CGCC

CGCC និងធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីគម្រោងធានាឥណទានបោះដុំ និងគម្រោងធានាឥណទានជំរុញសេដ្ឋកិច្ច

នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅការិយាល័យ សាជីវកម្មធានាឥណទានកម្ពុជា (CGCC), CGCC និងធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីគម្រោងធានាឥណទានបោះដុំ (Wholesale Guarantee Scheme – WGS) និងគម្រោងធានាឥណទានជំរុញសេដ្ឋកិច្ច (Economic Stimulus Guarantee Scheme – ESGS)  ដែលកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ លោក ណូ លីដា អគ្គនាយក CGCC និងបណ្ឌិត លឹម អូន នាយកប្រតិបត្តិធនាគារ ឈីហ្វ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងនៃស្ថាប័នទាំងពីរ។

តាមរយៈភាពជាដៃគូនេះ ធនាគារ ឈីហ្វ បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ដែលនឹងអាចពង្រីកការផ្តល់ហិរញ្ញប្បទានក្រោមការធានារបស់ CGCC ទៅកាន់អាជីវកម្មសក្តានុពល ជាពិសេស SMEs និង MSMEs ដែលប្រឈមនឹងបញ្ហាកង្វះទ្រព្យធានាសម្រាប់ការស្នើសុំកម្ចីពីធនាគារ។

គម្រោង WGS និង ESGS នឹងចូលរួមចំណែកគាំទ្រធនាគារ ឈីហ្វ ក្នុងការពង្រីកលទ្ធភាពផ្តល់ហិរញ្ញប្បទានសម្រាប់អាជីវកម្មដែលប្រឈមនឹងបញ្ហាកង្វះទ្រព្យធានា ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍវិស័យឯកជន និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។

 

កិច្ចព្រមព្រៀង ស្តីពីគម្រោងធានាឥណទានបោះដុំ និងគម្រោងធានាឥណទានដើម្បីជំរុញសេដ្ឋកិច្ច រវាងធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក និងសាជីវកម្មធានាឥណទានកម្ពុជា បានចុះហត្ថលេខា

(ភ្នំពេញ)៖ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀង ស្តីពីគម្រោងធានាឥណទានបោះដុំក្នុងទំហំ៥លានដុល្លាអាមេរិក (Wholesale Guarantee Scheme – WGS) និងគម្រោងធានាឥណទានជំរុញសេដ្ឋកិច្ច (Economic Stimulus Guarantee Scheme – ESGS) នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅការិយាល័យ CGCC។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ លោកបណ្ឌិត លឹម អូន ប្រធានអគ្គនាយកប្រតិបត្តិធនាគារ ឈីហ្វ និងលោក ណូ លីដា អគ្គនាយក CGCC ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងនៃស្ថាប័នទាំងពីរ។

បន្ទាប់ពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃនេះ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ជាផ្លូវការដែលនឹងអនុញ្ញាតឱ្យធនាគារ ឈីហ្វ ពង្រីកការបញ្ចេញឥណទានក្រោមការធានារបស់ CGCC ទៅកាន់អាជីវកម្មសក្តានុពលនៅកម្ពុជា ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលប្រឈមនឹងបញ្ហាកង្វះទ្រព្យធានាសម្រាប់ការស្នើសុំកម្ចីពីធនាគារ។

លោក ណូ លីដា អគ្គនាយក CGCC បានថ្លែងថា «CGCC ស្វាគមន៍នូវភាពជាដៃគូជាមួយស្ថាប័នហិរញ្ញវត្ថុដែលចូលរួម (PFIs) ដូចជា ធនាគារឈីហ្វ Chief ដែលទទួលស្គាល់អំពីតម្លៃនៃការធានាឥណទាន និងប្រើប្រាស់ការធានាឥណទានប្រកបដោយបុរេសកម្ម ដើម្បីគាំទ្រដល់អាជីវកម្មដែលមានសក្តានុពល។ ជាមួយនឹងការធានារបស់ CGCC, យើងសង្ឃឹមថា ធនាគារ ឈីហ្វ នឹងអាចពង្រីកការគាំទ្រផ្នែកហិរញ្ញវត្ថុទៅកាន់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) ដែលមានសក្តានុពលខ្ពស់នៅក្នុងប្រទេសកម្ពុជា។ ឧទាហរណ៍ ធនាគារ ឈីហ្វ អាចផ្តល់ប្រាក់កម្ចីជាមួយនឹងសមាមាត្រកម្ចីធៀបនឹងតម្លៃទ្រព្យបញ្ចាំ (loan-to-value) ខ្ពស់ជាងមុន, រក្សាទុនបម្រុងទាបជាងមុនសម្រាប់កម្ចីដែលមានការធានា, និងអាចផ្តល់កម្ចីជូនដល់អតិថិជនដែលមិនអាចទទួលបានកម្ចី ប្រសិនបើគ្មានការធានា»

លោកបានបន្តថា «តាមរយៈភាពជាដៃគូនេះ យើងចង់ឃើញ ធនាគារ ឈីហ្វ ពង្រីកការផ្តល់កម្ចីរបស់ខ្លួន ដោយមិនចាំបាច់ពង្រីកហានិភ័យ តាមសមាមាត្រនៃការពង្រីកកម្ចី ព្រោះ CGCC នឹងចូលរួមចែករំលែកហានិភ័យ។ CGCC ប្រកាន់ភ្ជាប់ក្នុងការកែលម្អជាបន្តបន្ទាប់លើការងារអាទិភាពជាយុទ្ធសាស្ត្រចម្បង ៥៖ ដំណើរការ (Process) ភាពជាដៃគូ(Partnership) ផលិតផល (Product) មនុស្ស (People) និងគោលនយោបាយ(Policy) ដើម្បីគាំទ្រដៃគូរបស់យើង និងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ឱ្យបានកាន់តែប្រសើរ»

លោកបណ្ឌិត លឹម អូន ប្រធានអគ្គនាយកប្រតិបត្តិធនាគារ ឈីហ្វ បានថ្លែងថា «ចំពោះធនាគារ ឈីហ្វ នេះជា ព្រឹត្តិការណ៍ដ៏សំខាន់មួយ និងជាជំហានឈានទៅមុខដ៏មានអត្តន័យ ដែលបានក្លាយជាស្ថាប័នហិរញ្ញវត្ថុចូលរួម (PFI) ជាផ្លូវការ ក្រោមកម្មវិធីធានាឥណទានរបស់ CGCC។ ភាពជាដៃគូនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម និង បុគ្គល ជាក់ស្តែងសម្រាប់សហគ្រាសធុនតូច និង មធ្យម (SMEs) ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះនឹងបង្កើតឱកាសដ៏មានអត្ថន័យសម្រាប់អតិថិជនរបស់យើង និងចូលរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា»

លោកបានបន្តថា «ចំពោះធនាគារឈីហ្វ យើងខ្ញុំបន្តប្តេជ្ញាចិត្តចំពោះការផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ (Responsible Lending) ផ្តល់សេវាកម្មផ្តោតលើអតិថិជនជាចម្បង និងផ្តល់ការគាំទ្រដល់វិស័យអាទិភាព នៃសេដ្ឋកិច្ចកម្ពុជា។ តាមរយៈការចាប់ដៃគូជាមួយ CGCC យើងខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា យើងអាចរួមគ្នាពង្រឹង បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងផ្តល់ការគាំទ្រកាន់តែប្រសើរដល់អតិថិជនដែលត្រូវការជំនួយផ្នែកហិរញ្ញប្បទានយ៉ាងពិតប្រាកដ»

តាមរយៈភាពជាដៃគូនេះ CGCC និងធនាគារ ឈីហ្វ មានទិសដៅក្នុងការគាំទ្រក្រុមហ៊ុន/អាជីវកម្មតាមរយៈគម្រោងធានាឥណទានចំនួនពីររបស់ CGCC គឺ WGS និង ESGS។ ក្រោមគម្រោង WGS, CGCC នឹងផ្តល់ការធានាលើកម្ចីអាជីវកម្មដែលមានស្រាប់របស់ធនាគារ ឈីហ្វ ដើម្បីចែករំលែកហានិភ័យជាមួយធនាគារ និងកាត់បន្ថយកម្រិតថ្លឹងហានិភ័យលើអ៊ិចស្ពូស៊ើដែលមានការធានា។ តាមរយៈ WGS ធនាគារ ឈីហ្វ នឹងអាចពង្រីកលទ្ធភាពក្នុងការផ្តល់កម្ចីរបស់ធនាគារ និងជំរុញឱ្យធនាគារអាចផ្តល់ហិរញ្ញប្បទានបន្ថែមទៅកាន់ SMEs ដែលមានសក្តានុពលកាន់តែច្រើន។ ដោយឡែក ក្រោមគម្រោង ESGS, CGCC នឹងផ្តល់ការធានាលើកម្ចីអាជីវកម្មថ្មីរបស់ធនាគារ ឈីហ្វដែលផ្តល់ដល់ក្រុមហ៊ុន/អាជីវកម្ម រួមទាំងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងក្រុមហ៊ុនធំៗ ជាមួយនឹងវិសាលភាពនៃការធានារហូតដល់ ៩០% នៃប្រាក់ដើម និងលក្ខខណ្ឌធានាអនុគ្រោះនានា។ គម្រោង WGS និង ESGS នឹងចូលរួមចំណែកគាំទ្រធនាគារ ឈីហ្វ ក្នុងការពង្រីកលទ្ធភាពផ្តល់ហិរញ្ញប្បទានសម្រាប់អាជីវកម្មដែលប្រឈមនឹងបញ្ហាកង្វះទ្រព្យធានា ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍវិស័យឯកជន និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា៕

អំពី CGCC

CGCC គឺជាសហគ្រាសសាធារណៈ ដែលត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ១៤០ អនក្រ.បក ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា។ CGCC មានបេសកកម្មចម្បងក្នុងការផ្ដល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច។ផលិតផល និងសេវាកម្មសំខាន់ៗរបស់ CGCC រួមមាន ការធានាលើកម្ចីអាជីវកម្មការធានាលើការបោះផ្សាយសញ្ញាបណ្ណ និងការកសាងសមត្ថភាពសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។ គិតត្រឹមបំណាច់ខែមេសាឆ្នាំ២០២៦ CGCC បានផ្តល់ការធានាលើកម្ចីអាជីវកម្មចំនួន ៩.៨០៨ គណនី ក្នុងទំហំសរុប ៥៦៧,៦៣ លានដុល្លារអាមេរិក។

អំពីធនាគារ ឈីហ្វ

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក គឺជាធនាគារពាណិជ្ជមួយនៅកម្ពុជា ដែលផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលអាចទុកចិត្តបាន និងមានភាពបត់បែន ដល់បុគ្គល និងអាជីវកម្ម ដោយផ្តោតជាពិសេសលើ SMEs។ ធនាគារ ឈីហ្វ បានទទួលអាជ្ញាបណ្ណប្រតិបត្តិការជាធនាគារឯកទេស នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ ហើយបន្ទាប់មកបានទទួលអាជ្ញាបណ្ណធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨។ ធនាគារ ឈីហ្វ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើន រួមមាន ប្រាក់បញ្ញើ ឥណទាន សេវាទូទាត់ និងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អាជីវកម្ម ដើម្បីគាំទ្រសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា។

គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ ធនាគារ CHIEF BANK បានរាយការណ៍ពីទ្រព្យសកម្មសរុបចំនួន ៤០២ លានដុល្លារអាមេរិក ដែលកើនឡើង ៤៣% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ ដោយមានប្រាក់កម្ចី និងបុរេប្រទានសរុបចំនួន ២៧៧ លានដុល្លារ និងប្រាក់បញ្ញើអតិថិជនសរុបចំនួន ២៩៥ លានដុល្លារ។ លទ្ធផលទាំងនេះឆ្លុះបញ្ចាំងពីភាពរឹងមាំផ្នែកមូលធន ការគ្រប់គ្រងហានិភ័យប្រកបដោយប្រយ័ត្នប្រយែង និងទំនុកចិត្តជាបន្តរបស់អតិថិជនចំពោះធនាគារ CHIEF BANK។

Credit to: FRESH NEWS, Published on 20 May 2026

 

សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារពាណិជ្ជ ឈីហ្វ សហការគ្នា លើគម្រោងធានាឥណទានបោះដុំ និងគម្រោង ធានាឥណទានជំរុញសេដ្ឋកិច្ច

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីគម្រោងធានាឥណទានបោះដុំក្នុងទំហំ៥លានដុល្លាអាមេរិក (Wholesale Guarantee Scheme – WGS) និងគម្រោងធានាឥណទានជំរុញសេដ្ឋកិច្ច (Economic Stimulus Guarantee Scheme – ESGS) នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅការិយាល័យ CGCC។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ បណ្ឌិត លឹម អូន ប្រធានអគ្គនាយកប្រតិបត្តិធនាគារ ឈីហ្វ និងលោក ណូ លីដា អគ្គនាយក CGCC ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងនៃស្ថាប័នទាំងពីរ។

បន្ទាប់ពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃនេះ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ជាផ្លូវការ ដែលនឹងអនុញ្ញាតឱ្យធនាគារ ឈីហ្វ ពង្រីកការបញ្ចេញឥណទានក្រោមការធានារបស់ CGCC ទៅកាន់អាជីវកម្មសក្តានុពលនៅកម្ពុជា ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលប្រឈមនឹងបញ្ហាកង្វះទ្រព្យធានាសម្រាប់ការស្នើសុំកម្ចីពីធនាគារ។

លោក ណូ លីដា អគ្គនាយក CGCC បានមានប្រសាសន៍ថា “CGCC ស្វាគមន៍នូវភាពជាដៃគូជាមួយស្ថាប័នហិរញ្ញវត្ថុដែលចូលរួម (PFIs) ដូចជា ធនាគារ ឈីហ្វ Chief ដែលទទួលស្គាល់អំពីតម្លៃនៃការធានាឥណទាន និងប្រើប្រាស់ការធានាឥណទាន ប្រកបដោយបុរេសកម្ម ដើម្បីគាំទ្រដល់អាជីវកម្មដែលមានសក្តានុពល។ ជាមួយនឹងការធានារបស់ CGCC, យើងសង្ឃឹមថា ធនាគារ ឈីហ្វ នឹងអាចពង្រីកការគាំទ្រផ្នែកហិរញ្ញវត្ថុទៅកាន់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) ដែលមានសក្តានុពលខ្ពស់នៅក្នុងប្រទេសកម្ពុជា។ ឧទាហរណ៍ ធនាគារ ឈីហ្វ អាចផ្តល់ប្រាក់កម្ចីជាមួយនឹងសមាមាត្រកម្ចីធៀបនឹងតម្លៃទ្រព្យបញ្ចាំ (loan-to-value) ខ្ពស់ជាងមុន, រក្សាទុនបម្រុងទាបជាងមុនសម្រាប់កម្ចីដែលមានការធានា, និងអាចផ្តល់កម្ចីជូនដល់អតិថិជនដែលមិនអាចទទួលបានកម្ចី ប្រសិនបើគ្មានការធានា។ តាមរយៈភាពជាដៃគូនេះ យើងចង់ឃើញ ធនាគារ ឈីហ្វ ពង្រីកការផ្តល់កម្ចីរបស់ខ្លួន ដោយមិនចាំបាច់ពង្រីកហានិភ័យ តាមសមាមាត្រនៃការពង្រីកកម្ចី ព្រោះ CGCC នឹងចូលរួមចែករំលែកហានិភ័យ។ CGCCប្រកាន់ភ្ជាប់ក្នុងការកែលម្អជាបន្តបន្ទាប់លើការងារអាទិភាពជាយុទ្ធសាស្ត្រចម្បង ៥៖ ដំណើរការ (Process) ភាពជាដៃគូ (Partnership) ផលិតផល (Product) មនុស្ស (People) និងគោលនយោបាយ (Policy) ដើម្បីគាំទ្រដៃគូរបស់យើង និងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ឱ្យបានកាន់តែប្រសើរ។”

បណ្ឌិត លឹម អូន ប្រធានអគ្គនាយកប្រតិបត្តិធនាគារ ឈីហ្វ បានមានប្រសាសន៍ថា “ ចំពោះធនាគារ ឈីហ្វ នេះជា ព្រឹត្តិការណ៍ដ៏សំខាន់មួយ និងជាជំហានឈានទៅមុខដ៏មានអត្តន័យ ដែលបានក្លាយជាស្ថាប័នហិរញ្ញវត្ថុចូលរួម (PFI) ជាផ្លូវការ ក្រោមកម្មវិធីធានាឥណទានរបស់ CGCC។ ភាពជាដៃគូនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម និងបុគ្គល ជាក់ស្តែងសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះនឹងបង្កើតឱកាសដ៏មានអត្ថន័យសម្រាប់អតិថិជនរបស់យើង និងចូលរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។ ចំពោះធនាគារឈីហ្វ យើងខ្ញុំបន្តប្តេជ្ញាចិត្តចំពោះការផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ (Responsible Lending) ផ្តល់សេវាកម្មផ្តោតលើអតិថិជនជាចម្បង និងផ្តល់ការគាំទ្រដល់វិស័យអាទិភាព នៃសេដ្ឋកិច្ចកម្ពុជា។ តាមរយៈការចាប់ដៃគូជាមួយ CGCC យើងខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា យើងអាចរួមគ្នាពង្រឹង បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងផ្តល់ការគាំទ្រកាន់តែប្រសើរដល់អតិថិជនដែលត្រូវការជំនួយផ្នែកហិរញ្ញប្បទានយ៉ាងពិតប្រាកដ។”

តាមរយៈភាពជាដៃគូនេះ CGCC និងធនាគារ ឈីហ្វ មានទិសដៅក្នុងការគាំទ្រក្រុមហ៊ុន/អាជីវកម្មតាមរយៈគម្រោងធានាឥណទានចំនួនពីររបស់ CGCC គឺ WGS និង ESGS។ ក្រោមគម្រោង WGS, CGCC នឹងផ្តល់ការធានាលើកម្ចីអាជីវកម្មដែលមានស្រាប់របស់ធនាគារ ឈីហ្វ ដើម្បីចែករំលែកហានិភ័យជាមួយធនាគារ និងកាត់បន្ថយកម្រិតថ្លឹងហានិភ័យលើអ៊ិចស្ពូស៊ើដែលមានការធានា។ តាមរយៈ WGS ធនាគារ ឈីហ្វ នឹងអាចពង្រីកលទ្ធភាពក្នុងការផ្តល់កម្ចីរបស់ធនាគារ និងជំរុញឱ្យធនាគារអាចផ្តល់ហិរញ្ញប្បទានបន្ថែមទៅកាន់ SMEs ដែលមានសក្តានុពលកាន់តែច្រើន។ ដោយឡែក ក្រោមគម្រោង ESGS, CGCC នឹងផ្តល់ការធានាលើកម្ចីអាជីវកម្មថ្មីរបស់ធនាគារ ឈីហ្វដែលផ្តល់ដល់ក្រុមហ៊ុន/អាជីវកម្ម រួមទាំងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងក្រុមហ៊ុនធំៗ ជាមួយនឹងវិសាលភាពនៃការធានារហូតដល់ ៩០% នៃប្រាក់ដើម និងលក្ខខណ្ឌធានាអនុគ្រោះនានា។ គម្រោង WGS និង ESGS នឹងចូលរួមចំណែកគាំទ្រធនាគារ ឈីហ្វ ក្នុងការពង្រីកលទ្ធភាពផ្តល់ហិរញ្ញប្បទានសម្រាប់អាជីវកម្មដែលប្រឈមនឹងបញ្ហាកង្វះទ្រព្យធានា ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍវិស័យឯកជន និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា៕

Credit to: Cambonomist, Published on 20 May 2026

 

 

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរបស់ LCGC ស្តីពីការផ្លាស់ប្តូរចំណេះដឹងបច្ចេកទេស និងបទពិសោធពី CGCC ក្នុងប្រតិបត្តិការធានាឥណទាន

CGCC មានក្តីសោមនស្សស្វាគមន៍យ៉ាងកក់ក្តៅ នូវដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកពី Lao Credit Guarantee Sole Company Limited (LCGC) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្រាប់ការសិក្សាស្តីពីការផ្លាស់ប្តូរចំណេះដឹងបច្ចេកទេស និងបទពិសោធន៍ពី CGCC ក្នុងប្រតិបត្តិការធានាឥណទាន។

ទស្សនកិច្ចនេះជាផ្នែកមួយនៃការប្តេជ្ញារបស់ LCGC ក្នុងការពង្រឹងសមត្ថភាពប្រតិបត្តិការរបស់ខ្លួន តាមរយៈការសិក្សាពីបទពិសោធន៍របស់ CGCC ក្នុងការអនុវត្តគម្រោងធានាឥណទាននៅកម្ពុជា។ គួរបញ្ជាក់ផងដែរថា ទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពី ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង CGCC និង LCGC ដែលជាជំហានសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរចំណេះដឹងរវាងស្ថាប័នទាំងពីរ។

ទស្សនកិច្ចសិក្សានេះជាវេទិកាដ៏មានអត្ថន័យសម្រាប់ការរៀនសូត្រពីគ្នាទៅវិញទៅមករវាងស្ថាប័នទាំងពីរ និងបញ្ជាក់បន្ថែមពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងការអភិវឌ្ឍវិស័យធានាឥណទាន។ CGCC និង LCGC បន្តប្តេជ្ញាចិត្តរួមគ្នា ក្នុងការចែករំលែកចំណេះដឹងរវាងគ្នានិងគ្នា ដើម្បីគាំទ្រដល់ការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានផ្លូវការសម្រាប់សហគ្រាសខ្នាតមីក្រូ តូច មធ្យម និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្នកាន់តែទូលំទូលាយ៕

 

 

  

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង CGCC និង LCGC

នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅការិយាល័យ CGCC មានការចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា រវាង CGCC និង Lao Credit Guarantee Sole Company Limited (LCGC) ដើម្បីបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងស្ថាប័នធានាឥណទានទាំងពីរ ក្នុងគោលបំណងគាំទ្រដល់ការអភិវឌ្ឍសេវាធានាឥណទាន និងភាពរីកចម្រើនប្រកបដោយស្ថេរភាពរបស់សហគ្រាសធុន មីក្រូ តូច និងមធ្យម (MSMEs) ក្នុងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

 

 

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក ណូ លីដា អគ្គនាយក CGCC និងលោក Wong Keet Loong អគ្គនាយក LCGC ក្រោមវត្តមានជាសាក្សីពីថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម, ក្រសួងហិរញ្ញវត្ថុ, និងធនាគារជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ព្រមទាំងថ្នាក់គ្រប់គ្រង និងក្រុមការងាររបស់ CGCC សរុបប្រមាណ ៣០រូប។

ក្នុងនាមជាស្ថាប័នធានាឥណទានដែលបង្កើតឡើងដោយរដ្ឋាភិបាល ស្ថាប័នទាំងពីរមានទិសដៅរួមក្នុងការកាត់បន្ថយឧបសគ្គ និងគម្លាតក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលជាវិស័យសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅទូទាំងតំបន់។

 

CGCC បានរៀបចំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦

នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ CGCC បានរៀបចំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់រូបនៃ CGCC ។

កម្មវិធីនេះមិនត្រឹមតែជាកិច្ចប្រជុំប៉ុណ្ណោះទេ តែជាវេទិកាបើកចំហរមួយ សម្រាប់បុគ្គលិកគ្រប់រូបមានឱកាសក្នុងការចែករំលែកនូវទស្សនៈ ផ្លាស់ប្តូរមតិយោបល់ ពិភាក្សា និងការទទួលយកអនុសាសន៍ណែនាំនានា ក្នុងគោលបំណងរួមមួយ ដើម្បីស្វែងរកនូវគំនិតថ្មីៗដែលមានលក្ខណៈនវានុវត្តន៍ក្នុងការចូលរួមអភិវឌ្ឍ CGCC ឱ្យក្លាយជាស្ថាប័នធានាឥណទានឈានមុខ និងចូលរួមចំណែកក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។

 

CGCC អបអរសាទរទិវានារីអន្ដរជាតិ

នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ CGCC បានរៀបចំកម្មវិធីជួបជុំមួយ ដើម្បីអបអរសាទរទិវានារីអន្តរជាតិ និងថ្លែងអំណរគុណដល់បុគ្គលិកនារីគ្រប់រូបនៃ CGCC ដែលបានចូលរួមបំពេញការងារយ៉ាងសកម្មសម្រាប់ការកសាង និងអភិវឌ្ឍ CGCC ឱ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងបេសកកម្មចូលរួមបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។

បុគ្គលិកនារីគ្រប់រូបប្រកបដោយសក្តានុពល និងពោរពេញដោយទេពកោសលស្យរបស់ CGCC តែងតែប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ CGCC ដោយបន្តចូលរួមចំណែកអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈការធានាឥណទានសម្រាប់ការពង្រឹង និងពង្រីកអាជីវកម្ម ដើម្បីសម្រេចនូវគោលដៅរួម គឺការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

 

ជំនួបពិភាក្សារវាង CGCC ជាមួយធនាគារ FTB និង ធនាគារ ABA ក្នុងខេត្តសៀមរាប

នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារ CGCC ដឹកនាំដោយ លោក ណូ លីដា អគ្គនាយក CGCC បានចុះជួបសម្ដែងការគួរសម និងពិភាក្សាជាមួយថ្នាក់ដឹកនាំ និងសហការីនៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួនពីរ ក្នុងខេត្តសៀមរាប រួមមាន ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) និងធនាគារវឌ្ឍនៈ អាស៊ី ចំកាត់​ (ABA)។

ក្នុងជំនួបពិភាក្សានេះ លោក ណូ លីដា អគ្គនាយក CGCC បានសម្តែងនូវការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរបស់ធនាគារ FTB និងធនាគារ ABA ក្នុងការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម  ជាពិសេសទៅលើការចូលរួមរបស់ធនាគារទាំងពីរជាមួយ CGCC ក្នុងគម្រោងធានាឥណទានថ្មីៗ ដើម្បីគាំទ្រដល់កំណើនអាជីវកម្មរបស់ SMEs។ បន្ថែមពីនេះ លោកក៏បានចែករំលែកពីបច្ចុប្បន្នភាពនៃគម្រោងឥណទាន និងយន្តការគាំទ្ររបស់ CGCC ដែលពង្រីកលទ្ធភាពក្នុងការផ្តល់ហិរញ្ញប្បទានរបស់ PFIs និងមានលក្ខខណ្ឌប្រសើរជាងមុន​។

កិច្ចពិភាក្សានេះក៏ជាឱកាសមួយដ៏ពិសេសសម្រាប់ CGCC និងសាខាខេត្តរបស់ PFIs ក្នុងការពិភាក្សាដោយបើកចំហរអំពីស្ថានភាពអាជីវកម្មនៅក្នុងតំបន់, បញ្ហាប្រឈមដែលធនាគារ និងម្ចាស់អាជីវកម្មជួបប្រទះ, និងទទួលយកអនុសាសន៍ ក៏ដូចជាសំណូមពរនានាលើកិច្ចសហប្រតិបត្តិការកន្លងមក៕

CGCC ចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធី លុយខ្ញុំ ជីវិតខ្ញុំ របស់វិទ្យុស្រ្តីកម្ពុជា គាំទ្រដោយសមាគមធនាគារនៅកម្ពុជា

នាថ្ងៃទី១៩​ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី ពិន ម៉ានីកា ប្រធានការិយាល័យទីផ្សារ និងអភិវឌ្ឍន៍អាជីវកម្មនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចូលរួមជាវាគ្មិនកិត្តិយសមួយរូប នៅក្នុងកម្មវិធី លុយខ្ញុំ ជីវិតខ្ញុំ ដែលផលិតដោយ វិទ្យុស្ត្រី គាំទ្រដោយ សមាគមធនាគារនៅកម្ពុជា (ABC) ដែលប្រធានបទនៃកម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជនទាក់ទងនឹងCGCC, លក្ខខណ្ឌ និងនីតិវិធីដើម្បីទទួលបានការធានា និងជាពិសេសគឺអត្ថប្រយោជន៍​នៃយន្តការធានាឥណទានសម្រាប់អាជីវកម្ម។ 

 

តាមរយៈកម្មវិធីនេះ លោកស្រីម៉ានីកា បានចូលរួមចែករំលែកអំពីតួនាទី ផលិតផល និងសេវាកម្មរបស់ CGCC ដើម្បីបញ្ជ្រាបឱ្យសាធារណជនបានស្គាល់អំពី CGCC កាន់តែច្បាស់ និងអាចឱ្យម្ចាស់អាជីវកម្មអាចទាញយកអត្ថប្រយោជន៍ពីការប្រើប្រាស់សេវាធានាឥណទាន តាមរយៈការស្នើសុំកម្ចីទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុធនាគារ/មីក្រូហិរញ្ញវត្ថុ ដែលជាដៃគូរបស់ CGCC ក្នុងករណីខ្វះឬមិនមានទ្រព្យធានាគ្រប់គ្រាន់។ មិនតែប៉ុណ្ណោះ លោកស្រីក៏បានលើកយកករណីជោគជ័យ នៃសហគ្រិនស្រ្តីមួយរូប ដែលបានស្នើកម្ចីពីគ្រឹះស្ថានធនាគារដៃគូរបស់ CGCC ដែលមានការធានាពី CGCC ដែលបានជួយពង្រីកលទ្ធភាពទទួលបានកម្ចី ក្នុងការប្រើប្រាស់ចាំបាច់។ បន្ថែមពីលើនេះ លោកស្រីក៏បានចែករំលែកអំពីការចូលរួមរបស់ CGCC លើការកសាងសមត្ថភាព និងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម ដែលជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពនានារបស់ CGCC។

ជាអនុសាសន៍និងសំណូមពរ ដល់សហគ្រាស និងម្ចាស់អាជីវកម្ម (SMEs) លោកស្រីបានលើកទឹកចិត្តឱ្យពួកគាត់គួរតែត្រៀមខ្លួនអោយបានល្អ ក្នុងការទទួលកម្ចីផ្លូវការ តាមរយៈការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងតាមស្តង់ដារ ដើម្បីអាចអភិវឌ្ឍខ្លួនឱ្យបានវែងឆ្ងាយទៅជាក្រុមហ៊ុនអាជីវកម្មស្តង់ដារ និងសំណូមពរដល់គ្រឹះស្ថានហិរញ្ញវត្ថុដៃគូរបស់ CGCC ឱ្យបន្តផ្សព្វផ្សាយបន្ថែមដល់បុគ្គលិក និងសាខាទាំងអស់ អំពីសេវាធានាឥណទានរបស់CGCC ដែលអាចជួយសម្រួលតម្រូវការទ្រព្យធានា និងជំរុញលទ្ធភាពទទួលបានកម្ចីផ្លូវការរបស់ SME៕

 

កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC) វគ្គទី៣ នៃឆ្នាំ២០២៤ ផ្តោតលើ ប្រតិបត្តិការអាជីវកម្ម ក្នុងយុគសម័យឌីជីថល សម្រាប់ MSMEs

(ភ្នំពេញ)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហការជាមួយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច បានរៀបចំកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC) វគ្គទី៣ នៃឆ្នាំ២០២៤ ស្តីអំពី «ប្រតិបត្តិការអាជីវកម្ម ក្នុងយុគសម័យឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs)» ដែលមានការចូលរួមពីសិក្ខាកាម ដែលជាម្ចាស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមសរុបប្រមាណ៥០រូប ក្នុងនោះមាន ៦៥% ជាសហគ្រិនស្រ្តី និងរួមទាំងនិស្សិតប្រមាណ១០រូប នៃសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)។

កម្មវិធី EPIC វគ្គទី៣នៃឆ្នាំ ២០២៤នេះ ត្រូវបានចូលរួមជាកិត្តិយស សម្រាប់ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការចូលរួម ជូនដល់សិក្ខាកាម គ្រូបណ្តុះបណ្តាល និងវាគ្មិនកិត្តិយសទាំងអស់ ពីសំណាក់បណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិត (ក្រុមទី៦) នៃសមាគមសិស្ស-និសិ្សតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងក្រោមចូលរួមជាគណអធិបតីពីសំណាក់ លោកស្រី យូ បូរី អនុប្រធានសមាគមស្រ្តីកម្ពុជា, លោក ណូ លីដា អគ្គនាយក CGCC, លោកស្រី ហង់ ជួន ណារីតា នាយិកានាយកដ្ឋានសេវាកម្មធនាគារផ្នែកសាជីវកម្មនៃ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់, លោក ពា វណ្ណឆាយ នាយកផ្នែកសហគ្រាសធុនតូចនិងមធ្យម នៃនាយកដ្ឋានធនាគារសាជីវកម្ម នៃធនាគារជេត្រាស់ រ៉ូយ៉ាល់ និងគណៈគ្រប់គ្រង នៃCGCC និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។

តាមរយៈ EPIC វគ្គទី៣ នៃឆ្នាំ២០២៤នេះ សិក្ខាកាមទាំងអស់បានស្វែងយល់អំពី «ប្រតិបត្តិការអាជីវកម្មក្នុងយុគសម័យឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs)» ដែលត្រូវបានចែករំលែកដោយ លោកស្រី សែម ស្រីតូច នាយិកាប្រតិបត្តិ និងស្ថាបនិកសហគ្រាស អ៊ីភីអិល ផូលីនែត និងជាប្រធានសមាគមទឹកឃ្មុំកម្ពុជាដែលលោកស្រីបានចែករំលែកនូវឧបករណ៍ឌីជីថល ដើម្បីសម្រួលដល់ប្រតិបត្តិការអាជីវកម្ម, របៀបប្រើប្រាស់ឧបករណ៍ឌីជីថល ដើម្បីបង្កើនការលក់ ការគ្រប់គ្រងផ្នែកលក់និងអាជីវកម្ម ទំនាក់ទំនងអតិថិជន ការផ្សព្វផ្សាយផលិតផលឬសេវាកម្ម ការការពារការគំរាមកំហែងសន្តិសុខសាយប័រ និងចែករំលែកអំពីវិធីសាស្រ្តក្នុងការសម្របខ្លួនទៅនឹងនិន្នាការទីផ្សារនាពេលអនាគត និងឌីជីថលនីយកម្ម ដើម្បីរក្សាការប្រកួតប្រជែង និងនិរន្តរភាពនៃអាជីវកម្ម។

សិក្ខាកាមទាំងអស់ ក៏បានចែករំលែកនូវបទពិសោធន៍ ជាក់ស្តែងផ្ទាល់ខ្លួន ពីគ្នាទៅវិញទៅមក តាមរយៈវេទិកាពិភាក្សាជាក្រុម ទៅលើប្រធានបទជុំវិញសារៈសំខាន់នៃការប្រើប្រាស់ឧបករណ៍ និងប្រព័ន្ធឌីជីថល បញ្ហាប្រឈមក្នុងការផ្លាស់ប្តូរ ទៅរកការប្រើប្រាស់ប្រព័ន្ធឌីជីថល និងសំណូមពរឬសំណើនានា។

បន្ថែមពីនេះ សិក្ខាកាមក៏ទទួលបានស្វែងយល់អំពី «យន្តការធានាឥណទាន ក្នុងការគាំទ្រលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ សហគ្រាសធុនតូច និងមធ្យម» តាមរយៈបទបង្ហាញដោយ លោកស្រី លឹម ចាន់ធីតា ប្រធាននាយកដ្ឋានប្រតិបត្តិការនៃ CGCC។ ស្របជាមួយនឹងយន្តការធានាឥណទាន លោក ប៉ូច ពិសាល ប្រធានផ្នែកទំនាក់ទំនងអតិថិជន ផ្នែកសហគ្រាសធុនតូច និងមធ្យម នៃ ធនាគារ ជេត្រាស់ រ៉ូយ៉ាល់ ក៏បានចែករំលែកអំពី «ដំណើរការវាយតម្លៃឥណទាន និងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អាជីវកម្ម និងជាពិសេសការគាំទ្រដល់សហគ្រិនស្រ្តីផងដែរ»

ការកសាងសមត្ថភាពសហគ្រិន គឺជាការងារអាទិភាពមួយរបស់ CGCC ក្នុងបេសកកម្មបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។ EPIC គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែល នឹងនាំមកនូវប្រធានបទពាក់ព័ន្ធការប្រតិបត្តិ និងគ្រប់គ្រងអាជីវកម្ម ដើម្បីអភិវឌ្ឍសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ/គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម៕

Credit to: Fresh News, published on 10 December 2024