CGCC

CGCC ចូលរួមកម្មវិធី Bilbao Bootcamp II: Scaling and Building Investible Territorial Solutions through Localization Blueprint នៅទីក្រុងទីក្រុង Bilbao ប្រទេសអេស្ប៉ាញ

តបតាមការអញ្ជើញរបស់មូលនិធិរួមអង្គការសហប្រជាជាតិសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (UN Joint SDG Fund) និងសម្ព័ន្ធ Local2030 លោក ណូ លីដា អគ្គនាយក CGCC បានអញ្ជើញចូលរួមកម្មវិធី Bilbao Bootcamp II: Scaling and Building Investible Territorial Solutions through Localization Blueprint ដែលសហការរៀបចំដោយរាជរដ្ឋាភិបាលអេស្ប៉ាញ រដ្ឋបាលប្រចាំតំបន់ Basque មូលនិធិរួម UN Joint SDG Fund និងសម្ព័ន្ធ Local2030 នៅសាកលវិទ្យាល័យ Deusto ទីក្រុង Bilbao ប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។

កម្មវិធីនេះមានគោលបំណងគាំទ្រប្រទេសចូលរួមថ្មីចំនួន១២ រួមទាំងកម្ពុជា ក្នុងការរៀបចំដំណោះស្រាយហិរញ្ញប្បទានគ្រប់ជ្រុងជ្រោយ សម្រាប់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ព្រមទាំងពង្រឹងប្រព័ន្ធហិរញ្ញវត្ថុ ស្ថាប័ន និងអភិបាលកិច្ច ដែលជាមូលដ្ឋានសម្រាប់និរន្តរភាពរយៈពេលវែង។ ទន្ទឹមនឹងនេះ កម្មវិធីក៏បានស្វាគមន៍ការចូលរួមពីតំបន់ដែលមានទីផ្សារហិរញ្ញវត្ថុឈានមុខ ដើម្បីជំរុញការរៀនសូត្រពីគ្នាទៅវិញទៅមក និងពង្រីកឱកាសវិនិយោគបន្ថែមទៀត។

របៀបវារៈនៃកម្មវិធីរួមមាន ការធ្វើបទបង្ហាញខ្លី (Spark Talk) កិច្ចពិភាក្សាតុមូលថ្នាក់ដឹកនាំ (Leadership Roundtable) សិក្ខាសាលាបច្ចេកទេសបែបអនុវត្តជាក់ស្តែង (Hands-on Technical Design Workshops) និងវគ្គផ្គូរផ្គងឱកាសវិនិយោគ (Investment Matchmaking Sessions)។

ក្នុងឱកាសនោះ លោក ណូ លីដា បានចូលរួមកិច្ចពិភាក្សាតុមូលថ្នាក់ដឹកនាំក្រោមប្រធានបទ «ការទាក់ទាញទុនវិនិយោគឯកជន៖ ការកាត់បន្ថយហានិភ័យ និងគំរូអាជីវកម្មប្រកបដោយនិរន្តរភាព» (Unlocking Private Capital: De-risking and Sustainable Business Models)។ កិច្ចពិភាក្សានេះបានស្វែងយល់អំពីរបៀបដែលគំនិតផ្តួចផ្តើមអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋានអាចប្រែក្លាយពីគម្រោងដែលត្រូវបានចាត់ទុកថាមានហានិភ័យ ទៅជាឱកាសវិនិយោគដែលមានសក្តានុពល តាមរយៈការរួមបញ្ចូលយុទ្ធសាស្ត្រកាត់បន្ថយហានិភ័យប្រកបដោយប្រសិទ្ធភាព និងគំរូអាជីវកម្មប្រកបដោយនិរន្តរភាព។

ជាមួយគ្នានេះ កិច្ចពិភាក្សាក៏បានពិនិត្យទៅលើតួនាទីរបស់អភិបាលកិច្ច ការសម្របសម្រួលគោលនយោបាយ ប្រព័ន្ធទិន្នន័យ និងអន្តរាគមន៍នៅដំណាក់កាលដំបូង ក្នុងការកាត់បន្ថយភាពមិនច្បាស់លាស់នៃការវិនិយោគ ខណៈដែលវិធីសាស្ត្រផ្អែកលើគោលការណ៍ ESG និងគំរូភាពជាដៃគូ អាចជួយទាក់ទាញ និងរក្សាការវិនិយោគឯកជនក្នុងរយៈពេលវែង។ កិច្ចពិភាក្សានេះក៏បានគូសបញ្ជាក់ពីទំនាក់ទំនងរវាងការយល់ឃើញអំពីហានិភ័យ និងការបង្កើតតម្លៃ ដោយផ្តោតលើការបង្កើតភាពស៊ីសង្វាក់គ្នានៃផលប្រយោជន៍ ការពង្រឹងស្ថាប័នដែលមានភាពជឿទុកចិត្ត និងការអភិវឌ្ឍគំរូអាជីវកម្មដែលអាចអនុវត្តបាន ដើម្បីជំរុញការទាក់ទាញទុនវិនិយោគឯកជន និងគាំទ្រដល់ការវិនិយោគប្រកបដោយនិរន្តរភាពនៅថ្នាក់មូលដ្ឋាន។

CGCC រៀបចំកិច្ចប្រជុំស្តីពីគម្រោងធានាឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម នៃសមាគមអ្នកផលិតចំណីអាហារកម្ពុជា

នាព្រឹកថ្ងៃទី​៤ ខែមិថុនា ឆ្នាំ២០២៦ លោក ណូ លីដា អគ្គនាយក CGCC បានស្វាគមន៍ សមាជិក និងអ្នកតំណាងនៃសមាគមអ្នកផលិតចំណីអាហារកម្ពុជា និងបានដឹកនាំកិច្ចប្រជុំស្តីពីគម្រោងធានាឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលរៀបចំឡើងនៅការិយាល័យ CGCC។

តាមរយៈកិច្ចប្រជុំមួយនេះ CGCC បានធ្វើបទបង្ហាញស្តីពីគម្រោងធានាឥណទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម ជាពិសេសសម្រាប់ អ្នកផលិតចំណីអាហារកម្ពុជា ជូនទៅកាន់សមាជិក សមាជិកានៃសមាគម និងបានបើកកិច្ចពិភាក្សា ផ្លាស់ប្តូរមតិយោបល់ និងប្រមូលធាតុចូល ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីតម្រូវការនៃម្ចាស់អាជីវកម្ម ក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់ពង្រឹង និងពង្រីកអាជីវកម្ម​។

តាមរយៈកិច្ចប្រជុំមួយនេះ CGCC សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់អាជីវកម្មដែលបានចូលរួម នឹងបានស្វែងយល់កាន់តែលម្អិតអំពីគម្រោងធានាឥណទាន ព្រមទាំងអាចរៀបចំខ្លួនដើម្បីទទួលបានហិរញ្ញប្បទានចាំបាច់សម្រាប់អាជីវកម្ម តាមរយៈការធានាឥណទានដែលផ្តល់ឱ្យដោយ CGCC ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ខ្លួនឱ្យបានកាន់តែប្រកបដោយប្រសិទ្ធភាព។

 

 

 

១ម៉ឺនរៀល ១ម៉ឺននាក់ ដើម្បីទារក និងកុមារកម្ពុជា!

នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោក ណូ លីដា​ អគ្គនាយក CGCC  បានដឹកនាំបុគ្គលិក CGCC ចូលរួមពិធីដើរកម្សាន្ត ២៧០០ជំហាន ដើម្បីកុមារកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

តាមរយៈពិធីនេះ CGCC មានកិត្តិយសដែលបានចូលរួមចំណែកកៀរគរថវិកាពីថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ CGCC ដើម្បីប្រគល់ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា។

គួរបញ្ជាក់ផងដែរថា ពិធីនេះត្រូវបានប្រារព្ធឡើងក្នុងគោលបំណងបំផុសចលនាផ្សព្វផ្សាយ និងកៀរគរថវិកាបរិច្ចាគពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលស្ថិតនៅក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមបរិច្ចាគថវិកា​តាមលទ្ធភាព ដើម្បីចូលរួមទ្រទ្រង់ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាចំណែកដ៏សំខាន់មួយក្នុងការសង្គ្រោះអាយុជីវិតទារក និងកុមារកម្ពុជា ជាច្រើនរូប ដែលកំពុងមានតម្រូវការទទួលការព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផា។

 

 

វគ្គបណ្តុះបណ្តាលស្តីពី “Cybersecurity Awareness and Scam Prevention”

កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ CGCC បានសហការជាមួយនឹងវិទ្យាស្ថាន សាន់រ៉ាយស៍ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “Cybersecurity Awareness and Scam Prevention” ជូនទៅកាន់បុគ្គលិកគ្រប់រូបនៃ CGCC។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ បុគ្គលិកគ្រប់រូបរបស់ CGCC បានស្វែងយល់កាន់តែច្បាស់ថែមមួយកម្រិតទៀត អំពីសារៈសំខាន់នៃសន្តិសុខសាយប័រ និងវិធីការពារខ្លួនដ៏មានប្រសិទ្ធភាពអំពីការឆបោកតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងជាធាតុចូលមួយដ៏មានសារៈសំខាន់សម្រាប់ប្រតិបត្តិការនៃការបំពេញភារកិច្ចផ្ទាល់ខ្លួនជាប្រចាំរបស់បុគ្គលិក CGCC គ្រប់រូប ដើម្បីបំពេញបេសកកម្មចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុក្នុងសម័យឌីជីថលផងដែរ។

 

បេសកកម្មមនុស្សធម៌លើកទី៣ របស់ CGCC ដើម្បីគាំទ្រ និងផ្ដល់ជំនួយដល់ស្ត្រីមានផ្ទៃពោះ និងអ្នកម្តាយដែលងាយរងគ្រោះ

នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារ CGCC ក្រោមការដឹកនាំរបស់លោក ណូ លីដា អគ្គនាយករបស់ CGCC បានរៀបចំបេសកកម្មមនុស្សធម៌លើកទី៣ របស់ CGCC – ដើម្បីគាំទ្រ និងផ្ដល់ជំនួយដល់ស្ត្រីមានផ្ទៃពោះ និងអ្នកម្តាយដែលងាយរងគ្រោះចំនួន ១៦០នាក់ នៅក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

តាមរយៈបេសកកម្មមនុស្សធម៌នេះ CGCC បានផ្តល់កញ្ចប់ថែទាំចាំបាច់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដល់ស្ត្រីមានផ្ទៃពោះ ដើម្បីសម្រួលដល់បញ្ហាប្រឈមក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ និងលើកកម្ពស់សុខុមាលភាពរបស់ម្តាយ និងទារកផងដែរ។ សម្ភារៈឧបត្ថម្ភរួមមាន អាហារូបត្ថម្ភ សម្ភារៈថែទាំមាតា និងជំនួយហិរញ្ញវត្ថុផងដែរ។

គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ CGCC ចំពោះទំនួលខុសត្រូវសង្គម និងសុខុមាលភាពសហគមន៍ ជាពិសេសសម្រាប់ស្ត្រី និងគ្រួសារដែលត្រូវការការថែទាំ និងការគាំទ្របន្ថែមជាចាំបាច់ ក្នុងអំឡុងពេលមានផ្ទៃពោះ  និងក្រោយពេលសម្រាល។

 

 

CGCC បានរៀបចំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦

នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ CGCC បានរៀបចំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់រូបនៃ CGCC ។

កម្មវិធីនេះមិនត្រឹមតែជាកិច្ចប្រជុំប៉ុណ្ណោះទេ តែជាវេទិកាបើកចំហរមួយ សម្រាប់បុគ្គលិកគ្រប់រូបមានឱកាសក្នុងការចែករំលែកនូវទស្សនៈ ផ្លាស់ប្តូរមតិយោបល់ ពិភាក្សា និងការទទួលយកអនុសាសន៍ណែនាំនានា ក្នុងគោលបំណងរួមមួយ ដើម្បីស្វែងរកនូវគំនិតថ្មីៗដែលមានលក្ខណៈនវានុវត្តន៍ក្នុងការចូលរួមអភិវឌ្ឍ CGCC ឱ្យក្លាយជាស្ថាប័នធានាឥណទានឈានមុខ និងចូលរួមចំណែកក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។

 

ជួបជាមួយសហគ្រិនស្រ្ដី ដែលកែច្នៃសំណល់ស្នែង ជាវត្ថុលម្អ និងគ្រឿងអលង្ការ

ខ្ញុំឈ្មោះ គួន ចិន្ដា ជាម្ចាស់សិប្បកម្មសុមនា ផលិតផលស្នែង។ ខ្ញុំបើកអាជីវកម្មរបស់ខ្ញុំ តាំងពីឆ្នាំ២០០៣ ក្នុងគោលបំណងដោះស្រាយបញ្ហាកាកសំណល់នៅបរិវេណផ្ទះរបស់ខ្ញុំ។ ការចាប់ផ្ដើមអាជីវកម្មមួយនេះ មិនមានភាពងាយស្រួលឡើយ ពោល ខ្ញុំត្រូវជំនះកត្ដាសង្គម បញ្ហាជីវភាព និងការស្វែងរកទីផ្សារ។ ខ្ញុំធ្លាប់បោះបង់អាជីវកម្មនេះមួយរយៈ ប៉ុន្ដែដោយសារចិត្តស្រឡាញ់ និងជំនាញរបស់ប្ដីខ្ញុំ ពួកយើងបានឡើងមកភ្នំពេញក្នុងឆ្នាំ២០១៥ ដើម្បីចាប់ផ្ដើមនិងពង្រឹងអាជីវកម្មសារជាថ្មី។

បច្ចុប្បន្ន អាជីវកម្មរបស់ខ្ញុំមានបុគ្គលិកចំនួន ៥រូប រួមទាំងស្វាមីរបស់ខ្ញុំ ដែលជាអ្នកកែច្នៃ និងរចនាម៉ូត។ បន្ថែមពីនេះ គាត់ក៏បង្ហាត់បង្រៀនកូនជាងផងដែរ។ រីឯខ្ញុំ ជាអ្នកចាត់ចែងទូទៅនៃអាជីវកម្មមួយនេះ រួមទាំងការលក់ និងការធ្វើទីផ្សារ។ ការចាប់ផ្ដើមដំបូង ពួកយើងកែច្នៃជាផលិតផលតាំងលម្អក្នុងផ្ទះ ជារូបសំណាក ហើយនាំចេញទៅក្រៅប្រទេសដោយសារពេលនោះ យើងមានសមាគមទំនុកបម្រុងក្នុងការស្វែងរកអតិថិជននាំចេញទៅក្រៅប្រទេស។ ប៉ុន្ដែ ដោយសារផលលំបាកក្នុងការដឹកជញ្ជូន និងបាក់បែកពេលទៅដល់ទីនោះ ពួកយើងក៏បានកែច្នៃជារបស់ប្រើប្រាស់ និងគ្រឿងអលង្ការ ដូចជាខ្សែក ជញ្ជៀន និងខ្សែដៃ។

ជាអកុសល សមាគមនោះបានបិទ ការបញ្ជាទិញបានធ្លាក់ចុះ។ ពួកយើងបាត់អតិថិជនក្រៅស្រុកមួយចំនួន ដែលបណ្ដាលឱ្យអាជីវកម្មរបស់យើងធ្លាក់ចុះ ស្របពេលនឹងវិបត្តិកូវីដកំពុងផ្ទុះ។ ក្នុងអំឡុងពេលកូវីដ យើងបានបិទតូបអាជីវកម្មរបស់យើង ហើយយើងព្យាយាមលក់តាមបណ្ដាញសង្គម។  ការលក់ដំបូង ដាច់គួរសម ប៉ុន្ដែមួយរយៈក្រោយមានការថយចុះ យើងក៏ចាប់ផ្ដើមដាក់លក់នៅតាមស្ដង់តាំងពិព័រណ៌នៅពេលស្ថានភាពធូរស្បើយ។ បច្ចុប្បន្ន ខ្ញុំដាក់លក់ផលិតផលរបស់ខ្ញុំចំនួន ២ទីតាំង៖ ទីមួយនៅផ្សារទំនើប ជីប ម៉ុង ២៧១ និងចុងសប្ដាហ៍នៅផ្លូវថ្មើរជើង (Walk Street)។

ក្នុងនាមជាម្ចាស់អាជីវកម្ម ខ្ញុំយល់ថា ការអភិវឌ្ឍសមត្ថភាពគឺជារឿងសំខាន់ពីព្រោះវាជាឱកាសក្នុងការស្វែងរកចំណេះដឹងថ្មីៗដើម្បីពង្រឹង និងអភិវឌ្ឍអាជីវកម្ម។ ជារឿយៗ នាងខ្ញុំតែងឆ្លៀតពេលចូលរួមក្នុងវគ្គកសាងសមត្ថភាពជាមួយសមាគម ស្ថាប័ន និងភាគីពាក់ព័ន្ធនានា។ ជាឧទាហរណ៍ នៅពេលដែលនាងខ្ញុំបានចូលរួមវគ្គបណ្ដុះបណ្ដាល EPIC ខ្ញុំបានស្វែងយល់អំពីការបង្កើតផែនការអាជីវកម្ម ការបំផុសគំនិតឱ្យខ្ញុំគិតអំពីអាជីវកម្មរបស់ខ្ញុំ ថានៅចំណុចណា និងមានភាពខ្វះខាតអ្វីខ្លះ។ ទន្ទឹមនឹងនេះ ខ្ញុំក៏បានស្វែងយល់ពីកម្ចីអាជីវកម្ម គន្លឹះក្នុងការស្វែងរកប្រភពទុនឱ្យបានច្រើន និងការរៀបចំគោលដៅនៃផែនការអាជីវកម្មប្រកបដោយប្រសិទ្ធភាព។

ផ្អែកតាមបទពិសោធអាជីវកម្មរបស់ខ្ញុំ ខ្ញុំយល់ថា ម្ចាស់អាជីវកម្មទាំងអស់គួរមានភាពបត់បែនក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ជាពិសេសការស្ដាប់ពីតម្រូវការ និងមតិកែលម្អរបស់អតិថិជន ព្រមទាំងពង្រឹងយុទ្ធសាស្រ្ដ និងវិធីសាស្រ្ដទីផ្សារ ដើម្បីឱ្យអតិថិជនស្គាល់ពីគុណភាព និងផលិតផលរបស់អ្នក៕

អាននិងទាញយកជា PDF: សហគ្រិនស្រ្ដី ដែលកែច្នៃសំណល់ស្នែង ជាវត្ថុលម្អ និងគ្រឿងអលង្ការ

 

CGCC ចូលរួមកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក”

កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ CGCC បានចូលរួមជាអ្នកសហការរៀបចំមួយក្នុងកម្មវិធី “ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥” ក្រោមប្រធានបទ “ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក” ដែលបានរៀបចំឡើងដោយសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ផងដែរថា កម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ នេះ  មានប្រមាណ ៣០០ស្តង់ ដែលបានដាក់តាំងនូវផលិតផលខ្មែរផលិតក្នុងស្រុកជាង ១០០ប្រភេទ ដែលក្នុងនោះ CGCC ក៏បានចូលរួមចំណែកមួយក្នុងការលើកកម្ពស់ផលិតផលិតក្នុងស្រុក សំដៅលើការផ្ដល់ការធានាឥណទានលើកម្ចីអាជីវកម្ម ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងលើកស្ទួយការផលិតក្នុងស្រុក ដែលកំពុងមានសន្ទុះកើនឡើងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។

កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC វគ្គទី២ នៃឆ្នាំ២០២៤

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ក្រោមការគាំទ្រពី គម្រោង Feed the Future Cambodia Harvest III របស់ USAID បានរៀបចំកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC) វគ្គទី២ នៃឆ្នាំ២០២៤ ស្តីអំពី “គន្លឹះក្នុងការទទួលបាន និងការប្រើប្រាស់ហិរញ្ញប្បទានផ្លូវការ ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព” ដោយមានការចូលរួមពី លោក NimishJhaveri ប្រធានគម្រោងហាវែស III លោក ស គីណាល់ អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និង​លោក ណូ លីដា អគ្គនាយករង CGCC ព្រមទាំងវាគ្មិនកិត្តិយស និងសិក្ខាកាមចំនួន ៥១រូប ដែលជាសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម នៅក្នុងវិស័យកសិកម្ម  និងសហគមន៍កសិកម្ម ដែលមកពីរាជធានីភ្នំពេញ និងខេត្តក្រុងចំនួន ១២។

តាមរយៈ EPIC វគ្គទី២ នៃឆ្នាំ២០២៤នេះ សិក្ខាកាមទាំងអស់បានស្វែងយល់អំពី “គន្លឹះក្នុងការទទួលបាន និងការប្រើប្រាស់ហិរញ្ញប្បទានផ្លូវការ ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព” ដែលត្រូវបានចែករំលែកដោយ លោកស្រី ចៅ លន់មូលីការ នាយិកាប្រតិបត្តិ និងស្ថាបនិកក្រុមហ៊ុន Cambodian Standard Development & Supply Co., Ltd. និងជាក្រុមប្រឹក្សាភិបាលទទួលបន្ទុកគណៈកម្មការលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ YEAC។ លោកស្រីបានចែករំលែកនូវយុទ្ធសាស្រ្តក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងបទពិសោធន៍ទទួលបានហិរញ្ញប្បទានផ្លូវការ រួមមាន ជំនួយហិរញ្ញវត្ថុ កម្ចីផ្លូវការ និងប្រភពទុនផ្សេងៗ ក្នុងនាមជាម្ចាស់អាជីវកម្មមួយរូប​។ សិក្ខាកាមទាំងអស់ ក៏បានចែករំលែកនូវបទពិសោធន៍ជាក់ស្តែងផ្ទាល់ខ្លួន ពីគ្នាទៅវិញទៅមក តាមរយៈវេទិកាពិភាក្សាជាក្រុម អំពីការគ្រប់គ្រងហិរញ្ញវត្ថុ ឱ្យមានប្រសិទ្ធភាពផងដែរ។

បន្ថែមពីនេះ សិក្ខាកាមក៏ទទួលបានស្វែងយល់អំពីយន្តការធានាឥណទានរបស់ CGCC ក្នុងការគាំទ្រលទ្ធភាពទទួលបានហិរញ្ញប្បទានចាំបាច់របស់អាជីវកម្ម ជាពិសេសនៅក្នុងវិស័យកសិកម្ម ដែលជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល និងជាវិស័យស្នូលនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈបទបង្ហាញរបស់ កញ្ញា ជុំ សិលារ័ត្ន  ប្រធានការិយាល័យអភិវឌ្ឍន៍អាជីវកម្ម (ការធានាលើសញ្ញាប័ណ្ណ) នៃ CGCC។

ស្របជាមួយនឹងយន្តការធានាឥណទានរបស់ CGCC លោកស្រី ម៉ក់ ដាវី នាយិការងឥណទានអាជីវកម្មខ្នាតមធ្យម នៃធនាគារ ABA ក៏បានចែករំលែកអំពីការគាំទ្រលើលទ្ធភាពទទួលបានកម្ចីដែលមានការធានា និងនីតិវិធីនៃការអនុម័តកម្ចីរបស់ធនាគារ ABA ដល់សិក្ខាកាម ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីការទទួលបានហិរញ្ញប្បទានផ្លូវការពីធនាគារ និងបង្កើនចំណេះដឹងហិរញ្ញវត្ថុដល់ម្ចាស់អាជីវកម្មផងដែរ។

ការកសាងសមត្ថភាពសហគ្រិន គឺជាការងារអាទិភាពមួយរបស់ CGCC ក្នុងបេសកកម្មបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។ EPIC គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែល នឹងនាំមកនូវប្រធានបទពាក់ព័ន្ធ ដើម្បីអភិវឌ្ឍសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ/គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម៕

 

ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC

វិស័យកសិកម្មគឺជាវិស័យស្នូលមួយក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ ក្នុងនោះ ទីផ្សារស្រូវអង្ករដើរតួយ៉ាងសំខាន់ក្នុងការលើកតម្កើងវិស័យកសិកម្ម។  រោងម៉ាស៊ីនផលិតស្រូវអង្ករ  ឈុន  ធំ  ត្រូវបានចាប់បដិសន្ឋាកិច្ច ក្នុងឆ្នាំ១៩៩ដែលដំបូងឡើយជាមុខជំនួញបែបលក្ខណៈគ្រួសារមួយ។ បន្ទាប់ពីចាប់ផ្តើមដំណើរការអស់រយៈពេលជាច្រើនឆ្នាំមក អតិថិជនបានស្គាល់ពីម៉ាកយីហោ និងចាប់ផ្តើមផ្តល់ការជឿទុកចិត្តលើផលិតផលរបស់ពួកយើង។ ខ្ញុំបាទបានមើលឃើញពីឱកាស ក្នុងការពង្រីកអាជីវកម្មនេះឱ្យកាន់តែធំជាពិសេសលើបច្ចេកវិទ្យាដូចជាការទិញបន្ថែមនូវម៉ាស៊ីនកិនស្រូវ និងពង្រីកទីតាំងកិនស្រូវបន្ថែម

ខ្ញុំបាទបានទទួលការប្រឹក្សាជាមួយបុគ្គលិកធនាគារ ABA អំពីការធានាឥណទានលើកម្ចីអាជីវកម្មរបស់ CGCC ដែលអាចផ្តល់ការធានាលើកម្ចីរបស់ខ្ញុំ ទោះបីគ្មានទ្រព្យធានា។ ដោយសារការធានាឥណទានពី CGCC ទៅលើកម្ចីដែលទទួលបានពីធនាគារ ABA ខ្ញុំអាចទទួលបានទុនបន្ថែម ក្នុងការពង្រីកអាជីវកម្មរោងម៉ាស៊ីនកិនស្រូវរបស់ខ្ញុំបាទ ដូចជាការបន្ថែមគ្រឿងបរិក្ខារ មានដូចជា ម៉ាស៊ីនកិនស្រូវ និងពង្រីកទីផ្សារឱ្យកាន់តែធំទូលាយជាងមុន ព្រមទាំងសង្វាក់ផលិតកម្មឱ្យកាន់តែរលូនទៅមុខជាដើម។

ខ្ញុំយល់ថា ការធានាឥណទានរបស់ CGCC ពិតជាអាចគាំទ្រដល់អាជីវកម្មរបស់ខ្ញុំ ក៏ដូចជាសហគ្រាសខ្នាតតូច និងមធ្យមផ្សេងទៀត ដែលមានសក្តានុពល ប៉ុន្តែខ្វះទ្រព្យធានា ឱ្យទទួលបានទុនបន្ថែមចាំបាច់ពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការពង្រីកអាជីវកម្ម៕

អាននិងទាញយកអត្ថបទជា PDF: ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC