ដំណើរទស្សនកិច្ចរបស់ CGCC ទៅកាន់សហគ្រាស ក្នុងវិស័យជលផលក្រោយប្រមូលផលក្នុងខេត្តសៀមរាប
ខែសីហា 14, 2025ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារ CGCC ដឹកនាំដោយលោក ណូ លីដា អគ្គនាយក CGCC បានធ្វើដំណើរទស្សនកិច្ចសំណេះសំណាលជាមួយម្ចាស់សហគ្រាសនៅក្នុងវិស័យជលផលក្រោយប្រមូលផល ចំនួន២ ក្នុងខេត្តសៀមរាបដែលទទួលបានកម្ចីមានការធានាពី CGCC និងទទួលបានការគាំទ្រទុនវិនិយោគ ក្រោមកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ដែលជាគម្រោងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មនៅកម្ពុជា (UNIDO Cambodia) និងសហការឧបត្ថម្ភដោយសហភាពអឺរ៉ុប និងមាន CGCC ជាអ្នកគ្រប់គ្រងគម្រោងមូលនិធិគម្រោង។

គោលបំណងនៃការជួបពិភាក្សានេះ គឺដើម្បីស្វែងយល់ពីវឌ្ឍនភាពក្រោយទទួលបានការគាំទ្រវិនិយោគពីកម្មវិធី ISF, ស្ថានភាព និងប្រតិបត្តិការអាជីវកម្ម, ផែនការសកម្មភាព, ព្រមទាំងបញ្ហាប្រឈមដែលម្ចាស់សហគ្រាសកំពុងជួបប្រទះ ក្នុងអំឡុងភាពតានតឹងនៃជម្លោះព្រំដែននាពេលបច្ចុប្បន្ននេះ។
តាមរយៈការគាំទ្រពីកម្មវិធី ISF និងការធានាឥណទានពីCGCC ម្ចាស់សហគ្រាសជលផលក្រោយប្រមូលផលទាំងពីរនេះ បាននិងកំពុងអភិវឌ្ឍ និងបង្កើនផលិតភាពអាជីវកម្មរបស់ខ្លួន តាមរយៈការធ្វើទំនើបកម្មនូវសម្ភារបរិក្ខារ និងបច្ចេកទេសកែច្នៃ ដែលអនុវត្តតាមស្ដង់ដារសុវត្ថិភាពចំណីអាហារ ដើម្បីពង្រីកទីផ្សារក្នុងស្រុក និងឱកាសនាំចេញនាពេលអនាគតផងដែរ៕
