ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងសាជីវកម្មធានាឥណទានកម្ពុជា និងសមាគមក្រុមហ៊ុនមូលបត្រកម្ពុជា តាមរយៈកិច្ចសហការយុទ្ធសាស្រ្តលើការធានាលើសញ្ញាបណ្ណនៅកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសមាគមក្រុមហ៊ុនមូលបត្រកម្ពុជា (CASF) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) នៅទីស្នាក់ការ CGCC ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ស៊ូ សុជាតិ  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងវត្តមានរបស់ លោក ណូ លីដា អគ្គនាយក CGCC លោក អ៊ីវ រ៉ាណ្ណារិទ្ធ ប្រធាន CASF រួមជាមួយ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃ ន.ម.ក, CGCC, ក្រុមហ៊ុនមូលបត្រដែលជាសមាជិករបស់ CASF និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីស្ថាប័ននានា នៅក្នុងវិស័យមូលបត្រ សរុបប្រមាណ ៧០រូប។

MOU នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍការបោះផ្សាយសញ្ញាបណ្ណនៅកម្ពុជា និងសញ្ញាបណ្ណដែលមានការធានាដោយ CGCC តាមរយៈកិច្ចសហប្រតិបត្តិការរវាង CGCC និង CASF។ ភាពជាដៃគូនេះមានគោលបំណងពង្រឹងទីផ្សារសញ្ញាបណ្ណក្នុងស្រុក ជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទានរយៈពេលវែងសម្រាប់អាជីវកម្ម និងគាំទ្រដល់ការអភិវឌ្ឍរួមនៃទីផ្សារមូលបត្ររបស់កម្ពុជា។

តាមរយៈពិធីចុះ MOU នេះផងដែរ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “កម្មវិធីជំរុញការបោះផ្សាយសញ្ញាបណ្ណចីរភាពនៅកម្ពុជា (CSBA វគ្គទី៣)”  ដែលមាន ន.ម.ក. គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (UNESCAP) និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ជាសមាជិក និងកិច្ចសហការពីមូលនិធិធានាឥណទាន និងជំរុញការវិនិយោគ (CGIF) ក្រុមហ៊ុន GuarantCo និង CGCC ផងដែរ ដែលកម្មវិធីនេះនឹងផ្ដល់នូវជំនួយផ្នែកបច្ចេកទេសដល់ការបោះផ្សាយសញ្ញាបណ្ណបៃតង សញ្ញាបណ្ណចីរភាព និងសញ្ញាបណ្ណផ្សារភ្ជាប់នឹងចីរភាព ដើម្បីជំរុញការផ្តល់ហិរញ្ញប្បទានឆ្ពោះទៅរកគម្រោងដែលស្របទៅតាមផែនការអាទិភាពអាកាសធាតុរបស់ប្រទេសកម្ពុជា និងជំរុញភាពបៃតង ចីរភាព និងគម្រោងដែលមិនមានការសាយភាយឧស្ម័នកាបូនិចនាពេលអនាគត។

ឯកឧត្តម ស៊ូ សុជាតិ  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកន.ម.ក. បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងការថ្លែងសុន្ទរកថាចូលរួមអបអរសាទរក្នុងពិធីចុះ MOU ដោយចែករំលែកថា ៖ “ការអភិវឌ្ឍ និងការរីកចម្រើនពោរពេញទៅដោយអត្ថន័យ អាចកើតមានឡើងដរាបណាមានការចូលរួមពីស្ថាប័ននៅក្នុងឧស្សាហកម្មដែលមានទស្សនវិស័យរួម។ ការចុះ MoU រវាង CGCC និងសមាគមក្រុមហ៊ុនមូលបត្រ និងការដាក់ដំណើរការកម្មវិធី CSBA វគ្គទី៣ នាថ្ងៃនេះ ជាភស្ដុតាង និងសបញ្ជាក់ឱ្យឃើញពីឥទ្ធិពលនៃកិច្ចសហការគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមជាធ្លុងមួយ ដែលគំនិតជាច្រើនត្រូវបានផ្លាស់ប្ដូរ ហើយសកម្មភាពរួមនឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងសក្តិ-សិទ្ធភាព។ តាមរយៈការចូលរួមជាដៃគូយុទ្ធសាស្ត្របែបនេះ ទើបយើងអាចបង្កើត ទីផ្សារហិរញ្ញវត្ថុដែលសកម្ម បរិយាបន្ន និងប្រកបដោយចីរភាព សម្រាប់ប្រទេសកម្ពុជា។”

 លោក ណូ លីដា អគ្គនាយក CGCC បានមានប្រសាសន៍ថា៖ ដើម្បីចូលរួមគាំទ្រការបោះផ្សាយសញ្ញាបណ្ណនៅកម្ពុជា ការសហការជាមួយសមាគមក្រុមហ៊ុនមូលបត្រកម្ពុជា និងការចូលរួមក្នុង CSBA វគ្គទី៣ ជាការសំខាន់ និងជាការចាំបាច់ សម្រាប់ CGCC។ តាមរយៈ MOU និង CSBA វគ្គទី៣ នេះ CGCC នឹងមានលទ្ធភាពធ្វើការងារកាន់តែជិតស្និតជាមួយបណ្តាក្រុមហ៊ុនមូលបត្រដែលជាសមាជិករបស់សមាគម និងដៃគូពាក់ព័ន្ធផ្សេងទៀត ដើម្បីទទួលបានឱកាសក្នុងការផ្តល់ការធានាសញ្ញាបណ្ណ ដែលបោះផ្សាយនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ ជាជំហានមួយដ៏សំខាន់ ក្នុងការចូលរួមជំរុញការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា។”

លោក អ៊ីវ រ៉ាណ្ណារិទ្ធ ប្រធានសមាគមក្រុមហ៊ុនមូលបត្រកម្ពុជា ក៏បានចូលរួមចែករំលែកផងដែរថា​៖ “អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងបើកឱកាសឱ្យក្រុមហ៊ុនមូលបត្រដែលជាសាមាជិករបស់សមាគមក្រុមហ៊ុនមូលបត្រកម្ពុជា ធ្វើការសហការផ្ទាល់ជាមួយសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីសិក្សា និងវាយតម្លៃលើឱកាសបោះផ្សាយដែលមានសក្ដានុពលទទួលបាននូវការធានាពីសាជីវកម្មធានាឥណទានកម្ពុជា។” លោកក៏លើកទឹកចិត្តដល់តួអង្គពាក់ព័ន្ធទាំងអស់ ពិសេសក្រុមហ៊ុនធានាទិញមូលបត្រ និងក្រុមហ៊ុនដែលមានសក្ដានុពលបោះផ្សាយសិក្សាស្វែងយល់ចាប់យកឱកាសបោះផ្សាយបណ្ណបំណុលដែលមានការធានាដោយសាជីវកម្មធានាឥណទានកម្ពុជាផងដែរ។

 

អំពី CGCC

CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ ផលិតផល និងសេវាកម្មចម្បងរបស់ CGCC រួមមាន ការធានាកម្ចីក្នុងវិស័យធនាគារ, ការធានាសញ្ញាបណ្ណក្នុងវិស័យមូលបត្រ, និងកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលហៅកាត់ថា (EPIC)។  សម្រាប់ព័ត៌មានអំពី CGCC សូមចូលទៅកាន់គេហទំព័រ www.cgcc.com.kh ឬទំនាក់ទំនង CGCC តាមរយៈលេខទូរស័ព្ទ៖ 023 722 123។

អំពី សមាគមក្រុមហ៊ុនមូលបត្រកម្ពុជា (ស.ក.ម.ក)

សមាគមក្រុមហ៊ុនមូលបត្រកម្ពុជា (ស.ក.ម.ក) គឺជាសមាគមមិនរកប្រាក់ចំណេញ ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ និងអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា ហើយត្រូវបានទទួលស្គាល់ជាផ្លូវការដោយនិយ័តករមូលបត្រកម្ពុជា (SERC) នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។ ស.ក.ម.ក មានបេសកកម្មជំរុញ និងអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា សហការយ៉ាងជិតស្និទ្ធជាមួយនិយ័តករមូលបត្រកម្ពុជា (SERC)។