ពង្រឹងលទ្ធភាពនៃការទទួលបានហិរញ្ញប្បទាន: កិច្ចសហការរវាង ABA និង CGCC តាមរយៈគម្រោងធានាឥណទាន

នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ធនាគារ ABA និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធានាឥណទានចំនួនពីរ រួមមាន (១) គម្រោងធានាឥណទានដើម្បីជំរុញសេដ្ឋកិច្ច (ESGS), និង (២) គម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ (REGS 2)។ ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើង​ ដោយមានការអញ្ជើញចូលរួមពី លោក ណូ​ លីដា អគ្គនាយក CGCC និង លោក Bibhu Pandey អគ្គនាយករងប្រតិបត្តិ​ និងជានាយកឥណទាននៃធនាគារ ABA  ព្រមទាំងក្រុមការងាររបស់ស្ថាប័នទាំងពីរផងដែរ នៅការិយាល័យកណ្តាលរបស់ធនាគារ ABA។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងពីរនេះ បានបញ្ជាក់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ចសហការរវាងធនាគារ ABA និង CGCC ក្នុងការគាំទ្រអាជីវកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យម ក្នុងប្រទេសកម្ពុជា ដោយពង្រីកលទ្ធភាពនៃការទទួលបានកម្ចីផ្លូវការ តាមរយៈគម្រោងធានាឥណទាន ដែលមានលក្ខខណ្ឌដ៏ប្រសើរ។

ក្រោមគម្រោង ESGS​ នេះ CGCC អាចផ្តល់ការធានាទៅលើកម្ចីដែលបញ្ចេញដោយធនាគារ ABA  ជូនដល់អាជីវកម្មដែលមានគុណវុឌ្ឍ ជាមួយនឹងវិសាលភាពនៃការធានារហូតដល់ ៩០% និងកម្រៃធានាទាបបំផុតត្រឹម ០,៧៥%។ ជាមួយនឹងការធានារបស់ CGCC ធនាគារ ABA នឹងអាចបង្កើនការផ្តល់កម្ចីចាំបាច់បន្ថែមទៀត ដល់អាជីវកម្មដែលមានសក្តានុពល ដើម្បីគាំទ្រដល់ភាពធន់នៃសេដ្ឋកិច្ចក្នុងកាលៈទេសៈលំបាកនេះ។

ជាមួយគ្នានេះដែរ​ គម្រោង REGS 2 ក៏បានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងរួមគ្នា ក្នុងការជំរុញសេដ្ឋកិច្ចនៃវិស័យកសិកម្ម ក្នុងប្រទេសកម្ពុជា។ គម្រោងនេះនឹងផ្តល់នូវកម្ចីដែលមានការធានាដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលខ្វះទ្រព្យធានា សំដៅបង្កើនភាពប្រកួតប្រជែងរបស់អង្ករកម្ពុជា លើទីផ្សារអន្តរជាតិ ដែលបន្តលើកកម្ពស់វិស័យដ៏សំខាន់មួយនេះ ក្នុងការអភិវឌ្ឍនៅតាមបណ្តាខេត្ត និងទីជនបទ។ គិតត្រឹមនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ កម្ចីមានការធានាពី CGCC ប្រមាណជា ៣៨ លានដុល្លារអាមេរិក ត្រូវបានបញ្ចេញក្រោមគម្រោង REGS។

លោក Bibhu Pandey មានប្រសាសន៍ថា៖ “យើងខ្ញុំ ពីធនាគារ​​ ABA មានកិត្តិយស​ក្នុងការពង្រីកភាពជាដៃគូសហការនេះ ជាមួយ CGCC តាមរយៈគម្រោងធានាឥណទានទាំងពីរ។​ ការផ្តួចផ្តើមនេះ គូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ចំពោះបរិយាបន្នហិរញ្ញប្បទាន និងការអភិវឌ្ឍសេដ្ឋកិច្ចទៅថ្ងៃអនាគត។ ជាមួយគ្នា យើងនឹងបន្តគាំទ្រអាជីវកម្ម ដើម្បីឲ្យពួកគេសម្រេចបាននូវសក្តានុពលពេញលេញ។”

លោក ណូ​ លីដា ក៏មានប្រសាសន៍ថា៖ “ធនាគារ ABA និង CGCC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន ជាលើកដំបូង កាលពីឆ្នាំ២០២១។ ចាប់តាំងពីពេលនោះមក ធនាគារ ABA បានបង្កើនសន្ទុះនៃការប្រើប្រាស់ការធានារបស់ CGCC ជាលំដាប់ ដើម្បីគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម (SME) ស្ទើរគ្រប់វិស័យ។ ថ្ងៃនេះ យើងពិតជាមានក្តីសោមនស្សដែលបានពង្រីកកិច្ចសហការឱ្យកាន់តែស៊ីជម្រៅ តាមរយៈគម្រោង ESGS និង REGS2។ REGS2 គឺជាគម្រោងធានាឥណទានជាកញ្ចប់ទី១ រវាង CGCC និងធនាគារ ABA ដែលនឹងបង្កើនប្រសិទ្ធភាពនៃការបញ្ចេញកម្ចីមានការធានាជូនដល់អតិថិជន។ ខ្ញុំជឿជាក់ថា ការចូលរួមរបស់ ធនាគារ ABA ក្នុងគម្រោងទាំង២នេះ​ នឹងបង្កើនភាពសំបូរបែបនៃកម្ចីអាជីវកម្ម។ តាមរយៈការផ្តល់កម្ចីរបស់ធនាគារ ABA និងការធានាឥណទានរបស់ CGCC យើងរួមគ្នា ដើម្បីពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ SME។”

ជាការសម្លឹងឆ្ពោះទៅមុខ ធនាគារ ABA និង CGCC នឹងបន្តខិតខំប្រឹងប្រែងក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន លើកកម្ពស់សហគ្រិនភាព និងរួមចំណែកដល់ទិដ្ឋភាពសេដ្ឋកិច្ច ប្រកបដោយភាពធន់ និង​ពិពិធ​ភាព៕