ពិធីចុះអនុស្សរណៈនៃការយោគយល់ត្រីភាគី រវាង CGCC, SME Bank និង FASMEC ស្តីពីកិច្ចសហប្រតិបត្តិការលើការផ្តល់កម្ចីមានការធានាជូនដល់សមាជិក FASMEC
ខែមិថុនា 17, 2025ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាល សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាត្រីភាគី ស្តីពីកិច្ចសហប្រតិបត្តិការ រវាង សាជីវកម្មធានាឥណទានកម្ពុជា(CGCC), ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក (SME Bank) និងសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ត្រូវបានរៀបចំឡើង ក្រោមការចូលរួមជាកិត្តិយសពីសំណាក់ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC, លោក ណូ លីដា អគ្គនាយក CGCC, លោក ជា សុភ័ក្ដ អគ្គនាយក SME Bank និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលរបស់ FASMEC ថ្នាក់ដឹកនាំ និងបុគ្គលិកនៃស្ថាប័នទាំងបី សរុបប្រមាណ៣០រូប។



អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការធានាឥណទានរបស់ CGCC លើកម្ចីដែលផ្តល់ជូនដោយធនាគារ SME Bank ទៅកាន់សមាជិករបស់ FASMEC។ កិច្ចសហការនេះនឹងគាំទ្រដល់ការជួយបង្កើនលទ្ធភាពទទួលបានកម្ចីចាំបាច់របស់ក្រុមហ៊ុន/អាជីវកម្ម ជាពិសេសក្នុងវិស័យអាទិភាព ដែលជាសមាជិករបស់ FASMEC ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការខ្វះទ្រព្យធានា និងជាការបើកផ្លូវដល់កិច្ចសហការរវាងស្ថាប័នទាំងបី ក្នុងការបង្កើនសមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុដល់ SMEs ផងដែរ។
ពិធីចុះហត្ថលេខានេះ បានបញ្ចប់ជាមួយនឹងលទ្ធផលជាផ្លែផ្កា ក្នុងការគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនតូច និងមធ្យម ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល សំដៅជំរុញឱកាសក្នុងការពង្រីកផលិតកម្មក្នុងស្រុក ជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវគុណភាព ផលិតភាព និងការប្រកួតប្រជែងជាសកល៕
