កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់សាជីវកម្មធានាឥណទានកម្ពុជា (EPIC) វគ្គទី៧

នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តបាត់ដំបង សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារ ABA បានសហការរៀបចំកម្មវិធី EPIC វគ្គទី៧​ ស្តីអំពី «ប្រតិបត្តិការអាជីវកម្មក្នុងយុគសម័យឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម» ក្រោមវត្តមានកិត្តិយសពីសំណាក់ លោក រស់ វិសិទ្ធ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង, លោកស្រី ជុន សុថានី ប្រធាននាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍន៍អាជីវកម្មនៃ CGCC, លោកស្រី ម៉ក់ ដាវី នាយករងឥណទានអាជីវកម្មខ្នាតមធ្យមនៃធនាគារ ABA និងសិក្ខាកាមដែលជាម្ចាស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ៥០រូប ព្រមទាំង បុគ្គលិកនៃស្ថាប័នទាំងបី សរុបប្រមាណ ៧០រូប។​

ជាផ្នែកមួយនៃរបៀបវារៈនៃកម្មវិធី EPIC 7 សិក្ខាកាម និងអ្នកចូលរួមបានទទួលការចែករំលែក តាមរយៈបទបង្ហាញស្តីពី “យន្តការធានាឥណទាន ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ សហគ្រាសធុនតូច និងមធ្យម” ដោយ លោក សែ គឹមវាសនា បុគ្គលិកជំនាញជាន់ខ្ពស់ផ្នែកទីផ្សារ និងទំនាក់ទំនងនៃ CGCC  និងបទបង្ហាញស្តីពី “នីតិវិធីនៃការវាយតម្លៃឥណទាន និងផលិតផលឥណទានដែលមានការធានា សម្រាប់អាជីវកម្ម” ដោយ លោក សឿន សុបាល ប្រធានសាខាខេត្តបាត់ដំបង នៃធនាគារ ABA។

លើសពីនេះ សិក្ខាកាមក៏បានស្វែងយល់អំពីប្រធានបទបណ្តុះបណ្តាលគោល ស្តីអំពី «ប្រតិបត្តិការអាជីវកម្មក្នុងយុគសម័យឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម» ដែលចែករំលែកដោយ លោកស្រី ជុន សុថានី។ ជាលទ្ធផលសិក្ខាកាម និងអ្នកចូលរួមបានយល់ដឹងកាន់តែច្បាស់ពីបញ្ហាប្រឈមពិតប្រាកដ ដែលពួកគេបានកំពុងជួបប្រទះក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរយ៉ាងលឿននៃផ្នែកឌីជីថល និងបានណែនាំអំពីឧបករណ៍ឌីជីថលជាក់ស្តែងដើម្បីកែលម្អប្រតិបត្តិការ ការធ្វើទីផ្សារ និងការចូលរួមរបស់អតិថិជន។ អ្នកចូលរួមក៏ទទួលបានការយល់ដឹងពីអត្ថប្រយោជន៍ក្នុងការកំណត់ដំណោះស្រាយសមស្រប និងយន្តការគាំទ្រ ក៏ដូចជាយុទ្ធសាស្ត្រសំខាន់ៗដើម្បីបង្កើនឱកាសរបស់ពួកគេក្នុងការទទួលបានហិរញ្ញប្បទាន និងការប្រើប្រាស់ប្រាក់កម្ចីប្រកបដោយប្រសិទ្ធភាពដើម្បីពង្រឹងអាជីវកម្មរបស់ពួកគេ។

ការកសាងសមត្ថភាពសហគ្រិន គឺជាការងារអាទិភាពមួយរបស់ CGCC ក្នុងបេសកកម្មបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។ EPIC គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលនឹងនាំមកនូវប្រធានបទពាក់ព័ន្ធការប្រតិ​បត្តិ និងគ្រប់គ្រងអាជីវកម្ម ដើម្បីអភិវឌ្ឍសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម៕