ស្វែងយល់អំពីការធានាឥណទាន – កិច្ចសម្ភាសន៍ជាមួយប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា

១. តើសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) យល់ឃើញដូចម្តេច ចំពោះយន្តការធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា? ហេតុអ្វីបានជា CRF ចូលរួមជាដៃគូសហការជាមួយរបស់ CGCC?

ជាបឋម  ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានផ្តួចផ្តើមគំនិតនិងបានបង្កើតនូវស្ថាប័ន CGCC នេះឡើង ដែលជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់បន្ថែមនូវលទ្ធភាពដើម្បីទទួលបានឥណទានបន្ថែមដល់វិស័យឯកជននៅកម្ពុជាពីធនាគារឯកជននានា។

ចំពោះយន្តការធានាឥណទានរបស់ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) គឺជាយន្តការមួយដែលល្អ ហើយមានលក្ខណៈបត់បែនទៅតាមស្ថានភាពជាក់ស្តែងនៃការវិវឌ្ឍសេដ្ឋកិច្ចជាតិ  ហើយក៏ជាយន្តការមួយដែលអាចផ្តល់នូវការបំពេញបន្ថែមលើកំលាំងហិរញ្ញវត្ថុ របស់សហគ្រាសធុនតូច និងមធ្យម ឱ្យកាន់តែរីកធំឡើងបន្ថែមទៀត។ ដោយសារហេតុផលនៃសារៈប្រយោជន៍ទាំងនេះហើយ ទើបសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានចូលរួមធ្វើជាដៃគូសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីជួយដោះស្រាយលើបញ្ហាកង្វះទុនបង្វិលជូនដល់សមាជិករបស់ខ្លួន។

២. តើគម្រោងធានាឥណទានរបស់ CGCC ជាពិសេសគម្រោងធានាឥណទានលើការនាំចេញអង្ករ បានផ្តល់អត្ថប្រយោជន៍ចំពោះ CRF និងសមាជិករបស់ CRF យ៉ាងដូចម្តេចខ្លះ?

គម្រោងធានាឥណទានរបស់ CGCC ជាពិសេសគម្រោងឥណទានលើការនាំចេញអង្ករ (Rice Export Guarantee Scheme) បានផ្តល់ផលប្រយោជន៍ដល់សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា លើការបង្កើតជម្រើសបន្ថែមក្នុងការទទួលបានឥណទានសម្រាប់យកទៅប្រមូលទិញស្រូវពីប្រជាកសិករ ឱ្យបានកាន់តែច្រើនឡើងសម្រាប់កិនកែច្នៃលក់ក្នុងស្រុក និងនាំចេញ។ ជាក់ស្តែងតាមរយៈគម្រោងធានាឥណទាននេះ ស្រូវប្រមាណជាជិត១២០.០០០តោន បានប្រមូលទិញបន្ថែមពីប្រជាកសិករ ដោយសារការទទួលបានការធានាឥណទាននេះ។

៣. ក្រោមគម្រោងធានាឥណទានលើការនាំចេញអង្ករ តើមានសមាជិករបស់សហព័ន្ធ បានទទួលនូវកម្ចីដែលមានការធានាពី CGCC តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ប៉ុន្មានក្រុមហ៊ុន/រោងម៉ាស៊ីន និងក្នុងទំហំកម្ចីសរុបប៉ុន្មាន? តើកម្ចីទាំងនោះត្រូវបានប្រើប្រាស់ក្នុងគោលបំណងអ្វីខ្លះ?

រយៈកាលកន្លងមកនេះ មានសមាជិកចំនួន ២១រោងម៉ាស៊ីនកិនស្រូវ ដែលបានទទួលកម្ចីក្រោមការធានាពី CGCC តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៧។ កម្ចីទាំងនោះត្រូវបានប្រើប្រាស់ជាទុនបង្វិល សម្រាប់ប្រមូលទិញស្រូវពីប្រជាកសិករសម្រាប់កិនកែច្នៃ និងលក់ដល់ក្រុមហ៊ុននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ។

៤. តើក្រុមហ៊ុននាំចេញអង្ករ/រោងម៉ាស៊ីនកិនស្រូវ ដែលជាសមាជិករបស់ CRF គួររៀបចំខ្លួនយ៉ាងដូចម្តេច ដើម្បីទទួលបានកម្ចីដែលមានការធានាពី CGCC តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC?

សហគ្រាសទាំងអស់ដែលជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវតែមានការរៀបចំនូវបញ្ជីស្នាមឱ្យបានត្រឹមត្រូវ ស្របតាមបទដ្ឋានស្តង់ដារគណនេយ្យ និងបានបំពេញនូវកាតព្វកិច្ចពន្ធដារគ្រប់ប្រភេទដែលមានជាធរមាន និងបានបំពេញលក្ខខណ្ឌពេញលេញជាសមាជិកសមាព័ន្ធស្រូវអង្ករកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះ សហគ្រាសទាំងនេះត្រូវតែបំពេញលក្ខខណ្ឌតម្រូវរបស់គ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមរបស់ CGCC ផងដែរ។

៥. ក្នុងឆ្នាំ២០២៥ តើ CRF មានយុទ្ធសាស្រ្ត ឬផែនការដូចម្តេច ដើម្បីបន្តបង្កើនការគាំទ្រដល់សមាជិករបស់ខ្លួន ក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់ជំរុញការនាំចេញអង្ករ  ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា?

សម្រាប់ឆ្នាំ ២០២៥ សហព័ន្ធស្រូវអង្ករកម្ពុជា មានផែនការជំរុញទីផ្សារនាំចេញឱ្យមានកំណើនបន្ថែមទៀត ដើម្បីបង្កើនកំលាំងផលិតរបស់សមាជិកឱ្យពេញលេញនិងអស់លទ្ធភាព ព្រោះវាជាកត្តាជំរុញដល់សមាជិកឱ្យមានតម្រូវការទុនបន្ថែម ក្នុងការប្រមូលទិញនូវសន្និធិស្រូវទុកសម្រាប់កិនកែច្នៃ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ បន្ថែមលើសពីនេះ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងជួយបណ្តុះបណ្តាលដល់សមាជិកលើការប្រើប្រាស់និងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពជាងមុន ដើម្បីជាប្រយោជន៍សម្រាប់ការទទួលបានហិរញ្ញវត្ថុផ្លូវការតាមរយៈការធានាឥណទានបន្ថែមទៀតពី CGCC

អាននិងទាញយកជា PDF: https://www.cgcc.com.kh/wp-content/uploads/2025/06/Interview-with-President-of-CRF.pdf