CGCC

CGCC បានរៀបចំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦

នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ CGCC បានរៀបចំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់រូបនៃ CGCC ។

កម្មវិធីនេះមិនត្រឹមតែជាកិច្ចប្រជុំប៉ុណ្ណោះទេ តែជាវេទិកាបើកចំហរមួយ សម្រាប់បុគ្គលិកគ្រប់រូបមានឱកាសក្នុងការចែករំលែកនូវទស្សនៈ ផ្លាស់ប្តូរមតិយោបល់ ពិភាក្សា និងការទទួលយកអនុសាសន៍ណែនាំនានា ក្នុងគោលបំណងរួមមួយ ដើម្បីស្វែងរកនូវគំនិតថ្មីៗដែលមានលក្ខណៈនវានុវត្តន៍ក្នុងការចូលរួមអភិវឌ្ឍ CGCC ឱ្យក្លាយជាស្ថាប័នធានាឥណទានឈានមុខ និងចូលរួមចំណែកក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។

 

CGCC ចូលរួមក្នុងកម្មវិធីពិព័រណ៍ការងារ AUPP Career Fair Spring 2026 នៅសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP)

កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ តបតាមការអញ្ជើញ ក្រុមការងារ CGCC បានចូលរួមក្នុងកម្មវិធីពិព័រណ៍ការងារ AUPP Career Fair Spring 2026 ដែលបានរៀបចំឡើងដោយ សាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP) នៅឯទីតាំងសាកលវិទ្យាល័យផ្ទាល់ ដែលក្នុងកម្មវិធីនេះ CGCC បានចូលរួមដាក់តាំងបង្ហាញ និងផ្តល់នូវព័ត៌មានទូទៅអំពី CGCC និងការធានាឥណទានទៅកាន់សិស្ស និស្សិត និងអ្នកចូលរួមទូទៅឱ្យបានស្គាល់ និងបានយល់ដឹងបន្ថែម ព្រមទាំងបានបង្ហាញអំពីឱកាសការងារដែលមាននៅ CGCC សម្រាប់សិស្ស និស្សិតគ្រប់រូប ដែលមានបំណងចង់អភិវឌ្ឍសមត្ថភាព និងចំណេះដឹង។

កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងផ្តល់ជាវេទិកាសម្រាប់សិស្ស និស្សិត និងអ្នកចូលរួមទូទៅ អាចស្វែងយល់បន្ថែមអំពីឱកាសទីផ្សារការងារដែលកំពុងតែមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងសម្រាប់អ្នកចូលរួមគ្រប់រូបអាចទទួលបាននូវឱកាសក្នុងការស្វែងរកក្តីស្រមៃបំពេញការងារវិជ្ជាជីវៈរបស់ខ្លួននៅតាមស្ថាប័ននានា ដែលបានចូលរួមដាក់បង្ហាញក្នុងកម្មវិធីនេះផងដែរ។

 

ពិធីអបអរសាទរខួប ៥ឆ្នាំ របស់ CGCC “៥ឆ្នាំ នៃការធានាឥណទានជាយុទ្ធសាស្រ្ដ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន”

ទាញយកសេចក្តីប្រកាសព័ត៌មាន

 

CGCC, CWA, FTB និង Water.org បង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានផ្លូវការ សម្រាប់គាំទ្រវិស័យទឹកស្អាតនៅកម្ពុជា

នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ នៅទីស្នាក់ការកណ្តាលរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានការរៀបចំកម្មវិធីចុះហត្ថលេខាលើ (១) កិច្ចព្រមព្រៀងធានាឥណទានជាកញ្ចប់ សម្រាប់គម្រោងធានាឥណទានដើម្បីអភិវឌ្ឍសេវាសាធារណៈ សម្រាប់ប្រតិបត្តិករទឹកស្អាតកម្ពុជារវាង សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB), និង (២) អនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង CGCC និង សមាគមអ្នកផ្គត់ផ្គង់ទឹកកម្ពុជា (CWA), និង (៣) MOU រវាង CGCC និងអង្គការ Water.org។

កម្មវិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ និងត្រូវបានចុះហត្ថលេខាដោយ លោក ណូ លីដា អគ្គនាយក CGCC, លោក ឌិត ​សុចល ប្រធាននាយកប្រតិបត្តិធនាគារ FTB,​ លោក លឹម មិ នាយកប្រតិបត្តិ CWA, និងលោកស្រី ហ្គេ សាន់តូស នាយកតំបន់អាស៊ីអាគ្នេយ៍ នៃអង្គការ Water.org ។ ពិធីចុះកិច្ចព្រមព្រៀងនេះ​ មានអ្នកចូលរួម សរុបប្រមាណ ៧០រូប ដែលជា ប្រតិបត្តិករទឹកស្អាត, ថ្នាក់គ្រប់គ្រង, ព្រមទាំងបុគ្គលិកនៃស្ថាប័នទាំងបួននេះ។

 គម្រោងធានាឥណទានដើម្បីអភិវឌ្ឍសេវាសាធារណៈ សម្រាប់ប្រតិបត្តិករទឹកស្អាតកម្ពុជា គឺជាគំនិតផ្តួចផ្តើមក្នុងការគាំទ្រប្រតិបតិ្តករទឹកស្អាតឱ្យទទួលបានហិរញ្ញប្បទានគ្រប់គ្រាន់ តាមរយៈការធានាឥណទានដែលមានលក្ខខណ្ឌអនុគ្រោះ។

លោក ណូ លីដា អគ្គនាយក CGCC មានប្រសាសន៍ឱ្យដឹងថា៖ “ការផ្គត់ផ្គង់ទឹកស្អាត គឺជាសេវាសាធារណៈចាំបាច់ និងត្រូវការពង្រីកបន្ថែមនៅកម្ពុជា សម្រាប់សុខុមាលភាពរបស់ប្រជាជន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ CGCC មានមោទនភាពដែលបានរៀបចំគម្រោងធានាឥណទានជាក់លាក់មួយ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ដោយផ្តល់ការធានាដែលមានលក្ខខណ្ឌអនុគ្រោះ។ គម្រោងនេះ អាចដាក់ឱ្យដំណើរការទៅបាន ដោយមានការសហការជាមួយដៃគូពាក់ព័ន្ធសំខាន់ៗ រួមមាន ធនាគារ FTB, សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងអង្គការ Water.org។ ស្ថាប័ននីមួយៗ នឹងចូលរួមចំណែកក្នុងការអនុវត្តគម្រោងធានាឥណទានដើម្បីអភិវឌ្ឍសេវាសាធារណៈនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេស ចូលរួមធានាថាកម្ចីមានការធានាត្រូវបានផ្តល់ជូនដល់ប្រតិបត្តិករទឹកស្អាតចំទិសដៅ ដែលមានសក្តានុពល និងមានហានិភ័យសមស្របអាចគ្រប់គ្រងបាន។ក្នុងដំណាក់កាលដំបូងនៃគម្រោងធានាឥណទាននេះ CGCC និង FTB ប្តេជ្ញាផ្តល់កម្ចីមានការធានាសរុប ៥ លានដុល្លារអាមេរិក ជូនដល់បណ្តាប្រតិបត្តិករទឹកស្អាតនៅកម្ពុជា។”

តាមរយៈគម្រោងនេះ CGCC នឹងផ្តល់ការធានាលើកម្ចីដែលបញ្ចេញដោយធនាគារ FTB ដែលជាធនាគារដៃគូរបស់ CGCC ចាប់ពីពីឆ្នាំ២០២១ មក ជូនដល់ប្រតិបត្តិករទឹកស្អាតនៅកម្ពុជា។

លោក ឌិត ​សុចល ប្រធាននាយកប្រតិបត្តិធនាគារ FTB  មានប្រសាសន៍ឱ្យដឹងថា៖ “ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន និងអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងធានាឥណទានដើម្បីអភិវឌ្ឍ សេវាសាធារណៈសម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន រវាងធនាគារ FTB និង CGCC ឆ្លុះបញ្ចាំងឱ្យឃើញពីទំនាក់ទំនងដ៏ល្អ ចាប់តាំងពីឆ្នាំ ២០២១ ដោយបានពង្រីកកិច្ចសហការជាបន្តបន្ទាប់ ជាមួយការអនុវត្តទំហំឥណទានសរុបប្រមាណជាង ១៩លានដុល្លារអាមេរិក ក្នុងនោះឥណទានសម្រាប់ប្រតិបត្តិករទឹកស្អាត សរុបប្រមាណជាង ២.៣ លានដុល្លារអាមេរិក។ តាមរយៈការសហការនេះ ស្ថាប័នទាំងពីរបានព្យាយាមខិតខំ និងតែងតែស្វែងយល់បន្ថែមពីការច្នៃប្រឌិតថ្មីៗលើបញ្ហាពាក់ព័ន្ធនឹងវិស័យទឹកស្អាត​​ និងការសហការរួមគ្នាឆ្ពោះទៅរកការគ្រប់គ្រងប្រព័ន្ធទឹកស្អាតនៅប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព។”

ដើម្បីកាត់បន្ថយហានិភ័យ និងកំណត់ប្រតិបត្តិករទឹកស្អាតឱ្យបានចំគោលដៅ CGCC និង FTB នឹងសហការគ្នាផ្តល់កម្ចីមានការធានាជូនដល់ប្រតិបត្តិករទឹកស្អាត ដែលជាសមាជិករបស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងធ្លាប់ ឬកំពុងទទួលបានជំនួយបច្ចេកទេស ឬការគាំទ្រហិរញ្ញវត្ថុពីអង្គការ Water.org ផងដែរ។

តាមរយៈនេះ លោក លឹម មិញ នាយកប្រតិបត្តិសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានលើកឡើងថា៖ “ភាពជាដៃគូនេះ គឺជាជំហានដ៏សំខាន់មួយសម្រាប់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន ដែលកំពុងខិតខំអភិវឌ្ឍ និងពង្រីកសេវាកម្មផ្គត់ផ្គង់ទឹកស្អាតឱ្យបានពេញលេញក្នុងតំបន់អាជ្ញាបណ្ណរបស់ពួកគេ។ ការចូលរួមរបស់ CWA ក្នុងគម្រោងនេះ គឺដើម្បីជំរុញឱ្យសមាជិកទទួលបានឱកាសប្រើប្រាស់ហិរញ្ញប្បទានផ្លូវការ ដែលមានភាពច្បាស់លាស់ សុវត្ថិភាព និងអាចជួយបំពេញគោលដៅជាសកលក្នុងការទទួលបានទឹកស្អាតនៅឆ្នាំ ២០៣០។”

បន្ថែមពីនេះ លោកស្រី ហ្គេ សាន់តូស នាយកតំបន់អាស៊ីអាគ្នេយ៍ នៃអង្គការ Water.org មានប្រសាសន៍ថា៖​ “Water.org បានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាតាំងពីឆ្នាំ ២០២២ ហើយតាមរយៈការសហការយ៉ាងរឹងមាំ ពួកយើងបានជួយគាំទ្រប្រជាពលរដ្ឋជាង ២,១៩ លាននាក់ និងកៀរគរថវិកាបានជាង ២៨១ លានដុល្លារ ដល់វិស័យទឹកស្អាត​ និង​អនាម័យ​​។ ទោះបីជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក៏ដោយ អត្រានៃចំនួនប្រជាជនដែលមានលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យប្រកបដោយសុវត្ថិភាពនៅតែមិនទាន់គ្រប់គ្រាន់ ក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពទី៦ (SDG 6) នៅប្រទេសកម្ពុជានៅឡើយទេ។ ដូច្នេះ Water.org មានសេចក្តីរីករាយក្នុងការគាំទ្រគម្រោងធានាឥណទានដើម្បីអភិវឌ្ឍសេវាសាធារណៈ សម្រាប់ប្រតិបត្តិករទឹកស្អាតនៅកម្ពុជា។”

គម្រោងធានាឥណទានដើម្បីអភិវឌ្ឍសេវាសាធារណៈ (UDGS) គឺជាគំរូហិរញ្ញវត្ថុថ្មីមួយដែលបង្កើតឡើងដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានផ្លូវការរបស់ប្រតិបត្តិករទឹកស្អាតឯកជន ដោះស្រាយបញ្ហាប្រឈមលើទ្រព្យធានា និងការធានាឥណទានជាមួយនឹងលក្ខខណ្ឌអនុគ្រោះ។ ជាផ្នែកមួយនៃភាពជាដៃគូ​យុទ្ធសាស្រ្ដនេះ ភាគីទាំងបួននឹងបង្កើនកិច្ចសហប្រតិបត្ដិការក្នុងការលើកកម្ពស់ និងគាំទ្រការរីកចម្រើនរបស់​អាជីវកម្ម​​តាមរយៈ​ការផ្ដល់ហិរញ្ញប្បទានប្រតិបត្តិការ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការ​សម្រេចគោលដៅជាសកល នៃលទ្ធភាពប្រើប្រាស់ទឹកស្អាតនៅឆ្នាំ២០៣០៕

 

 

សិក្ខាសាលាបច្ចេកទេសបិទបញ្ចប់គម្រោង CAPFish-Capture (លទ្ធផលទី២) ស្តីពី ការជំរុញសមត្ថភាពប្រកួតប្រជែង ដើម្បីកំណើនអាជីវកម្មក្នុងវិស័យជលផលកាន់តែប្រសើរឡើងនៅកម្ពុជា

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លោក ណូ លីដា អគ្គនាយក CGCC និងលោកស្រី សាន សុខរីណា ប្រធានជាន់ខ្ពស់ទទួលបន្ទុកការិយាល័យ អភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការរបស់​ CGCC បានចូលរួមក្នុងសិក្ខាសាលាបច្ចេកទេសបិទបញ្ចប់គម្រោង CAPFish-Capture (លទ្ធផលទី២) ក្រោមប្រធានបទ “ការជំរុញសមត្ថភាពប្រកួតប្រជែង ដើម្បីកំណើនអាជីវកម្មក្នុងវិស័យជលផលកាន់តែប្រសើរឡើងនៅកម្ពុជា” ដែលរៀបរៀបចំឡើងដោយអង្គការ UNIDO សហការជាមួយរដ្ឋបាលជលផល (FiA) និងសហភាពអឺរ៉ុប ក្រោមការអញ្ជើញជាអធិបតីភាពដោយ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីអ្នកបង្កើតគោលនយោបាយ ដៃគូអភិវឌ្ឍន៍ និងអ្នកតំណាងផ្នែកឯកជនរួមគ្នាជាច្រើន ក្នុងគោលបំណងពិនិត្យមើលសមិទ្ធផលគម្រោង ចែករំលែកមេរៀន និងស្វែងយល់ពីយុទ្ធសាស្ត្រសម្រាប់កំណើនវិស័យឯកជនប្រកបដោយនិរន្តរភាពក្នុងវិស័យជលផលរបស់កម្ពុជា។

នាឱកាសនោះដែរ លោក ណូ លីដា ក៏បានចូលរួមជាវាគ្មិនកិត្តិយសលើកិច្ចពិភាក្សាទី១ ក្រោមប្រធានបទ៖ “ការគាំទ្រផ្នែកសុវត្ថិភាពម្ហូបអាហារ និងសហហិរញ្ញប្បទានដើម្បីជំរុញការប្រកួតប្រជែងរបស់វិស័យឯកជន” រួមជាមួយនឹងតំណាងមកពីរដ្ឋបាលជលផល តំណាងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម អ្នកជំនាញអន្តរជាតិផ្នែកអភិវឌ្ឍវិស័យឯកជន  ដែលផ្តោតលើការលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានខ្សែសង្វាក់តម្លៃ ការអនុលោមតាមសុវត្ថិភាពចំណីអាហារ និងការប្រកួតប្រជែង ដើម្បីពង្រឹងលទ្ធភាពទទួលបានទីផ្សារសម្រាប់ផលិតផលជលផលកម្ពុជា។

ជាមួយគ្នានេះលោកស្រី សាន សុខរីណា ក៏បានចូលរួមជាវាគ្មិនកិត្តិយសលើកិច្ចពិភាក្សាទី២ ក្រោមប្រធានបទ៖ “ការគាំទ្រផ្នែកសេវាកម្មអភិវឌ្ឍអាជីវកម្ម និងការចូលរួមរបស់សមាគមនក្នុងការអភិវឌ្ឍវិស័យឯកជនដើម្បីជំរុញកំណើនប្រកបដោយបរិយាប័ន្ន និងចីរភាព” ដែលផ្ដោតទៅលើការយល់ដឹងអំពីសារៈសំខាន់របស់ផែនការអាជីវកម្មសម្រាប់សហគ្រាសជលផលនៅកម្ពុជាក្នុងការទទួលបានហិរញ្ញប្បទានដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្មជលផលប្រកបដោយនិរន្តរភាព។

សិក្ខាសាលាបានបញ្ចប់ដោយមានការទទួលស្គាល់ពីអ្នករួមចំណែកសំខាន់ៗ និងអ្នកដឹកនាំនៃការផ្លាស់ប្តូរ ដែលបានគាំទ្រការកែលម្អខ្សែសង្វាក់តម្លៃ និងកំណើនអាជីវកម្មរួមបញ្ចូល។ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សានេះ CGCC បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត ក្នុងការជំរុញភាពច្នៃប្រឌិត ភាពជាដៃគូ និងភាពប្រកួតប្រជែងក្នុងខ្សែសង្វាក់តម្លៃជលផលរបស់កម្ពុជា។

 

កិច្ចប្រជុំគណៈកម្មការវិនិយោគនៃកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ លើកទី៧

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរៀបចំកិច្ចប្រជុំគណៈកម្មការវិនិយោលើកទី៧ ដែលជាកិច្ចប្រជុំលើកចុងក្រោយនៃកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (Value Chain Investment Support Facility – ISF) នៅឯសណ្ឋាគារខាព្រីភ្នំពេញ និងតាមរយៈប្រព័ន្ធអនឡាញ។ កិច្ចប្រជុំនេះមានការដឹកនាំដោយលោក ខូវ គួង អនុប្រធានរដ្ឋបាលជលផល និងប្រធានគណៈកម្មការវិនិយោគនៃកម្មវិធី ​ISF និងមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ រួមមានការចូលរួមពីតំណាងរដ្ឋបាលជលផល (FiA) សមាគមអ្នកផលិតចំណីអាហារកម្ពុជា (CFMA), ក្រុមការងារគម្រោង UNIDO, ប្រតិភូសហភាពអឺរ៉ុប, តំណាងមក CGCC ដែលមានលោក ណូ លីដា ជាអគ្គនាយក លោកស្រី សាន សុខរីណា ជាប្រធានជាន់ខ្ពស់នៃការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការ​ រួមជាមួយក្រុមការងារ  និងស្ថាប័នហិរញ្ញវត្ថុចំនួនបីផ្សេងទៀត ដើម្បីពិនិត្យ វាយតម្លៃ និងអនុម័តលើផែនការអាជីវកម្មរបស់សហគ្រាស។

ក្នុងនោះ ក្រុមការងារ​ CGCC បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃគម្រោង ISF និង​ ផែនការអាជីវកម្មរបស់សហគ្រាស ដើម្បីឱ្យគណៈកម្មាធិការធ្វើការពិនិត្យ  វាយតម្លៃ និងអនុម័តលើផែនការអាជីវកម្មរបស់សហគ្រាសទាំងនោះ។ បន្ថែមពីលើនេះផងដែរ កិច្ចប្រជុំក៏បានផ្តោតទៅលើការវិនិយោគដែលកំពុងបន្ត មូលនិធិដែលបានប្រើប្រាស់ និងសមិទ្ធិផលរបស់សហគ្រាសដែលទទួលបានការគាំទ្រការវិនិយោគពីគម្រោង ISF កន្លងមក។ កម្មវិធី ISF គឺជាគំរូ​ហិរញ្ញវត្ថុថ្មីមួយរបស់គម្រោង CAPFISH-Capture ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) អនុវត្តដោយអង្គការ UNIDO និងរដ្ឋបាលជលផល (FiA) ហើយកម្មវិធីនេះត្រូវបានគ្រប់គ្រង និងចាត់ចែងមូលនិធិដោយ CGCC ក្រោមគម្រោងធានាឥណទានសម្រាប់វិស័យជលផលក្រោយប្រមូលផល (PFGS) ។

គិតមកដល់ដំណាច់ខែសីហា ឆ្នាំ២០២៥ CGCC បានអនុម័តការធានាឥណទានដល់សហគ្រាសសរុបចំនួន២១ ដែលបានទំហំវិនិយោគសរុបប្រមាណ ១,៨ លានដុល្លា ដែលក្នុងនោះ ជំនួយឥតសំណងមាន (Grant) មានទំហំ ៤៦៣.៥៨៤ ដុល្លារ ស្មើនឹង ២៥.៧១%, កម្ចីដែលមានការធានា (Guaranteed Loan) មានទំហំ ៥៧៩.៥០០ ដុល្លារ ស្មើនឹង ៣២.១៤% និង បដិភាគចូលរួមផ្ទាល់ពីសហគ្រាស (Equity) មានទំហំ ៧៦០.០០៦ ដុល្លារ ស្មើនឹង ៤២.១៥% ៕

CGCC ចូលរួមវគ្គបណ្តុះបណ្តាលក្រៅប្រទេស ស្តីពី “ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈដំណោះស្រាយឥណទានឌីជីថល” នៅប្រទេសសិង្ហបុរី

កាលពីថ្ងៃទី២៨ ដល់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី ក្រុមការងារ CGCC រួមមានលោក រីក ចំរើន អនុប្រធានការិយាល័យវាយតម្លៃឥណទាន និងលោក ម៉ក់ ឧត្តម បុគ្គលិកប្រតិបត្តិជាន់ខ្ពស់ គ្រប់គ្រងការធានាឥណទាន បានចូលរួមវគ្គបណ្តុះបណ្តាលក្រៅប្រទេស ស្តីពី “ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈដំណោះស្រាយឥណទានឌីជីថល” ដែលបានរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) តាមរយៈកិច្ចសហការជាមួយនឹងអង្គការ Water.Org ជូនដល់គ្រឹះស្ថានសមាជិកដែលបានចូលរួមក្នុងគម្រោងឥណទានទឹកស្អាតនិងអនាម័យ (WCAD)។

កម្មវិធីបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការវាយតម្លៃ និងត្រួតពិនិត្យឥណទាន ដើម្បីពង្រឹង និងពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុដែលប្រកបដោយបរិយាបន្ន ជាពិសេសការផ្តល់ដំណោះស្រាយលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យនៅកម្ពុជាប្រកបដោយនវានុវត្តឌីជីថល។ ជាមួយគ្នានេះ កម្មវិធីបណ្តុះបណ្តាល ក៏ផ្តល់នូវកាលានុវត្តភាពដល់សិក្ខាកាមដើម្បីឈ្វេងយល់អំពីការអនុវត្តល្អៗពាក់ព័ន្ធនឹងថ្នាលឌីជីថល ក៏ដូចជាទទួលបាននូវចំណេះដឹងអំពីការវាយតម្លៃឥណទាន ការគ្រប់គ្រងហានិភ័យ ការប្រមូលទិន្នន័យតាមប្រព័ន្ធឌីជីថល ជាពិសេសការបង្កើតយុទ្ធសាស្ត្រនានាដើម្បីជំរុញ និងគាំទ្រដល់សហគមន៍មូលដ្ឋានក្នុងការទទួលបានឥណទានទឹកស្អាត និងអនាម័យ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ CGCC និង CMA បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាពនៅកម្ពុជា ដែលរួមមានកិច្ចសហប្រតិបត្តិការក្នុងការចូលរួមពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបង្កើនការផ្តល់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើង៕

 

ទស្សនកិច្ចរបស់និស្សិតនៃវិទ្យាស្ថានខេមអេដ មកកាន់សាជីវកម្មធានាឥណទានកម្ពុជា

ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ លោក ណូ លីដា អគ្គនាយក CGCC មានក្តីសោមនស្សដែលបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចនៃនិស្សិតវិទ្យាស្ថានខេមអេដ  (CamEd Business School) មកកាន់ការិយាល័យ CGCC តាមរយៈការដឹកនាំ និងសម្របសម្រួលដោយសាស្ត្រាចារ្យ ហូរ វរៈបុត្ត។

តាមរយៈដំណើរទស្សនកិច្ចនេះ លោកអគ្គនាយក បានចែករំលែកការយល់ដឹងអំពីតួនាទីសំខាន់របស់ CGCC ក្នុងការគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា តាមរយៈការធានាឥណទាន ការធានាសញ្ញាបណ្ណ និងកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC)។ និស្សិតទាំងអស់ក៏ទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រតិបត្តិការនៃការធានាឥណទាន សមិទ្ធផលសំខាន់ៗរបស់ CGCC និងការរួមចំណែកដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចកម្ពុជា។

គួរបញ្ជាក់ផងដែររថា ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ CGCC ក្នុងការចូលរួមកសាងសមត្ថភាព និងអភិវឌ្ឍជំនាញដល់យុវជនកម្ពុជា CGCC ក៏បានចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានខេមអេដ ក្នុងការផ្តល់ឱកាសដល់សិស្សានុសិស្សរបស់វិទ្យាស្ថាន តាមរយៈកម្មវិធីហ្វឹកហាត់ការងារ  (Internship Program) របស់ CGCC ដែលជាក់ស្ដែងនិសិត្សដែលបានបញ្ចប់ការសិក្សាចំនួន ៣រូបបានចូលរួមកម្មវិធីហ្វឹកហាត់ការងារយ៉ាងជោគជ័យផងដែរ។

ដំណើរទស្សនកិច្ចរបស់ CGCC ទៅកាន់សហគ្រាស ក្នុងវិស័យជលផលក្រោយប្រមូលផលក្នុងខេត្តសៀមរាប

នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារ CGCC ដឹកនាំដោយលោក ណូ លីដា អគ្គនាយក CGCC បានធ្វើដំណើរទស្សនកិច្ចសំណេះសំណាលជាមួយម្ចាស់សហគ្រាសនៅក្នុងវិស័យជលផលក្រោយប្រមូលផល ចំនួន២ ក្នុងខេត្តសៀមរាបដែលទទួលបានកម្ចីមានការធានាពី CGCC និងទទួលបានការគាំទ្រទុនវិនិយោគ ក្រោមកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ដែលជាគម្រោងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មនៅកម្ពុជា (UNIDO Cambodia) និងសហការឧបត្ថម្ភដោយសហភាពអឺរ៉ុប និងមាន CGCC ជាអ្នកគ្រប់គ្រងគម្រោងមូលនិធិគម្រោង។

គោលបំណងនៃការជួបពិភាក្សានេះ គឺដើម្បីស្វែងយល់ពីវឌ្ឍនភាពក្រោយទទួលបានការគាំទ្រវិនិយោគពីកម្មវិធី ISF, ស្ថានភាព និងប្រតិបត្តិការអាជីវកម្ម, ផែនការសកម្មភាព, ព្រមទាំងបញ្ហាប្រឈមដែលម្ចាស់សហគ្រាសកំពុងជួបប្រទះ ក្នុងអំឡុងភាពតានតឹងនៃជម្លោះព្រំដែននាពេលបច្ចុប្បន្ននេះ។

តាមរយៈការគាំទ្រពីកម្មវិធី ISF និងការធានាឥណទានពីCGCC ម្ចាស់សហគ្រាសជលផលក្រោយប្រមូលផលទាំងពីរនេះ បាននិងកំពុងអភិវឌ្ឍ និងបង្កើនផលិតភាពអាជីវកម្មរបស់ខ្លួន តាមរយៈការធ្វើទំនើបកម្មនូវសម្ភារបរិក្ខារ និងបច្ចេកទេសកែច្នៃ ដែលអនុវត្តតាមស្ដង់ដារសុវត្ថិភាពចំណីអាហារ ដើម្បីពង្រីកទីផ្សារក្នុងស្រុក និងឱកាសនាំចេញនាពេលអនាគតផងដែរ៕

កម្មវិធីកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាសធុនតូច និងមធ្យម (BCC) ឆ្នាំ២០២៥ ក្នុងខេត្តបាត់ដំបង

នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង ធនាគារ មេយប៊ែង ខេមបូឌា​ (Maybank) បានសហការគ្នាជាលើកទី៦ ក្នុងការរៀបចំកម្មវិធីកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាសធុនតូច និងមធ្យម (BCC) ឆ្នាំ២០២៥ នៅក្នុងខេត្តបាត់ដំបង ដែលមានការចូលរួមពីសហគ្រិននាំចេញអង្ករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវដែលអញ្ជើញមកពីតំបន់ភូមិភាគពាយ័ព្យ ព្រមទាំងខេត្តដែលនៅជុំវិញសរុបប្រមាណ ៣០រូប និងអ្នកប្រឹក្សាហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃស្ថាប័នទាំងពីរផងដែរ។

កម្មវិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពពីសំណាក់ ឯកឧត្តម អ្នកឧកញ៉ា ភួ ពុយ ប្រធានក្រុមប្រឹក្សាភិបាល និងប្រធានគ្រប់គ្រងក្រុមហ៊ុន បៃតងកម្ពុជា ដែលបានផ្តល់នូវសុន្ទរកថាគន្លឹះ និងចែករំលែកអំពីសក្តានុពលនៃការនាំចេញអង្កររបស់កម្ពុជា និងការចូលរួមជាកិត្តិយសពីសំណាក់ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ដែលបានផ្តល់នូវទស្សនវិស័យទូលំទូលាយអំពីនិន្នាការបច្ចុប្បន្ន និងឱកាសនៅក្នុងឧស្សាហកម្មស្រូវអង្ករ។

ជាមួយគ្នានេះផងដែរ លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសនៃធនាគារ Maybank ក៏បានលើកឡើងអំពីការប្តេជ្ញាចិត្តរបស់ Maybank លើសពីការផ្តល់សេវាហិរញ្ញវត្ថុ ដោយការចូលរួមពង្រឹងសមត្ថភាព SMEs ដូចជាសហគ្រិននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវជាដើម។

លោក ណូ លីដា អគ្គនាយក CGCC បានសម្តែងនូវការកោតសរសើរចំពោះធនាគារ Maybank ដែលបានផ្តួចផ្តើម និងបន្តសហការជាមួយ CGCC ក្នុងការរៀបចំកម្មវិធី BCC ចាប់តាំងពីឆ្នាំ ២០២២ រួមទាំងលើកឡើងអំពីយន្តការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្កររបស់ CGCC សម្រាប់សហគ្រិននាំចេញអង្ករ និងសមាជិករោងម៉ាស៊ីនកិនស្រូវរបស់ CRF ដើម្បីជំរុញដល់ការនាំចេញស្រូវអង្ករកម្ពុជា។

តាមរយៈសិក្ខាសាលានេះ សហគ្រិនក្នុងវិស័យស្រូវអង្ករទទួលបានការចែករំលែកចំណេះដឹងដោយផ្ទាល់លើការរំពឹងទុក និងតម្រូវការរបស់អតិថិជន ការត្រៀមខ្លួនសម្រាប់ទីផ្សារ និងភាពជាដៃគូអាជីវកម្ម ដែលជាយុទ្ធសាស្ត្រនៅក្នុងបរិបទពាណិជ្ជកម្មដែលកំពុងផ្លាស់ប្តូរ។ គំនិតផ្តួចផ្តើមនេះ បានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួមគ្នារវាងធនាគារ Maybank និង CGCC ក្នុងការផ្តល់ជូនលើសពីលទ្ធភាពទទួលបានហិរញ្ញវត្ថុ ដោយផ្តោតលើការពង្រឹងសមត្ថភាព ទំនុកចិត្ត និងការបង្កើនទំនាក់ទំនងដែលចាំបាច់ដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញភាពលូតលាស់​ក្នុងអំឡុងស្ថានភាពសេដ្ឋកិច្ចសកល ដែលកំពុងបន្តមានភាពស្មុគស្មាញនាពេលបច្ចុប្បន្ននេះ។

ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៤២០ ៥៧២តោន ទៅកាន់ទីផ្សារ៦៥គោលដៅនៅទូទាំងពិភពលោក នេះបើយោងតាមរបាយការណ៍នាំចេញអង្ករបស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។។ ដើម្បីចូលរួមគាំទ្រគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនការនាំចេញអង្ករឱ្យបាន១លានតោនក្នុងមួយឆ្នាំ CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ដែលរួមមានធនាគារមេយប៊ែង (ខេមបូឌា) ផងដែរ បាននិងកំពុងបន្តសហការអនុវត្តគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ (REGS)។ ក្នុងនោះ CGCC បានអនុម័តការធានាលើកម្ចីសរុបទឹកប្រាក់ប្រមាណ​​៣៨ លានដុល្លារ គិតត្រឹមបំណាច់ខែកក្កដា ឆ្នាំ២០២៥ ដើម្បីគាំទ្រផ្នែកហិរញ្ញប្បទានដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ។ ទន្ទឹមនឹងការគាំទ្រផ្នែកហិរញ្ញប្បទាន ធនាគារ មេយប៊ែង (ខេមបូឌា) និង CGCC ក៏បានសហការគ្នារៀបចំកម្មវិធី BCC ចំនួន៥លើក ចាប់តាំងពីឆ្នាំ២០២២ មកម្ល៉េះ។