ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការ លើកកម្ពស់ការផ្តល់ឥណទានដែលមានការធានាដល់សហគមន៍កសិកម្មទំនើប

នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានក្តីសោមនស្សដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាត្រីភាគីចំនួន២ រួមមាន (១) ជាមួយ MAFF និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), និង (២) ជាមួយ MAFF និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងផ្តល់នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងស្ថាប័ន ក្នុងការលើកកម្ពស់ការផ្តល់ឥណទានគាំទ្រដល់សហគមន៍កសិកម្មទំនើប។

MOU ទាំងពីរនេះ នឹងមានវិសាលភាពអនុវត្តចំពោះការលើកកម្ពស់ប្រសិទ្ធភាព និងនិរន្តរភាពនៃអាជីវកម្ម ក្នុងការគាំទ្រឥណទាន តាមរយៈធនាគារ ARDB និង FTB និងការធានាឥណទានពី CGCC ដល់សហគមន៍កសិកម្មទំនើបទាំងឡាយណា ដែលបានចុះបញ្ជីផ្លូវការដោយអនុលោមតាមច្បាប់ស្តីពីសហគមន៍កសិកម្ម ក្រោមការគាំទ្រទាំងគោលនយោបាយ និងបច្ចេកទេសពី MAFF។ តាមរយៈ MOU នេះ ក្រោមការគាំទ្រយ៉ាងសកម្មពី MAFF លើការអភិវឌ្ឍសហគមន៍កសិកម្មទំនើប និងជាពិសេស គឺជំរុញការទទួលបានហិរញ្ញប្បទានផ្លូវការដល់សហគមន៍កសិកម្មទំនើប, CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) រួមមាន ធនាគារ ARDB និងធនាគារ FTB នឹងអាចពង្រីកកិច្ចសហប្រតិបត្តិការលើការផ្តល់កម្ចីដែលមានការធានាជាចាំបាច់ ជូនដល់សហគមន៍កសិកម្មទំនើប ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់យកវិស័យកសិកម្មជាវិស័យអាទិភាព និងគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ CGCC និង MAFF ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នាទ្វេភាគី ស្តីពីការប្រើប្រាស់សេវាធានាឥណទាន សម្រាប់ជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលជាការបើកផ្លូវមួយដល់ CGCC និង MAFF ឱ្យសម្រេចបាននូវគោលដៅរួមគ្នា ក្នុងការគាំទ្រសហគ្រាសធុនតូច និងមធ្យម ជាពិសេសសហគមន៍កសិកម្មទំនើប លើការអភិវឌ្ឍវិស័យកសិកម្ម និងគាំទ្រ CGCC ក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា វិស័យកសិកម្មត្រូវបានចាត់ទុកថាជាវិស័យអាទិភាព ក្នុងការទទួលបានការធានាឥណទានពី CGCC តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC។ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៥ នេះ CGCC បានផ្តល់ការធានាលើឥណទានប្រមាណជាង ៥.០២៧ គណនី ក្នុងទឹកប្រាក់សរុបប្រមាណ​ ៣០៥ លានដុល្លារ។ ក្នុងនោះ ការធានាឥណទានដែលត្រូវបានផ្តល់ជូនវិស័យកសិកម្មមានចំនួន ១៣៧ គណនី ក្នុងទឹកប្រាក់ប្រមាណ ៤១ លានដុល្លារ៕