CGCC

ការដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងធានាឥណទានដើម្បីជំរុញសេដ្ឋកិច្ច របស់សាជីវកម្មធានាឥណទានកម្ពុជា ទំហំ ២០០លានដុល្លារ

 

ទាញយកសេចក្តីប្រកាសព័ត៌មាន

ពិធីចុះអនុស្សរណៈនៃការយោគយល់ត្រីភាគី រវាង CGCC, SME Bank និង FASMEC ស្តីពីកិច្ចសហប្រតិបត្តិការលើការផ្តល់កម្ចីមានការធានាជូនដល់សមាជិក FASMEC

នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាល សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាត្រីភាគី ស្តីពីកិច្ចសហប្រតិបត្តិការ រវាង សាជីវកម្មធានាឥណទានកម្ពុជា​​(CGCC), ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក (SME Bank) និងសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ត្រូវបានរៀបចំឡើង ក្រោមការចូលរួមជាកិត្តិយសពីសំណាក់ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC, លោក ណូ លីដា អគ្គនាយក CGCC,  លោក ជា សុភ័ក្ដ អគ្គនាយក SME​ Bank និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលរបស់ FASMEC ថ្នាក់ដឹកនាំ និងបុគ្គលិកនៃស្ថាប័នទាំងបី សរុបប្រមាណ៣០រូប។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការធានាឥណទានរបស់ CGCC លើកម្ចីដែលផ្តល់ជូនដោយធនាគារ SME Bank ទៅកាន់សមាជិករបស់ FASMEC។ កិច្ចសហការនេះនឹងគាំទ្រដល់ការជួយបង្កើនលទ្ធភាពទទួលបានកម្ចីចាំបាច់របស់ក្រុមហ៊ុន/អាជីវកម្ម ជាពិសេសក្នុងវិស័យអាទិភាព ដែលជាសមាជិករបស់ FASMEC ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការខ្វះទ្រព្យធានា និងជាការបើកផ្លូវដល់កិច្ចសហការរវាងស្ថាប័នទាំងបី ក្នុងការបង្កើនសមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុដល់ SMEs ផងដែរ។

ពិធីចុះហត្ថលេខានេះ បានបញ្ចប់ជាមួយនឹងលទ្ធផលជាផ្លែផ្កា ក្នុងការគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនតូច និងមធ្យម ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល សំដៅជំរុញឱកាសក្នុងការពង្រីកផលិតកម្មក្នុងស្រុក ជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវគុណភាព ផលិតភាព និងការប្រកួតប្រជែងជាសកល៕​

វគ្គបណ្តុះបណ្តាលស្តីពីការកសាងសមត្ថភាពបច្ចេកទេសលើការធានាកម្ចី និងសញ្ញាបណ្ណ

កាលពីថ្ងៃទី0២ ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា បុគ្គលិករបស់ CGCC បានទទួលវគ្គបណ្តុះបណ្តាលពី Private Infrastructure Development Group (PIDG) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន GuarantCo ដែលជាដៃគូអន្តរជាតិរបស់ CGCC។

វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់លើប្រធានបទសំខាន់ៗ រួមមាន៖ ក្របខ័ណ្ឌច្បាប់, បទប្បញ្ញត្តិ, ការវាយតម្លៃឥណទាន, និងការគ្រប់គ្រងហានិភ័យ សម្រាប់ការធានាកម្ចី និងការធានាសញ្ញាបណ្ណ។

វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិក CGCC ចំនួន១៣រូប រួមជាមួយតំណាងពី PIDG ទាំងតាមប្រព័ន្ធវីឌីអូ និងដោយផ្ទាល់ និងអ្នកជំនាញរបស់ក្រុមហ៊ុន YOG Infra ដែលជាក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់ហិរញ្ញវត្ថុផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រដល់វិនិយោគិន និងស្ថាប័នហិរញ្ញវត្ថុកំពុងអភិវឌ្ឍ (DFIs) ក្នុងការចាត់ចែងការវិនិយោគ ឱ្យមានប្រសិទ្ធភាព។

គួរបញ្ជាក់ផងដែរថា CGCC និង GuarantCo ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ PIDG បានចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីខែសីហា ឆ្នាំ២០២៤ និងបានចុះកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌចែករំលែកហានិភ័យ កាលពីខែមករា ឆ្នាំ២០២៥។

CGCC ចូលរួមគាំទ្រ និងផ្សព្វផ្សាយយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា ឆ្នាំ២០២៥

ក្រោមគំនិតផ្តួចផ្ដើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផា នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ លោក ណូ លីដា អគ្គនាយក CGCC ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ CGCC បានចូលរួមគាំទ្រ និងផ្សព្វផ្សាយយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា ឆ្នាំ២០២៥ ដើម្បីស្នាមញញឹមកុមារកម្ពុជា និងបន្តនិរន្តរភាពនៃដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។

មន្ទីរពេទ្យគន្ធបុប្ផាជាមន្ទីរពេទ្យដែលព្យាបាលកុមារ ប្រកបដោយគុណភាព ដើម្បីសង្រ្គោះជីវិតកុមារទាំងអស់នៅកម្ពុជា ដោយមិនគិតថ្លៃ។ ការបរិច្ចាគ ១ម៉ឺនរៀល របស់អ្នកទាំងអស់គ្នានឹងអាចបន្ត នូវនិរន្តរភាពរបស់មន្ទីរពេទ្យក្នុងការពិនិត្យ និងព្យាបាលសម្រាប់កុមារគ្រប់រូប។ ចូលរួមបរិច្ចាគថ្ងៃនេះ ដើម្បីអនាគតកុមារកម្ពុជា! លោកអ្នកអាចចូលរួមក្នុងយុទ្ធនាការនេះ តាមរយៈការស្កែន QR Code ដែលមានក្នុងរូបភាព។

CGCC ចូលរួមកិច្ចពិភាក្សាលើ ក្រុមការងារកម្រិតបច្ចេកទេសលើកទី១ ដែលរៀបចំដោយសាជីវកម្មធានាឥណទានថៃ (TCG)

ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ គណៈប្រតិភូ CGCC ដឹកនាំដោយលោក អេង តុងងី ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ និងអនុលោមភាព រួមជាមួយសហការី CGCC ៣រូប បានចូលរួមកិច្ចពិភាក្សាលើ ក្រុមការងារកម្រិតបច្ចេកទេសលើកទី១ ដែលរៀបចំដោយសាជីវកម្មធានាឥណទានថៃ (TCG) ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរ និងចែករំលែកការអនុវត្តល្អៗរវាងស្ថាប័នទាំងពីរ ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

តាមរយៈកិច្ចពិភាក្សានេះ  ក្រុមការងាររបស់ CGCC និង TCG បានផ្លាស់ប្តូរការចែករំលែកអំពីទិដ្ឋភាពទូទៅនៃគម្រោងធានាឥណទានរបស់ស្ថាប័នខ្លួន, ការផ្តល់ពិន្ទុឥណទាន,ការវាយតម្លៃការធានា, ការត្រួតពិនិត្យការធានា, ការទាមទារសំណង និងការស្តារឥណទានឡើងវិញ, និងការប្រមូលបំណុល។

ជាផ្នែកមួយនៃបេសកកម្ម​នេះ គណៈប្រតិភូរបស់ CGCC ក៏ទទួលបានការអញ្ជើញ និងសម្របសម្រួលយ៉ាងកក់ក្តៅពីសំណាក់ TCG ដោយបានទៅទស្សនាសាខារបស់ TCG និងទីតាំងអាជីវកម្មធុនតូច និងមធ្យម (SME) មួយកន្លែងនៅទីក្រុងបាងកក ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពីប្រតិបត្តិការរបស់ TCG និងស្វែងយល់ពីសក្តានុពលនៃផលិតផល របស់ SME ផងដែរ ៕

CGCC ចូលរួមចែករំលែកក្នុងសិក្ខាសាលាស្ដីពី “Unlocking Sustainable Growth: The Role of Credit Guarantees & ESG in Cambodia’s Financial Future”

នាថ្ងៃទី0៩ ខែឧសភា ឆ្នាំ២០២៥ លោក យុន ផន  ប្រធាននាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍន៍អាជីវកម្មនៃ CGCC និង​លោកស្រី សាន សុខរីណា ប្រធានជាន់ខ្ពស់នៃការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការរបស់ CGCC បានចូលរួមចែករំលែកក្នុងសិក្ខាសាលាស្ដីពី “Unlocking Sustainable Growth: The Role of Credit Guarantees & ESG in Cambodia’s Financial Future”   ដែលរៀបចំដោយវិទ្យាស្ថានខេមអេដ​ នៅអគារនៃវិទ្យាស្ថានខេមអេដ ក្រោមការសម្របសម្រួល និងដឹកនាំដោយ លោកសាស្រ្តាចារ្យ ហូរ វរៈបុត្ត។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បី បង្កើនការយល់ដឹងអំពីតួនាទីរបស់ CGCC ក្នុងការផ្តល់ការធានាឥណទាន ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងការអនុវត្តគោលការណ៍ដែលទាក់ទងនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច (​​ESG) ដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្តរបស់CGCC សំដៅចូលរួមដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ទៅតាមគោលការណ៍របស់ ESG ។

កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម

កាលពីថ្ងៃទី២២ ដល់ ២៤ ខែមេសា ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដឹកនាំដោយលោក យុន ផន ប្រធាននាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍន៍អាជីវកម្ម បានជួបពិភាក្សាស្វែងយល់អំពីការអនុវត្តយន្តការធានាឥណទាន និងផ្សព្វផ្សាយបន្ថែមអំពីគម្រោងធានាឥណទានរបស់ CGCC ដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិករបស់សាខានៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួនរបស់ CGCC រួមមាន៖

  • ខេត្តកំពង់ធំ៖ ធនាគារ ស្ថាបនា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC
  • ខេត្តកំពង់ចាម៖ ធនាគារកាណាឌីយ៉ា ធនាគារ ស្ថាបនា  និង ធនាគារ ហ្វីលីព

ការពិភាក្សាជាមួយ PFIs នៅតាមសាខានានា​នៃខេត្តនីមួយៗ បានផ្តល់ឱកាសសម្រាប់ CGCCនិង PFIs ក្នុងការជំរុញការយល់ដឹងកាន់តែច្បាស់អំពីសេវាធានាឥណទាន បង្កើនគុណភាពនៃសេវាកម្ម​ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការធានាឥណទាន និងអាចបង្កើនការផ្តល់កម្ចីជូនទៅដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានសក្តានុពលនិងមានតម្រូវការកម្ចីចាំបាច់ រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ជនបទផងដែរ៕

CGCC រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី CGCC និងវគ្គបណ្តុះបណ្តាលជំនាញនៃការលក់សម្រាប់បុគ្គលិកធនាគារ/មីក្រូហិរញ្ញវត្ថុ នៅខេត្តព្រះវិហារ

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារ CGCC ដឹកនាំដោយលោក យុន ផន ប្រធាននាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍន៍អាជីវកម្ម  បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីយន្តការធានាឥណទានរបស់ CGCC និងវគ្គបណ្តុះបណ្តាលជំនាញផ្នែកលក់សម្រាប់បុគ្គលិកធនាគារនៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម(PFIs) របស់ CGCC  ប្រចាំសាខាខេត្តព្រះវិហារ ដើម្បីបង្កើនការយល់ដឹងអំពីការធានាឥណទាន នីតិវិធីនៃការធានាឥណទាន និងអមដោយជំនាញក្នុងការលក់ដ៏មានប្រសិទ្ធិភាព ដោយ លោក យុន ផន  ដែលមានបទពិសោធន៍ក្នុងផ្នែកលក់បែបប្រឹក្សាយោបល់ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុជាច្រើនឆ្នាំ។

សិក្ខាសាលានេះមានការចូលរួមពីថ្នាក់គ្រប់គ្រង និងបុគ្គលិករបស់ PFIs មួយចំនួនរួមមានៈ ធនាគារកាណាឌីយ៉ា ធនាគារស្ថាបនា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ធនាគារព្រីនស៍ ធនាគារ ABA & ធនាគារអេស៊ីលីដា សរុបចំនួន៣០ នាក់។  សិក្ខាសាលានេះគឺជាឱកាសមួយដ៏ពិសេសសម្រាប់ទាំង CGCC និង PFIs ក្នុងការស្វែងយល់អំពីអត្ថប្រយោជន៍នៃការធានាឥណទាន និងឱកាសដែល PFIs អាចបង្កើនការផ្តល់កម្ចីជូនទៅដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានសក្តានុពល និងមានតម្រូវការកម្ចី តែប្រឈមនឹងបញ្ហាខ្វះទ្រព្យធានាតាមរយៈការអនុវត្តន៍ជំនាញផ្នែកលក់ប្រកបដោយប្រសិទ្ធិភាព៕

ហេតុអ្វីបានជា Kaizen មានសារៈសំខាន់សម្រាប់ទាំងបុគ្គលម្នាក់ៗ និងអង្គភាពស្ថាប័នផ្សេងៗទូទាំងពិភពលោក?

Kaizen ជាពាក្យជប៉ុន មានអត្ថន័យថា “ការកែលម្អជាបន្តបន្ទាប់”។ វាគោរពតាមផ្នត់គំនិតនៃការធ្វើការផ្លាស់ប្តូរតូចៗ ប៉ុន្តែធ្វើវាជាបន្តបន្ទាប់ ដើម្បីកែលម្អដំណើរការ លុបបំបាត់កាកសំណល់ បន្ថយការខាតបង់ និងបង្កើនប្រសិទ្ធភាពនិងកំលាំងផលិតភាពជាញឹកញាប់ ដោយមិនចាំបាច់ប្រើធនធានបន្ថែមឡើយ។ Kaizen ក៏ជំរុញឱ្យមានការចូលរួមរបស់បុគ្គលិកកាន់តែខ្លាំង ការធ្វើការជាក្រុមល្អប្រសើរ ការចំណាយតិចលើដំណើរការ ការបង្កើតស្តង់ដារលម្អិត និងការរីកចំរើនប្រកបដោយចីរភាព។ វាគាំទ្រចំពោះការបង្កើតនូវភាពច្នៃប្រឌិត ការកែលម្អគុណភាព និងភាពពេញចិត្តរបស់អតិថិជន ដោយផ្អែកលើការផ្តល់អំណាចនិងការចូលរួមរបស់បុគ្គលិកគ្រប់កម្រិត។ តាមរយៈការលើកកម្ពស់នៃការចូលរួមយ៉ាងសកម្មចាប់ពីកម្រិតនៃអ្នកគ្រប់គ្រងខ្ពស់រហូតដល់បុគ្គលិកជួរមុខរបស់ស្ថាប័ន Kaizen បង្កើតវប្បធម៌នៃការកែលម្អជាបន្តបន្ទាប់ និងភាពជោគជ័យប្រកបដោយចីរភាព។

ដើម្បីអោយកាន់តែយល់ច្បាស់ពីផ្នត់គំនិតរបស់ Kaizen ឧទាហរណ៍អំពីការអនុវត្ត Kaizen ត្រូវបានលើកឡើងដូចខាងក្រោម៖

បន្ទាប់ពីអនុវត្ត ផ្នត់គំនិត Kaizen ស្ថាប័នធនាគារមួយអាចកាត់បន្ថយពេលវេលា ដំណើរការខ្ចីប្រាក់ពី ៧ថ្ងៃ ចុះមកត្រឹម ៣ថ្ងៃ ដោយប្រើធនធានដែលមានស្រាប់ដដែល។ ក្រុមការងារចម្រុះបានកំណត់បញ្ហាឧបសគ្គដូចជា ការងារដែលស្ទួនៗ ឬជាន់គ្នា និងការយឺតយ៉ាវក្នុងការប្រាស្រ័យទាក់ទង។ ដូចនេះ ធនាគារបានប្រើទម្រង់ឌីជីថលរួម បញ្ជីត្រួតពិនិត្យស្តង់ដារ ការបង្កើតការប្រាស្រ័យទាក់ទងប្រសើរឡើង និងកិច្ចប្រជុំសង្ខេបប្រចាំថ្ងៃប្រកបដោយប្រសិទ្ធិភាព។

លទ្ធផលដែលទទួលបានគឺ: ការដំណើរការបានលឿនជាងមុន ភាពពេញចិត្តរបស់អតិថិជនកើនឡើងខ្ពស់ ក្រុមការងារធ្វើការរួសរាន់ និងផលិតភាពកើនឡើងខ្ពស់គួរឱ្យកត់សំគាល់។

s គឺជាគោលការណ៍ ៥ ដែលជួយបង្កើតបរិយាកាសការងារល្អដែលមានស្ថិរភាព ប្រសិទ្ធភាព និងមានប្រសិទ្ធផលខ្ពស់៖

.  Sort (សម្រិតសម្រាំង): លុបចេញផ្នែកឬកិច្ចការដែលមិនចាំបាច់ចេញពីកន្លែងធ្វើការ។ ទុកតែអ្វីឬកិច្ចការដែលត្រូវការពិតប្រាកដសម្រាប់ការងារ។ ឧទាហរណ៍: ការិយាល័យមួយមានរបស់រញ៉េរញ៉ៃនៅលើតុ។ បុគ្គលិកបានយកឯកសារចាស់ៗដែលមិនចាំបាច់ សម្ភារៈដែលមិនប្រើប្រាស់ និងវត្ថុផ្ទាល់ខ្លួនចេញ។ បន្ទាប់មក រក្សាទុកតែឧបករណ៍ចាំបាច់ប៉ុណ្ណោះដែលនៅសល់លើតុ។ ដូច្នេះហើយបរិយាកាសការងារត្រូវបានរៀបចំឱ្យស្អាតល្អ ងាយស្រួលរកវត្ថុដែលត្រូវការ កាត់បន្ថយការរំខាន ធ្វើអោយមានអារម្មណ៏ស្រស់ស្រាយ និងជួយលើសុខភាពផងដែរ។

. Set in Order (សណ្តាប់ធ្នាប់): រៀបចំឧបករណ៍ និងសម្ភារៈឱ្យមានលំដាប់លំដោយ ហើយងាយស្រួលស្វែងរកនិងចំណេញពេលវេលា។ ឧទាហរណ៍: ឃ្លាំងមួយមិនមានការរៀបចំផលិតផលនិងសម្ភារៈតាមលំដាប់លំដោយ នាំឱ្យយឺតក្នុងការដឹកជញ្ជូន និងខាតបង់ពេលវេលានិងប្រាក់ចំនេញ និងបង្កភាពមិនពេញចិត្តរបស់អតិថិជន។  បន្ទាប់ពីបានដាក់ស្លាកត្រឹមត្រូវបំបែកតាមប្រភេទផលិតផល សម្ភារៈ និងតាមចំនួនប្រើប្រាស់ ក៏ដូចជាប្រើពណ៌ និងប្រព័ន្ធបញ្ជីឌីជីថល វាបានជួយឱ្យការរកផលិតផល និងសម្ភារៈបានលឿន ងាយស្រួល ចំណេញពេលវា និងបង្កើនភាពពេញចិត្តរបស់អតិថិជន។

. Shine (សម្អាត): សម្អាតកន្លែងធ្វើការជាប្រចាំ។ ការរក្សាភាពស្អាតជានិរន្តិ៍ ជួយសម្រួលសុវត្ថិភាព សុខភាពល្អ បង្កើនសោភ័ណ្ឌភាពបញ្ញាស្មារតី និងរកឃើញបញ្ហាសក្តានុពលជាច្រើនទាន់ពេល។ ឧទាហរណ៍: កន្លែងធ្វើការស្អាតនាំឱ្យបញ្ហា ឬសម្ភារៈត្រូវបានរកឃើញលឿន ហើយជួយរក្សាវប្បធម៌វិន័យនៃការងារ និងរក្សាបាននូវផាសុកភាព។

. Standardize (ស្តង់ដារ): បង្កើតនីតិវិធីនិងស្តង់ដារ ក្នុងការថែរក្សាភាពស្អាត និងការរៀបចំល្អ។ ឧទាហរណ៍: ក្រុមគ្រួសារមួយតែងតែភ្លេចការងារប្រចាំថ្ងៃរបស់សមាជិកគ្រួសារម្នាក់ៗ ប៉ុន្តែបន្ទាប់មកបានដាក់ចេញតារាងតួនាទីនិងកាលវិភាគប្រចាំថ្ងៃ ហើយបិតឬភ្ជាប់នៅកន្លែងមួយដែលងាយមើលឃើញ។ ទង្វើនេះបានជួយឱ្យសមាជិកគ្រួសារម្នាក់មានវិន័យផ្ទាល់ខ្លួន ដឹងពីតួនាទីប្រចាំថ្ងៃ និងការទទួលខុសត្រូវរួម។

.  Sustain  (ស្ថិតស្ថេរ):  បង្កើតវប្បធម៌នៃវិន័យ។ ត្រូវធ្វើឱ្យប្រាកដថា គោលការណ៍ S ត្រូវបានអនុវត្តឱ្យបានខ្ជាប់ខ្ជួនជាបន្តបន្ទាប់និងរក្សាទម្លាប់ល្អ។ ឧទាហរណ៍: ក្រុមគ្រួសារបានសម្អាតបន្ទប់ទទួលភ្ញៀវ តែប៉ុន្តែស្ទើរមិនអាចរក្សាសភាពល្អបានជានិរន្តិ៍។ បន្ទាប់មកបានដាក់ចេញនូវគោលការណ៍ “ដាក់សម្ភារៈត្រឡប់ទៅកន្លែងដើមវិញនៅពេលដែលប្រើប្រាស់រួចរាល់” ដែលបិតភ្ជាប់នៅជញ្ជាំងដែលងាយមើលឃើញ និងសមាជិកគ្រួសារម្នាក់ៗអនុវត្តគោលការណ៍នេះជារៀងរាល់ថ្ងៃ។ ជាលទ្ធផល កន្លែងទទួលភ្ញៀវនៅរក្សាភាពស្អាតជានិច្ច។

គោលការណ៍ទាំង៥នេះ ត្រូវបានរចនាឡើងដើម្បីបង្កើតសវនកម្មនៃការកែលម្អជាបន្តបន្ទាប់ ដោយលើកកម្ពស់វប្បធម៌ដែលមានការផ្លាស់ប្តូរតូចៗបែបស្ថិរភាពក្នុងរយៈពេលវែង។ ដោយអនុវត្តគោលការណ៍ទាំងនេះជាប្រចាំ ស្ថាប័នអាចបង្កើនកំលាំងផលិតភាព ការច្នៃប្រឌិត នវានុវត្តន៍ បំបាត់កិច្ចការឬរបស់ដែលគ្មានប្រយោជន៍ក្នុងដំណើរការ និងបង្កើតបរិយាកាសការងារដែលមានលំនឹង និងប្រសើរជាងមុន។ ដំណើរនៃការកែលម្អនេះមិនត្រឹមតែបង្កើនលទ្ធផលល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យបុគ្គលិកទទួលយកការច្នៃប្រឌិត និងចូលរួមសកម្មក្នុងការផ្តល់អត្ថប្រយោជន៍ដល់ភាពជោគជ័យរបស់ស្ថាប័នក្នុងរយៈវែងផងដែរ។

សរុបសេចក្តីមក បុគ្គលម្នាក់ៗ និងស្ថាប័នត្រូវបានលើកទឹកចិត្តក្នុងការអនុវត្តផ្នត់គំនិត Kaizen ជាប្រចាំ ដើម្បីបង្កើតភាពប្រសើរនៃជីវិត ក៏ដូចជាធានាលើការរីកចម្រើនលូតលាស់ប្រកបដោយចីរភាពរបស់បុគ្គលម្នាក់ៗនិងស្ថាប័ននីមួយៗ។ ចុះពេលណាអ្នកនឹងចាប់ផ្តើមអនុវត្តផ្នត់គំនិត Kaizen នេះ?

អាននិងទាញយកជា PDF: KAIZEN

 

 

CGCC ចូលរួមសិក្ខាសាលាបញ្ជ្រាបការយល់ដឹង និងជំរុញការបោះផ្សាយលក់មូលបត្រក្រោមប្រធានបទ “យន្តការថ្មីនៃការកៀរគរហិរញ្ញប្បទានតាមរយៈការបោះផ្សាយលក់សញ្ញាបណ្ណក្រោមក្របខណ្ឌបំណុលរយៈពេលមធ្យម”

នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ កញ្ញា ជុំ សិលារ័ត្ន ប្រធានការិយាល័យអភិវឌ្ឍន៍អាជីវកម្ម (ការធានាសញ្ញាបណ្ណ) នៃ CGCC បានចូលរួមចែករំលែកអំពីការធានាសញ្ញាបណ្ណរបស់ CGCC នៅក្នុងសិក្ខាសាលាបញ្ជ្រាបការយល់ដឹង និងជំរុញការបោះផ្សាយលក់មូលបត្រក្រោមប្រធានបទ “យន្តការថ្មីនៃការកៀរគរហិរញ្ញប្បទានតាមរយៈការបោះផ្សាយលក់សញ្ញាបណ្ណក្រោមក្របខណ្ឌបំណុលរយៈពេលមធ្យម” ដែលរៀបចំដោយនិយ័តករមូលបត្រកម្ពុជា នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ជូនដល់បុគ្គលចុះបញ្ជីលក់មូលបត្រ ក្រុមហ៊ុនបោះផ្សាយសក្ដានុពល ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា  អ្នកចូលរួមក្នុងទីផ្សារ និងក្រុមហ៊ុនដែលផ្តល់សេវាក្នុងវិស័យមូលបត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក.។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងការបោះផ្សាយលក់សញ្ញាបណ្ណក្រោមក្របខណ្ឌបំណុលរយៈពេលមធ្យម ក្នុងគោលដៅជំរុញដល់ការបោះផ្សាយលក់មូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។