Recovery Guarantee Scheme (BRGS)” ដែលត្រូវបានដាក់ចេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ត្រូវបានអស់សុពលភាព នៅ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ស្របតាមការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

«ក្រោមគម្រោង ESGS, CGCC បង្កើនវិសាលភាពនៃការធានាជាអតិបរមា រហូតដល់ ៩០% នៃប្រាក់ដើម និង កំណត់កម្រៃធានាឥណទានអប្បបរមាទាបបំផុតត្រឹម ០,៧៥% នៃសន្និធិទំហំការធានាឥណទាន និងមាន លក្ខខណ្ឌអនុគ្រោះមួយចំនួនទៀត ដើម្បីគាំទ្រគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ក្នុងការបង្កើនការផ្តល់កម្ចី អាជីវកម្មដែលចាំបាច់ ជូនដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងខ្នាតធំ សំដៅចូលរួមជំរុញ កំណើនសេដ្ឋកិច្ច ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា»។ នេះបើយោងតាម CGCC។

លោក ណូ លីដា អគ្គនាយកនៃសារជីវកម្មធានាឥណទានកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ ថា សាជីវកម្មធានាឥណទានកម្ពុជា បានធានារ៉ាប់រងរហូតដល់ ៨០% នៃ​ប្រាក់កម្ចីរបស់សហគ្រាសខ្នាតតូច និងមធ្យម ខណៈ​រាជរដ្ឋាភិបាល រំពឹងថា ធនាគារ និង​គ្រឹះ​ស្ថាន​​មីក្រូហិរញ្ញវត្ថុ នឹងអាចមានលទ្ធភាពច្រើនជាងមុនក្នុងការបញ្ចេញ​ឥណ​ទានតាមតម្រូវ​ការ​ជូន​​​ទៅដល់សហគ្រាសខ្នាតតូច និងមធ្យម ដែលរួមមានក្នុងវិស័យស្រូវអង្ករផងដែរ ដែល​មាន​សក្ដា​នុពល ប៉ុន្តែ​គាត់​ខ្វះ​ទ្រព្យធានា ឬហានិភ័យកម្រិតណាមួយ ដែលធនាគារ និង​គ្រឹះ​ស្ថាន​​មី​ក្រូ​ហិរញ្ញវត្ថុ​មិន​អាច​រ៉ាប់​រងបាន ដូច្នេះរាជរដ្ឋាបាលតាមរយៈ CGCC នឹងចូលខ្លួនមក ជួយ​ធា​នា​ទៅ​លើឥណ​ទាន​របស់​សហ​គ្រាសខ្នាតតូច និងមធ្យម។

លោកថា កន្លងមក សាជីវកម្មធានាឥណទានកម្ពុជា បានគាំទ្រជាច្រើនទៅលើការបញ្ចេញ​ឥណទាន​បន្ថែម​​​ដល់ សហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជាលើកម្ចី ២៥៦,៥៨ លានដុល្លារ ក្នុង​នោះ​វិស័យស្រូវអង្ករត្រូវបានចាត់ទុកថា ជាវិស័យអាទិ​ភាព ដែលគិតត្រឹមដំណាច់ឆ្នាំ ២០២៤ មាន​សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមចំនួន ១៣៧ គណនី ត្រូវបានធានា គិតជា​ទំហំ​ទឹក​ប្រាក់​ប្រ​មាណ​ជាង ៣០ លានដុល្លារ។

លោក ណូ លីដា បញ្ជាក់បន្ថែមថា កាលពីខែឧសភា ឆ្នាំ ២០២៤ សាជីវកម្មធានា​ឥណទាន​កម្ពុជា បានដាក់ចេញនូវគម្រោងជាក់លាក់មួយដើម្បីជំរុញការនាំចេញស្រូវ-អង្កររបស់​កម្ពុជា ដែល​ហៅថា គម្រោងធានាឥណទានសម្រាប់ការ​នាំចេញអង្ករ​ក្នុងជំហានទី១ ដែលមាន​ទឹក​ប្រាក់ទំហំដំបូងចំនួន ៣០ លានដុល្លារ ដែលមានស្ថាប័នហិរញ្ញវត្ថុចូលរួមចំនួន ៧ ខណៈ​ឥណ​ទាន​ចំនួនជាង ២០លានដុល្លារ ត្រូវបានបញ្ចេញរួចហើយរហូតមកដល់ពេលនេះ។

CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និង អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ ផលិតផល និងសេវាកម្មចម្បងរបស់ CGCC រួមមាន ការធានាកម្ចីក្នុងវិស័យ ធនាគារ, ការធានាសញ្ញាបណ្ណក្នុងវិស័យមូលបត្រ, និងកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែល ហៅកាត់ថា (EPIC)។ គិតត្រឹមថ្ងៃបំណាច់ខែឧសភា ឆ្នាំ២០២៥ CGCC បានអនុម័តការធានាឥណទានចំនួន ៤.៨៧៧ គណនី លើកម្ចីអាជីវកម្ម ប្រមាណ ២៩៤,៣២ លានដុល្លារ នៅទូទាំងប្រទេស៕

Credit to: កម្ពុជាថ្មីប្រចាំថ្ងៃ, ចេញផ្សាយថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥

 

CGCC សហការរៀបចំ “សិក្ខាសាលាស្តីពីរបាយការណ៍លទ្ធផលចុងក្រោយ និងកិច្ចពិភាក្សាគោលនយោបាយជាន់ខ្ពស់ ក្រោមកម្មវិធី Knowledge Sharing Program (KSP) ឆ្នាំ ២០២៤/២០២៥”

នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ CGCC បានសហការរៀបចំ “សិក្ខាសាលាស្តីពីរបាយការណ៍លទ្ធផលចុងក្រោយ និងកិច្ចពិភាក្សាគោលនយោបាយជាន់ខ្ពស់ ក្រោមកម្មវិធី Knowledge Sharing Program (KSP) ឆ្នាំ ២០២៤/២០២៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម Koh Seung Beom ប្រធានក្រុមប្រឹក្សាផ្នែកអប់រំហិរញ្ញវត្ថុ (Financial Education Council – FEC) នៃសាធារណរដ្ឋកូរ៉េ រួមទាំងវត្តមានគណប្រតិភូរបស់វិទ្យាស្ថានអភិវឌ្ឍន៍នៃសាធារណរដ្ឋកូរ៉េ (KDI), មូលនិធិធានាឥណទាននៃសាធារណៈរដ្ឋកូរ៉េ (Korean Credit Guarantee Fund-KODIT) ថ្នាក់ដឹកនាំ និងបុគ្គលិក CGCC តំណាងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) និងដៃគូអភិវឌ្ឍន៍សរុបប្រមាណជាង៥០រូប។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការរវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ CGCC និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយជូនដល់សាធារណជន និងដៃគូសហការរបស់ CGCC អំពីវឌ្ឍនភាព និងផែនការសកម្មភាពរបស់ CGCC ក៏ដូចជា ពីរបាយការណ៍លទ្ធផលចុងក្រោយ និងកិច្ចពិភាក្សាគោលនយោបាយជាន់ខ្ពស់ ក្រោមកម្មវិធី Knowledge Sharing Program (KSP) ឆ្នាំ២០២៤/២០២៥នេះ។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៤ កន្លងទៅ CGCC ត្រូវបានជ្រើសរើសជាស្ថាប័នមួយរបស់ព្រះរាជាណាចក្រកម្ពុជាដើម្បីអនុវត្តគម្រោង KSP ឆ្នាំ ២០២៤/២០២៥ បន្ទាប់ពីមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយស្ថាប័ន​ និងប្រទេសជាច្រើនក្នុងពិភពលោក ដែលបានដាក់ស្នើសុំគម្រោងនេះ ជូនទៅរដ្ឋាភិបាលរបស់សាធារណរដ្ឋកូរ៉េ។ គម្រោង KSP បាននិងកំពុងផ្តោតទៅលើ (១) ការបង្កើនសមត្ថភាពវិភាគឥណទានសម្រាប់ប្រតិបត្តិការធានាឥណទាន (២) ការគ្រប់គ្រងហានិភ័យ និង (៣) ការបង្កើតគម្រោងធានាឥណទាន ដើម្បីគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕