ក្រុមហ៊ុនធានាឥណទានកម្ពុជា និងឡាវ ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីគាំទ្រដល់កំណើន MSME

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងក្រុមហ៊ុន Credit Guarantee Sole Company Limited (LCGC) កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបង្កើនការអភិវឌ្ឍសេវាកម្មធានាឥណទាន និងការរីកចម្រើនដ៏រឹងមាំរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសទាំងពីរ។

អនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានចុះហត្ថលេខាដោយលោក ណូ លីដា អគ្គនាយកនៃ CGCC និងលោក វង់ គីតលួង (Wong Keet Loong) អគ្គនាយកនៃ LCGC ព្រមទាំងមានតំណាងជាន់ខ្ពស់មកពីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មឡាវ, ក្រសួងហិរញ្ញវត្ថុ, ធនាគារជាតិនៃសាធារណរដ្ឋប្រជាមានិតឡាវ ចូលរួមជាសាក្សី សរុបចំនួន ៣០ នាក់ នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា។

ថ្លែងក្នុងពិធីចុះហត្ថលេខា លោក លីដា បានមានប្រសាសន៍ថា “អនុស្សរណៈនៃការយោគយល់គ្នារវាង CGCC និង LCGC នឹងនាំមកនូវអត្ថប្រយោជន៍ទៅវិញទៅមកតាមរយៈកិច្ចសហការក្នុងការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងការកែលម្អប្រតិបត្តិការ”។

លោកបានបន្ថែមថា “វាបង្ហាញពីការចាប់ផ្តើមនៃភាពជាដៃគូដ៏យូរអង្វែង និងមានឥទ្ធិពលរវាងស្ថាប័នទាំងពីររបស់យើង។ នវានុវត្តន៍មិនត្រូវបានកំណត់ដោយភាពចាស់ទុំរបស់គ្រឹះស្ថាននោះទេ។ ទោះបីជា CGCC បានចាប់ផ្តើមប្រតិបត្តិការមុន LCGC ក៏ដោយ ក៏អាចមានផ្នែកដែល LCGC អនុវត្តបានល្អជាង ហើយយើងស្វាគមន៍ឱកាសទាំងនោះដើម្បីរៀន និងកែលម្អជាមួយគ្នា”។

ក្នុងឱកាសថ្លែងសុន្ទរកថា លោក Wong បានមានប្រសាសន៍ថា “យើងមានកិត្តិយសដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះជាមួយ CGCC នៅថ្ងៃនេះ ដោយបង្កើតកិច្ចសហការជាយុទ្ធសាស្ត្រសម្រាប់ LCGC។ CGCC មានមូលដ្ឋានគ្រឹះរឹងមាំ និងមានភាពចាស់ទុំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ទៅជាគ្រឹះស្ថានធានាឥណទានគំរូមួយនៅក្នុងតំបន់”។

អគ្គនាយក LCGC បានកត់សម្គាល់ថា ភាពជាដៃគូនេះនឹងគាំទ្រដល់ការអភិវឌ្ឍរបស់ LCGC ក្នុងការកែលម្អលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ MSMEs នៅក្នុងប្រទេសឡាវ។

លោកបានបន្តថា “អនុស្សរណៈនៃការយោគយល់គ្នានេះបង្កើតក្របខ័ណ្ឌដែលមានរចនាសម្ព័ន្ធសម្រាប់កិច្ចសហការជាបន្តបន្ទាប់រវាង CGCC និង LCGC ក្នុងការអភិវឌ្ឍ និងការអនុវត្តគម្រោងធានាឥណទាន ដើម្បីគាំទ្រ MSMEs ក៏ដូចជាក្នុងការផ្លាស់ប្តូរចំណេះដឹងលើចំណាត់ថ្នាក់បៃតង (green taxonomy) និងគម្រោងធានាហិរញ្ញប្បទានអាកាសធាតុ/បៃតង”។

លោកបានបន្ថែមថា “ក្នុងនាមជាគ្រឹះស្ថានធានាឥណទានដែលបង្កើតឡើងដោយរដ្ឋាភិបាល និងគ្រប់គ្រងដោយរដ្ឋ អង្គភាពទាំងពីរចែករំលែកអាណត្តិរួមមួយដើម្បីបន្ធូរបន្ថយការរឹតបន្តឹងហិរញ្ញប្បទានសម្រាប់ MSMEs ដែលជាវិស័យមួយដែលបម្រើជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់”។

Credit to: Khmer Times, Published on 14 May 2026