CGCC

CGCC ចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិ

កាលពីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ​២០២៣ កន្លងទៅ លោក Wong Keet Loong អគ្គនាយក CGCC និងថ្នាក់ដឹកនាំ ក៏ដូចជា​បុគ្គលិកទាំងអស់របស់ CGCC បានចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិ ដោយបានថ្លែងអំណរគុណ ដល់បុគ្គលិកស្រ្ដី ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់ដំណើរការរបស់ CGCC ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានភាពជោគជ័យនាពេលកន្លងមក។ យើងទាំងអស់គ្នាកំពុងរស់នៅក្នុងសម័យកាល ដែលមានការចូលរួមយ៉ាងសកម្មពីស្ត្រីក្នុងការងារអភិវឌ្ឍន៍ ប្រកបដោយភាពក្លាហាន និងការលះបង់ខ្ពស់។ ដើម្បីថ្លែងអំណរគុណ CGCC ក៏បានផ្ដល់វត្ថុអនុស្សាវរីយ៍ដល់បុគ្គលិកស្ត្រីទាំំងអស់ផងដែរ។

CGCC ចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិ
CGCC Celebrated International Women’s Day
CGCC ចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិ
CGCC Celebrated International Women’s Day

ទន្ទឹមនេះ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ​២០២៣ បុគ្គលិក CGCC បានចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិ តាមរយៈការចូលរួមបរិច្ចាគឈាម ផ្តល់ក្តីសង្ឃឹមទៅកាន់អ្នកដែលត្រូវការឈាមបន្ទាន់ ដែលរៀបចំដោយ សមាគមធនាគារនៅកម្ពុជា (ABC)។

CGCC Celebrated International Women's Day
CGCC Celebrated International Women’s Day
CGCC Celebrated International Women's Day
CGCC Celebrated International Women’s Day

CGCC សហការ​ជាមួយ UNDP ជួយ​ពង្រឹង​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ដល់​សហគ្រិន​ស្ត្រី

ភ្នំពេញៈ កម្ពុជា​មាន​គោលដៅ​ពង្រឹង​បរិយាប័ន្ន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រិន​ស្ត្រី​តាមរយៈ​កម្មវិធី​ធានា​ឥណទាន និង​ផ្តល់​ការគាំទ្រ​ដល់​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម ដែល​ដឹកនាំ​ដោយ​ស្ត្រី ដែលជា​ផ្នែក​មួយ​នៃ​ការ​ស្តារឡើងវិញ​នៃ​សេដ្ឋកិច្ច​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

កាលពី​ថ្ងៃទី​ ២៥ ខែមីនា ឆ្នាំ​ ២០២២ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP) និង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC)​ បានរួម​គ្នា​រៀបចំ​សន្និបាត​ស្តីពី​បរិយាប័ន្ន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រិន​ស្ត្រី​កម្ពុជា ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​នានា​ទាក់ទង​នឹង​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​ប្រមូល​ធាតុ​ចូល និង​ចំណេះដឹង​ពី​អ្នកចូលរួម​ជុំវិញ​ការលើកកម្ពស់​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម​ (MSMEs) ​ដែល​ដឹកនាំ​ដោយ​ស្ត្រី​។

នៅក្នុង​ព្រឹត្តិការណ៍​នេះ​មានការ​បង្ហាញ​លទ្ធផល​សំខាន់ៗ​ដកស្រង់​ចេញពី​របាយការណ៍​របស់ UNDP ដែល​នឹងត្រូវ​ចេញផ្សាយ​នាពេល​ខាងមុខ នៅក្រោម​ប្រធានបទ​កម្មវិធី​ធានា​ឥណទាន​សាធារណៈ​នៅ​កម្ពុជា​សម្រាប់​សហគ្រាស​ខ្នាតតូច និង​ខ្នាត​មធ្យម និង​សហគ្រាស​ខ្នាតតូច និង​មធ្យម​ដែលមាន​អ្នកគ្រប់គ្រង​ជា​ស្ត្រី​។ របាយការណ៍​នេះ​បាន​រកឃើញ​ថា បញ្ហា​ប្រឈម​ធំៗ​ជាងគេ​ដែល MSMEs ជួបប្រទះ​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន​រួមមាន​ដូចជា ការតម្រូវ​ឱ្យមាន​ការ​ដាក់​ទ្រព្យ​បញ្ចាំ​ដើម្បី​ទទួលបាន​កម្ចី​លក្ខខណ្ឌ​ផ្តល់​កម្ចី​តឹងរ៉ឹង ដោយ​ពុំមាន​ការពិចារណា​ពី​ប្រតិបត្តិការ​អាជីវកម្ម​របស់ MSMEs អត្រា​ការប្រាក់​ខ្ពស់​រយៈពេល​សង​កម្ចី​ខ្លី និង​សមត្ថភាព​គ្រប់គ្រង​របស់ MSMEs ព្រមទាំង​កង្វះខាត​ឯកសារ​ហិរញ្ញវត្ថុ និង​ឯកសារ​គាំទ្រ​ដទៃទៀត​។

លោកស្រី AlissarChaker អ្នកតំណាង​ UNDP ប្រចាំ​កម្ពុជា​បាន​និយាយថា សហគ្រិន​ជា​ស្ត្រី​មិនទាន់​ទទួល​សេវា​ឱ្យបាន​គ្រប់គ្រាន់​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នោះឡើយ បើទោះជា ៦១ ​ភាគរយ នៃ​អាជីវកម្ម​ទាំងអស់​នៅ​កម្ពុជា​មាន​ម្ចាស់​ជា​ស្ត្រី​ក៏ដោយ​មាន​សហគ្រិន​ស្ត្រី​ត្រឹមតែ ៣ ​ភាគរយ ប៉ុណ្ណោះ​ដែលមាន​លទ្ធភាព​ទទួល​បាន​ឥណទាន​ជា​ផ្លូវការ (​របាយការណ៍​ធនាគារ​ពិភពលោក​ក្នុង​ឆ្នាំ​ ២០១៩)​។

លោកស្រី Chaker បាន​បញ្ជាក់ថា​៖ «UNDP និង​ដៃគូ​អភិវឌ្ឍន៍​ដទៃទៀត​កំពុង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការពន្លឿន​ការលើកកម្ពស់​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​ដល់​ស្ត្រី​។ សហគ្រិន​ជា​ស្ត្រី​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​តាមដាន​ព័ត៌មាន​ស្តីពី​សេវា​ហិរញ្ញវត្ថុ​ និង​សេវា​មិនមែន​ហិរញ្ញវត្ថុ​ដែលមាន​នៅក្នុង​ទីផ្សារ​ដូចជា​កម្មវិធី​ធានា​ជា​សាធារណៈ​ជាដើម​ ដើម្បី​ធ្វើការ​សម្រេចចិត្ត​ឱ្យបាន​ត្រឹមត្រូវ​ និង​ពង្រីក​ជម្រើស​ដើម្បី​ទទួលបាន​ធនធាន​ហិរញ្ញវត្ថុ​សម្រាប់​ខ្លួនឯង​»​។

លោក Wong Keet Loong ប្រធាន​នាយក​ប្រតិបត្តិ​នៃ​សាជីវកម្ម​ CGCC បាន​និយាយថា ផ្អែក​តាម​វឌ្ឍនភាព​នៃ​ការធានា​ឥណទាន​កន្លងមក​សហគ្រាស​ភាគច្រើន​ដែល​ទទួលបាន​កម្ចី​មានការ​ធានា គឺជា​សហគ្រាស​ខ្នាតតូច និង​មធ្យម (៩៦ ​ភាគរយ​)​។ ទោះ​យ៉ាងនេះ​ក្ដី​នៅក្នុង​ចំណោម​អាជីវកម្ម​ទាំងអស់​ដែល​បាន​ទទួលបាន​កម្ចី​មានការ​ធានា មាន​ត្រឹមតែ ២៥ ​ភាគ​-​រយ ប៉ុណ្ណោះ​ដែល​គ្រប់គ្រង​ដោយ​ស្ត្រី​។

លោក​បញ្ជាក់ថា​៖ «​គម្រោង​ធានា​ឥណទាន​ថ្មី​របស់ CGCC ដែល​ត្រូវ​ប្រកាស​ផ្សព្វផ្សាយ​ក្នុង​សន្និបាត​ថ្ងៃនេះ​ត្រូវបាន​បង្កើតឡើង​ជាពិសេស សម្រាប់​ម្ចាស់​អាជីវកម្ម MSMEs ជា​ស្ត្រី​ក្នុង​គោលបំណង​បង្រួម​គម្លាត​ហិរញ្ញប្បទាន​រវាង​សហគ្រិន​ជា​ស្ត្រី​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្លូវការ​នានា​»​។

របាយការណ៍ UNDP ប៉ាន់ប្រមាណ​ថា កម្មវិធី​ធានា​ឥណទាន​សាធារណៈ​នឹង​ផ្តល់នូវ​ផល​ជា​វិជ្ជមាន​យ៉ាងច្រើន​ដល់​ផលិតផល​សរុប​ក្នុងស្រុក (​ផ.ស.ស​.) ​របស់​កម្ពុជា និង​ការបង្កើត​ការងារ​សម្រាប់​វិស័យ​​ធំៗ​ចំនួន ២ គឺ វិស័យ​កសិកម្ម​បដិសណ្ឋារកិច្ច (​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​)​។ របាយការណ៍​នេះ​ឱ្យដឹងទៀតថា រៀងរាល់​ការវិនិយោគ ១០០ លាន​ដុល្លារ​ក្នុង​វិស័យ​កសិកម្ម​នឹង​នាំឱ្យមាន​ការផ្តល់​នូវ​តម្លៃ​បន្ថែម​ប្រមាណ ២២១ លាន​ដុល្លារ​ដល់​ ផ.ស.ស. ដែល​ត្រូវបាន​កែសម្រួល​ទៅតាម​អត្រា​អតិផរណា​ក្នុងប្រទេស ឬ ផ.ស.ស. ពិត​និង​មានការ​បង្កើត​ការងារ​ចំនួន ៤៨ ៧៣៧ កន្លែង​។ ផល​ដែល​បាន​ពី​ការវិនិយោគ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​ត្រូវបាន​ប៉ាន់​ស្មានថា មាន​ប្រមាណ ២០១ លាន​ដុល្លារ​ជាមួយនឹង​សក្ដានុពល​បង្កើត​ការងារ​ចំនួន​ ១៦ ២២៦ កន្លែង (១ ១៣០ ការងារ​សម្រាប់​ស្ត្រី​)៕

អត្ថបទពី៖ ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី២៨ ខែមករា

Click here to read about: Female Entrepreneurs Essential to Cambodian Growth