ហេតុអ្វីបានជា Kaizen មានសារៈសំខាន់សម្រាប់ទាំងបុគ្គលម្នាក់ៗ និងអង្គភាពស្ថាប័នផ្សេងៗទូទាំងពិភពលោក?

Kaizen ជាពាក្យជប៉ុន មានអត្ថន័យថា “ការកែលម្អជាបន្តបន្ទាប់”។ វាគោរពតាមផ្នត់គំនិតនៃការធ្វើការផ្លាស់ប្តូរតូចៗ ប៉ុន្តែធ្វើវាជាបន្តបន្ទាប់ ដើម្បីកែលម្អដំណើរការ លុបបំបាត់កាកសំណល់ បន្ថយការខាតបង់ និងបង្កើនប្រសិទ្ធភាពនិងកំលាំងផលិតភាពជាញឹកញាប់ ដោយមិនចាំបាច់ប្រើធនធានបន្ថែមឡើយ។ Kaizen ក៏ជំរុញឱ្យមានការចូលរួមរបស់បុគ្គលិកកាន់តែខ្លាំង ការធ្វើការជាក្រុមល្អប្រសើរ ការចំណាយតិចលើដំណើរការ ការបង្កើតស្តង់ដារលម្អិត និងការរីកចំរើនប្រកបដោយចីរភាព។ វាគាំទ្រចំពោះការបង្កើតនូវភាពច្នៃប្រឌិត ការកែលម្អគុណភាព និងភាពពេញចិត្តរបស់អតិថិជន ដោយផ្អែកលើការផ្តល់អំណាចនិងការចូលរួមរបស់បុគ្គលិកគ្រប់កម្រិត។ តាមរយៈការលើកកម្ពស់នៃការចូលរួមយ៉ាងសកម្មចាប់ពីកម្រិតនៃអ្នកគ្រប់គ្រងខ្ពស់រហូតដល់បុគ្គលិកជួរមុខរបស់ស្ថាប័ន Kaizen បង្កើតវប្បធម៌នៃការកែលម្អជាបន្តបន្ទាប់ និងភាពជោគជ័យប្រកបដោយចីរភាព។

ដើម្បីអោយកាន់តែយល់ច្បាស់ពីផ្នត់គំនិតរបស់ Kaizen ឧទាហរណ៍អំពីការអនុវត្ត Kaizen ត្រូវបានលើកឡើងដូចខាងក្រោម៖

បន្ទាប់ពីអនុវត្ត ផ្នត់គំនិត Kaizen ស្ថាប័នធនាគារមួយអាចកាត់បន្ថយពេលវេលា ដំណើរការខ្ចីប្រាក់ពី ៧ថ្ងៃ ចុះមកត្រឹម ៣ថ្ងៃ ដោយប្រើធនធានដែលមានស្រាប់ដដែល។ ក្រុមការងារចម្រុះបានកំណត់បញ្ហាឧបសគ្គដូចជា ការងារដែលស្ទួនៗ ឬជាន់គ្នា និងការយឺតយ៉ាវក្នុងការប្រាស្រ័យទាក់ទង។ ដូចនេះ ធនាគារបានប្រើទម្រង់ឌីជីថលរួម បញ្ជីត្រួតពិនិត្យស្តង់ដារ ការបង្កើតការប្រាស្រ័យទាក់ទងប្រសើរឡើង និងកិច្ចប្រជុំសង្ខេបប្រចាំថ្ងៃប្រកបដោយប្រសិទ្ធិភាព។

លទ្ធផលដែលទទួលបានគឺ: ការដំណើរការបានលឿនជាងមុន ភាពពេញចិត្តរបស់អតិថិជនកើនឡើងខ្ពស់ ក្រុមការងារធ្វើការរួសរាន់ និងផលិតភាពកើនឡើងខ្ពស់គួរឱ្យកត់សំគាល់។

s គឺជាគោលការណ៍ ៥ ដែលជួយបង្កើតបរិយាកាសការងារល្អដែលមានស្ថិរភាព ប្រសិទ្ធភាព និងមានប្រសិទ្ធផលខ្ពស់៖

.  Sort (សម្រិតសម្រាំង): លុបចេញផ្នែកឬកិច្ចការដែលមិនចាំបាច់ចេញពីកន្លែងធ្វើការ។ ទុកតែអ្វីឬកិច្ចការដែលត្រូវការពិតប្រាកដសម្រាប់ការងារ។ ឧទាហរណ៍: ការិយាល័យមួយមានរបស់រញ៉េរញ៉ៃនៅលើតុ។ បុគ្គលិកបានយកឯកសារចាស់ៗដែលមិនចាំបាច់ សម្ភារៈដែលមិនប្រើប្រាស់ និងវត្ថុផ្ទាល់ខ្លួនចេញ។ បន្ទាប់មក រក្សាទុកតែឧបករណ៍ចាំបាច់ប៉ុណ្ណោះដែលនៅសល់លើតុ។ ដូច្នេះហើយបរិយាកាសការងារត្រូវបានរៀបចំឱ្យស្អាតល្អ ងាយស្រួលរកវត្ថុដែលត្រូវការ កាត់បន្ថយការរំខាន ធ្វើអោយមានអារម្មណ៏ស្រស់ស្រាយ និងជួយលើសុខភាពផងដែរ។

. Set in Order (សណ្តាប់ធ្នាប់): រៀបចំឧបករណ៍ និងសម្ភារៈឱ្យមានលំដាប់លំដោយ ហើយងាយស្រួលស្វែងរកនិងចំណេញពេលវេលា។ ឧទាហរណ៍: ឃ្លាំងមួយមិនមានការរៀបចំផលិតផលនិងសម្ភារៈតាមលំដាប់លំដោយ នាំឱ្យយឺតក្នុងការដឹកជញ្ជូន និងខាតបង់ពេលវេលានិងប្រាក់ចំនេញ និងបង្កភាពមិនពេញចិត្តរបស់អតិថិជន។  បន្ទាប់ពីបានដាក់ស្លាកត្រឹមត្រូវបំបែកតាមប្រភេទផលិតផល សម្ភារៈ និងតាមចំនួនប្រើប្រាស់ ក៏ដូចជាប្រើពណ៌ និងប្រព័ន្ធបញ្ជីឌីជីថល វាបានជួយឱ្យការរកផលិតផល និងសម្ភារៈបានលឿន ងាយស្រួល ចំណេញពេលវា និងបង្កើនភាពពេញចិត្តរបស់អតិថិជន។

. Shine (សម្អាត): សម្អាតកន្លែងធ្វើការជាប្រចាំ។ ការរក្សាភាពស្អាតជានិរន្តិ៍ ជួយសម្រួលសុវត្ថិភាព សុខភាពល្អ បង្កើនសោភ័ណ្ឌភាពបញ្ញាស្មារតី និងរកឃើញបញ្ហាសក្តានុពលជាច្រើនទាន់ពេល។ ឧទាហរណ៍: កន្លែងធ្វើការស្អាតនាំឱ្យបញ្ហា ឬសម្ភារៈត្រូវបានរកឃើញលឿន ហើយជួយរក្សាវប្បធម៌វិន័យនៃការងារ និងរក្សាបាននូវផាសុកភាព។

. Standardize (ស្តង់ដារ): បង្កើតនីតិវិធីនិងស្តង់ដារ ក្នុងការថែរក្សាភាពស្អាត និងការរៀបចំល្អ។ ឧទាហរណ៍: ក្រុមគ្រួសារមួយតែងតែភ្លេចការងារប្រចាំថ្ងៃរបស់សមាជិកគ្រួសារម្នាក់ៗ ប៉ុន្តែបន្ទាប់មកបានដាក់ចេញតារាងតួនាទីនិងកាលវិភាគប្រចាំថ្ងៃ ហើយបិតឬភ្ជាប់នៅកន្លែងមួយដែលងាយមើលឃើញ។ ទង្វើនេះបានជួយឱ្យសមាជិកគ្រួសារម្នាក់មានវិន័យផ្ទាល់ខ្លួន ដឹងពីតួនាទីប្រចាំថ្ងៃ និងការទទួលខុសត្រូវរួម។

.  Sustain  (ស្ថិតស្ថេរ):  បង្កើតវប្បធម៌នៃវិន័យ។ ត្រូវធ្វើឱ្យប្រាកដថា គោលការណ៍ S ត្រូវបានអនុវត្តឱ្យបានខ្ជាប់ខ្ជួនជាបន្តបន្ទាប់និងរក្សាទម្លាប់ល្អ។ ឧទាហរណ៍: ក្រុមគ្រួសារបានសម្អាតបន្ទប់ទទួលភ្ញៀវ តែប៉ុន្តែស្ទើរមិនអាចរក្សាសភាពល្អបានជានិរន្តិ៍។ បន្ទាប់មកបានដាក់ចេញនូវគោលការណ៍ “ដាក់សម្ភារៈត្រឡប់ទៅកន្លែងដើមវិញនៅពេលដែលប្រើប្រាស់រួចរាល់” ដែលបិតភ្ជាប់នៅជញ្ជាំងដែលងាយមើលឃើញ និងសមាជិកគ្រួសារម្នាក់ៗអនុវត្តគោលការណ៍នេះជារៀងរាល់ថ្ងៃ។ ជាលទ្ធផល កន្លែងទទួលភ្ញៀវនៅរក្សាភាពស្អាតជានិច្ច។

គោលការណ៍ទាំង៥នេះ ត្រូវបានរចនាឡើងដើម្បីបង្កើតសវនកម្មនៃការកែលម្អជាបន្តបន្ទាប់ ដោយលើកកម្ពស់វប្បធម៌ដែលមានការផ្លាស់ប្តូរតូចៗបែបស្ថិរភាពក្នុងរយៈពេលវែង។ ដោយអនុវត្តគោលការណ៍ទាំងនេះជាប្រចាំ ស្ថាប័នអាចបង្កើនកំលាំងផលិតភាព ការច្នៃប្រឌិត នវានុវត្តន៍ បំបាត់កិច្ចការឬរបស់ដែលគ្មានប្រយោជន៍ក្នុងដំណើរការ និងបង្កើតបរិយាកាសការងារដែលមានលំនឹង និងប្រសើរជាងមុន។ ដំណើរនៃការកែលម្អនេះមិនត្រឹមតែបង្កើនលទ្ធផលល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យបុគ្គលិកទទួលយកការច្នៃប្រឌិត និងចូលរួមសកម្មក្នុងការផ្តល់អត្ថប្រយោជន៍ដល់ភាពជោគជ័យរបស់ស្ថាប័នក្នុងរយៈវែងផងដែរ។

សរុបសេចក្តីមក បុគ្គលម្នាក់ៗ និងស្ថាប័នត្រូវបានលើកទឹកចិត្តក្នុងការអនុវត្តផ្នត់គំនិត Kaizen ជាប្រចាំ ដើម្បីបង្កើតភាពប្រសើរនៃជីវិត ក៏ដូចជាធានាលើការរីកចម្រើនលូតលាស់ប្រកបដោយចីរភាពរបស់បុគ្គលម្នាក់ៗនិងស្ថាប័ននីមួយៗ។ ចុះពេលណាអ្នកនឹងចាប់ផ្តើមអនុវត្តផ្នត់គំនិត Kaizen នេះ?

អាននិងទាញយកជា PDF: KAIZEN