CGCC សហការ​ជាមួយ UNDP ជួយ​ពង្រឹង​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ដល់​សហគ្រិន​ស្ត្រី

CGCC សហការ​ជាមួយ UNDP ជួយ​ពង្រឹង​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ដល់​សហគ្រិន​ស្ត្រី

ភ្នំពេញៈ កម្ពុជា​មាន​គោលដៅ​ពង្រឹង​បរិយាប័ន្ន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រិន​ស្ត្រី​តាមរយៈ​កម្មវិធី​ធានា​ឥណទាន និង​ផ្តល់​ការគាំទ្រ​ដល់​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម ដែល​ដឹកនាំ​ដោយ​ស្ត្រី ដែលជា​ផ្នែក​មួយ​នៃ​ការ​ស្តារឡើងវិញ​នៃ​សេដ្ឋកិច្ច​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

កាលពី​ថ្ងៃទី​ ២៥ ខែមីនា ឆ្នាំ​ ២០២២ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP) និង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC)​ បានរួម​គ្នា​រៀបចំ​សន្និបាត​ស្តីពី​បរិយាប័ន្ន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រិន​ស្ត្រី​កម្ពុជា ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​នានា​ទាក់ទង​នឹង​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​ប្រមូល​ធាតុ​ចូល និង​ចំណេះដឹង​ពី​អ្នកចូលរួម​ជុំវិញ​ការលើកកម្ពស់​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម​ (MSMEs) ​ដែល​ដឹកនាំ​ដោយ​ស្ត្រី​។

នៅក្នុង​ព្រឹត្តិការណ៍​នេះ​មានការ​បង្ហាញ​លទ្ធផល​សំខាន់ៗ​ដកស្រង់​ចេញពី​របាយការណ៍​របស់ UNDP ដែល​នឹងត្រូវ​ចេញផ្សាយ​នាពេល​ខាងមុខ នៅក្រោម​ប្រធានបទ​កម្មវិធី​ធានា​ឥណទាន​សាធារណៈ​នៅ​កម្ពុជា​សម្រាប់​សហគ្រាស​ខ្នាតតូច និង​ខ្នាត​មធ្យម និង​សហគ្រាស​ខ្នាតតូច និង​មធ្យម​ដែលមាន​អ្នកគ្រប់គ្រង​ជា​ស្ត្រី​។ របាយការណ៍​នេះ​បាន​រកឃើញ​ថា បញ្ហា​ប្រឈម​ធំៗ​ជាងគេ​ដែល MSMEs ជួបប្រទះ​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន​រួមមាន​ដូចជា ការតម្រូវ​ឱ្យមាន​ការ​ដាក់​ទ្រព្យ​បញ្ចាំ​ដើម្បី​ទទួលបាន​កម្ចី​លក្ខខណ្ឌ​ផ្តល់​កម្ចី​តឹងរ៉ឹង ដោយ​ពុំមាន​ការពិចារណា​ពី​ប្រតិបត្តិការ​អាជីវកម្ម​របស់ MSMEs អត្រា​ការប្រាក់​ខ្ពស់​រយៈពេល​សង​កម្ចី​ខ្លី និង​សមត្ថភាព​គ្រប់គ្រង​របស់ MSMEs ព្រមទាំង​កង្វះខាត​ឯកសារ​ហិរញ្ញវត្ថុ និង​ឯកសារ​គាំទ្រ​ដទៃទៀត​។

លោកស្រី AlissarChaker អ្នកតំណាង​ UNDP ប្រចាំ​កម្ពុជា​បាន​និយាយថា សហគ្រិន​ជា​ស្ត្រី​មិនទាន់​ទទួល​សេវា​ឱ្យបាន​គ្រប់គ្រាន់​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នោះឡើយ បើទោះជា ៦១ ​ភាគរយ នៃ​អាជីវកម្ម​ទាំងអស់​នៅ​កម្ពុជា​មាន​ម្ចាស់​ជា​ស្ត្រី​ក៏ដោយ​មាន​សហគ្រិន​ស្ត្រី​ត្រឹមតែ ៣ ​ភាគរយ ប៉ុណ្ណោះ​ដែលមាន​លទ្ធភាព​ទទួល​បាន​ឥណទាន​ជា​ផ្លូវការ (​របាយការណ៍​ធនាគារ​ពិភពលោក​ក្នុង​ឆ្នាំ​ ២០១៩)​។

លោកស្រី Chaker បាន​បញ្ជាក់ថា​៖ «UNDP និង​ដៃគូ​អភិវឌ្ឍន៍​ដទៃទៀត​កំពុង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការពន្លឿន​ការលើកកម្ពស់​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​ដល់​ស្ត្រី​។ សហគ្រិន​ជា​ស្ត្រី​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​តាមដាន​ព័ត៌មាន​ស្តីពី​សេវា​ហិរញ្ញវត្ថុ​ និង​សេវា​មិនមែន​ហិរញ្ញវត្ថុ​ដែលមាន​នៅក្នុង​ទីផ្សារ​ដូចជា​កម្មវិធី​ធានា​ជា​សាធារណៈ​ជាដើម​ ដើម្បី​ធ្វើការ​សម្រេចចិត្ត​ឱ្យបាន​ត្រឹមត្រូវ​ និង​ពង្រីក​ជម្រើស​ដើម្បី​ទទួលបាន​ធនធាន​ហិរញ្ញវត្ថុ​សម្រាប់​ខ្លួនឯង​»​។

លោក Wong Keet Loong ប្រធាន​នាយក​ប្រតិបត្តិ​នៃ​សាជីវកម្ម​ CGCC បាន​និយាយថា ផ្អែក​តាម​វឌ្ឍនភាព​នៃ​ការធានា​ឥណទាន​កន្លងមក​សហគ្រាស​ភាគច្រើន​ដែល​ទទួលបាន​កម្ចី​មានការ​ធានា គឺជា​សហគ្រាស​ខ្នាតតូច និង​មធ្យម (៩៦ ​ភាគរយ​)​។ ទោះ​យ៉ាងនេះ​ក្ដី​នៅក្នុង​ចំណោម​អាជីវកម្ម​ទាំងអស់​ដែល​បាន​ទទួលបាន​កម្ចី​មានការ​ធានា មាន​ត្រឹមតែ ២៥ ​ភាគ​-​រយ ប៉ុណ្ណោះ​ដែល​គ្រប់គ្រង​ដោយ​ស្ត្រី​។

លោក​បញ្ជាក់ថា​៖ «​គម្រោង​ធានា​ឥណទាន​ថ្មី​របស់ CGCC ដែល​ត្រូវ​ប្រកាស​ផ្សព្វផ្សាយ​ក្នុង​សន្និបាត​ថ្ងៃនេះ​ត្រូវបាន​បង្កើតឡើង​ជាពិសេស សម្រាប់​ម្ចាស់​អាជីវកម្ម MSMEs ជា​ស្ត្រី​ក្នុង​គោលបំណង​បង្រួម​គម្លាត​ហិរញ្ញប្បទាន​រវាង​សហគ្រិន​ជា​ស្ត្រី​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្លូវការ​នានា​»​។

របាយការណ៍ UNDP ប៉ាន់ប្រមាណ​ថា កម្មវិធី​ធានា​ឥណទាន​សាធារណៈ​នឹង​ផ្តល់នូវ​ផល​ជា​វិជ្ជមាន​យ៉ាងច្រើន​ដល់​ផលិតផល​សរុប​ក្នុងស្រុក (​ផ.ស.ស​.) ​របស់​កម្ពុជា និង​ការបង្កើត​ការងារ​សម្រាប់​វិស័យ​​ធំៗ​ចំនួន ២ គឺ វិស័យ​កសិកម្ម​បដិសណ្ឋារកិច្ច (​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​)​។ របាយការណ៍​នេះ​ឱ្យដឹងទៀតថា រៀងរាល់​ការវិនិយោគ ១០០ លាន​ដុល្លារ​ក្នុង​វិស័យ​កសិកម្ម​នឹង​នាំឱ្យមាន​ការផ្តល់​នូវ​តម្លៃ​បន្ថែម​ប្រមាណ ២២១ លាន​ដុល្លារ​ដល់​ ផ.ស.ស. ដែល​ត្រូវបាន​កែសម្រួល​ទៅតាម​អត្រា​អតិផរណា​ក្នុងប្រទេស ឬ ផ.ស.ស. ពិត​និង​មានការ​បង្កើត​ការងារ​ចំនួន ៤៨ ៧៣៧ កន្លែង​។ ផល​ដែល​បាន​ពី​ការវិនិយោគ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​ត្រូវបាន​ប៉ាន់​ស្មានថា មាន​ប្រមាណ ២០១ លាន​ដុល្លារ​ជាមួយនឹង​សក្ដានុពល​បង្កើត​ការងារ​ចំនួន​ ១៦ ២២៦ កន្លែង (១ ១៣០ ការងារ​សម្រាប់​ស្ត្រី​)៕

អត្ថបទពី៖ ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី២៨ ខែមករា

Click here to read about: Female Entrepreneurs Essential to Cambodian Growth