CGCC

ការស្វែងយល់អំពីការធ្វើចំណាត់ថ្នាក់ឥណទានលើសញ្ញាបណ្ណ

ស្របពេលដែលទីផ្សារមូលបត្របំណុលសាជីវកម្មរបស់ប្រទេសកម្ពុជាកំពុងមានភាពរីកចម្រើន, ការធ្វើចំណាត់ថ្នាក់ឥណទានលើក្រុមហ៊ុនបោះផ្សាយមូលបត្របំណុលសាធារណៈកាន់តែមានសារៈសំខាន់សម្រាប់ក្រុមហ៊ុនដែលបោះផ្សាយ, អ្នកវិនិយោគិន, និយ័តករ, និងស្ថាប័នធានាឥណទាន។

ចំណាត់ថ្នាក់ឥណទាន គឺជាស្តង់ដារនៃការវាស់វែងហានិភ័យឥណទាន, ដែលនាំមកនូវតម្លាភាព និងទំនុកចិត្តខ្ពស់សម្រាប់ទីផ្សារក៏ដូចជាផ្ដល់នូវភាពសាមញ្ញក្នុងការប្រៀបធៀបពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ។ ការធ្វើចំណាត់ថ្នាក់ឥណទានជាព័ត៌មានជួយដល់ការកំណត់តម្លៃសញ្ញាបណ្ណ, ការវាយតម្លៃភាពសក្ដិសមនៃឥណទាន និងការគាំទ្រការអនុលោមតាមបទប្បញ្ញតិ និងគោលការណ៍ ឬលក្ខខណ្ឌវិនិយោគ។ ដូច្នេះហើយទើបការយល់ដឹងពីរបៀបធ្វើចំណាត់ថ្នាក់ឥណទានអាចជួយឱ្យយើងធ្វើការសម្រេចចិត្តដោយឆ្លាតវៃ បង្កើនទំនុកចិត្តដល់វិនិយោគិន និងពង្រឹងភាពជឿជាក់ និងប្រសិទ្ធភាពនៃទីផ្សារហិរញ្ញវត្ថុកម្ពុជា។

តើការធ្វើចំណាត់ថ្នាក់ឥណទានលើសញ្ញាបណ្ណជាអ្វី?

ការធ្វើចំណាត់ថ្នាក់ឥណទានលើសញ្ញាបណ្ណគឺជាការវាយតម្លៃឯករាជ្យដោយភ្នាក់ងារវាយតម្លៃទៅលើសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់អ្នកបោះផ្សាយសញ្ញាបណ្ណ។ ចំណាត់ថ្នាក់ឥណទានទាំងនេះត្រូវបានវាយតម្លៃដោយភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិដូចជា Standard & Poor’s (S&P), Moody’s និង Fitch Ratings ក៏ដូចជាស្ថាប័នក្នុងស្រុកក្រុមហ៊ុន រ៉េតធីង អេជេនស៊ី អហ្វ ខេមបូឌា Rating Agency of Cambodia (RAC) ដែលទទួលស្គាល់ដោយនិយ័តករមូលបត្រកម្ពុជា។

ខណ:ដែលភ្នាក់ងារនីមួយៗវាយតម្លៃផ្អែកតាមស្តង់ដាររបស់ខ្លួន ការវាយតម្លៃផ្អែកលើគុណភាពឥណទាន កម្រិតហានិភ័យជាទូទៅនោះចែកជាបី ១. កម្រិតដែលអាចវិនិយោគបាន ២. កម្រិតដែលមិនគួរវិនិយោគ ៣. មិនមានការវាយតម្លៃ។ សញ្ញាបណ្ណដែលស្ថិតក្នុងកម្រិតដែលអាចវិនិយោគបាន ជាទូទៅមានហានិភ័យទាប មានស្ថិរភាព ប៉ុន្តែផ្ដល់អត្រាការប្រាក់ទាប។ ផ្ទុយទៅវិញសញ្ញាបណ្ណដែលស្ថិតក្នុងកម្រិតដែលមិនគួរវិនិយោគ ជាទូទៅមានហានិភ័យខ្ពស់និងផ្តល់អត្រាការប្រាក់ខ្ពស់។ ជាឧទាហរណ៍ក្នុងតារាងខាងក្រោម សញ្ញាបណ្ណដែលស្ថិតក្នុងកំរិតដែលអាចវិនិយោគបានគឺមានចំណាត់ថ្នាក់ចាប់ពី Baa3/BBB ឡើងទៅ។Aaa/AAA គឺជាចំណាត់ថ្នាក់ដែលខ្ពស់ជាងគេបំផុតស្របពេលដែល D គឺជាចំណាត់ថ្នាក់ដែលទាបជាងគេបំផុត។ ភាពខុសផ្នែកនៃសញ្ញាបូក (+) ឬដក (-) ត្រូវបានកំណត់ ដើម្បីផ្ដល់ភាពខុសគ្នាកាន់តែល្អិតល្អន់ក្នុងប្រភេទចំណាត់ថ្នាក់នីមួយៗ។

និមិត្តសញ្ញាកម្រិតចំណាត់ថ្នាក់ឥណទានមានភាពដូចគ្នាពីប្រភេទអាជីវកម្មមួយទៅអាជីវកម្មមួយ។ ឧទាហរណ៍ ការវាយតម្លៃ BBB ដែលផ្ដល់ឱ្យអ្នកខ្ចីក្នុងវិស័យសេវាកម្មមានកម្រិតហានិភ័យ ដូចគ្នានិងការវាយតម្លៃ BBB ក្នុងក្រុមហ៊ុនមួយក្នុងវិស័យផលិតកម្ម។ ការផ្ដល់ចំណាត់ថ្នាក់ឆ្លុះបញ្ចាំងពីភាពសក្តិសមនៃឥណទានទាំងមូលរបស់អ្នកខ្ចី ប៉ុន្តែមិនឆ្លុះបញ្ចាំងពីហានិភ័យជាក់លាក់នៃកម្ចីជាក់លាក់នោះទេ។ Facility Rating គឺជាការវាយតម្លៃទៅលើហានិភ័យឥណទានសម្រាប់កម្ចីជាក់លាក់ណាមួយដោយផ្អែកទៅលើកត្តាមួយចំនួន ដូចជាប្រភេទនៃទ្រព្យធានា លំដាប់អាទិភាពនៃឥណទាន លទ្ធភាពនៃការសងត្រឡប់។ ឧទាហរណ៍ កម្ចីដែលត្រូវបានធានាដោយអចលនទ្រព្យអាចទទួលបាន Facility Rating ខ្ពស់ជាងកម្ចីដែលមិនមានការធានាពីអ្នកបោះផ្សាយសញ្ញាបណ្ណដែលមានចំណាត់ថ្នាក់ BBB ដូចគ្នាដោយសារតែការខាតបង់ដែលរំពឹងទុកមានភាពទាបជាងក្នុងករណីការខកខានបំពេញកាតព្វកិច្ចបំណុល។

ការផ្ដល់ចំណាត់ថ្នាក់ឥណទាន

ភ្នាក់ងារផ្ដល់ចំណាត់ថ្នាក់ឥណទានវាយតម្លៃហានិភ័យឥណទានរបស់អ្នកបោះផ្សាយសញ្ញាបណ្ណ យោងលើការវិភាគចម្រុះរវាងកត្តាតួលេខនិងគុណភាព។ តួលេខដែលយកមកវិភាគនោះរួមមានលទ្ធផលហិរញ្ញវត្ថុដូចជាលំហូរសាច់ប្រាក់លទ្ធភាពនៃការប្រើប្រាស់កម្ចីភាពអាចបង្វែរជាសាច់ប្រាក់និងរចនាសម្ព័ន្ធទុនជាដើម។ ចំណែកឯកតាគុណភាពរួមមានហានិភ័យនៃវិស័យអាជីវកម្ម ហានិភ័យប្រទេស កម្រិតសមត្ថភាពនៃអាជីវកម្ម គុណភាពនៃការគ្រប់គ្រង គុណភាពអភិបាលកិច្ច និងបរិយាកាសបទប្បញ្ញតិ។ បន្ទាប់ពីធ្វើការវាយតម្លៃភាពសក្ដិសម ឥណទានរួចមក ភ្នាក់ងារផ្ដល់ចំណាត់ថ្នាក់ ពិនិត្យមើលលក្ខខណ្ឌនៃសញ្ញាបណ្ណមួយចំនួនដូចជា លំដាប់អាទិភាពនៃឥណទាន ទ្រព្យធានានិងវិធីសាស្រ្ដនៃការបង្កើតគុណភាពឥណទាន (ឩ.ការធានាផ្សេងៗ)។ ការវាយតម្លៃឥណទានបង្ហាញពីលទ្ធភាពសងនិងធ្វើឡើងដោយគណ:កម្មាធិការវាយតម្លៃ និងត្រូវបានត្រួតពិនិត្យជាទៀងទាត់បើសិនជាអាចមានការផ្លាស់ប្ដូរ។

ការផ្ដល់ចំណាត់ថ្នាក់ គឺជាការសន្មតទៅកាន់ពេលអនាគតពី ៦ខែ ទៅ ២ឆ្នាំទៅតាមការវិភាគរបស់ភ្នាក់ងារវាយតម្លៃ។ ការវិភាគទៅមុខនេះបានពិចារណាអំពីសមត្ថភាពក្នុងការបំពេញកាតព្វកិច្ចហិរញវត្ថុដែលអាចកើតឡើងប៉ុន្តែចំណាត់ថ្នាក់ឥណទានមិនមែនជាការធានានូវលទ្ធផលនាពេលអនាគតទេ។ ទោះបីជាការធ្វើចំណាត់ថ្នាក់ឥណទានជាមធ្យោបាយមួយដ៏សំខាន់ដើម្បីកំណត់ហានិភ័យនៃសញ្ញាបណ្ណ វិនិយោគិនត្រូវបានលើកទឹកចិត្តមិនឱ្យពឹងផ្អែកលើការវាយតម្លៃនេះទាំងស្រុងក្នុងការសម្រេចចិត្តទេ។ ដូច្នេះវិនិយោគិនគួរប្រើប្រាស់ចំណាត់ថ្នាក់ឥណទាននេះជាជំនួយបន្ថែមទៅលើការត្រួតពិនិត្យ ឬវិភាគដោយខ្លួនឯង ដូចជាការវិភាគទៅលើរបាយការណ៍ហិរញ្ញវត្ថុ យល់ដឹងឱ្យច្បាស់អំពីលក្ខខណ្ឌដែលទាក់ទងនឹងសញ្ញាបណ្ណព្រមទាំងវិភាគលក្ខខណ្ឌទីផ្សារនិងសេដ្ឋកិច្ច មុននឹងសម្រេចចិត្តវិនិយោគយោងលើព័ត៌មានដែលគ្រប់គ្រាន់។

ការប្រើប្រាស់ការផ្ដល់ចំណាត់ថ្នាក់ឥណទាននៅក្នុងទីផ្សារសញ្ញាបណ្ណនៅប្រទេសកម្ពុជា

ការវាយតម្លៃឥណទានដោយភ្នាក់ងារវាយតម្លៃក្នុងស្រុកនិងអន្តរជាតិ ពិតជាមានសារ:សំខាន់ក្នុងការធ្វើឱ្យមានតម្លាភាព ការកំណត់តម្លៃដែលមានភាពត្រឹមត្រូវ និងលើកកម្ពស់ទំនុកចិត្តវិនិយោគិននៅក្នុងទីផ្សារសញ្ញាបណ្ណដែលកំពុងរីកចម្រើននៅប្រទេសកម្ពុជា។ ចំណាត់ថ្នាក់ឥណទានផ្ដល់នូវស្ដង់ដារនៃការវាយតម្លៃលើហានិភ័យឥណទាន និងជួយដល់ការត្រួតពិនិត្យពីស្ថាប័ននិយ័តករ ក៏ដូចជាបង្កើនការទាក់ទាញទៅកាន់វិនិយោគិនដែលវិនិយោគរយ:ពេលវែង។ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានតួនាទីជាយុទ្ធសាស្រ្ដដ៏សំខាន់ក្នុងការគាំទ្រការអភិវឌ្ឍទីផ្សារមូលបត្របំណុលជាពិសេសតាមរយ:ការធានាសញ្ញាបណ្ណរូបិយប័ណ្ណចារឹកជាប្រាក់រៀលដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX)។ ការធានាឥណទានលើសញ្ញាបណ្ណ ជួយឱ្យចំណាត់ថ្នាក់ឥណទាន (Credit Rating) របស់សញ្ញាបណ្ណដែលត្រូវបានបោះផ្សាយមានភាពប្រសើរឡើងផងដែរ និងចូលរួមបង្កីនការជឿទុកចិត្តរបស់វិនិយោគិន និងទាក់ទាញការវិនិយោគលើសញ្ញាបណ្ណដែលមានការធានា។

ឯកសារយោង:

Corporate Finance Institute. (n.d.). Bond Ratings.

Fidelity. (n.d.). Bond Ratings: What they are and how they work.

S&P Global Ratings. (2022). Guide to credit rating essentials: What are credit ratings and how do they work?

Credit Guarantee Corporation of Cambodia (CGCC). (n.d.). Bond Guarantee.

Yog INFRA (2025) Credit Risk Assessment – CGCC Training 2025. Phnom Penh: Credit Guarantee Corporation of Cambodia.

 

អាននិងទាញយកជា PDF៖ ការស្វែងយល់អំពីការធ្វើចំណាត់ថ្នាក់ឥណទានលើសញ្ញាបណ្ណ

 

កិច្ចប្រជុំបុគ្គលិក CGCC ប្រចាំត្រីមាសទី២ និងផែនការសកម្មភាពសម្រាប់ត្រីមាសបន្ទាប់

នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥  សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរៀបចំនូវកិច្ចប្រជុំបុគ្គលិក ដើម្បីធ្វើបច្ចុប្បន្នភាព និងបូកសរុបពីសមិទ្ធផលវឌ្ឍនភាពការងារត្រីមាសទី២ នៃឆ្នាំ២០២៥ និងចែករំលែកអំពីផែនការការងារសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥ ។

កិច្ចប្រជុំបុគ្គលិកនេះ មានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ CGCC ដែលមិនត្រឹមតែជាវេទិកា ចែករំលែករបាយការណ៍វឌ្ឍនភាព និងផែនការប៉ុណ្ណោះទេ ថែមទាំងជាវេទិកាសន្ទនា ដើម្បីពិភាក្សា និងទទួលយកអនុសាសន៍ដោយបើកចំហរ ពីគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ស្របជាមួយទិសដៅដើម្បីអភិវឌ្ឍ CGCC លើប្រតិបត្តិការការងារ និងចូលរួមចំណែកសម្រេចចក្ខុវិស័យរួមរបស់ CGCC ក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។

សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារ ស្ថាបនា ជំរុញការរីកចម្រើននៅកម្ពុជា តាមរយៈកិច្ចសហការយុទ្ធសាស្រ្តលើគម្រោងធានាឥណទាន

ភ្នំពេញ ថ្ងៃទី២១  ខែកក្កដា ឆ្នាំ២០២៥៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការស្តីពីគម្រោងធានាឥណទានបោះដុំ និងគម្រោងធានាឥណទានដើម្បីជំរុញសេដ្ឋកិច្ច។ គំនិតផ្តួចផ្តើមនេះបង្កើតឡើងក្នុងគោលបំណងបង្កើនការផ្តល់កម្ចីដល់អាជីវកម្មនៅកម្ពុជា។ កិច្ចសហការជាយុទ្ធសាស្រ្តមួយនេះ មានសារៈសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម និងសាជីវកម្មធំៗ ទៅលើការពង្រីកអាជីវកម្ម និងជួយសម្រួលប្រតិបត្តិការផ្សេងៗឱ្យកាន់តែប្រសើរ។

ស្របពេលដែលប្រទេសកម្ពុជាកំពុងបន្តអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារ ស្ថាបនា តាមរយៈគម្រោងធានាឥណទានដែលទើបដាក់ចេញនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាទាំងមូល។ កិច្ចសហការមួយនេះនឹងធានាបានថា អាជីវកម្មគ្រប់ប្រភេទ មិនថាខ្នាតតូច មធ្យម ឬធំ ឬមានទ្រព្យធានាប៉ុណ្ណានោះទេ  ពួកគេនឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុចាំបាច់ដែលពួកគេត្រូវការដើម្បីរីកចម្រើន និងរួមចំណែកដល់ពាណិជ្ជកម្មនៅកម្ពុជា។

លោក ណូ លីដា អគ្គនាយក CGCC បានមានប្រសាសន៍ថា៖ “៥ឆ្នាំមុន ធនាគារស្ថាបនា និងសាជីវកម្មធានាឥណទានកម្ពុជា បានចាប់ផ្តើមរួមសហការគ្នា ក្នុងគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ដើម្បីគាំទ្រអាជីវកម្មឱ្យទទួលបានហិរញ្ញប្បទានចាំបាច់ ក្នុងអំឡុងពេលដ៏លំបាកនៃវិបត្តិជំងឺកូវីដ-១៩។ ចាប់តាំងពីពេលនោះមក កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំង២ បានចូលរួមគាំទ្រដល់ការស្តារឡើងវិញ និងអភិវឌ្ឍអាជីវកម្មជាច្រើន។ តាមរយៈនេះ ស្ថាប័នទាំង២ ក៏បានបង្កើតមូលដ្ឋានគ្រឹះរឹងមាំមួយ សម្រាប់ការស្វែងយល់គ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យប្រសើរឡើងនូវគម្រោងធានាឥណទាន។”

លោកបានបន្ថែមថា ៖ “ការចុះហត្ថលេខាលើគម្រោងធានាឥណទានបោះដុំ (WGS) និងគម្រោងធានាឥណទានដើម្បីជំរុញសេដ្ឋកិច្ច (ESGS) នៅក្នុងថ្ងៃនេះ បង្ហាញឱ្យឃើញពីឆន្ទៈរួមគ្នារបស់ស្ថាប័នទាំង២ ក្នុងការពង្រឹងភាពជាដៃគូ ដើម្បីបង្កើនឥទ្ធិពលនៃការធានាឥណទាន។ គម្រោង WGS  និង ESGS នឹងគាំទ្រធនាគារស្ថាបនា ក្នុងការគ្រប់គ្រងអ៊ិចស្ពូស័រ និងជួយធនាគារឱ្យមានលទ្ធភាពច្រើនជាងមុន ក្នុងការផ្តល់ហិរញ្ញប្បទានចាំបាច់ជូនដល់សហគ្រាសធុនតូច និងមធ្យម ដែលមានសក្តានុពល ជាពិសេស ក្នុងអំឡុងពេលដែលស្ថានភាពសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជា។”

លោក ហែន ហ្គី. ម៉ូលដឺ ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ «តាមរយៈកិច្ចសហការរវាងធនាគារ ស្ថាបនា និងសាជីវកម្មធានាឥណទានកម្ពុជា លើគម្រោងធានាឥណទានបោះដុំ និង គម្រោងធានាឥណទានដើម្បីជំរុញសេដ្ឋកិច្ច អនុញ្ញាតឱ្យយើងពង្រីកបណ្តាញឥណទានតាមរយៈបណ្តាញសាខាទូទាំងប្រទេសរបស់យើងទៅកាន់ទីផ្សារកាន់តែទូលំទូលាយ។» លោកបានបន្ថែមថា ការណ៍នេះនឹងជួយលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និង​បញ្ចេញ​សក្តានុពល​សហគ្រិនភាព​របស់​ប្រជាជន​កម្ពុជា។

លោកបានបន្ថែមថា៖ «កិច្ចសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា ធានាថាការផ្តល់ប្រាក់កម្ចីរបស់យើងស្របតាមអាទិភាពនៃការអភិវឌ្ឍជាតិរបស់កម្ពុជា ជំរុញកំណើននៅក្នុងតំបន់ដែលជាគន្លឹះនៃវិបុលភាពរយៈពេលវែង និងការលើកកម្ពស់ជីវភាពសម្រាប់គ្រួសារកម្ពុជា។»

 

អំពី CGCC

CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ ផលិតផល និងសេវាកម្មចម្បងរបស់ CGCC រួមមាន ការធានាកម្ចីក្នុងវិស័យធនាគារ, ការធានាសញ្ញាបណ្ណក្នុងវិស័យមូលបត្រ, និងកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលហៅកាត់ថា (EPIC)។  គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៥ CGCC បានអនុម័តការធានាលើកម្ចីអាជីវកម្មសរុបចំនួន ៥.០២៧ គណនី ដែលស្មើនឹងទឹកប្រាក់ប្រមាណ ៣០៥ លានដុល្លារអាមេរិក។ សម្រាប់ព័ត៌មានអំពីគម្រោង WGS និង ESGS  សូមចូលទៅកាន់គេហទំព័រ www.cgcc.com.kh ឬទំនាក់ទំនង CGCC តាមរយៈលេខទូរស័ព្ទ៖ 023 722 123។

អំពី ធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង 2.7 ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង 3,500 នាក់។ ធនាគារ មានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាចំនួន175 ស្ថាបនាព្រីមារណ៍ ចំនួន4  និងម៉ាស៊ីនអេធីអឹមជាង 280កន្លែង។ យើងផ្តល់ជូននូវ សេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគារចល័ត សេវាធនាគារអេឡិចត្រូនិច ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាបើកប្រាក់បៀវត្សរ៍ សេវាផ្ទេរប្រាក់ឆ្លងប្រទេសជាមួយ SWIFT វីសា B2B Connect, VISA Direct, បាគង សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត។

ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃវិស័យសហគ្រាស ធុនតូច និងមធ្យមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារ ស្ថាបនាក៏ផ្តល់ជូននូវដំណោះស្រាយក្នុងការទទួលយកការទូទាត់ជាច្រើនតាមរយៈកម្មវិធីដូចជា៖ Sathapana Tutort សម្រាប់ដៃគូអាជីវកម្ម Sathapana Gateway, S2Biz, Sathapana POS និងសេវាឌីជីថលជាច្រើនទៀត។

ថ្មីៗនេះ ធនាគារ ស្ថាបនា បានទទួលវិញ្ញាបនបត្រកម្រិតមាសក្នុងការអនុវត្តយ៉ាងពេញលេញទៅតាមគោលការណ៍ការពារអតិថិជន។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ៕

បន្ថែមពីលើនេះ ធនាគារ ក៏ត្រូវបានជ្រើសរើស និងទទួលពានរង្វាន់ឆ្នើម 2នោះគឺ “Most Innovative Mobile Banking App – Cambodia 2024” ពីស្ថាប័ន International Finance និង “Best Retail Banking –  Cambodia 2024” ពី Global Retail Banking Rankings ។ ពានរង្វាន់នេះសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ធនាគារ ស្ថាបនា ក្នុងការផ្តល់ជូនអតិថិជន និងប្រជាជនកម្ពុជានូវបទពិសោធធនាគារចល័តប្រកបដោយភាពច្នៃប្រឌិត និងល្អបំផុត។

ហើយក្នុងឆ្នាំ 2024 ធនាគារ ស្ថាបនា ក៏ទទួលបាននូវពានរង្វាន់ឆ្នើមចំនួន 3 សម្រាប់ឆ្នាំ2024 ពីក្រុមហ៊ុន VISA រួមមាន ពានរង្វាន់ “Leadership in Consumer Debit Payment Volume”, “Leadership in Total Merchant Sales Volume Growth” និងពានរង្វាន់ “Leadership in Active Net New Acceptance Location”។ ទន្ទឹមនឹងនេះផងដែរ ធនាគារក៏ទទួលបានពានរង្វាន់ឆ្នើមចំនួន 3 ពីក្រុមហ៊ុនម៉ាស្ទ័រកាតរួមមាន ពានរង្វាន់ “Leadership in Credit Growth 2024”, “Leadership in Debit Growth 2024” និងពានរង្វាន់ “Leadership in Credit Volume 2024”។ ការទទួលបានពានរង្វាន់នេះ បានបង្ហាញយ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់ធនាគារក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតជូនអតិថិជននៅកម្ពុជា។

CGCC ចូលរួមបេសកកម្មទៅកាន់ទីស្នាក់ការកណ្តាលអង្គការ UNIDO នៅប្រទេសអូទ្រីស

ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៥ លោក ណូ លីដា អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា(CGCC) ត្រូវបានអញ្ជើញឱ្យទៅចូលរួមក្នុងបេសកកម្ម ទៅកាន់ទីស្នាក់ការកណ្ដាល នៃអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម(UNIDO) នៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស។

គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺ (១) ដើម្បីបង្ហាញជូនក្រុមការងារពាក់ព័ន្ធ នៅទីស្នាក់ការកណ្តាលនៃអង្គការ UNIDO អំពីវឌ្ឍនភាព និងបញ្ហាប្រឈម និងមេរៀន នៃការអនុវត្តកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (Investment Support Facility – ISF) នៃគម្រោងអភិវឌ្ឍន៍វិស័យជលផល (CAPFISH-Capture) ដែល CGCC ជាស្ថាប័នគ្រប់គ្រងមូលធិនិ ISF និង (២) ដើម្បីបង្កើនការយល់ដឹងរបស់ CGCC អំពីនីតិវិធីពាក់ព័ន្ធរបស់ UNIDO ក្នុងការបង្កើនប្រសិទ្ធភាពនៃការការគ្រប់គ្រងមូលនិធិ ISF របស់ CGCC។

តាមរយៈដំណើរទស្សនកិច្ចនេះ លោក ណូ លីដា បានជួបប្រជុំពិភាក្សាជាមួយក្រុមការងារពាក់ព័ន្ធ នៅទីស្នាក់ការកណ្តាលនៃអង្គការ UNIDO រួមមាន៖ Islamic Finance Taskforce, Procurement and Finance Division, Agirculture Division និង Innovative Finance Division ជាដើម ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម, ដំណោះស្រាយ ដើម្បីធ្វើឱ្យប្រសើរឡើងនូវកម្មវិធី ISF, និងឱកាសក្នុងការពង្រីកកិច្ចសហប្រតិបត្តិការនាពេលអនាគត។

កម្មវិធី ISF គឺជាគំរូ​ហិរញ្ញវត្ថុថ្មីមួយរបស់គម្រោង CAPFISH-Capture ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) អនុវត្តដោយអង្គការ UNIDO និងរដ្ឋបាលជលផល (FiA) ហើយកម្មវិធីនេះត្រូវបានគ្រប់គ្រង និងចាត់ចែងមូលនិធិដោយ CGCC។  CGCC ក៏បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានសម្រាប់វិស័យជលផលក្រោយប្រមូលផល (PFGS) ដើម្បីផ្តល់ការធានាឥណទាន ដល់កម្ចីដែលនៅក្រោមកម្មវិធី​ ISF នេះ។ ជាលទ្ធផល គិតមកដល់ដំណាច់ខែមីនា ឆ្នាំ២០២៥ ក្រោមគម្រោង​នេះ CGCC បានអនុម័តការធានាឥណទានដល់សហគ្រាសសរុបចំនួន ១២ គិតជាទំហំកម្ចីស្មើនឹងប្រមាណជិត ៣០ម៉ឺនដុល្លារ៕

កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់សាជីវកម្មធានាឥណទានកម្ពុជា (EPIC) វគ្គទី៤

នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅខេត្តកំពង់ចាម សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ចាម បានសហការរៀបចំកម្មវិធី EPIC វគ្គទី៤​ ស្តីអំពី “ការរៀបចំផែនការអាជីវកម្មសម្រាប់កម្ចីអាជីវកម្មខ្នាតតូច និងមធ្យម” ក្រោមអធិបតីភាព លោក ពូន រុន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ចាម និងវត្តមានជាកិត្តិយសរបស់លោក ណូ លីដា អគ្គនាយក CGCC និងមានការចូលរួមពីសិក្ខាកាមដែលជាម្ចាស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមជាពិសេសប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តកំពង់ចាម និងបណ្តាខេត្តនានា សរុបប្រមាណ៧៥រូប ក្នុងនោះស្រ្តីមាន ២៨រូប។

តាមរយៈកម្មវិធី EPIC 4 សិក្ខាកាមបានស្វែងយល់អំពីប្រធានបទបណ្តុះបណ្តាលគោលស្តីអំពី “ការរៀបចំផែនការអាជីវកម្មសម្រាប់កម្ចីអាជីវកម្មខ្នាតតូច និងមធ្យម”     ដែលចែករំលែក ដោយ លោកស្រី ចៅ លន់មូលីការ នាយិកាប្រតិបត្តិ និងស្ថាបនិកក្រុមហ៊ុន Cambodian Standard Development & Supply Co., Ltd. និងជាក្រុមប្រឹក្សាភិបាលទទួលបន្ទុកគណៈកម្មការលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)។ ក្រោយពីបានសិក្សាស្វែងយល់លើប្រធានបទបណ្តុះបណ្តាល សិក្ខាកាមទាំងអស់ក៏បានចែករំលែកនូវបទពិសោធន៍ជាក់ស្តែងផ្ទាល់ខ្លួន ពីគ្នាទៅវិញទៅមក តាមរយៈវេទិកាពិភាក្សាជាក្រុមទៅលើការបង្កើតផែនការអាជីវកម្មតែមួយទំព័រ (Business Plan Model Lean Canvas) ដែលជាឱកាសសម្រាប់សិក្ខាកាមក្នុងការអនុវត្តផ្ទាល់ និងទទួលបានយោបល់កែលម្អនានាពីគ្រូបង្គោល និងវាគ្មិនកិត្តិយសនៅក្នុងកម្មវិធីផងដែរ។

បន្ថែមពីនេះ សិក្ខាកាមក៏ទទួលបានស្វែងយល់អំពី “យន្តការធានាឥណទាន ក្នុងការគាំទ្រលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់   សហគ្រាសធុនតូច និងមធ្យម”  តាមរយៈបទបង្ហាញដោយ លោក យុន ផន  ប្រធាននាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍន៍អាជីវកម្មនៃ CGCC ដែលក្នុងនោះក៏មាននូវការចែករំលែកអំពីគម្រោងធានាឥណទានសម្រាប់អភិវឌ្ឍសេវាសាធារណៈ សម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន ដែលជាគម្រោងធានាឥណទានគ្រោងនឹងដាក់ចេញក្នុងពេលឆាប់ៗ ដើម្បីគាំទ្រដល់ប្រតិបត្តិករទឹកស្អាតឯកជន។

ស្របជាមួយនឹងយន្តការធានាឥណទានរបស់ CGCC លោក លោក តាំង ហុកឡេង នាយកឥណទាន អាជីវកម្មខ្នាតតូច និង មធ្យម នៃធនាគារ មេយប៊ែង ខេមបូឌា ក៏បានចែករំលែកអំពី “ “នីតិវិធីនៃការវាយតម្លៃឥណទាន និងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម” និងក៏បានគូសបញ្ជាក់អំពីដំណោះស្រាយហិរញ្ញវត្ថុដែលធនាគារមេយប៊ែង អាចផ្តល់ជូនដល់ប្រតិបត្តិករទឹកស្អាតឯកជនផងដែរ។

ការកសាងសមត្ថភាពសហគ្រិន គឺជាការងារអាទិភាពមួយរបស់ CGCC ក្នុងបេសកកម្មបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។ EPIC គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែល នឹងនាំមកនូវប្រធានបទពាក់ព័ន្ធការប្រតិ​បត្តិនិងគ្រប់គ្រងអាជីវកម្ម ដើម្បីអភិវឌ្ឍសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ/គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម៕

ឱកាសសម្រាប់​សហគ្រាសកែច្នៃ​ត្រី​​ កម្មវិធី ISF ផ្ដល់ហិរញ្ញប្បទាន​អាជីវកម្ម​

ភ្នំពេញ៖ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) និង​គម្រោង​អភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូល​ផល (CAPFISH-Capture) បាន​ប្រារឰ​នូវ​វឌ្ឍនភាព​ដ៏​សំខាន់​មួយ​ក្នុង​ការពង្រឹង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​អភិវឌ្ឍ​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម (MSMEs) ក្នុង​វិស័យ​ជលផល​ក្រោយ​ប្រមូល​ផល​នៅ​កម្ពុជា។

ពិធី​ចុះហត្ថលេខា​ជា​ផ្លូវការ នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៥ ​លើ​កិច្ចព្រមព្រៀង​គាំទ្រ​សហគ្រាស​កែច្នៃ​ផល​ផលិតផល​ជលផល​ចំនួន ១១ ត្រូវបាន​រៀបចំឡើង​ក្រោម​កម្មវិធី​ហិរញ្ញវត្ថុ​គាំទ្រ​ការវិនិយោគ (ISF)​ ដែល​ទទួល​បាន​ទុន​ហិរញ្ញវត្ថុប្រមាណ​​ ៣២​ម៉ឺន​ដុល្លារ​។​

​កម្មវិធី ISF គឺជា​គំរូ​ហិរញ្ញវត្ថុ​ថ្មី​មួយ​របស់​គម្រោង CAPFISH-Capture ក្រោម​ការគាំទ្រ​ថវិកា​ពី​សហភាព​អឺរ៉ុប (EU) អនុវត្ត​ដោយ​អង្គការសហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO) និង​រដ្ឋបាល​ជលផល (FiA) ហើយ​កម្មវិធី​នេះ​ត្រូវបាន​គ្រប់គ្រង​និង​ចាត់ចែង​មូលនិធិ​ដោយ CGCC​។

​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មានរួម បាន​ឱ្យដឹងថា​៖ ​«កម្មវិធី ISF មាន​ទម្រង់​ជា​ហិរញ្ញវត្ថុ​បដិភាគ កៀរគរ​ការវិនិយោគ​សរុប​ប្រមាណ ២,៥០​លាន ដុល្លារ​អាមេរិក»។

ការ​វិនិយោគ​នោះ​មាន​កញ្ចប់​មូលនិធិ​គម្រោង​គាំទ្រ​ជា​សម្ភារ​បរិក្ខារ​ចំនួន ១​លាន ដុល្លារ​អាមេរិក (៤០% នៃ​ការវិនិយោគ​សរុប​) ប្រាក់កម្ចី​អាជីវកម្ម​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​របស់ CGCC ជាមួយនឹង​ការធានា​ឥណទាន​ពី CGCC  ចំនួន ១,២៥​លាន​ដុល្លារ​អាមេរិក (៥០%)  និង​សហ​វិនិយោគ​ផ្ទាល់​ពី​សហគ្រាស​ចំនួន ២៥០.០០០ ដុល្លារ​អាមេរិក (១០%)​។​

​សេចក្ដីប្រកាស​រួម បាន​បន្ដថា​៖ «​ចាប់តាំងពី​ការដាក់ឱ្យ​ដំណើការ​នៅ​ចុងឆ្នាំ​២០២៤ រហូតមកដល់​បច្ចុប្បន្ន​នេះ កម្មវិធី ISF បាននិងកំពុង​គាំទ្រ​សហគ្រាស​ជុំ​ដំបូង​ចំនួន ១១ និង​សហគ្រាស​ជាច្រើន​ទៀត​ស្ថិតក្នុង​ដំណើរការ​ជ្រើសរើស​នៃ​កម្មវិធី»​។

ជាមួយ​កញ្ចប់​ហិរញ្ញប្បទាន​ដំបូង​របស់​គម្រោង​ចំនួន ៣២ម៉ឺន​ដុល្លារ​អាមេរិក បាន​ទាក់ទាញ​ទុនវិនិយោគ​បន្ថែម​ជា​ប្រាក់កម្ចី​មានការ​ធានា​ចំនួន ៣៤ម៉ឺន​ដុល្លារ​អាមេរិក ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​របស់ CGCC ចំនួន ២ ស្ថាប័ន គឺ​ធនាគារ​អេស៊ីលីដា និង​ធនាគារ​មេ​យ​ប៊ែ​ង រួមជាមួយ​សហ​វិនិយោគ​ពី​សហគ្រាស​ផ្ទាល់​ចំនួន ៥៨ម៉ឺន​ដុល្លារ​អាមេរិក​។

​កម្មវិធី ISF ផ្តោត​ការគាំទ្រ​ជា​ចម្បង​ដល់​សហគ្រាស​ជលផល​ក្រោយ​ប្រមូល​ផល​ដែល​ចង់​បង្កើន​ប្រតិបត្តិការ​អាជីវកម្ម និង​ពង្រីក     ទីផ្សារ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​។ កម្មវិធី​ផ្តល់​ភាព​អង់អាច និង​ការយកចិត្តទុកដាក់​ដ​ល់​អាជីវកម្ម​ដែល​ដឹកនាំ​ដោយ​ស្ត្រី  យុវជន និង​ជន​មាន​ពិការភាព​។​

​តាមរយៈ​គំរូ​ហិរញ្ញវត្ថុ​ថ្មី​នៃ​កម្មវិធី ISF នេះ គម្រោង CAPFISH-Capture និង CGCC នឹង​បន្ដ​គាំទ្រ​សហគ្រាស​ស្ថិតក្នុង​ខ្សែ​ច្រវាក់​តម្លៃ​ជលផល​ក្រោយ​ប្រមូល​ផល ក្នុងការ​អនុវត្ត​សុវត្ថិភាព​ម្ហូបអាហារ និង​ស្តង់ដារ​ទីផ្សារ​។

កញ្ចប់​គាំទ្រ​បច្ចេកទេស​ដែល​ឆ្លើយតប​ពេញលេញ​ទៅនឹង​តម្រូវការ​ជាក់លាក់​របស់​សហគ្រាស រួមមាន​ការបង្កើត​ផែនការអាជីវកម្ម ការផ្សារភ្ជាប់​ទីផ្សារ ការបំពេញ​បាន​តា​មល​ក្ខ​ខណ្ឌ​តម្រូវ​ផ្នែក​សុវត្ថិភាព​ម្ហូបអាហារ បរិស្ថាន និង​សង្គម​ជាដើម​។​

​សហគ្រាស​ជលផល​ក្រោយ​ប្រមូល​ផល​ដែលមាន​ចំណាប់អារម្មណ៍ សូម​ដាក់ពាក្យ​ឥឡូវនេះ​! ផ្អែក​តាម​ថវិកា​មានកំណត់ ដាក់ពាក្យ​ស្នើសុំ​មុន មានឱកាស​ទទួលបាន​មុន​៕

Credit to: ភ្នំពេញ ប៉ុស្តិ៍, ចេញផ្សាយនាថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៥

 

CGCC គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម និងគម្រោង CAPFISH-Capture គាំទ្រថវិកាដោយសហភាពអឺរ៉ុប រួមគ្នាជំរុញកំណើនការវិនិយោគក្នុងអនុវិស័យជលផលតាមរយៈកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF)

ទាញយកសេចក្តីប្រកាសព័ត៌មាន

 

 

ការយល់ដឹងពីការធានាសញ្ញាបណ្ណ

តើសញ្ញាបណ្ណជាអ្វី? ចុះបើសញ្ញាបណ្ណមានការធានា?

សញ្ញាបណ្ណគឺជាបណ្ណបំណុលដែលផ្តល់ការប្រាក់ និងមានឥណប្រតិទានចាប់ពី១ឆ្នាំឡើងទៅ។ សញ្ញាបណ្ណគឺជាឧបករណ៍ហិរញ្ញប្បទានមួយប្រភេទ ដែលគេសង្កេតឃើញមាន ៣ប្រភេទគឺ សញ្ញាបណ្ណធម្មតា សញ្ញាបណ្ណមានវត្ថុធានា និងសញ្ញាបណ្ណមានការធានា។ សញ្ញាបណ្ណត្រូវបានគេរៀបចំឱ្យមានលក្ខណៈងាយស្រួលក្នុងការជួញដូរ និងជាទូទៅបោះផ្សាយដោយក្រុមហ៊ុន រដ្ឋាភិបាលនិងអ្នកបោះផ្សាយសម្រាប់គោលបំណងពិសេស។  សញ្ញាបណ្ណក៏ជាទ្រព្យមួយប្រភេទ ដែលអ្នកវិនិយោគជាច្រើនដូចជា ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនបរធនបាល និងធនាគារកណ្តាលជាដើមតែងមាននៅក្នុងផលបត្រវិនិយោគរបស់ពួកគេ។

ខណៈដែលការប្រាក់របស់សញ្ញាបណ្ណមានច្រើនប្រភេទ នៅកម្ពុជាយើងសង្កេតឃើញមានសញ្ញាបណ្ណដែលមានការប្រាក់ថេរ និងអណ្តែតនៅលើទីផ្សារ។ សញ្ញាបណ្ណការប្រាក់ថេរផ្តល់នូវការទូទាត់ការប្រាក់ក្នុងចំនួនដូចៗគ្នាក្នុងរយៈពេលទៀងទាត់មួយ ដែលអាចជារៀងរាល់ខែ ត្រីមាស ឆមាស ឬឆ្នាំ។ ចំណែកសញ្ញាបណ្ណការប្រាក់អណ្តែតវិញផ្តល់នូវការប្រាក់ទីផ្សារយោង (MRR) ណាមួយបូកជាមួយនឹងគម្លាតការប្រាក់អ្នកបោះផ្សាយ (issuer-specific spread) ដែលជាគម្លាតឥណទាន (credit spread)។ សញ្ញាបណ្ណអាចបោះផ្សាយជារូបិយបណ្ណច្រើនប្រភេទ។ សញ្ញាបណ្ណដែលទូទាត់ការប្រាក់និងប្រាក់ដើមជារូបិយបណ្ណតែមួយហៅថាសញ្ញាបណ្ណរូបិយបណ្ណទោល (single currency)។ សញ្ញាបណ្ណដែលទូទាត់ការប្រាក់ជារូបិយបណ្ណមួយ ហើយទូទាត់ប្រាក់ដើមជារូបិយបណ្ណមួយផ្សេងទៀត ហៅថាសញ្ញាបណ្ណរូបិយបណ្ណទ្វេ (dual currency)នៅកម្ពុជា សញ្ញាបណ្ណត្រូវចារឹកជាប្រាក់រៀល តែអាចទូទាត់ជាប្រាក់ដុល្លារបាន។

សញ្ញាបណ្ណមានការធានាមានការប្រាក់និងប្រាក់ដើមត្រូវបានធានាថាទូទាត់សងដោយភាគីទីបីណាមួយ នៅពេលអ្នកបោះផ្សាយខកខានមិនបានសងបំណុល។ ភាគីទីបីដែលជាបុគ្គលធានា គឺអាចជារដ្ឋាភិបាល ក្រុមហ៊ុនឯកជន ក្រុមហ៊ុនធានារ៉ាប់រង ឬក្រុមហ៊ុនមេរបស់អ្នកបោះផ្សាយនោះ។ បុគ្គលធានាផ្តល់ការធានាដល់អ្នកវិនិយោគលើសញ្ញាបណ្ណលើហានិភ័យឥណទានរបស់អ្នកបោះផ្សាយ នៅពេលអ្នកបោះផ្សាយខកខានក្នុងការបំពេញកាតព្វកិច្ចសងទាន់ពេលវេលានូវការប្រាក់ និង/ឬប្រាក់ដើមនៅក្នុងរយៈកាលរបស់សញ្ញាបណ្ណ។ សំណងនេះអាចបង្កើនទំនុកចិត្តរបស់វិនិយោគិន និងអាចធ្វើឱ្យសញ្ញាបណ្ណមានការធានា មានការប្រាក់ទាប ប៉ុន្តែអ្នកបោះផ្សាយត្រូវបង់កម្រៃធានា ដែលអត្រានៃកម្រៃនោះស្ថិតលើស្ថានភាពហានិភ័យរបស់ពួកគេផ្ទាល់។ ជាមួយនឹងការធានានេះ សញ្ញាបណ្ណដែលត្រូវបោះផ្សាយនឹងទទួលបានចំណាត់ថ្នាក់ឥណទានស្មើនឹងចំណាត់ថ្នាក់ឥណទានរបស់បុគ្គលធានា។ ហេតុនេះ ការធានាសញ្ញាបណ្ណផ្តល់ជម្រើសវិនិយោគមួយដែលមានសុវត្ថិភាពជាងដល់អ្នកវិនិយោគ ហើយផ្តល់ជម្រើសហិរញ្ញប្បទានដែលមានចំណាយការប្រាក់ទាបជាងដល់អ្នកបោះផ្សាយ។

ទោះជាយ៉ាងណា ការធានាសញ្ញាបណ្ណនឹងទាមទារនូវលក្ខខណ្ឌ (covenant) តម្រូវ និងកញ្ចប់ធានា/វត្ថុធានា (security package) ពីអ្នកបោះផ្សាយ ផ្អែកតាមការសិក្សាវាយតម្លៃ។ បុគ្គលធានាវាយតម្លៃអ្នកបោះផ្សាយជាចម្បងលើស្ថានភាពហិរញ្ញវត្ថុ អភិបាលកិច្ចសាជីវកម្ម និងផែនការធុរកិច្ចអនាគតជាដើម។ បុគ្គលធានាក៏ចុះត្រួតពិនិត្យការបំពេញកាតព្វកិច្ចតាមច្បាប់ ដោយធ្វើការជួបផ្ទាល់នៅទីតាំងរបស់អ្នកបោះផ្សាយ ដើម្បីសិក្សាលម្អិតលើស្ថានភាពហិរញ្ញវត្ថុ ប្រតិបត្តិការ គតិយុត្ត ពន្ធដារ និងផ្នែកផ្សេងៗទៀត។ បន្ទាប់ពីបញ្ចប់ដំណើរការនេះ បុគ្គលធានាអាចធ្វើការសន្និដ្ឋានបានថាតើអាចផ្តល់ការធានា សញ្ញាបណ្ណឬយ៉ាងណា ហើយត្រូវកំណត់លក្ខខណ្ឌតម្រូវនិងកញ្ចប់ធានា/វត្ថុធានាយ៉ាងណាខ្លះ។ លក្ខខណ្ឌតម្រូវគឺជាលក្ខខណ្ឌគតិយុត្តនៃកិច្ចសន្យាដែលអ្នកបោះផ្សាយត្រូវអនុលោមតាម ហើយជាទូទៅគឺពាក់ព័ន្ធនឹងការកំណត់ផ្នែកហិរញ្ញវត្ថុដែលអាចជា ការកម្រិតលើអនុបាតលីវើរ៉េច កម្រិតអប្បបរមានៃអនុបាតលទ្ធភាពសងបំណុល និងអនុបាតប្រុងប្រយ័ត្នផ្សេងទៀតដូចជា អនុបាតសន្ទនិយភាព អនុបាតសាធនភាព អនុបាតឥណទានមិនដំណើរការនិងអនុបាតផ្សេងទៀតកំណត់ដោយធនាគារកណ្តាល ប្រសិនបើអ្នកបោះផ្សាយគឺជាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ចំពោះកញ្ចប់ធានាឬវត្ថុធានាគឺជាទ្រព្យដែលមានគុណភាពនិងតម្លៃដែលគាំទ្រដល់ការជំពាក់របស់អ្នកបោះផ្សាយ ដែលអាចជាប្រាក់បញ្ញើនៅធនាគារ អចលនវត្ថុ ការធានាផ្ទាល់ខ្លួន មូលនិធិរក្សាទុកដោយឡែកជាដើម។ ជាងនេះទៅទៀត ការធានាសញ្ញាបណ្ណក៏តម្រូវឱ្យមានឯកសារគតិយុត្តមួយចំនួន ដែលក្នុងនោះចែងពីលក្ខខណ្ឌនិងការកំណត់អំពីការធានានិងការទាមទារសងត្រឡប់។

ខណៈដែលបុគ្គលធានាផ្តល់ការសន្យាលើទំនួលខុសត្រូវនៃបំណុលជំនួសឱ្យអ្នកបោះផ្សាយ បុគ្គលធានាក៏អាចស្វែងរកបុគ្គលធានាផ្សេងទៀតដើម្បីបែងចែកហានិភ័យផងដែរ។ ការធានាបន្តនេះអនុញ្ញាតឱ្យបុគ្គលធានាទាំងពីរទទួលបានចំណែកអ៊ិចស្ប៉ូស័រទៅតាមកម្រិតហានិភ័យទទួលយកបានរបស់ខ្លួន។ នៅកម្ពុជា សាជីវកម្មធានាឥណទានកម្ពុជា (CGCC) គឺជាអង្គភាពដំបូងនិងតែមួយដែលបានទទួលស្គាល់ជាបុគ្គលធានាសញ្ញាបណ្ណដោយនិយ័តករមូលបត្រកម្ពុជា។ ការធានាសញ្ញាបណ្ណរបស់ CGCC រួមមានការធានាទាំងស្រុងដោយ CGCC និងការធានាបន្ត។ ចំពោះការធានាទាំងស្រុង CGCC ធ្វើការធានាដោយឥតលក្ខខណ្ឌនិងមិនអាចលុបបានលើទំហំសញ្ញាបណ្ណបោះផ្សាយ ១០០ភាគរយ និងលើការប្រាក់។ នៅពាក់កណ្តាលឆ្នាំ២០២៤ CGCC បានបោះជំហានដ៏សំខាន់មួយក្នុងការជំរុញបេសកកម្មធានាសញ្ញាបណ្ណ ដោយបានផ្តួចផ្តើមកិច្ចសហប្រតិបត្តិការជាមួយ Private Infrastructure and Development Group (PIDG) និង GuarantCo Ltd ដែលជាបុត្រសម្ព័ន្ធរបស់ PIDG ស្ថាប័នទាំងបីបានព្រមព្រៀងធ្វើប្រតិបត្តិការធានាបន្តលើសញ្ញាបណ្ណបោះផ្សាយនៅកម្ពុជាដើម្បីគាំទ្រការអភិវឌ្ឍន៍ទីផ្សារសញ្ញាបណ្ណក្នុងស្រុក។

ដោយហេតុថា ការធានាសញ្ញាបណ្ណរបស់ CGCC នឹងផ្តល់ដល់សញ្ញបណ្ណបោះផ្សាយក្នុងទំហំទាបបំផុតត្រឹម ៨ពាន់លានរៀល (ប្រមាណ ២លានដុល្លារអាមេរិក) សហគ្រាសនិងសាជីវកម្មដែលត្រូវការទុនអាចពិចារណាបោះផ្សាយសញ្ញាបណ្ណ ជាជម្រើសបន្ថែមលើកម្ចីពីធនាគារ។ សហគ្រាសនិងសាជីវកម្ម ជាមួយទីប្រឹក្សាហិញ្ញវត្ថុ ឬក្រុមហ៊ុនមូលបត្រដែលធានាទិញសញ្ញាបណ្ណ អាចរៀបចំរយៈកាលរបស់សញ្ញាបណ្ណ អត្រាការប្រាក់ ការសងប្រាក់ដើម និងលក្ខខណ្ឌផ្សេងទៀត ទៅតាមការដែលខ្លួនចង់បាន។ ជាមួយគ្នានេះដែរ CGCC មិនបានកំណត់ការធានាសញ្ញាបណ្ណទៅត្រឹមវិស័យណាមួយនោះទេ ដូច្នេះរាល់សំណើពីអ្នកមានបំណងបោះផ្សាយនឹងត្រូវបើកទូលាយក្នុងការទទួលយកមកសិក្សាវាយតម្លៃ៕

អាននិងទាញយកជា PDF: https://www.cgcc.com.kh/wp-content/uploads/2025/06/Understanding-Bond-Guarantee.pdf

 

ស្វែងយល់អំពីការធានាឥណទាន – កិច្ចសម្ភាសន៍ជាមួយប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា

១. តើសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) យល់ឃើញដូចម្តេច ចំពោះយន្តការធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា? ហេតុអ្វីបានជា CRF ចូលរួមជាដៃគូសហការជាមួយរបស់ CGCC?

ជាបឋម  ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានផ្តួចផ្តើមគំនិតនិងបានបង្កើតនូវស្ថាប័ន CGCC នេះឡើង ដែលជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់បន្ថែមនូវលទ្ធភាពដើម្បីទទួលបានឥណទានបន្ថែមដល់វិស័យឯកជននៅកម្ពុជាពីធនាគារឯកជននានា។

ចំពោះយន្តការធានាឥណទានរបស់ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) គឺជាយន្តការមួយដែលល្អ ហើយមានលក្ខណៈបត់បែនទៅតាមស្ថានភាពជាក់ស្តែងនៃការវិវឌ្ឍសេដ្ឋកិច្ចជាតិ  ហើយក៏ជាយន្តការមួយដែលអាចផ្តល់នូវការបំពេញបន្ថែមលើកំលាំងហិរញ្ញវត្ថុ របស់សហគ្រាសធុនតូច និងមធ្យម ឱ្យកាន់តែរីកធំឡើងបន្ថែមទៀត។ ដោយសារហេតុផលនៃសារៈប្រយោជន៍ទាំងនេះហើយ ទើបសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានចូលរួមធ្វើជាដៃគូសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីជួយដោះស្រាយលើបញ្ហាកង្វះទុនបង្វិលជូនដល់សមាជិករបស់ខ្លួន។

២. តើគម្រោងធានាឥណទានរបស់ CGCC ជាពិសេសគម្រោងធានាឥណទានលើការនាំចេញអង្ករ បានផ្តល់អត្ថប្រយោជន៍ចំពោះ CRF និងសមាជិករបស់ CRF យ៉ាងដូចម្តេចខ្លះ?

គម្រោងធានាឥណទានរបស់ CGCC ជាពិសេសគម្រោងឥណទានលើការនាំចេញអង្ករ (Rice Export Guarantee Scheme) បានផ្តល់ផលប្រយោជន៍ដល់សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា លើការបង្កើតជម្រើសបន្ថែមក្នុងការទទួលបានឥណទានសម្រាប់យកទៅប្រមូលទិញស្រូវពីប្រជាកសិករ ឱ្យបានកាន់តែច្រើនឡើងសម្រាប់កិនកែច្នៃលក់ក្នុងស្រុក និងនាំចេញ។ ជាក់ស្តែងតាមរយៈគម្រោងធានាឥណទាននេះ ស្រូវប្រមាណជាជិត១២០.០០០តោន បានប្រមូលទិញបន្ថែមពីប្រជាកសិករ ដោយសារការទទួលបានការធានាឥណទាននេះ។

៣. ក្រោមគម្រោងធានាឥណទានលើការនាំចេញអង្ករ តើមានសមាជិករបស់សហព័ន្ធ បានទទួលនូវកម្ចីដែលមានការធានាពី CGCC តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ប៉ុន្មានក្រុមហ៊ុន/រោងម៉ាស៊ីន និងក្នុងទំហំកម្ចីសរុបប៉ុន្មាន? តើកម្ចីទាំងនោះត្រូវបានប្រើប្រាស់ក្នុងគោលបំណងអ្វីខ្លះ?

រយៈកាលកន្លងមកនេះ មានសមាជិកចំនួន ២១រោងម៉ាស៊ីនកិនស្រូវ ដែលបានទទួលកម្ចីក្រោមការធានាពី CGCC តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៧។ កម្ចីទាំងនោះត្រូវបានប្រើប្រាស់ជាទុនបង្វិល សម្រាប់ប្រមូលទិញស្រូវពីប្រជាកសិករសម្រាប់កិនកែច្នៃ និងលក់ដល់ក្រុមហ៊ុននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ។

៤. តើក្រុមហ៊ុននាំចេញអង្ករ/រោងម៉ាស៊ីនកិនស្រូវ ដែលជាសមាជិករបស់ CRF គួររៀបចំខ្លួនយ៉ាងដូចម្តេច ដើម្បីទទួលបានកម្ចីដែលមានការធានាពី CGCC តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC?

សហគ្រាសទាំងអស់ដែលជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវតែមានការរៀបចំនូវបញ្ជីស្នាមឱ្យបានត្រឹមត្រូវ ស្របតាមបទដ្ឋានស្តង់ដារគណនេយ្យ និងបានបំពេញនូវកាតព្វកិច្ចពន្ធដារគ្រប់ប្រភេទដែលមានជាធរមាន និងបានបំពេញលក្ខខណ្ឌពេញលេញជាសមាជិកសមាព័ន្ធស្រូវអង្ករកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះ សហគ្រាសទាំងនេះត្រូវតែបំពេញលក្ខខណ្ឌតម្រូវរបស់គ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមរបស់ CGCC ផងដែរ។

៥. ក្នុងឆ្នាំ២០២៥ តើ CRF មានយុទ្ធសាស្រ្ត ឬផែនការដូចម្តេច ដើម្បីបន្តបង្កើនការគាំទ្រដល់សមាជិករបស់ខ្លួន ក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់ជំរុញការនាំចេញអង្ករ  ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា?

សម្រាប់ឆ្នាំ ២០២៥ សហព័ន្ធស្រូវអង្ករកម្ពុជា មានផែនការជំរុញទីផ្សារនាំចេញឱ្យមានកំណើនបន្ថែមទៀត ដើម្បីបង្កើនកំលាំងផលិតរបស់សមាជិកឱ្យពេញលេញនិងអស់លទ្ធភាព ព្រោះវាជាកត្តាជំរុញដល់សមាជិកឱ្យមានតម្រូវការទុនបន្ថែម ក្នុងការប្រមូលទិញនូវសន្និធិស្រូវទុកសម្រាប់កិនកែច្នៃ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ បន្ថែមលើសពីនេះ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងជួយបណ្តុះបណ្តាលដល់សមាជិកលើការប្រើប្រាស់និងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពជាងមុន ដើម្បីជាប្រយោជន៍សម្រាប់ការទទួលបានហិរញ្ញវត្ថុផ្លូវការតាមរយៈការធានាឥណទានបន្ថែមទៀតពី CGCC

អាននិងទាញយកជា PDF: https://www.cgcc.com.kh/wp-content/uploads/2025/06/Interview-with-President-of-CRF.pdf

 

ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC

ក្តីស្រម៉ៃរបស់ខ្ញុំ គឺចង់វិនិយោគលើអាជីវកម្មដែលអាចជួយដល់សុខុមាលភាពរបស់មនុស្ស ដោយសារតែមនុស្សអាចរស់នៅបានដោយសារសុខភាព និងស្មារតីល្អ។ នេះហើយជាមូលហេតុចម្បងដែលជំរុញចិត្តរបស់ខ្ញុំ និងភរិយារបស់ខ្ញុំ ឱ្យបង្កើតអាជីវកម្មចំនួន២ឡើងមក គឺក្រុមហ៊ុន អេឌីខេរ៉ាយស៍ (អង្ករដីខ្មែរ) និងមុនីគ្លីនិក។ សម្រាប់ក្រុមហ៊ុនអង្ករដីខ្មែរ ខ្ញុំបានផ្តួចផ្តើមបង្កើតឡើងមកដោយជឿជាក់ថា អង្ករគឺជាប្រភពអាហារចម្បងរបស់មនុស្ស ដោយសារតែចំនួនប្រជាជនមានការកើនឡើងរៀងរាល់ថ្ងៃ តែផ្ទៃដីដាំដុះកសិកម្ម បែរជាកាន់តែថមថយទៅ រីឯមុនីគ្លីនិកគឺត្រូវបានបង្កើតឡើងជាមួយនឹងភរិយារបស់ខ្ញុំ ក្នុងចក្ខុវិស័យផ្តល់នូវការថែទាំនិងព្យាបាលសុខភាព តាមរយៈសេវាសុខាភិបាលដែលមានតម្លៃសមរម្យ ប្រកបដោយគុណភាពស្តង់ដារ។

តាមរយៈបទពិសោធន៍នៃការបំពេញការងារនៅក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយក្នុងប្រទេសកម្ពុជា ខ្ញុំបានសិក្សារៀនសូត្រ និងបានចុះឃើញផ្ទាល់ពីស្ថានភាពរបស់ប្រជាកសិករដាំដុះស្រូវនៅតាមជនបទ ទើបខ្ញុំសម្រេចចិត្តចាប់ផ្តើមបង្កើតដេប៉ូលក់អង្ករក្នុងស្រុកឈ្មោះថា អង្ករដីខ្មែរ និងបានពង្រីកវិសាលភាព នៅឆ្នាំ២០២១ ក្លាយជាក្រុមហ៊ុនអេឌីខេរ៉ាយស៍ ដែលជាក្រុមហ៊ុនផលិតអង្ករមានគុណភាពខ្ពស់ គោរពតាមស្តង់ដារសុវត្ថិភាពចំណីអាហារ និងផ្តល់ឱ្យកសិករនូវទីផ្សារដែលមាននិរន្តរភាព និងបង្កើនប្រាក់ចំណូលតាមរយៈការចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវមកកាន់ក្រុមហ៊ុនរបស់ខ្ញុំ។ រីឯមុនីគ្លីនិក គឺជាគ្លីនិកព្យាបាល និងថែទាំសុខភាព ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៨ តាមរយៈការចាប់ដៃជាមួយភរិយារបស់ខ្ញុំ ឈរលើឆន្ទៈក្នុងការប្តេជ្ញាផ្តល់នូវសេវាសុខភាពជូនដល់ប្រជាជនខ្មែរ ប្រកបដោយគុណភាព និងតម្លៃសមរម្យ ជាពិសេសទៅលើការព្យាបាលជំងឺទឹកនោមផ្អែម និងការត្រួតពិនិត្យសុខភាពជាប្រចាំក្នុងការការពារជំងឺធ្ងន់ធ្ងរនានា។

ពិតណាស់ គោលការណ៍នៃការប្រកបអាជីវកម្ម យើងតែងតែចង់អភិវឌ្ឍនិងពង្រីកឱ្យកាន់តែធំ។ មិនខុសពីអាជីវកម្មគ្លីនិករបស់ខ្ញុំនេះទេ ដែលនៅពេលដល់ដំណាក់កាលត្រូវពង្រីកអាជីវកម្ម យើងមានតម្រូវការទិញសម្ភារបរិក្ខារទំនើបៗ ដើម្បីបង្កើនស្តង់ដាររបស់គ្លីនិក។ ការសម្រេចចិត្តស្នើកម្ចីពីគ្រឹះស្ថានធនាគារ គឺជាមធ្យោបាយតែមួយគត់ដែលខ្ញុំជឿជាក់ថា អាចបំពេញនូវក្តីស្រម៉ៃរបស់ខ្ញុំនិងភរិយារបស់ខ្ញុំ ឱ្យកើតជារូបរាងបាន។ ប៉ុន្តែខ្ញុំមិនមានទ្រព្យធានាជាប្លង់ដី ឬប្លង់ផ្ទះ ក្នុងការតម្កល់នៅធនាគារនោះទេ តែបញ្ហាប្រឈមនេះត្រូវបានដោះស្រាយ តាមរយៈការធានាឥណទានរបស់ CGCC ដែលបានសម្រួលឱ្យខ្ញុំទទួលបានកម្ចីពីធនាគារព្រីនស៍ សម្រាប់ការទិញសម្ភារបរិក្ខារគ្លីនិក។

ការទទួលបានការធានាពី CGCC លើកម្ចីរបស់ខ្ញុំនេះ វាមិនមែនជារឿងចៃដន្យនោះទេ តែជាការទទួលបានតាមរយៈការចូលរួមកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលហៅកាត់ថា EPIC វគ្គទី១ នៃឆ្នាំ២០២៤ កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ដែលធ្វើឱ្យខ្ញុំបានស្គាល់ពី CGCC និងស្គាល់ពីធនាគារដៃគូដែលអាចផ្តល់កម្ចីដល់អាជីវកម្មដែលមានសក្តានុពល ជាមួយនឹងផែនការអាជីវកម្មច្បាស់លាស់ ហើយអាចដោះស្រាយនឹងបញ្ហាប្រឈមខ្វះទ្រព្យធានា។ ក្រោយពីទទួលបានកម្ចីរួច ខ្ញុំបានយកទៅទិញសម្ភារបរិក្ខារពេទ្យបន្ថែមសម្រាប់ដាក់នៅអគារគ្លីនិកដែលបាននិងកំពុងសាងសង់បន្ថែម ស្របនឹងគោលដៅរបស់កម្ចី ផែនការអាជីវកម្ម និងផែនការវិនិយោគច្បាស់លាស់របស់ខ្ញុំ។ បន្ថែមពីលើនេះ ខ្ញុំក៏មានគម្រោងក្នុងការស្នើកម្ចីបន្ថែមសម្រាប់ជាទុនបង្វិលក្នុងការទិញស្រូវពីកសិករ ដើម្បីបង្កើនការផលិតអង្កររបស់ក្រុមហ៊ុនអង្ករដីខ្មែររបស់ខ្ញុំនាពេលអនាគតផងដែរ។

ក្នុងនាមជាម្ចាស់អាជីវកម្មមួយរូប ខ្ញុំយល់ថា ការស្វែងយល់ពីចំណេះដឹងហិរញ្ញវត្ថុពិតជាមានសារៈសំខាន់ណាស់ ព្រោះអាចធ្វើឱ្យយើងគិតគូរបានល្អិតល្អន់លើការវិនិយោគបានគ្រប់ជ្រុងជ្រោយ ជាក់ស្តែងលើការទិញទ្រព្យ (Asset) ដើម្បីបង្កើនចំណូល ជាជាងការទិញទ្រព្យសកម្មដែលមិនអាចបម្លែងជាចំណូលបាន។ មួយវិញទៀត បើយើងចេះមានចំណេះដឹងហិរញ្ញវត្ថុ វាក៏អាចជួយឱ្យយើងចេះគ្រប់គ្រងធនធានមនុស្សដូចជា ការគិតគូរលើចំនួនបុគ្គលិក ប្រាក់ខែ ការលើកទឹកចិត្ត អត្ថប្រយោជន៍នានាផងដែរ៕

អាននិងទាញយកជា PDF: ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC