ជួបជាមួយសហគ្រិនស្រ្ដី ដែលកែច្នៃសំណល់ស្នែង ជាវត្ថុលម្អ និងគ្រឿងអលង្ការ
ខែវិច្ឆិកា 13, 2025ស្វែងយល់ពីការធានាឥណទាន
ខ្ញុំឈ្មោះ គួន ចិន្ដា ជាម្ចាស់សិប្បកម្មសុមនា ផលិតផលស្នែង។ ខ្ញុំបើកអាជីវកម្មរបស់ខ្ញុំ តាំងពីឆ្នាំ២០០៣ ក្នុងគោលបំណងដោះស្រាយបញ្ហាកាកសំណល់នៅបរិវេណផ្ទះរបស់ខ្ញុំ។ ការចាប់ផ្ដើមអាជីវកម្មមួយនេះ មិនមានភាពងាយស្រួលឡើយ ពោល ខ្ញុំត្រូវជំនះកត្ដាសង្គម បញ្ហាជីវភាព និងការស្វែងរកទីផ្សារ។ ខ្ញុំធ្លាប់បោះបង់អាជីវកម្មនេះមួយរយៈ ប៉ុន្ដែដោយសារចិត្តស្រឡាញ់ និងជំនាញរបស់ប្ដីខ្ញុំ ពួកយើងបានឡើងមកភ្នំពេញក្នុងឆ្នាំ២០១៥ ដើម្បីចាប់ផ្ដើមនិងពង្រឹងអាជីវកម្មសារជាថ្មី។
បច្ចុប្បន្ន អាជីវកម្មរបស់ខ្ញុំមានបុគ្គលិកចំនួន ៥រូប រួមទាំងស្វាមីរបស់ខ្ញុំ ដែលជាអ្នកកែច្នៃ និងរចនាម៉ូត។ បន្ថែមពីនេះ គាត់ក៏បង្ហាត់បង្រៀនកូនជាងផងដែរ។ រីឯខ្ញុំ ជាអ្នកចាត់ចែងទូទៅនៃអាជីវកម្មមួយនេះ រួមទាំងការលក់ និងការធ្វើទីផ្សារ។ ការចាប់ផ្ដើមដំបូង ពួកយើងកែច្នៃជាផលិតផលតាំងលម្អក្នុងផ្ទះ ជារូបសំណាក ហើយនាំចេញទៅក្រៅប្រទេសដោយសារពេលនោះ យើងមានសមាគមទំនុកបម្រុងក្នុងការស្វែងរកអតិថិជននាំចេញទៅក្រៅប្រទេស។ ប៉ុន្ដែ ដោយសារផលលំបាកក្នុងការដឹកជញ្ជូន និងបាក់បែកពេលទៅដល់ទីនោះ ពួកយើងក៏បានកែច្នៃជារបស់ប្រើប្រាស់ និងគ្រឿងអលង្ការ ដូចជាខ្សែក ជញ្ជៀន និងខ្សែដៃ។
ជាអកុសល សមាគមនោះបានបិទ ការបញ្ជាទិញបានធ្លាក់ចុះ។ ពួកយើងបាត់អតិថិជនក្រៅស្រុកមួយចំនួន ដែលបណ្ដាលឱ្យអាជីវកម្មរបស់យើងធ្លាក់ចុះ ស្របពេលនឹងវិបត្តិកូវីដកំពុងផ្ទុះ។ ក្នុងអំឡុងពេលកូវីដ យើងបានបិទតូបអាជីវកម្មរបស់យើង ហើយយើងព្យាយាមលក់តាមបណ្ដាញសង្គម។ ការលក់ដំបូង ដាច់គួរសម ប៉ុន្ដែមួយរយៈក្រោយមានការថយចុះ យើងក៏ចាប់ផ្ដើមដាក់លក់នៅតាមស្ដង់តាំងពិព័រណ៌នៅពេលស្ថានភាពធូរស្បើយ។ បច្ចុប្បន្ន ខ្ញុំដាក់លក់ផលិតផលរបស់ខ្ញុំចំនួន ២ទីតាំង៖ ទីមួយនៅផ្សារទំនើប ជីប ម៉ុង ២៧១ និងចុងសប្ដាហ៍នៅផ្លូវថ្មើរជើង (Walk Street)។
ក្នុងនាមជាម្ចាស់អាជីវកម្ម ខ្ញុំយល់ថា ការអភិវឌ្ឍសមត្ថភាពគឺជារឿងសំខាន់ពីព្រោះវាជាឱកាសក្នុងការស្វែងរកចំណេះដឹងថ្មីៗដើម្បីពង្រឹង និងអភិវឌ្ឍអាជីវកម្ម។ ជារឿយៗ នាងខ្ញុំតែងឆ្លៀតពេលចូលរួមក្នុងវគ្គកសាងសមត្ថភាពជាមួយសមាគម ស្ថាប័ន និងភាគីពាក់ព័ន្ធនានា។ ជាឧទាហរណ៍ នៅពេលដែលនាងខ្ញុំបានចូលរួមវគ្គបណ្ដុះបណ្ដាល EPIC ខ្ញុំបានស្វែងយល់អំពីការបង្កើតផែនការអាជីវកម្ម ការបំផុសគំនិតឱ្យខ្ញុំគិតអំពីអាជីវកម្មរបស់ខ្ញុំ ថានៅចំណុចណា និងមានភាពខ្វះខាតអ្វីខ្លះ។ ទន្ទឹមនឹងនេះ ខ្ញុំក៏បានស្វែងយល់ពីកម្ចីអាជីវកម្ម គន្លឹះក្នុងការស្វែងរកប្រភពទុនឱ្យបានច្រើន និងការរៀបចំគោលដៅនៃផែនការអាជីវកម្មប្រកបដោយប្រសិទ្ធភាព។
ផ្អែកតាមបទពិសោធអាជីវកម្មរបស់ខ្ញុំ ខ្ញុំយល់ថា ម្ចាស់អាជីវកម្មទាំងអស់គួរមានភាពបត់បែនក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ជាពិសេសការស្ដាប់ពីតម្រូវការ និងមតិកែលម្អរបស់អតិថិជន ព្រមទាំងពង្រឹងយុទ្ធសាស្រ្ដ និងវិធីសាស្រ្ដទីផ្សារ ដើម្បីឱ្យអតិថិជនស្គាល់ពីគុណភាព និងផលិតផលរបស់អ្នក៕
អាននិងទាញយកជា PDF: សហគ្រិនស្រ្ដី ដែលកែច្នៃសំណល់ស្នែង ជាវត្ថុលម្អ និងគ្រឿងអលង្ការ