CGCC ចូលរួមកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក”
ខែកញ្ញា 16, 2025ព្រឹត្តិការណ៍ និងសកម្មភាព
កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ CGCC បានចូលរួមជាអ្នកសហការរៀបចំមួយក្នុងកម្មវិធី “ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥” ក្រោមប្រធានបទ “ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក” ដែលបានរៀបចំឡើងដោយសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ផងដែរថា កម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ នេះ មានប្រមាណ ៣០០ស្តង់ ដែលបានដាក់តាំងនូវផលិតផលខ្មែរផលិតក្នុងស្រុកជាង ១០០ប្រភេទ ដែលក្នុងនោះ CGCC ក៏បានចូលរួមចំណែកមួយក្នុងការលើកកម្ពស់ផលិតផលិតក្នុងស្រុក សំដៅលើការផ្ដល់ការធានាឥណទានលើកម្ចីអាជីវកម្ម ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងលើកស្ទួយការផលិតក្នុងស្រុក ដែលកំពុងមានសន្ទុះកើនឡើងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។

