CGCC រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី CGCC និងវគ្គបណ្តុះបណ្តាលជំនាញនៃការលក់សម្រាប់បុគ្គលិកធនាគារ/មីក្រូហិរញ្ញវត្ថុ នៅខេត្តព្រះវិហារ
ខែឧសភា 13, 2025ព្រឹត្តិការណ៍ និងសកម្មភាព
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារ CGCC ដឹកនាំដោយលោក យុន ផន ប្រធាននាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍន៍អាជីវកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីយន្តការធានាឥណទានរបស់ CGCC និងវគ្គបណ្តុះបណ្តាលជំនាញផ្នែកលក់សម្រាប់បុគ្គលិកធនាគារនៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម(PFIs) របស់ CGCC ប្រចាំសាខាខេត្តព្រះវិហារ ដើម្បីបង្កើនការយល់ដឹងអំពីការធានាឥណទាន នីតិវិធីនៃការធានាឥណទាន និងអមដោយជំនាញក្នុងការលក់ដ៏មានប្រសិទ្ធិភាព ដោយ លោក យុន ផន ដែលមានបទពិសោធន៍ក្នុងផ្នែកលក់បែបប្រឹក្សាយោបល់ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុជាច្រើនឆ្នាំ។
សិក្ខាសាលានេះមានការចូលរួមពីថ្នាក់គ្រប់គ្រង និងបុគ្គលិករបស់ PFIs មួយចំនួនរួមមានៈ ធនាគារកាណាឌីយ៉ា ធនាគារស្ថាបនា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ធនាគារព្រីនស៍ ធនាគារ ABA & ធនាគារអេស៊ីលីដា សរុបចំនួន៣០ នាក់។ សិក្ខាសាលានេះគឺជាឱកាសមួយដ៏ពិសេសសម្រាប់ទាំង CGCC និង PFIs ក្នុងការស្វែងយល់អំពីអត្ថប្រយោជន៍នៃការធានាឥណទាន និងឱកាសដែល PFIs អាចបង្កើនការផ្តល់កម្ចីជូនទៅដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានសក្តានុពល និងមានតម្រូវការកម្ចី តែប្រឈមនឹងបញ្ហាខ្វះទ្រព្យធានាតាមរយៈការអនុវត្តន៍ជំនាញផ្នែកលក់ប្រកបដោយប្រសិទ្ធិភាព៕

