CGCC

CGCC រៀបចំកិច្ចប្រជុំស្តីពីគម្រោងធានាឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម នៃសមាគមអ្នកផលិតចំណីអាហារកម្ពុជា

នាព្រឹកថ្ងៃទី​៤ ខែមិថុនា ឆ្នាំ២០២៦ លោក ណូ លីដា អគ្គនាយក CGCC បានស្វាគមន៍ សមាជិក និងអ្នកតំណាងនៃសមាគមអ្នកផលិតចំណីអាហារកម្ពុជា និងបានដឹកនាំកិច្ចប្រជុំស្តីពីគម្រោងធានាឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលរៀបចំឡើងនៅការិយាល័យ CGCC។

តាមរយៈកិច្ចប្រជុំមួយនេះ CGCC បានធ្វើបទបង្ហាញស្តីពីគម្រោងធានាឥណទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម ជាពិសេសសម្រាប់ អ្នកផលិតចំណីអាហារកម្ពុជា ជូនទៅកាន់សមាជិក សមាជិកានៃសមាគម និងបានបើកកិច្ចពិភាក្សា ផ្លាស់ប្តូរមតិយោបល់ និងប្រមូលធាតុចូល ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីតម្រូវការនៃម្ចាស់អាជីវកម្ម ក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់ពង្រឹង និងពង្រីកអាជីវកម្ម​។

តាមរយៈកិច្ចប្រជុំមួយនេះ CGCC សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់អាជីវកម្មដែលបានចូលរួម នឹងបានស្វែងយល់កាន់តែលម្អិតអំពីគម្រោងធានាឥណទាន ព្រមទាំងអាចរៀបចំខ្លួនដើម្បីទទួលបានហិរញ្ញប្បទានចាំបាច់សម្រាប់អាជីវកម្ម តាមរយៈការធានាឥណទានដែលផ្តល់ឱ្យដោយ CGCC ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ខ្លួនឱ្យបានកាន់តែប្រកបដោយប្រសិទ្ធភាព។

 

 

 

វគ្គបណ្តុះបណ្តាលស្តីពី “Cybersecurity Awareness and Scam Prevention”

កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ CGCC បានសហការជាមួយនឹងវិទ្យាស្ថាន សាន់រ៉ាយស៍ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “Cybersecurity Awareness and Scam Prevention” ជូនទៅកាន់បុគ្គលិកគ្រប់រូបនៃ CGCC។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ បុគ្គលិកគ្រប់រូបរបស់ CGCC បានស្វែងយល់កាន់តែច្បាស់ថែមមួយកម្រិតទៀត អំពីសារៈសំខាន់នៃសន្តិសុខសាយប័រ និងវិធីការពារខ្លួនដ៏មានប្រសិទ្ធភាពអំពីការឆបោកតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងជាធាតុចូលមួយដ៏មានសារៈសំខាន់សម្រាប់ប្រតិបត្តិការនៃការបំពេញភារកិច្ចផ្ទាល់ខ្លួនជាប្រចាំរបស់បុគ្គលិក CGCC គ្រប់រូប ដើម្បីបំពេញបេសកកម្មចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុក្នុងសម័យឌីជីថលផងដែរ។

 

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង សាជីវកម្មធានាឥណទានកម្ពុជា និងក្រុមហ៊ុនធានាឥណទានឡាវ

ទាញយកសេចក្តីប្រកាសព័ត៌មាន

 

ក្រុមហ៊ុនធានាឥណទានកម្ពុជា និងឡាវ ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីគាំទ្រដល់កំណើន MSME

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងក្រុមហ៊ុន Credit Guarantee Sole Company Limited (LCGC) កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបង្កើនការអភិវឌ្ឍសេវាកម្មធានាឥណទាន និងការរីកចម្រើនដ៏រឹងមាំរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសទាំងពីរ។

អនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានចុះហត្ថលេខាដោយលោក ណូ លីដា អគ្គនាយកនៃ CGCC និងលោក វង់ គីតលួង (Wong Keet Loong) អគ្គនាយកនៃ LCGC ព្រមទាំងមានតំណាងជាន់ខ្ពស់មកពីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មឡាវ, ក្រសួងហិរញ្ញវត្ថុ, ធនាគារជាតិនៃសាធារណរដ្ឋប្រជាមានិតឡាវ ចូលរួមជាសាក្សី សរុបចំនួន ៣០ នាក់ នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា។

ថ្លែងក្នុងពិធីចុះហត្ថលេខា លោក លីដា បានមានប្រសាសន៍ថា “អនុស្សរណៈនៃការយោគយល់គ្នារវាង CGCC និង LCGC នឹងនាំមកនូវអត្ថប្រយោជន៍ទៅវិញទៅមកតាមរយៈកិច្ចសហការក្នុងការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងការកែលម្អប្រតិបត្តិការ”។

លោកបានបន្ថែមថា “វាបង្ហាញពីការចាប់ផ្តើមនៃភាពជាដៃគូដ៏យូរអង្វែង និងមានឥទ្ធិពលរវាងស្ថាប័នទាំងពីររបស់យើង។ នវានុវត្តន៍មិនត្រូវបានកំណត់ដោយភាពចាស់ទុំរបស់គ្រឹះស្ថាននោះទេ។ ទោះបីជា CGCC បានចាប់ផ្តើមប្រតិបត្តិការមុន LCGC ក៏ដោយ ក៏អាចមានផ្នែកដែល LCGC អនុវត្តបានល្អជាង ហើយយើងស្វាគមន៍ឱកាសទាំងនោះដើម្បីរៀន និងកែលម្អជាមួយគ្នា”។

ក្នុងឱកាសថ្លែងសុន្ទរកថា លោក Wong បានមានប្រសាសន៍ថា “យើងមានកិត្តិយសដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះជាមួយ CGCC នៅថ្ងៃនេះ ដោយបង្កើតកិច្ចសហការជាយុទ្ធសាស្ត្រសម្រាប់ LCGC។ CGCC មានមូលដ្ឋានគ្រឹះរឹងមាំ និងមានភាពចាស់ទុំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ទៅជាគ្រឹះស្ថានធានាឥណទានគំរូមួយនៅក្នុងតំបន់”។

អគ្គនាយក LCGC បានកត់សម្គាល់ថា ភាពជាដៃគូនេះនឹងគាំទ្រដល់ការអភិវឌ្ឍរបស់ LCGC ក្នុងការកែលម្អលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ MSMEs នៅក្នុងប្រទេសឡាវ។

លោកបានបន្តថា “អនុស្សរណៈនៃការយោគយល់គ្នានេះបង្កើតក្របខ័ណ្ឌដែលមានរចនាសម្ព័ន្ធសម្រាប់កិច្ចសហការជាបន្តបន្ទាប់រវាង CGCC និង LCGC ក្នុងការអភិវឌ្ឍ និងការអនុវត្តគម្រោងធានាឥណទាន ដើម្បីគាំទ្រ MSMEs ក៏ដូចជាក្នុងការផ្លាស់ប្តូរចំណេះដឹងលើចំណាត់ថ្នាក់បៃតង (green taxonomy) និងគម្រោងធានាហិរញ្ញប្បទានអាកាសធាតុ/បៃតង”។

លោកបានបន្ថែមថា “ក្នុងនាមជាគ្រឹះស្ថានធានាឥណទានដែលបង្កើតឡើងដោយរដ្ឋាភិបាល និងគ្រប់គ្រងដោយរដ្ឋ អង្គភាពទាំងពីរចែករំលែកអាណត្តិរួមមួយដើម្បីបន្ធូរបន្ថយការរឹតបន្តឹងហិរញ្ញប្បទានសម្រាប់ MSMEs ដែលជាវិស័យមួយដែលបម្រើជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់”។

Credit to: Khmer Times, Published on 14 May 2026

 

ជួបជាមួយសហគ្រិនស្រ្ដីឆ្នើមក្នុងវិស័យស្រូវអង្ករ៖ ពីអាជីវកម្មបែបគ្រួសារ ទៅកាន់ទីផ្សារអន្ដរជាតិ

លោកស្រី ឡ សេងលាភ សព្វថ្ងៃជាប្រធានក្រុមហ៊ុនកិនស្រូវ សេកមាស និងជាស្ថាបនិកក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍។ លោកស្រី បានបន្ដវេនមុខរបរកិនស្រូវពីលោកឪពុករបស់លោកស្រី ចាប់តាំងពីឆ្នាំ១៩៩៤ មក ដែលជាអាជីវកម្មខ្នាតតូចលក្ខណៈគ្រួសារ។ ដោយសង្កេតឃើញពីសក្ដានុពល, តម្រូវការទីផ្សារ, និងក្ដីស្រមៃក្នុងការនាំចេញអង្ករទៅក្រៅប្រទេស លោកស្រីបានចាប់ផ្ដើមគំនិតអភិវឌ្ឍ និងពង្រីកអាជីវកម្មក្នុងឆ្នាំ២០១១។

លោកស្រីបានលើកឡើងពីប្រវត្តិនៃការចាប់ផ្តើមការនាំចេញអង្ករថា លោកស្រីធ្លាប់បានប្រើប្រាស់កម្ចីជាទុនបង្វិលប្រមូលទិញស្រូវ ដែលអាចបង្កើនចំនួនស្ដុកដែលលោកស្រីអាចលក់ចេញនូវទំហំធំជាងមុន ពោលក្នុងឆ្នាំ២០១៤ លោកស្រី បានសម្រេចក្ដីស្រមៃក្នុងការនាំចេញអង្ករជាលើកដំបូង។ សព្វថ្ងៃ ក្រុមហ៊ុនរបស់លោកស្រី បាននាំចេញអង្ករទៅកាន់អឺរ៉ុប សហរដ្ឋអាមេរិក ហើយភាគច្រើនទៅទីផ្សារប្រទេសចិន។

លោកស្រីបានឱ្យដឹងថា ការពង្រីកអាជីវកម្ម ពិតជាមានភាពលំបាក ដោយសារលោកស្រីមានដើមទុនតិច និងចំណេះដឹងអំពីស្ដង់ដាគ្រឿងម៉ាស៊ីន នៅមានកម្រិត។ ប៉ុន្ដែកត្តាទាំងនេះ ក៏មិនបានបញ្ឈប់លោកស្រីឡើយ ពោលលោកស្រីបានខិតខំចំណាយពេលសិក្សា និងប្រមូលប្រភពទុន ដើម្បីបំពាក់គ្រឿងបរិក្ខារ ស្របតាមស្ដង់ដា ទៅតាមតម្រូវការប្រតិបត្តិការអាជីវកម្មរបស់លោកស្រី។

លោកស្រី បានចែករំលែកថា៖ “ខ្ញុំពង្រីកតាមដំណាក់កាល ក្នុងមួយឆ្នាំយើងត្រូវពង្រីកផ្នែកណាខ្លះ យើងត្រូវមានគោលដៅច្បាស់លាស់ ថាក្នុងមួយឆ្នាំយើងចង់ពង្រីកអ្វីបន្ថែម ដែលអាចផលិតជាអង្ករបាន។”

ការពង្រីកអាជីវកម្មតាមរយៈតម្រូវការទុនរបស់លោកស្រី បានបន្តរហូតដល់ពេលមួយដែល លោកស្រី ទទួលបានព័ត៌មានអំពីការធានាឥណទានលើកម្ចីអាជីវកម្ម ដែលគ្មានទ្រព្យធានាពីសហព័ន្ធស្រូវអង្ករកម្ពុជា ហើយលោកស្រីក៏បានដាក់ស្នើកម្ចីជាទុនបង្វិលក្នុងការពង្រីកអាជីវកម្មមួយនេះ។ លោកស្រីបានបន្ថែមថា៖ “កម្ចីមានការធានានេះ មានសារៈប្រយោជន៍ច្រើន ដោយសារយើងមានកម្ចី (មុន) នៅធនាគារពាណិជ្ជអស់ហើយ តែបន្ទាប់ពី CGCC មិនតម្រូវឱ្យមានទ្រព្យធានា គឺយើងអាចស្នើកម្ចីមានការធានាពីខាង (ធនាគារដៃគូ) CGCC មកធ្វើជាទុនបន្ថែម។”

លោកស្រីក៏បានរំលឹកឡើងវិញដែរថា លោកស្រី បានចាប់ផ្ដើមអាជីវកម្មជាមួយលោកឪពុក ពីមានបុគ្គលិក ២រូប រហូតដល់សព្វថ្ងៃលោកស្រី មានបុគ្គលិកសរុបចំនួន ៤០រូប ហើយទិន្នផលកិនស្រូវក្នុងមួយថ្ងៃចំនួន ៥កុងតឺន័រ (២៤តោន ក្នុងមួយកុងតឺន័រ) រហូតដល់បច្ចុប្បន្ន លោកស្រីអាចផលិតបានចន្លោះពី ៨ ទៅ ១០កុងតឺន័រ។ ទន្ទឹមនឹងនេះ លោកស្រី ក៏មានលទ្ធភាពក្នុងការទទួលទិញស្រូវសើម ជាមធ្យមក្នុងមួយថ្ងៃ ប្រមាណ ៦០០តោន ផ្ទុយពីពេលមុន ដែលការប្រមូលទិញមិនដល់ ១០០តោនផង ដោយសារការហាលស្រូវត្រូវបានធ្វើឡើងតាមលក្ខណៈប្រពៃណី។

លោកស្រី បានបន្ថែមថា៖ “ពីមុន ខ្ញុំមានលទ្ធភាពត្រឹមតែទិញ (ស្រូវ) ដែលកសិករគាត់ដឹកយកមកលក់រាយ តែបន្ទាប់ពីខ្ញុំបានពង្រីកខ្លួន (អាជីវកម្ម) មក ខ្ញុំបានបំពាក់ឡសម្ងួត ទិញស្រូវដែលដឹកតាមឡាន និងក្នុងបរិមាណច្រើន។”

លោកស្រីនៅតែមានទិសដៅចង់ពង្រីក និងចូលរួមចំណែកនាំចេញអង្ករកម្ពុជាឱ្យបានកាន់តែច្រើនជាងនេះ ក្នុងគោលបំណងផ្សព្វផ្សាយផលិតផលអង្ករកម្ពុជា ជាពិសេស ជួយដល់ប្រជាកសិករដែលដាំដុះស្រូវឱ្យមានទីផ្សារអាចលក់ចេញ និងបង្កើនការនាំចេញដែលគាំទ្រដល់សេដ្ឋកិច្ចកម្ពុជា។ គួរបញ្ជាក់ផងដែរថា លោកស្រី បានទទួលបណ្ណសរសើរ និងពានរង្វាន់សហគ្រាសឆ្នើម ដែលបានប្រើប្រាស់កម្ចីមានការធានា ប្រកបដោយប្រសិទ្ធភាពខ្ពស់ពី CGCC នៅដើមឆ្នាំ២០២៦ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

អាននិងទាញយកជា PDF: ជួបជាមួយសហគ្រិនស្រ្ដីឆ្នើមក្នុងវិស័យស្រូវអង្ករ៖ ពីអាជីវកម្មបែបគ្រួសារ ទៅកាន់ទីផ្សារអន្ដរជាតិ

 

 

CGCC ចូលរួមកិច្ចពិភាក្សាតុមូល “ជំហានសំខាន់ៗក្នុងការត្រៀមខ្លួនដើម្បីទទួលបានកម្ចីធនាគារ”

កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ លោកស្រីលឹម ចាន់ធីតា ប្រធាននាយកដ្ឋានប្រតិបត្តិការរបស់ CGCC បានចូលរួមជាវាគ្មិនកិត្តិយសមួយរូប នៃកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ “ជំហានសំខាន់ៗក្នុងការត្រៀមខ្លួនដើម្បីទទួលបានកម្ចីធនាគារ” ដែលត្រូវបានរៀបចំឡើងក្នុងកម្មវិធីពិព័រណ៍ផលិតផលខ្មែរ២០២៦ រៀបចំឡើងដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)​នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

កិច្ចពិភាក្សានេះរៀបចំឡើងក្នុងគោលបំណង ផ្តល់ចំណេះដឹងអំពីលក្ខខណ្ឌសំខាន់ៗ ដែលធនាគារត្រូវ និងណែនាំពីរបៀបរៀបចំឯកសារ ការត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានកម្ចី  ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យមានទំនុកចិត្ត និងចែករំលែកបទពិសោធន៍លើការស្នើសុំ និងប្រើប្រាស់កម្ចី។

ក្នុងកិច្ចពិភាក្សានេះ លោកស្រី លឹម ចាន់ធីតា បានធ្វើបទបង្ហាញស្តីពីគម្រោងធានាឥណទានរបស់ CGCC ក៏ណែនាំពីរបៀបទទួលបានកម្ចីដែលមានការធានា និងលើកឡើងពីតួនាទីដ៏សំខាន់របស់ CGCC ក្នុងការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនតូច និងមធ្យម តាមរយៈយន្តការធានាឥណទាន។ លើសពីនេះលោកស្រីក៏បានចែករំលែកការយល់ដឹងបន្ថែមអំពីគម្រោងធានាឥណទានរបស់ CGCC ដែលអាចជួយកាត់បន្ថយបន្ទុក ការទាមទារនូវទ្រព្យធានាសម្រាប់អាជីវកម្ម ដើម្បីបង្កើនឱកាសក្នុងការទទួលបានកម្ចីពីធនាគារផងដែរ។

 

CGCC អបអរសាទរទិវានារីអន្ដរជាតិ

នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ CGCC បានរៀបចំកម្មវិធីជួបជុំមួយ ដើម្បីអបអរសាទរទិវានារីអន្តរជាតិ និងថ្លែងអំណរគុណដល់បុគ្គលិកនារីគ្រប់រូបនៃ CGCC ដែលបានចូលរួមបំពេញការងារយ៉ាងសកម្មសម្រាប់ការកសាង និងអភិវឌ្ឍ CGCC ឱ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងបេសកកម្មចូលរួមបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។

បុគ្គលិកនារីគ្រប់រូបប្រកបដោយសក្តានុពល និងពោរពេញដោយទេពកោសលស្យរបស់ CGCC តែងតែប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ CGCC ដោយបន្តចូលរួមចំណែកអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈការធានាឥណទានសម្រាប់ការពង្រឹង និងពង្រីកអាជីវកម្ម ដើម្បីសម្រេចនូវគោលដៅរួម គឺការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

 

ជួបជាមួយម្ចាស់សិប្បកម្មកែច្នៃត្រីខ្នាតតូច ប៉ុន្តែមានក្តីស្រមៃធំ

ខេត្តសៀមរាប៖ នាងខ្ញុំឈ្មោះ គឹម សុភ័ស្ស ជាម្ចាស់សិប្បកម្មស្ពតឡៃហ្វូត។ សព្វថ្ងៃ នាងខ្ញុំផលិតត្រីងៀត ផ្អក កង្កែបបោក និងផលិតផលបន្ទាប់បន្សំកែច្នៃដូចជា ស្បែកត្រី និងឆ្អឹងត្រីបំពងជាដើម។ ពីដើមឡើយ ប្រតិបត្តិការអាជីវកម្មរបស់នាងខ្ញុំ ជាមុខរបរបែបគ្រួសារតជំនាន់ពីម្ដាយ ប៉ុន្ដែក្នុងឆ្នាំ២០១៩ នាងខ្ញុំនិងស្វាមី បានចាប់ផ្ដើមផ្ដោតលើការអភិវឌ្ឍ និងពង្រឹងស្ដង់ដាផលិតផល។ សព្វថ្ងៃនេះ សិប្បកម្មនាងខ្ញុំមានបុគ្គលិកពេញម៉ោងចំនួន ៣នាក់ និងបុគ្គលិកក្រៅម៉ោងចំនួន ២នាក់។

ការចាប់ផ្ដើមអាជីវកម្មរបស់នាងខ្ញុំ ពីដំបូងមានភាពលំបាក ដោយប្រព្រឹត្តទៅតាមលក្ខណៈប្រពៃណី ដែលបន្សល់ពីម្ដាយ។ ការផលិតរបស់ពួកខ្ញុំ មិនអាចបំពេញតម្រូវការទីផ្សារបានឡើយ ព្រោះយើងពឹងផ្អែកច្រើនលើលក្ខខណ្ឌធម្មជាតិ ហើយផលិតបានតែក្នុងរដូវប្រាំងប៉ុណ្ណោះ។ បន្ថែមពីនេះ យើងមិនមានចំណេះដឹងគ្រប់គ្រាន់ពីសុវត្ថិភាព និងស្ដង់ដាចំណីអាហារនោះទេ ព្រមទាំងខ្វះបច្ចេកវិទ្យា និងម៉ាស៊ីនទំនើបក្នុងការសម្រួលសង្វាក់ផលិតកម្មរបស់យើង។ កាលនោះបរិមាណផលិតរបស់សិប្បកម្មនាងខ្ញុំគឺមានកម្រិតតិចតួចបំផុត ហើយខ្ញុំក៏មិនមានទំនុកចិត្ត ក្នុងការទទួលការបញ្ជាទិញក្នុងបរិមាណច្រើនៗឡើយ។

ក្នុងឆ្នាំ២០២៤ ខ្ញុំទទួលបានព័ត៌មានពីគម្រោងកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ពីមិត្តភក្ដិរបស់ខ្ញុំ។ បន្ទាប់មក ខ្ញុំក៏បានខិតខំស្វែងរកព័ត៌មានបន្ថែម និងដាក់ពាក្យស្នើសុំការគាំទ្រក្រោមគម្រោងនេះ។ ជាលទ្ធផល នាងខ្ញុំទទួលបានការគាំទ្រក្នុងការពង្រឹងសមត្ថភាពកែច្នៃផលិតផលឱ្យមានស្ដង់ដា និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធនៃខ្សែសង្វាក់ផលិតកម្មរបស់ខ្ញុំ។

នៅក្នុងគម្រោងនេះ នាងខ្ញុំទទួលបានការគាំទ្រផ្នែកសម្ភារៈដូចជា ផ្ទះសម្ងួតសូឡា និងទូក្លាសេ។ ទន្ទឹមនឹងនេះ ខ្ញុំទទួលបានវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពផ្នែកផលិតកម្ម សុវត្ថិភាពចំណីអាហារ និងការបញ្ជាក់ការអនុលោមតាមលក្ខខណ្ឌតម្រូវនៃនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) សម្របសម្រួលដោយអង្គការ UNIDO។ មួយផ្នែកទៀត នាងខ្ញុំទទួលបានកម្ចីមានការធានាពី CGCC តាមរយៈធនាគារដៃគូរបស់ CGCC ក្រោមគម្រោង ISF នេះ ដើម្បីជាទុនក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ទៅតាមបទដ្ឋាន និងស្ដង់ដាអគារ សម្រាប់សិប្បកម្ម ព្រមទាំងការទិញឧបករណ៍ប្រើប្រាស់មួយចំនួនបន្ថែមទៀត។

ក្រោយពីទទួលបានការគាំទ្រពីគម្រោង និងកម្ចីមានការធានាពី CGCC ផលចំណេញនៃអាជីវកម្មរបស់ខ្ញុំ បានកើនឡើងប្រមាណ ២០%។ ជាក់ស្ដែង ពីមុននាងខ្ញុំអាចផលិតបានពីចន្លោះ ២០ ទៅ ៣០គីឡូក្រាម (ត្រីស្រស់) ក្នុងមួយថ្ងៃតែប៉ុណ្ណោះ។  រីឯបច្ចុប្បន្ន នាងខ្ញុំអាចផលិតបានដល់ទៅចន្លោះ ពី១០០ ទៅ១៥០គីឡូក្រាមក្នុងមួយថ្ងៃ ឬលើសពីនេះ តាមតម្រូវការបញ្ជាទិញជាក់ស្ដែង។ ជាមធ្យម ទិន្នផលត្រីងៀតស្ងួតនាងខ្ញុំអាចផលិតបានចន្លោះពី៥០ ទៅ ៧០គីឡូក្រាមក្នុងមួយថ្ងៃ ផ្ទុយពីមុនដែលនាងខ្ញុំអាចផលិតបានក្រោម ១០គីឡូក្រាមប៉ុណ្ណោះ។

នាងខ្ញុំ ពិតជាមានមោទនភាពចំពោះការរីកចម្រើនមួយនេះ ពីព្រោះវាមិនត្រឹមតែបង្កើនចំណូលសម្រាប់អាជីវកម្មរបស់នាងខ្ញុំទេ តែវាក៏បានបង្កើតការងារដល់បុគ្គលិក, បង្កើនចំណូលដល់អ្នកនេសាទ និងចិញ្ចឹមត្រី ព្រមទាំងអ្នកលក់គ្រឿងទេសផងដែរ។

បន្ថែមពីនេះ នាងខ្ញុំមានភាពជឿជាក់ចំពោះផលិតផលរបស់ខ្ញុំ ដោយសារបច្ចុប្បន្ន ត្រីងៀតរបស់ខ្ញុំបានឆ្លងកាត់មន្ទីរពិសោធន៍ និងមានការចុះបញ្ជីត្រឹមត្រូវ។ សព្វថ្ងៃ ផលិតផលនាងខ្ញុំបានដាក់លក់នៅទីផ្សារក្នុងខេត្តសៀមរាប និងមានឈ្មួញយកទៅលក់នៅកន្លែងដាក់លក់តាមបណ្ដាខេត្ត និងតាមភោជនីយដ្ឋាននានា។ ទន្ទឹមនឹងនេះ សិប្បកម្មនាងខ្ញុំ កំពុងធ្វើការជាមួយផ្សារទំនើប អុីអនម៉ល និងផ្សារទំនើបជីប ម៉ុង ដើម្បីស្វែងរកឱកាសដាក់លក់ផលិតផលរបស់ខ្ញុំនៅក្នុងផ្សារទំនើបទាំងនេះ។ នាងខ្ញុំសង្ឃឹមមុតមាំថាផលិតផលរបស់នាងខ្ញុំ នឹងមានវត្តមានឆាប់ៗនៅផ្សារទំនើបទាំងនេះ នៅដើមឆ្នាំ២០២៦។ លើសពីនេះ នាងខ្ញុំរំពឹងថា ២ឆ្នាំ ខាងមុខទៀត ផលិតផលស្ពតឡៃហ្វូត នឹងមានលក់ជាផ្លូវការលើឆាកអន្ដរជាតិ៕

អាននិងទាញយកជា PDF: ជួបជាមួយម្ចាស់សិប្បកម្មកែច្នៃត្រីខ្នាតតូច ប៉ុន្តែមានក្តីស្រមៃធំ

 

CGCC ចូលរួមក្នុងកម្មវិធី វេទិកាសមាជិកភាពរបស់សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA)

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី ជុន សុថានី ប្រធាននាយកដ្ឋានយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍អាជីវកម្មរបស់ CGCC និងសហការី បានចូលរួមក្នុងកម្មវិធី វេទិកាសមាជិកភាព ដែលរៀបចំឡើងដោយ សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី (WEDC)។

 

តាមរយៈវេទិកានេះ លោកស្រី ជុន សុថានី បានធ្វើបទបង្ហាញអំពី CGCC និងអត្ថប្រយោជន៍នៃការធានាឥណទាន ជូនទៅកាន់សហគ្រិនស្ត្រីប្រមាណ១០០រូប ដែលបានចូលរួមកម្មវិធីនេះ ជាពិសេស លោកស្រីបានចែករំលែកពី គម្រោងធានាឥណទានសម្រាប់សហគ្រិនស្ត្រី (WEGS) ដែលជាគម្រោងបង្កើតឡើងដើម្បីគាំទ្រដល់សហគ្រិនស្រ្តី ក្នុងការទទួលបានហិរញ្ញប្បទានផ្លូវការ ប្រកបដោយលក្ខខណ្ឌអនុគ្រោះ។

 

 

វេទិកាសមាជិកភាពនេះ ត្រូវបាន រៀបចំឡើងក្នុងគោលបំណងបង្កើតជាវេទិកាសម្រាប់សហគ្រិនស្ត្រីគ្រប់រូបទទួលបាននូវ
ឱកាសក្នុងការជួបជុំ ផ្លាស់ប្តូរមតិយោបល់ ផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់ខ្លួន ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីសកម្មភាព និងអត្ថប្រយោជន៍ដែលសហគ្រិនស្ត្រីគ្រប់រូបទទួលបានក្នុងការចូលរួមជាសមាជិកនៃ CWEA ផងដែរ។

វគ្គបណ្តុះបណ្តាលសមត្ថភាពលើការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណ ដោយ CGIF ដល់ CGCC

នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមស្មារតីនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តលើការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណកម្ពុជា មូលនិធិធានាឥណទាន និងជំរុញការវិនិយោគ (CGIF) បានចែករំលែកចំណេះដឹងតាមរយៈវគ្គបណ្តុះបណ្តាលកសាងសមត្ថភាព និងការចែករំលែកបទពិសោធជាលើកដំបូង ដល់គណៈគ្រប់គ្រង និងបុគ្គលិកប្រមាណ២០រូបរបស់ CGCC នៅការិយាល័យរបស់ CGCC។

តាមរយៈវគ្គបណ្ដុះបណ្ដាល​ CGIF បានចែករំលែកអំពីដំណើរការធានាឥណទានរបស់ CGIF និងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យឥណទានសាជីវកម្ម សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

ការចែករំលែកចំណេះដឹងនេះ គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត តាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាង CGCC និង CGIF ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់ស្ថាប័នទាំងពីរ ក្នុងការជំរុញការអភិវឌ្ឍទីផ្សារមូលបត្រនៅក្នុងតំបន់ទាំងមូល។