សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារ វីង (ខេមបូឌា) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធានាឥណទានបោះដុំ ទំហំ ៥០លានដុល្លារ
ខែកក្កដា 17, 2025ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារវីង (ខេមបូឌា) មានក្តីសោមនស្សដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងធានាឥណទានបោះដុំ (Wholesale Guarantee Scheme – WGS) ដែលមានទំហំសរុប ៥០លានដុល្លារ ក្រោមវត្តមានកិត្តិយសពី លោក ណូ លីដា អគ្គនាយក CGCC និងបណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារវីង (ខេមបូឌា) និងមានការចូលរួមជាកិត្តិយសពីថ្នាក់គ្រប់គ្រងរបស់ស្ថាប័នទាំងពីរ សរុបប្រមាណ ៣០រូប ដែលរៀបចំឡើងនៅអគារវីង ថៅវើរ។

ស្របតាមការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ WGS ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដើម្បីផ្តល់ការធានាលើកម្ចីអាជីវកម្មដែលមានស្រាប់ របស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ក្នុងគោលបំណងចែករំលែកហានិភ័យជាមួយ PFIs និងកាត់បន្ថយកម្រិតថ្លឹងហានិភ័យនៃអ៊ិចស្ពូស៊ើដែលមានការធានាដោយ CGCC។ យោងលើប្រកាសស្តីពីហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ របស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ អ៊ិចស្ពូស៊ើចារឹកជាប្រាក់រៀល ឬរូបិយបណ្ណដែលមានការធានាច្បាស់លាស់ និងឥតលក្ខខណ្ឌដោយរាជរដ្ឋាភិបាលកម្ពុជា រាប់បញ្ចូលទាំងការធានាដោយគម្រោងធានាឥណទានដែលបង្កើតដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានថ្លឹងហានិភ័យសូន្យភាគរយ។
លោក ណូ លីដា អគ្គនាយក CGCC មានប្រសាសន៍ឱ្យដឹងថា ៖ “CGCC មានសេចក្តីសោមនស្សរីករាយដែលបានអនុវត្តគម្រោងធានាឥណទានបោះដុំលើកដំបូងបំផុត ជាមួយធនាគារវីង។ គម្រោងប្រកបដោយនវានុវត្តន៍នេះ នឹងផ្តល់អត្ថប្រយោជន៍រួមដល់ទាំង CGCC និង ធនាគារវីង។ គម្រោងនេះ នឹងអាចជួយ CGCC ឱ្យគ្រប់គ្រងគុណភាពធានាឥណទានសរុបប្រកបដោយប្រសិទ្ធភាព ដើម្បីធានាបាននិរន្តរភាពរយៈពេលវែងផងដែរ។ សំខាន់បំផុត គម្រោងនេះនឹងបង្កើនហិរញ្ញប្បទានដែលអាចផ្តល់ជូនសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។”

បណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារវីង (ខេមបូឌា) មានប្រសាសន៍ឱ្យដឹងថា ៖ “សហគ្រាសធុនតូច និងមធ្យមគឺជាដង្ហើមនៃសេដ្ឋកិច្ចរបស់ប្រទេសជាតិយើង ហើយតាមរយៈភាពជាដៃគូនេះ យើងកាន់តែមានលទ្ធភាពក្នុងការគាំទ្រដល់ភាពរីកលូតលាស់ បង្កើនភាពធន់ ក៏ដូចជាជំរុញនូវសក្តានុពលរបស់ពួកគេឱ្យអស់ពីលទ្ធភាព។ ខ្ញុំជឿជាក់ថា ការវិនិយោគលើសហគ្រាសធុនតូច និងមធ្យម ប្រៀបបាននឹងកំពុងវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជាយ៉ាងដូច្នេះដែរ។ ដោយមានការសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា យើងកំពុងរួមគ្នាកសាងប្រព័ន្ធហិរញ្ញវត្ថុមួយឱ្យកាន់តែរឹងមាំ និងប្រកបដោយបរិយាបន្ន ដែលអាចជួយដល់សហគ្រិន ក៏ដូចជាពង្រឹងការអភិវឌ្ឍសហគមន៍ឱ្យកាន់តែរីកចម្រើននៅទូទាំងប្រទេសកម្ពុជា។”

តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារវីង (ខេមបូឌា) គឺជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFI) ទី១ របស់ CGCC ដែលទទួលបានការធានាឥណទានបោះដុំរបស់ CGCC សំដៅបង្កើន និងពង្រីកលទ្ធភាពផ្តល់ហិរញ្ញប្បទានចាំបាច់របស់ធនាគារ ជូនដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា និងស្របជាមួយឆន្ទៈរួមរបស់ CGCC ក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។

អំពី CGCC
CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ ផលិតផល និងសេវាកម្មចម្បងរបស់ CGCC រួមមាន ការធានាកម្ចីក្នុងវិស័យធនាគារ, ការធានាសញ្ញាបណ្ណក្នុងវិស័យមូលបត្រ, និងកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលហៅកាត់ថា (EPIC)។ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៥ CGCC បានអនុម័តការធានាលើកម្ចីអាជីវកម្មសរុបចំនួន ៥.០២៧ គណនី ដែលស្មើនឹងទឹកប្រាក់ប្រមាណ ៣០៥ លានដុល្លារអាមេរិក។ សម្រាប់ព័ត៌មានអំពីគម្រោង WGS សូមចូលទៅកាន់គេហទំព័រ www.cgcc.com.kh ឬទំនាក់ទំនង CGCC តាមរយៈលេខទូរស័ព្ទ៖ 023 722 123។
អំពីធនាគារ វីង (ខេមបូឌា)
ធនាគារ វីង (ខេមបូឌា) ម.ក. គឺជាធនាគារឌីជីថលរីកចម្រើនដ៏ឆាប់ហ័សមួយនៅក្នុងប្រទេសម្ពុជា ដែលផ្តល់ភាពងាយស្រួលក្នុងការទទួលបាននូវសេវាធនាគារ និងហិរញ្ញវត្ថុនៅទូទាំងប្រទេសកម្ពុជា។ ធនាគារ វីង បានផ្តល់សេវាធនាគារ និងហិរញ្ញវត្ថុយ៉ាងទូលំទូលាយ តាមរយៈបណ្តាញភ្នាក់ងារធនាគារ វីង ជាង ១២.០០០ កន្លែង, ភ្នាក់ងារវីង ម៉ាស្ទ័រ ១២០ កន្លែង, សាខាធនាគារ វីង ជិត ៣០ ទីតាំង និងអេបរបស់ធនាគារដែលមានពហុមុខងារ។ អាជីវកម្ម និងស្ថាប័នរដ្ឋាភិបាលជាង ៦00 រួមទាំងអាជីវកម្ម ១៧0.000 កំពុងពឹងផ្អែកលើធនាគារ វីង ដើម្បីជួយសម្រួលប្រតិបត្តិការរបស់ពួកគេ។ ធនាគារ វីង បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បរិយាបន្នផ្នែកឌីជីថល ហិរញ្ញវត្ថុ និងយេនឌ័រ ដោយធានាឱ្យបានថាប្រជាជនកម្ពុជាទាំងអស់អាចទទួលបានអត្ថប្រយោជន៍ពីដំណោះស្រាយធនាគារ និងហិរញ្ញវត្ថុឌីជីថលប្រកបដោយសសុវត្ថិភាព និងងាយស្រួល។ សម្រាប់ព័ត៌មានបន្ថែម៖ www.wingbank.com.kh