CGCC

វគ្គបណ្តុះបណ្តាលសមត្ថភាពលើការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណ ដោយ CGIF ដល់ CGCC

នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមស្មារតីនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តលើការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណកម្ពុជា មូលនិធិធានាឥណទាន និងជំរុញការវិនិយោគ (CGIF) បានចែករំលែកចំណេះដឹងតាមរយៈវគ្គបណ្តុះបណ្តាលកសាងសមត្ថភាព និងការចែករំលែកបទពិសោធជាលើកដំបូង ដល់គណៈគ្រប់គ្រង និងបុគ្គលិកប្រមាណ២០រូបរបស់ CGCC នៅការិយាល័យរបស់ CGCC។

តាមរយៈវគ្គបណ្ដុះបណ្ដាល​ CGIF បានចែករំលែកអំពីដំណើរការធានាឥណទានរបស់ CGIF និងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យឥណទានសាជីវកម្ម សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

ការចែករំលែកចំណេះដឹងនេះ គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត តាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាង CGCC និង CGIF ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់ស្ថាប័នទាំងពីរ ក្នុងការជំរុញការអភិវឌ្ឍទីផ្សារមូលបត្រនៅក្នុងតំបន់ទាំងមូល។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប ៥ឆ្នាំ របស់ CGCC “៥ឆ្នាំ នៃការធានាឥណទានជាយុទ្ធសាស្រ្ដ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន”

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានសហការរៀបចំខួប៥ឆ្នាំ របស់ CGCC ក្រោមប្រធានបទ “៥ឆ្នាំ នៃការធានាឥណទានជាយុទ្ធសាស្រ្ដ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារសាន់ & មូន រីវើសាយ។

ពិធីនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យ និងអបអរសមិទ្ធផលសំខាន់ៗ, ការវាយតម្លៃអំពី វឌ្ឍនភាពនៃដំណើរការយន្ដការធានាឥណទាន ក្នុងរយៈពេល ៥ឆ្នាំ កន្លងមក, ការប្រគល់ពានរង្វាន់ និងបណ្ណសរសើរជូនគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម, សហគ្រាសឆ្នើម និងបុគ្គលិកឆ្នើមរបស់ CGCC, ព្រមទាំង​ការប្រមូល​ធាតុ​ចូល​ពីភាគីពាក់ព័ន្ធ អំពីយន្ដការការធានាឥណទាន ក្នុងការកសាងប្រព័ន្ធហិរញ្ញវត្ថុ ប្រកបដោយបរិយាបន្ន, ភាពធន់, និង​ចីរភាពនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះ មានអ្នកចូលរួម ដែលអញ្ជើញមកពីស្ថាប័នរដ្ឋ, ដៃគូអភិវឌ្ឍន៍ជាតិ និង​អន្ដរជាតិ, ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, ក្រុមហ៊ុនមូលបត្រ, សមាគមអាជីវកម្ម, និងស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណ ១៥០រូប។

នៅក្នុងពិធីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានដាក់សម្ពោធជាផ្លូវការនូវ “គម្រោងធានាឥណទានឯកត្តឥណទានពិសេស” ដែលត្រូវបានបង្កើតឡើង ដើម្បីគាំទ្រគោលនយោបាយ, យុទ្ធសាស្រ្ដ, និងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជា វិស័យស្រូវអង្ករ, ស្វាយចន្ទី, កម្មន្ដសាល, ការអភិវឌ្ឍលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ។ល។ គម្រោងនេះ អនុញ្ញាតឱ្យម្ចាស់អាជីវកម្ម អាចដាក់ពាក្យបង្ហាញចំណាប់អារម្មណ៍ មក CGCC ដោយផ្ទាល់ ក្នុងការទទួលបានការធានាឥណទានលើកម្ចីរហូតដល់ ១០ លានដុល្លារ ក្នុងមួយកម្ចី  សម្រាប់​ការប្រើប្រាស់ជាទុនបង្វិល និងពង្រីកអាជីវកម្ម និងអនុញ្ញាតឱ្យ CGCC ចូលរួមវាយតម្លៃលទ្ធភាពសងរបស់អ្នកខ្ចី រួមជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការផ្តល់ហិរញ្ញប្បទាន។

លើសពីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានផ្ដល់ពានរង្វាន់ និងបណ្ណសរសើរ ជូនគ្រឹះស្ថាន​ហិរញ្ញវត្ថុចូលរួមឆ្នើម របស់ CGCC រួមមាន៖ ធនាគារ វឌ្ឍនៈអាស៊ី (ABA), ធនាគារ មេយប៊ែង ខេមបូឌា​(Maybank), និង ធនាគារស្ថាបនា (Sathapana Bank) ដែលបានបញ្ចេញកម្ចីមានការធានាច្រើនជាងគេ ក្នុងឆ្នាំ២០២៥ និងសហគ្រាសឆ្នើម ចំនួន៣ រួមមាន៖ រោងចក្រធុនតូចកិនស្រូវ សេកមាស, ក្រុមហ៊ុន បាយ័ន ហេរីធេច ហូលឌីង គ្រុប, និង ទឹកស្អាត សំណាង ឌីណា លំចង់ ដែលបានប្រើប្រាស់កម្ចីមានការធានា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងបានប្រគល់បណ្ណសរសើរជូនបុគ្គលិកឆ្នើមរបស់ CGCC ចំនួន ១០រូប  ដែលបានបំពេញការងារ ប្រកបដោយការទទួលខុសត្រូវ, វិជ្ជាជីវៈ, និងបុរេសកម្ម ដើម្បីកសាង និងអភិវឌ្ឍ សាជីវកម្មធានាឥណទានកម្ពុជា នាពេលកន្លងមក។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា៖ “ការបង្កើត CGCC នេះឡើង គឺជាការគិតគូរជាយុទ្ធសាស្ត្រ ដ៏ល្អិតល្អន់ និង ដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល, ក្នុងនីតិកាលទី ៦ នៃរដ្ឋសភា, ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និង ចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្រ្តី និង បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា, ក្នុងការអនុវត្តវិធានការអន្តរាគមន៍ តាមរយៈយន្តការធានាឥណទាន, សំដៅស្តារ និង ជំរុញកំណើនសេដ្ឋកិច្ច,​​​ ជាពិសេស ក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល, ដោយផ្អែកលើឧត្តមានុវត្តជាអន្តរជាតិ ក៏ដូចជា ការវិវត្តនៃបរិបទសង្គម-សេដ្ឋកិច្ចជាក់ស្តែង​ របស់កម្ពុជា។ យន្តការធានាឥណទាន បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្តគោល-នយោបាយគន្លឹះនានា របស់រាជរដ្ឋាភិបាល រួមមាន៖ ទី១. ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, ជាពិសេស សម្រាប់សហគ្រាសធុន តូច និង មធ្យម, តាមរយៈ ការបង្កើនលទ្ធភាពទទួលបាននូវហិរញ្ញប្បទាន; ទី២. ការពង្រឹងការអភិវឌ្ឍវិស័យឯកជន តាមរយៈ ការគាំទ្រឲ្យមានការវិនិយោគ, ការពង្រីកប្រតិបត្តិការអាជីវកម្ម, និង ការបង្កើតការងារបន្ថែម ឲ្យបាន កាន់តែច្រើន, ជាពិសេស សម្រាប់យុវជន; និង ទី៣. ការពង្រឹងភាពធន់នៃសេដ្ឋកិច្ច តាមរយៈ ការបង្កើនទំនុកចិត្តក្នុងទីផ្សារ និង ការរួមគ្នាគ្រប់គ្រងហានិភ័យ, ជាពិសេស ក្នុងអំឡុងវិបត្តិ ឬ បញ្ហាប្រឈមពីកត្តាខាងក្រៅ, ដែលមិនចំណុះនឹងការគ្រប់គ្រងរបស់កម្ពុជា ។

CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្ដល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងរួមចំណែក ដល់កំណើនសេដ្ឋកិច្ច។ នៅក្នុងរយៈពេល ៥ឆ្នាំ កន្លងមកនេះ CGCC បានដាក់ឱ្យដំណើរការការធានាឥណទាន ឯកត្តឥណទាន ចំនួន ៧ គម្រោង, ការធានាឥណទានជាកញ្ចប់ ចំនួន ១៧ កិច្ចព្រមព្រៀង,  ការធានាលើ​ការបោះផ្សាយ​សញ្ញាបណ្ណរបស់ក្រុមហ៊ុនចំនួន ១ , និងការធានាឥណទានបោះដុំចំនួន ៣

កិច្ចព្រមព្រៀង ព្រមទាំងបានដាក់ឱ្យដំណើរការកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC)។ តាមរយៈគម្រោងទាំងអស់នេះ CGCC បាន​អនុម័តការធានាឥណទាន ចំនួន ៩.៥៥៦ គណនី លើកម្ចី ប្រមាណ ៥២១,២៨ លានដុល្លារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

credit to: ទូរទស្សន៍ជាតិកម្ពុជា ចេញផ្សាយថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦

បេសកកម្មមនុស្សធម៌លើកទី២ របស់ CGCC ទៅកាន់គ្រួសារខ្មែរដែលកំពុងរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមព្រំដែន

កាលពីថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដឹកនាំដោយលោក ប៊ុត វ៉ាន់នី ប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាលរបស់ CGCC បានចូលរួមអមដំណើររបស់ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិត (ក្រុមទី៦) នៃសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងជាអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយបាននាំយកជំនួយសប្បុរសធម៌ដែលទទួលបានពីបុគ្គលិកគ្រប់ជាន់ថ្នាក់ និងថវិកាផ្ទាល់របស់ CGCC ប្រគល់ជូនប្រជាពលរដ្ឋជាជនភៀសសឹក និងគ្រួសារ ក៏ដូចជាចុះសួរសុខទុក្ខវីរៈកងទ័ពជួរមុខ និងគ្រួសារ នៅមណ្ឌលសុវត្ថិភាព ដែលកំពុងរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមព្រំដែន។

សម្ភារៈជំនួយមួយចំនួនរួមមានម្ហូបអាហារ រួមជាមួយនឹងថវិការមួយចំនួនផងដែរ ត្រូវបានផ្ដល់ជូនដោយផ្ទាល់ ក្នុងនោះភាគច្រើនរួមមានមនុស្សចាស់ ស្ត្រី និងកុមារតូចៗ ដែលជាក្រុមងាយរងគ្រោះបំផុត។ សកម្មភាពមនុស្សធម៌នេះមិនត្រឹមតែជួយកាត់បន្ថយបន្ទុកជាក់ស្តែងរបស់បងប្អូនជនរួមជាតិខ្មែរដែលជាជនភៀសសឹកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាបង្ហាញដ៏មានអត្ថន័យនៃស្មារតីសាមគ្គីរវាងប្រជាជនខ្មែរទាំងមូល។

បេសកកម្មមនុស្សធម៌នេះជាការបង្ហាញយ៉ាងច្បាស់នៃស្មារតី ខ្មែរជួយខ្មែរ” ដែល ស្រឡាញ់សាមគ្គីភាព និងការថែរក្សាគ្នាទៅវិញទៅមក ដែលបានជ្រាបចូលក្នុងសង្គមខ្មែរតាំងពីយូរលង់ណាស់មកហើយ និងក៏ជាសេចក្ដីបញ្ជាក់ពីកាតព្វកិច្ចជាតិដ៏ជ្រាលជ្រៅក្នុងការធានាថា គ្មានបងប្អូនខ្មែរណាមួយត្រូវបានទុកចោល នៅក្នុងអំឡុងពេលដ៏លំបាកមួយនេះ ហើយក៏ជាសក្ខីភាពបញ្ជាក់ថា ប្រជាជនរួមជាតិតែងតែនៅក្បែរគ្នាជានិច្ច។

 

 

CGCC ចូលរួមក្នុងកម្មវិធី Climate Venture Scaler: Pipeline Development and Capital Facilitation

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោក ណូ លីដា អគ្គនាយក CGCC បានចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាស្តីពី “ការជំរុញសកម្មភាពអាកាសធាតុតាមរយៈការអភិវឌ្ឍ និងការចូលរួមរបស់វិស័យឯកជននៅកម្ពុជា” ដែលធ្វើឡើងក្នុងផ្នែកមួយនៃកម្មវិធី Climate Venture Scaler: Pipeline Development and Capital Facilitation ក្រោម Climate Finance Network ដែលរៀបចំដោយ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ក្នុងភាពជាដៃគូជាមួយ Impact Investment Exchange (IIX) ដោយមានការគាំទ្រពីរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ស៊ុយអែត និងន័រវែស។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុអាកាសធាតុរបស់កម្ពុជា ដោយលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន ការកៀរគរដើមទុន និងការគាំទ្រលើដំណោះស្រាយអាកាសធាតុ។

លោកណូ លីដា ក៏បានចែករំលែកពីតួនាទីរបស់ CGCC សំដៅលើយន្តការធានាឥណទាន និងការចែករំលែកហានិភ័យជាមួយស្ថាប័នផ្ដល់កម្ចី ដោយអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យម អាចទទួលបានហិរញ្ញប្បទាន ដើម្បីវិនិយោគ លើគំនិតផ្តួចផ្តើមទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការបញ្ចេញកាបូន ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។ កិច្ចពិភាក្សានេះ បានគូសបញ្ជាក់អំពីតម្រូវការសម្រាប់កិច្ចសហការដ៏រឹងមាំ រវាងរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានា ដើម្បីបង្កើតលំហូរដ៏រឹងមាំ និងបន្តឱកាសវិនិយោគដែលផ្តោតលើអាកាសធាតុ និងជំរុញការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចមួយដែលមានភាពធន់ និងបរិយាបន្នកាន់តែប្រសើរ។

 

Roadshow លើកទី៣ ប្រចាំឆ្នាំ២០២៥ របស់ CGCC ក្នុងការផ្សព្វផ្សាយការធានាឥណទានទៅកាន់សាខាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងសៀមរាប

កាលពីថ្ងៃទី១ ដល់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដឹកនាំដោយលោកស្រី ជុន សុថានី ប្រធាននាយកដ្ឋានយុទ្ធសាស្រ្ដ និងអភិវឌ្ឍន៍អាជីវកម្មនៃ CGCC បានជួបពិភាក្សាស្វែងយល់អំពីការអនុវត្តយន្តការធានាឥណទាន និងផ្សព្វផ្សាយបន្ថែមអំពីគម្រោងធានាឥណទានរបស់ CGCC ដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិករបស់សាខានៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួនរបស់ CGCC រួមមាន៖

– ខេត្តកំពង់ឆ្នាំង៖ ធនាគារស្ថាបនា, ធនាគារហ្វីលីព និងធនាគារ ABA

– ខេត្តពោធិ៍សាត់៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC, ធនាគារស្ថាបនា និងធនាគារ ABA

– ខេត្តបាត់ដំបង៖ ធនាគារ FTB និងធនាគារប្រេដ

– ខេត្តសៀមរាប៖ ធនាគារ ABA

ការពិភាក្សាជាមួយ PFIs នៅតាមសាខានានានៃខេត្តនីមួយៗ បានផ្តល់ឱកាសសម្រាប់ CGCC និង PFIs ក្នុងការជំរុញការយល់ដឹងកាន់តែច្បាស់អំពីសេវាធានាឥណទាន បង្កើនគុណភាពនៃសេវាកម្ម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការធានាឥណទាន និងអាចបង្កើនការផ្តល់កម្ចីជូនទៅដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានសក្តានុពលនិងមានតម្រូវការកម្ចីចាំបាច់ រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ជនបទផងដែរ៕

 

កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់សាជីវកម្មធានាឥណទានកម្ពុជា (EPIC) វគ្គទី៧

នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តបាត់ដំបង សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារ ABA បានសហការរៀបចំកម្មវិធី EPIC វគ្គទី៧​ ស្តីអំពី «ប្រតិបត្តិការអាជីវកម្មក្នុងយុគសម័យឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម» ក្រោមវត្តមានកិត្តិយសពីសំណាក់ លោក រស់ វិសិទ្ធ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង, លោកស្រី ជុន សុថានី ប្រធាននាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍន៍អាជីវកម្មនៃ CGCC, លោកស្រី ម៉ក់ ដាវី នាយករងឥណទានអាជីវកម្មខ្នាតមធ្យមនៃធនាគារ ABA និងសិក្ខាកាមដែលជាម្ចាស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ៥០រូប ព្រមទាំង បុគ្គលិកនៃស្ថាប័នទាំងបី សរុបប្រមាណ ៧០រូប។​

ជាផ្នែកមួយនៃរបៀបវារៈនៃកម្មវិធី EPIC 7 សិក្ខាកាម និងអ្នកចូលរួមបានទទួលការចែករំលែក តាមរយៈបទបង្ហាញស្តីពី “យន្តការធានាឥណទាន ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ សហគ្រាសធុនតូច និងមធ្យម” ដោយ លោក សែ គឹមវាសនា បុគ្គលិកជំនាញជាន់ខ្ពស់ផ្នែកទីផ្សារ និងទំនាក់ទំនងនៃ CGCC  និងបទបង្ហាញស្តីពី “នីតិវិធីនៃការវាយតម្លៃឥណទាន និងផលិតផលឥណទានដែលមានការធានា សម្រាប់អាជីវកម្ម” ដោយ លោក សឿន សុបាល ប្រធានសាខាខេត្តបាត់ដំបង នៃធនាគារ ABA។

លើសពីនេះ សិក្ខាកាមក៏បានស្វែងយល់អំពីប្រធានបទបណ្តុះបណ្តាលគោល ស្តីអំពី «ប្រតិបត្តិការអាជីវកម្មក្នុងយុគសម័យឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម» ដែលចែករំលែកដោយ លោកស្រី ជុន សុថានី។ ជាលទ្ធផលសិក្ខាកាម និងអ្នកចូលរួមបានយល់ដឹងកាន់តែច្បាស់ពីបញ្ហាប្រឈមពិតប្រាកដ ដែលពួកគេបានកំពុងជួបប្រទះក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរយ៉ាងលឿននៃផ្នែកឌីជីថល និងបានណែនាំអំពីឧបករណ៍ឌីជីថលជាក់ស្តែងដើម្បីកែលម្អប្រតិបត្តិការ ការធ្វើទីផ្សារ និងការចូលរួមរបស់អតិថិជន។ អ្នកចូលរួមក៏ទទួលបានការយល់ដឹងពីអត្ថប្រយោជន៍ក្នុងការកំណត់ដំណោះស្រាយសមស្រប និងយន្តការគាំទ្រ ក៏ដូចជាយុទ្ធសាស្ត្រសំខាន់ៗដើម្បីបង្កើនឱកាសរបស់ពួកគេក្នុងការទទួលបានហិរញ្ញប្បទាន និងការប្រើប្រាស់ប្រាក់កម្ចីប្រកបដោយប្រសិទ្ធភាពដើម្បីពង្រឹងអាជីវកម្មរបស់ពួកគេ។

ការកសាងសមត្ថភាពសហគ្រិន គឺជាការងារអាទិភាពមួយរបស់ CGCC ក្នុងបេសកកម្មបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។ EPIC គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលនឹងនាំមកនូវប្រធានបទពាក់ព័ន្ធការប្រតិ​បត្តិ និងគ្រប់គ្រងអាជីវកម្ម ដើម្បីអភិវឌ្ឍសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម៕

 

ដំណើរទស្សនកិច្ចទៅកាន់វិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានមោទនភាពក្នុងការធ្វើដំណើរទស្សនកិច្ចទៅកាន់ក្នុងខេត្តមណ្ឌលគិរី  ដែលដឹកនាំដោយលោក ណូ លីដា អគ្គនាយក CGCC រួមជាមួយគណៈគ្រប់គ្រង និងបុគ្គលិក CGCC ទាំងអស់ និងបាននាំយកសម្ភារៈសិក្សាមួយចំនួន ដើម្បីគាំទ្រ និងសម្រួលដល់ការសិក្សារបស់សិស្សានុសិស្សប្រចាំវិទ្យាល័យដោយផ្ទាល់។ ដំណើរទស្សនកិច្ចនេះត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកនាយកសាសា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រហែល ២៤០នាក់។

ដំណើរទស្សនកិច្ចដ៏មានអត្ថន័យទៅកាន់វិទ្យាល័យដែលមានទីតាំងនៅតំបន់ភូមិភាគឦសានរបស់ប្រទេសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមដោយផ្ទាល់ជាមួយសិស្សានុសិស្សប្រចាំថ្នាក់ទី១២ ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ជីវិត និងការណែនាំជាក់ស្តែង។ តាមរយៈការពិភាក្សាដ៏រស់រវើក CGCC មានគោលបំណងជំរុញសិស្សានុសិស្សទាំងអស់ឱ្យជ្រើសរើសមុខវិជ្ជាសិក្សារបស់ពួកគេដោយឈ្លាសវៃ កំណត់គោលដៅឱ្យច្បាស់លាស់ និងរៀបចំខ្លួនដោយមានទំនុកចិត្ត សម្រាប់ការសិក្សានាពេលអនាគតរបស់ពួកគេនៅកម្រិតសាកលវិទ្យាល័យ។

ក្នុងនាមជាស្ថាប័នធានាឥណទានតែមួយគត់របស់កម្ពុជា CGCC នៅតែប្តេជ្ញាចិត្តមិនត្រឹមតែពង្រឹងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេស។

 

វគ្គបណ្តុះបណ្តាល “កសាងក្រមសីលធម៌ និងពិធីសាររបស់ CGCC”

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ CGCC បានរៀបចំវគ្គបណ្តុះបណ្តាលដ៏សំខាន់មួយ ក្រោមប្រធានបទ “កសាងក្រមសីលធម៌ និងពិធីសាររបស់ CGCC” សម្រាប់បុគ្គលិកទាំងអស់នៅ CGCC។ វគ្គបណ្តុះបណ្តាលរយៈពេលកន្លះថ្ងៃនេះត្រូវបានសម្របសម្រួលដោយលោក ប៊ុត វ៉ាន់នី ប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល និងលោក នួន វណ្ណី ប្រធានការិយាល័យសវនកម្មផ្ទៃក្នុង និងត្រូវបានបង្កើតឡើងដើម្បីបង្កើនរូបភាពវិជ្ជាជីវៈ ជំនាញទំនាក់ទំនង និងឥរិយាបថនៅកន្លែងធ្វើការរបស់បុគ្គលិកគ្រប់រូប ដើម្បីធានាបាននូវការតំណាងប្រកបដោយវិជ្ជាជីវៈខ្ពស់របស់ស្ថាប័ន។

ផ្នែកដ៏សំខាន់ និងមានប្រយោជន៍បំផុតនៃវគ្គបណ្តុះបណ្តាលនេះគឺ កិច្ចពិភាក្សាជាក្រុម។ បុគ្គលិកទាំងអស់ត្រូវបានបែងចែកជាក្រុមតូចៗ និងត្រូវបានផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីសាកល្បងការយល់ដឹង និងការអនុវត្តមេរៀនដែលបានរៀន។

កិច្ចពិភាក្សាជាក្រុមនេះបានជំរុញឱ្យកាន់តែប្រសើរឡើងនូវកិច្ចសហការជាក្រុម ការគិតប្រកបដោយការពិចារណា និងពង្រឹងការយល់ដឹងអំពីស្តង់ដារវិជ្ជាជីវៈរបស់ CGCC ដែលធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះទទួលបាននូវផ្លែផ្កា ក្នុងការកសាងរូបភាពសាជីវកម្មដ៏ល្អមួយ និងស៊ីសង្វាក់គ្នាសម្រាប់បុគ្គលិកទាំងអស់។

 

CGCC ចូលរួមក្នុងសន្និសីទរបស់ ACSIC លើកទី៣៧ នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់

ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈប្រតិភូ CGCC ដឹកនាំដោយលោកណូ លីដា អគ្គនាយក CGCC លោកស្រីសាន សុខរីណា ប្រធានជាន់ខ្ពស់នៃការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការរបស់ CGCC និងអមដំណើរដោយ លោកស្រី កឹម សារឿង អនុប្រធាននាយកដ្ឋានបច្ចេកទេស និងកិច្ចការគតិយុត្តរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចូលរួមសន្និសីទរបស់ ACSIC លើកទី៣៧ នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់។

សន្និសីទនេះត្រូវបានរៀបចំឡើងដោយ Small and Medium Enterprise Credit Guarantee Fund of Taiwan (TSMEG) ក្រោមប្រធានបទ៖ “How to Utilize Financial Innovation to Enhance the Efficiency of Credit Supplementation”។

លោកណូ លីដា ក៏បានចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាលើប្រធានបទ “Credit Guarantee Powered by Fintech: Creating a More Flexible and Efficient Credit Support System”៖ ក្នុងអំឡុងពេលថ្លែងសុន្ទរកថា លោកបានធ្វើបទបង្ហាញអំពីប្រព័ន្ធគ្រប់គ្រងការធានា (GMS) របស់ CGCC ដែលជាប្រព័ន្ធឌីជីថល ដែលធ្វើស្វ័យប្រវត្តិកម្ម និងសម្រួលដំណើរការ នៃការធានាឥណទាន ឱ្យមានលក្ខណៈងាយស្រួល លឿន និងមានសុវត្ថិភាព។ GMS គឺជាប្រព័ន្ធឌីជីថលគ្រប់គ្រងប្រតិបត្តិការធានាឥណទានដំបូងគេបង្អស់ និងមានតែមួយគត់នៅកម្ពុជា។

គណៈប្រតិភូមកពីប្រទេសជាសមាជិក និងអ្នកសង្កេតការណ៍ ACSIC ក៏បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃគម្រោងធានាឥណទានរៀងៗខ្លួន។ ប្រធានបទពិភាក្សាសំខាន់ៗរួមមាន៖

  • Credit Guarantee Powered by Fintech
  • Data-Driven Decision Making
  • Financial Inclusion

ការចូលរួមយ៉ាងសកម្មរបស់ CGCC នៅក្នុងវេទិកាអន្តរជាតិនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុម័តដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងរៀនសូត្រពីការអនុវត្តល្អបំផុតជាសកល ដើម្បីរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងសម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា។

 

ស្វែងយល់អំពីដំណើរការធានាសញ្ញាបណ្ណរបស់ CGCC

ដំណើរការនៃការធានាសញ្ញាបណ្ណរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC)៖ ជំហានសាមញ្ញសម្រាប់អ្នកបោះផ្សាយ

ការបោះផ្សាយសញ្ញាបណ្ណស្តាប់ទៅហាក់ដូចជាស្មុគស្មាញ ប៉ុន្តែជាមួយការគាំទ្រពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដំណើរការត្រូវបានរៀបចំឡើងយ៉ាងល្អនិងងាយស្រួលខុសពីការគិតរបស់អ្នក។ ការធានាសញ្ញាបណ្ណរបស់ CGCC ជួយបង្កើនទំនុកចិត្តរបស់វិនិយោគិន បង្កើនកម្រិតឥណទានរបស់អ្នក និងទទួលបានដើមទុនជាមួយលក្ខខណ្ឌល្អប្រសើរជាងមុន។ ដំណើរការដាក់ពាក្យស្នើសុំ ត្រូវបានរៀបចំឡើងដើម្បីណែនាំដល់ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណតាមដំណាក់កាលនីមួយៗ ចាប់ពីការបង្ហាញចំណាប់អារម្មណ៍ដំបូង រហូតដល់ការធានាផ្លូវការ។ ដំណាក់កាលនីមួយៗមានតម្លាភាព ដោយ CGCC ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណ ដើម្បីធានាថាពួកគេបានត្រៀមខ្លួនរួចជាស្រេច។

ជំហានទី ១៖ លិខិតបព្ជាក់ចំណាប់អារម្មណ៍

ដំណើរការទាំងមូលចាប់ផ្តើមដោយ លិខិតបញ្ជាក់ចំណាប់អារម្មណ៍ដ៏សាមញ្ញមួយ។ តាមរយៈការចែករំលែកនូវ ព័ត៌មានលម្អិតជាមូលដ្ឋានរបស់ក្រុមហ៊ុន របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរយៈពេល ៣ឆ្នាំចុងក្រោយ ព័ត៌មានអំពីសញ្ញាបណ្ណ បញ្ជីឈ្មោះវិនិយោគិនសក្តានុពល ព័ត៌មានអភិបាលកិច្ចសាជីវកម្មនិងកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនធានាទិញមូលបត្រ។ CGCC នឹងពិនិត្យលើលក្ខខណ្ឌដំបូង។ ដំណាក់កាលនេះមានភាពរហ័ស និងមិនស្មុគស្មាញ។

ជំហានទី ២៖ ការដាក់ពាក្យស្នើសុំជាផ្លូវការ

បន្ទាប់ពីការត្រួតពិនិត្យលើលក្ខខណ្ឌដំបូងបានបញ្ចប់ ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណត្រូវបានអញ្ជើញឱ្យដាក់ពាក្យស្នើសុំធានាសញ្ញាបណ្ណជាផ្លូវការ។ ឯកសារតម្រូវរួមមាន ទម្រង់ពាក្យស្នើសុំធានាសញ្ញាបណ្ណរបស់ CGCC ផែនការអាជីវកម្ម ផែនការថវិកាលម្អិតដែលភ្ជាប់ជាមួយការព្យាករណ៍លំហូរសាច់ប្រាក់ ឯកសារពាក់ព័ន្ធនឹងក្រុមហ៊ុន ចំណាត់ថ្នាក់ឥណទាន អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតបទប្បញ្ញត្តិពាក់ព័ន្ធទាំងអស់។  បន្ថែមពីនេះ ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណត្រូវរំពឹងថា នឹងផ្តល់នូវរបាយការណ៍ត្រួតពិនិត្យបំពេញកាតព្វកិច្ចតាមច្បាប់ ផ្នែកគតិយុត្ត ផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការ និងរបាយការណ៍ផលប៉ះពាល់សង្គមនិងបរិស្ថាន។ ឯកសារធានា កិច្ចសន្យាសំខាន់ៗជាមួយភាគីពាក់ព័ន្ធ និងឯកសារផ្សេងទៀតអាចត្រូវបានស្នើសុំបន្ថែមតាមការចាំបាច់។

ជំហានទី ៣៖ ការសិក្សាវាយតម្លៃ

ក្នុងដំណាក់កាលវាយតម្លៃ ដែលជាការវាយតម្លៃតាមឯកសារដែលបានផ្តល់ឱ្យ CGCC ត្រួតពិនិត្យលើពាក្យស្នើសុំធានាសញ្ញាបណ្ណ ដើម្បីវាយតម្លៃភាពរឹងមាំផ្នែកហិរញ្ញវត្ថុ កម្រិតនៃឥណទាន និងលទ្ធភាពសម្រេចបាននៃគម្រោងរបស់ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណ។ ការវាយតម្លៃនេះរួមបញ្ចូលទាំងការវិភាគលើរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម ការព្យាករណ៍លំហូរសាច់ប្រាក់ អភិបាលកិច្ចសាជីវកម្ម និងហានិភ័យសំខាន់ៗដើម្បីធានាថាសញ្ញាបណ្ណនោះបំពេញតាមលក្ខខណ្ឌនិងសូចនាករហានិភ័យរបស់ CGCC មុនពេលបន្តទៅដំណាក់កាលចុះត្រួតពិនិត្យបំពេញកាតព្វកិច្ចតាមច្បាប់។

ជំហានទី ៤៖ ការអនុម័តជាគោលការណ៍

បន្ទាប់ពីការវាយតម្លៃលើឯកសាររួចមក CGCC អាចចេញលិខិតអនុម័តជាគោលការណ៍ ដែលបង្ហាញពីការអនុម័តបឋមដើម្បីបន្តនីតិវិធីបន្ទាប់។ លិខិតអនុម័តជាគោលការណ៍បញ្ជាក់ថា ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណបានបំពេញតាមលក្ខខណ្ឌ និងសូចនាករហានិភ័យដំបូង ហើយនឹងកំណត់លក្ខខណ្ឌសម្រាប់ដំណាក់កាលបន្តនៃការចុះត្រួតពិនិត្យបំពេញកាតព្វកិច្ចតាមច្បាប់ មុននឹងឈានដល់ការអនុម័តចុងក្រោយ។

ជំហានទី ៥៖ ការចុះត្រួតពិនិត្យបំពេញកាតព្វកិច្ចតាមច្បាប់

បន្ទាប់ពីទទួលបានលិខិតអនុម័តជាគោលការណ៍ CGCC នឹងធ្វើការចុះត្រួតពិនិត្យបំពេញកាតព្វកិច្ចតាមច្បាប់លម្អិត ដែលគ្របដណ្តប់លើផ្នែកហិរញ្ញវត្ថុ ផ្លូវច្បាប់ ប្រតិបត្តិការ ផលប៉ះពាល់បរិស្ថាននិងសង្គម របស់ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណ។ ដំណើរការនេះរួមមាន៖ ការចុះពិនិត្យទីតាំង ការសម្ភាសន៍ថ្នាក់ដឹកនាំ និងការផ្ទៀងផ្ទាត់ឯកសារ និងរបាយការណ៍សំខាន់ៗ ដូចជារបាយការណ៍នៃការចុះត្រួតពិនិត្យបំពេញកាតព្វកិច្ចតាមច្បាប់ដោយយកចិត្តទុកដាក់ផ្នែកហិរញ្ញវត្ថុ និងច្បាប់ជាដើម។ គោលបំណងគឺដើម្បីបញ្ជាក់នូវភាពគួរឱ្យទុកចិត្តជារួម ភាពរឹងមាំនៃអភិបាលកិច្ចសាជីវកម្ម និងសមត្ថភាពរបស់ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណ មុននឹងឈានទៅដល់ការអនុម័តចុងក្រោយ។

ជំហានទី ៦៖ ការអនុម័តជាផ្លូវការ និងការចេញលិខិតធានា

បន្ទាប់ពីបញ្ចប់ការចុះត្រួតពិនិត្យបំពេញកាតព្វកិច្ចតាមច្បាប់ទាំងស្រុង និងឈានទៅដល់ដំណាក់កាលអនុម័តជាផ្លូវការ ដែលជាជំហានចុងក្រោយមុនការធានា។ នៅដំណាក់កាលនេះ ការវាយតម្លៃ និងលក្ខខណ្ឌទាំងអស់ត្រូវបានព្រមព្រៀងទាំងអស់គ្នា មុននឹងឈានដល់ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានា និងការចុះអនុវត្តការធានាសញ្ញាបណ្ណជាផ្លូវការ។

អនុសាសន៍សម្រាប់ក្រុមហ៊ុនដែលចង់បោះផ្សាយសញ្ញាបណ្ណ

ក្រុមហ៊ុនដែលមានបំណងចង់បោះផ្សាយសញ្ញាបណ្ណត្រូវបានលើកទឹកចិត្តឱ្យចាប់ផ្តើមរៀបចំឯកសារសំខាន់ៗឱ្យបានឆាប់ជាមុនដូចជា របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម ការព្យាករណ៍អាជីវកម្ម របាយការណ៍ចុះត្រួតពិនិត្យបំពេញកាតព្វកិច្ចតាមច្បាប់ និងជាពិសេសការធ្វើចំណាត់ថ្នាក់ឥណទាន។ ការរៀបចំជាមុនអាចជួយសម្រួលដល់ការវាយតម្លៃ ដែលនាំឱ្យការអនុម័តមានភាពរលូន និងលឿនជាងមុន។

តើអ្នកបានត្រៀមខ្លួនចាប់ផ្តើមដំណើរការធានាសញ្ញាបណ្ណហើយឬនៅ?

ជាមួយនឹងការជួយគាំទ្ររបស់ CGCC ដំណើរការធានាសញ្ញាបណ្ណ មិនត្រឹមតែអាចគ្រប់គ្រងបានល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជំហានដ៏មានតម្លៃ ឆ្ពោះទៅរកភាពជោគជ័យនៅក្នុងទីផ្សារផងដែរ។ ក្រុមការងាររបស់យើងត្រៀមខ្លួនជាស្រេចដើម្បីជួយណែនាំអ្នកចាប់ពីការសាកសួរព័ត៌មានដំបូង រហូតដល់ការធានាជាផ្លូវការ។ ដើម្បីស្វែងយល់បន្ថែមអំពីការធានាសញ្ញាបណ្ណរបស់ CGCC ដែលគាំទ្រដល់ការបោះផ្សាយសញ្ញាបណ្ណរបស់អ្នក សូមទាក់ទងមកកាន់ក្រុមការងាររបស់យើងសម្រាប់ព័ត៌មានបន្ថែមតាមរយៈអុីមែល និងលេខទូរសព្ទដូចខាងក្រោម៖

  • អុីមែល: [email protected]
  • ទូរស័ព្ទ: ០២៣ ៧២២ ១២៣
  • គេហទំព័រ: www.cgcc.com.kh/bond-guarantee

អាននិងទាញយកជា PDF: ស្វែងយល់អំពីដំណើរការធានាសញ្ញាបណ្ណរបស់ CGCC