CGCC ចូលរួមកិច្ចពិភាក្សាលើ ក្រុមការងារកម្រិតបច្ចេកទេសលើកទី១ ដែលរៀបចំដោយសាជីវកម្មធានាឥណទានថៃ (TCG)
ខែមិថុនា 2, 2025ព្រឹត្តិការណ៍ និងសកម្មភាព
ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ គណៈប្រតិភូ CGCC ដឹកនាំដោយលោក អេង តុងងី ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ និងអនុលោមភាព រួមជាមួយសហការី CGCC ៣រូប បានចូលរួមកិច្ចពិភាក្សាលើ ក្រុមការងារកម្រិតបច្ចេកទេសលើកទី១ ដែលរៀបចំដោយសាជីវកម្មធានាឥណទានថៃ (TCG) ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរ និងចែករំលែកការអនុវត្តល្អៗរវាងស្ថាប័នទាំងពីរ ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
តាមរយៈកិច្ចពិភាក្សានេះ ក្រុមការងាររបស់ CGCC និង TCG បានផ្លាស់ប្តូរការចែករំលែកអំពីទិដ្ឋភាពទូទៅនៃគម្រោងធានាឥណទានរបស់ស្ថាប័នខ្លួន, ការផ្តល់ពិន្ទុឥណទាន,ការវាយតម្លៃការធានា, ការត្រួតពិនិត្យការធានា, ការទាមទារសំណង និងការស្តារឥណទានឡើងវិញ, និងការប្រមូលបំណុល។
ជាផ្នែកមួយនៃបេសកកម្មនេះ គណៈប្រតិភូរបស់ CGCC ក៏ទទួលបានការអញ្ជើញ និងសម្របសម្រួលយ៉ាងកក់ក្តៅពីសំណាក់ TCG ដោយបានទៅទស្សនាសាខារបស់ TCG និងទីតាំងអាជីវកម្មធុនតូច និងមធ្យម (SME) មួយកន្លែងនៅទីក្រុងបាងកក ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពីប្រតិបត្តិការរបស់ TCG និងស្វែងយល់ពីសក្តានុពលនៃផលិតផល របស់ SME ផងដែរ ៕

