CGCC ចូលរួមក្នុងកម្មវិធី Climate Venture Scaler: Pipeline Development and Capital Facilitation
ខែធ្នូ 15, 2025ព្រឹត្តិការណ៍ និងសកម្មភាព
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោក ណូ លីដា អគ្គនាយក CGCC បានចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាស្តីពី “ការជំរុញសកម្មភាពអាកាសធាតុតាមរយៈការអភិវឌ្ឍ និងការចូលរួមរបស់វិស័យឯកជននៅកម្ពុជា” ដែលធ្វើឡើងក្នុងផ្នែកមួយនៃកម្មវិធី Climate Venture Scaler: Pipeline Development and Capital Facilitation ក្រោម Climate Finance Network ដែលរៀបចំដោយ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ក្នុងភាពជាដៃគូជាមួយ Impact Investment Exchange (IIX) ដោយមានការគាំទ្រពីរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ស៊ុយអែត និងន័រវែស។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុអាកាសធាតុរបស់កម្ពុជា ដោយលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន ការកៀរគរដើមទុន និងការគាំទ្រលើដំណោះស្រាយអាកាសធាតុ។

លោកណូ លីដា ក៏បានចែករំលែកពីតួនាទីរបស់ CGCC សំដៅលើយន្តការធានាឥណទាន និងការចែករំលែកហានិភ័យជាមួយស្ថាប័នផ្ដល់កម្ចី ដោយអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យម អាចទទួលបានហិរញ្ញប្បទាន ដើម្បីវិនិយោគ លើគំនិតផ្តួចផ្តើមទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការបញ្ចេញកាបូន ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។ កិច្ចពិភាក្សានេះ បានគូសបញ្ជាក់អំពីតម្រូវការសម្រាប់កិច្ចសហការដ៏រឹងមាំ រវាងរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានា ដើម្បីបង្កើតលំហូរដ៏រឹងមាំ និងបន្តឱកាសវិនិយោគដែលផ្តោតលើអាកាសធាតុ និងជំរុញការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចមួយដែលមានភាពធន់ និងបរិយាបន្នកាន់តែប្រសើរ។