CGCC

CGCC និងធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីគម្រោងធានាឥណទានបោះដុំ និងគម្រោងធានាឥណទានជំរុញសេដ្ឋកិច្ច

នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅការិយាល័យ សាជីវកម្មធានាឥណទានកម្ពុជា (CGCC), CGCC និងធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីគម្រោងធានាឥណទានបោះដុំ (Wholesale Guarantee Scheme – WGS) និងគម្រោងធានាឥណទានជំរុញសេដ្ឋកិច្ច (Economic Stimulus Guarantee Scheme – ESGS)  ដែលកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ លោក ណូ លីដា អគ្គនាយក CGCC និងបណ្ឌិត លឹម អូន នាយកប្រតិបត្តិធនាគារ ឈីហ្វ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងនៃស្ថាប័នទាំងពីរ។

តាមរយៈភាពជាដៃគូនេះ ធនាគារ ឈីហ្វ បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ដែលនឹងអាចពង្រីកការផ្តល់ហិរញ្ញប្បទានក្រោមការធានារបស់ CGCC ទៅកាន់អាជីវកម្មសក្តានុពល ជាពិសេស SMEs និង MSMEs ដែលប្រឈមនឹងបញ្ហាកង្វះទ្រព្យធានាសម្រាប់ការស្នើសុំកម្ចីពីធនាគារ។

គម្រោង WGS និង ESGS នឹងចូលរួមចំណែកគាំទ្រធនាគារ ឈីហ្វ ក្នុងការពង្រីកលទ្ធភាពផ្តល់ហិរញ្ញប្បទានសម្រាប់អាជីវកម្មដែលប្រឈមនឹងបញ្ហាកង្វះទ្រព្យធានា ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍវិស័យឯកជន និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។

 

កិច្ចព្រមព្រៀង ស្តីពីគម្រោងធានាឥណទានបោះដុំ និងគម្រោងធានាឥណទានដើម្បីជំរុញសេដ្ឋកិច្ច រវាងធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក និងសាជីវកម្មធានាឥណទានកម្ពុជា បានចុះហត្ថលេខា

(ភ្នំពេញ)៖ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀង ស្តីពីគម្រោងធានាឥណទានបោះដុំក្នុងទំហំ៥លានដុល្លាអាមេរិក (Wholesale Guarantee Scheme – WGS) និងគម្រោងធានាឥណទានជំរុញសេដ្ឋកិច្ច (Economic Stimulus Guarantee Scheme – ESGS) នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅការិយាល័យ CGCC។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ លោកបណ្ឌិត លឹម អូន ប្រធានអគ្គនាយកប្រតិបត្តិធនាគារ ឈីហ្វ និងលោក ណូ លីដា អគ្គនាយក CGCC ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងនៃស្ថាប័នទាំងពីរ។

បន្ទាប់ពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃនេះ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ជាផ្លូវការដែលនឹងអនុញ្ញាតឱ្យធនាគារ ឈីហ្វ ពង្រីកការបញ្ចេញឥណទានក្រោមការធានារបស់ CGCC ទៅកាន់អាជីវកម្មសក្តានុពលនៅកម្ពុជា ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលប្រឈមនឹងបញ្ហាកង្វះទ្រព្យធានាសម្រាប់ការស្នើសុំកម្ចីពីធនាគារ។

លោក ណូ លីដា អគ្គនាយក CGCC បានថ្លែងថា «CGCC ស្វាគមន៍នូវភាពជាដៃគូជាមួយស្ថាប័នហិរញ្ញវត្ថុដែលចូលរួម (PFIs) ដូចជា ធនាគារឈីហ្វ Chief ដែលទទួលស្គាល់អំពីតម្លៃនៃការធានាឥណទាន និងប្រើប្រាស់ការធានាឥណទានប្រកបដោយបុរេសកម្ម ដើម្បីគាំទ្រដល់អាជីវកម្មដែលមានសក្តានុពល។ ជាមួយនឹងការធានារបស់ CGCC, យើងសង្ឃឹមថា ធនាគារ ឈីហ្វ នឹងអាចពង្រីកការគាំទ្រផ្នែកហិរញ្ញវត្ថុទៅកាន់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) ដែលមានសក្តានុពលខ្ពស់នៅក្នុងប្រទេសកម្ពុជា។ ឧទាហរណ៍ ធនាគារ ឈីហ្វ អាចផ្តល់ប្រាក់កម្ចីជាមួយនឹងសមាមាត្រកម្ចីធៀបនឹងតម្លៃទ្រព្យបញ្ចាំ (loan-to-value) ខ្ពស់ជាងមុន, រក្សាទុនបម្រុងទាបជាងមុនសម្រាប់កម្ចីដែលមានការធានា, និងអាចផ្តល់កម្ចីជូនដល់អតិថិជនដែលមិនអាចទទួលបានកម្ចី ប្រសិនបើគ្មានការធានា»

លោកបានបន្តថា «តាមរយៈភាពជាដៃគូនេះ យើងចង់ឃើញ ធនាគារ ឈីហ្វ ពង្រីកការផ្តល់កម្ចីរបស់ខ្លួន ដោយមិនចាំបាច់ពង្រីកហានិភ័យ តាមសមាមាត្រនៃការពង្រីកកម្ចី ព្រោះ CGCC នឹងចូលរួមចែករំលែកហានិភ័យ។ CGCC ប្រកាន់ភ្ជាប់ក្នុងការកែលម្អជាបន្តបន្ទាប់លើការងារអាទិភាពជាយុទ្ធសាស្ត្រចម្បង ៥៖ ដំណើរការ (Process) ភាពជាដៃគូ(Partnership) ផលិតផល (Product) មនុស្ស (People) និងគោលនយោបាយ(Policy) ដើម្បីគាំទ្រដៃគូរបស់យើង និងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ឱ្យបានកាន់តែប្រសើរ»

លោកបណ្ឌិត លឹម អូន ប្រធានអគ្គនាយកប្រតិបត្តិធនាគារ ឈីហ្វ បានថ្លែងថា «ចំពោះធនាគារ ឈីហ្វ នេះជា ព្រឹត្តិការណ៍ដ៏សំខាន់មួយ និងជាជំហានឈានទៅមុខដ៏មានអត្តន័យ ដែលបានក្លាយជាស្ថាប័នហិរញ្ញវត្ថុចូលរួម (PFI) ជាផ្លូវការ ក្រោមកម្មវិធីធានាឥណទានរបស់ CGCC។ ភាពជាដៃគូនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម និង បុគ្គល ជាក់ស្តែងសម្រាប់សហគ្រាសធុនតូច និង មធ្យម (SMEs) ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះនឹងបង្កើតឱកាសដ៏មានអត្ថន័យសម្រាប់អតិថិជនរបស់យើង និងចូលរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា»

លោកបានបន្តថា «ចំពោះធនាគារឈីហ្វ យើងខ្ញុំបន្តប្តេជ្ញាចិត្តចំពោះការផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ (Responsible Lending) ផ្តល់សេវាកម្មផ្តោតលើអតិថិជនជាចម្បង និងផ្តល់ការគាំទ្រដល់វិស័យអាទិភាព នៃសេដ្ឋកិច្ចកម្ពុជា។ តាមរយៈការចាប់ដៃគូជាមួយ CGCC យើងខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា យើងអាចរួមគ្នាពង្រឹង បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងផ្តល់ការគាំទ្រកាន់តែប្រសើរដល់អតិថិជនដែលត្រូវការជំនួយផ្នែកហិរញ្ញប្បទានយ៉ាងពិតប្រាកដ»

តាមរយៈភាពជាដៃគូនេះ CGCC និងធនាគារ ឈីហ្វ មានទិសដៅក្នុងការគាំទ្រក្រុមហ៊ុន/អាជីវកម្មតាមរយៈគម្រោងធានាឥណទានចំនួនពីររបស់ CGCC គឺ WGS និង ESGS។ ក្រោមគម្រោង WGS, CGCC នឹងផ្តល់ការធានាលើកម្ចីអាជីវកម្មដែលមានស្រាប់របស់ធនាគារ ឈីហ្វ ដើម្បីចែករំលែកហានិភ័យជាមួយធនាគារ និងកាត់បន្ថយកម្រិតថ្លឹងហានិភ័យលើអ៊ិចស្ពូស៊ើដែលមានការធានា។ តាមរយៈ WGS ធនាគារ ឈីហ្វ នឹងអាចពង្រីកលទ្ធភាពក្នុងការផ្តល់កម្ចីរបស់ធនាគារ និងជំរុញឱ្យធនាគារអាចផ្តល់ហិរញ្ញប្បទានបន្ថែមទៅកាន់ SMEs ដែលមានសក្តានុពលកាន់តែច្រើន។ ដោយឡែក ក្រោមគម្រោង ESGS, CGCC នឹងផ្តល់ការធានាលើកម្ចីអាជីវកម្មថ្មីរបស់ធនាគារ ឈីហ្វដែលផ្តល់ដល់ក្រុមហ៊ុន/អាជីវកម្ម រួមទាំងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងក្រុមហ៊ុនធំៗ ជាមួយនឹងវិសាលភាពនៃការធានារហូតដល់ ៩០% នៃប្រាក់ដើម និងលក្ខខណ្ឌធានាអនុគ្រោះនានា។ គម្រោង WGS និង ESGS នឹងចូលរួមចំណែកគាំទ្រធនាគារ ឈីហ្វ ក្នុងការពង្រីកលទ្ធភាពផ្តល់ហិរញ្ញប្បទានសម្រាប់អាជីវកម្មដែលប្រឈមនឹងបញ្ហាកង្វះទ្រព្យធានា ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍវិស័យឯកជន និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា៕

អំពី CGCC

CGCC គឺជាសហគ្រាសសាធារណៈ ដែលត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ១៤០ អនក្រ.បក ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា។ CGCC មានបេសកកម្មចម្បងក្នុងការផ្ដល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច។ផលិតផល និងសេវាកម្មសំខាន់ៗរបស់ CGCC រួមមាន ការធានាលើកម្ចីអាជីវកម្មការធានាលើការបោះផ្សាយសញ្ញាបណ្ណ និងការកសាងសមត្ថភាពសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។ គិតត្រឹមបំណាច់ខែមេសាឆ្នាំ២០២៦ CGCC បានផ្តល់ការធានាលើកម្ចីអាជីវកម្មចំនួន ៩.៨០៨ គណនី ក្នុងទំហំសរុប ៥៦៧,៦៣ លានដុល្លារអាមេរិក។

អំពីធនាគារ ឈីហ្វ

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក គឺជាធនាគារពាណិជ្ជមួយនៅកម្ពុជា ដែលផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលអាចទុកចិត្តបាន និងមានភាពបត់បែន ដល់បុគ្គល និងអាជីវកម្ម ដោយផ្តោតជាពិសេសលើ SMEs។ ធនាគារ ឈីហ្វ បានទទួលអាជ្ញាបណ្ណប្រតិបត្តិការជាធនាគារឯកទេស នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ ហើយបន្ទាប់មកបានទទួលអាជ្ញាបណ្ណធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨។ ធនាគារ ឈីហ្វ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើន រួមមាន ប្រាក់បញ្ញើ ឥណទាន សេវាទូទាត់ និងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អាជីវកម្ម ដើម្បីគាំទ្រសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា។

គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ ធនាគារ CHIEF BANK បានរាយការណ៍ពីទ្រព្យសកម្មសរុបចំនួន ៤០២ លានដុល្លារអាមេរិក ដែលកើនឡើង ៤៣% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ ដោយមានប្រាក់កម្ចី និងបុរេប្រទានសរុបចំនួន ២៧៧ លានដុល្លារ និងប្រាក់បញ្ញើអតិថិជនសរុបចំនួន ២៩៥ លានដុល្លារ។ លទ្ធផលទាំងនេះឆ្លុះបញ្ចាំងពីភាពរឹងមាំផ្នែកមូលធន ការគ្រប់គ្រងហានិភ័យប្រកបដោយប្រយ័ត្នប្រយែង និងទំនុកចិត្តជាបន្តរបស់អតិថិជនចំពោះធនាគារ CHIEF BANK។

Credit to: FRESH NEWS, Published on 20 May 2026

 

សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារពាណិជ្ជ ឈីហ្វ សហការគ្នា លើគម្រោងធានាឥណទានបោះដុំ និងគម្រោង ធានាឥណទានជំរុញសេដ្ឋកិច្ច

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីគម្រោងធានាឥណទានបោះដុំក្នុងទំហំ៥លានដុល្លាអាមេរិក (Wholesale Guarantee Scheme – WGS) និងគម្រោងធានាឥណទានជំរុញសេដ្ឋកិច្ច (Economic Stimulus Guarantee Scheme – ESGS) នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅការិយាល័យ CGCC។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ បណ្ឌិត លឹម អូន ប្រធានអគ្គនាយកប្រតិបត្តិធនាគារ ឈីហ្វ និងលោក ណូ លីដា អគ្គនាយក CGCC ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងនៃស្ថាប័នទាំងពីរ។

បន្ទាប់ពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃនេះ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ជាផ្លូវការ ដែលនឹងអនុញ្ញាតឱ្យធនាគារ ឈីហ្វ ពង្រីកការបញ្ចេញឥណទានក្រោមការធានារបស់ CGCC ទៅកាន់អាជីវកម្មសក្តានុពលនៅកម្ពុជា ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលប្រឈមនឹងបញ្ហាកង្វះទ្រព្យធានាសម្រាប់ការស្នើសុំកម្ចីពីធនាគារ។

លោក ណូ លីដា អគ្គនាយក CGCC បានមានប្រសាសន៍ថា “CGCC ស្វាគមន៍នូវភាពជាដៃគូជាមួយស្ថាប័នហិរញ្ញវត្ថុដែលចូលរួម (PFIs) ដូចជា ធនាគារ ឈីហ្វ Chief ដែលទទួលស្គាល់អំពីតម្លៃនៃការធានាឥណទាន និងប្រើប្រាស់ការធានាឥណទាន ប្រកបដោយបុរេសកម្ម ដើម្បីគាំទ្រដល់អាជីវកម្មដែលមានសក្តានុពល។ ជាមួយនឹងការធានារបស់ CGCC, យើងសង្ឃឹមថា ធនាគារ ឈីហ្វ នឹងអាចពង្រីកការគាំទ្រផ្នែកហិរញ្ញវត្ថុទៅកាន់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) ដែលមានសក្តានុពលខ្ពស់នៅក្នុងប្រទេសកម្ពុជា។ ឧទាហរណ៍ ធនាគារ ឈីហ្វ អាចផ្តល់ប្រាក់កម្ចីជាមួយនឹងសមាមាត្រកម្ចីធៀបនឹងតម្លៃទ្រព្យបញ្ចាំ (loan-to-value) ខ្ពស់ជាងមុន, រក្សាទុនបម្រុងទាបជាងមុនសម្រាប់កម្ចីដែលមានការធានា, និងអាចផ្តល់កម្ចីជូនដល់អតិថិជនដែលមិនអាចទទួលបានកម្ចី ប្រសិនបើគ្មានការធានា។ តាមរយៈភាពជាដៃគូនេះ យើងចង់ឃើញ ធនាគារ ឈីហ្វ ពង្រីកការផ្តល់កម្ចីរបស់ខ្លួន ដោយមិនចាំបាច់ពង្រីកហានិភ័យ តាមសមាមាត្រនៃការពង្រីកកម្ចី ព្រោះ CGCC នឹងចូលរួមចែករំលែកហានិភ័យ។ CGCCប្រកាន់ភ្ជាប់ក្នុងការកែលម្អជាបន្តបន្ទាប់លើការងារអាទិភាពជាយុទ្ធសាស្ត្រចម្បង ៥៖ ដំណើរការ (Process) ភាពជាដៃគូ (Partnership) ផលិតផល (Product) មនុស្ស (People) និងគោលនយោបាយ (Policy) ដើម្បីគាំទ្រដៃគូរបស់យើង និងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ឱ្យបានកាន់តែប្រសើរ។”

បណ្ឌិត លឹម អូន ប្រធានអគ្គនាយកប្រតិបត្តិធនាគារ ឈីហ្វ បានមានប្រសាសន៍ថា “ ចំពោះធនាគារ ឈីហ្វ នេះជា ព្រឹត្តិការណ៍ដ៏សំខាន់មួយ និងជាជំហានឈានទៅមុខដ៏មានអត្តន័យ ដែលបានក្លាយជាស្ថាប័នហិរញ្ញវត្ថុចូលរួម (PFI) ជាផ្លូវការ ក្រោមកម្មវិធីធានាឥណទានរបស់ CGCC។ ភាពជាដៃគូនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម និងបុគ្គល ជាក់ស្តែងសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះនឹងបង្កើតឱកាសដ៏មានអត្ថន័យសម្រាប់អតិថិជនរបស់យើង និងចូលរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។ ចំពោះធនាគារឈីហ្វ យើងខ្ញុំបន្តប្តេជ្ញាចិត្តចំពោះការផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ (Responsible Lending) ផ្តល់សេវាកម្មផ្តោតលើអតិថិជនជាចម្បង និងផ្តល់ការគាំទ្រដល់វិស័យអាទិភាព នៃសេដ្ឋកិច្ចកម្ពុជា។ តាមរយៈការចាប់ដៃគូជាមួយ CGCC យើងខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា យើងអាចរួមគ្នាពង្រឹង បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងផ្តល់ការគាំទ្រកាន់តែប្រសើរដល់អតិថិជនដែលត្រូវការជំនួយផ្នែកហិរញ្ញប្បទានយ៉ាងពិតប្រាកដ។”

តាមរយៈភាពជាដៃគូនេះ CGCC និងធនាគារ ឈីហ្វ មានទិសដៅក្នុងការគាំទ្រក្រុមហ៊ុន/អាជីវកម្មតាមរយៈគម្រោងធានាឥណទានចំនួនពីររបស់ CGCC គឺ WGS និង ESGS។ ក្រោមគម្រោង WGS, CGCC នឹងផ្តល់ការធានាលើកម្ចីអាជីវកម្មដែលមានស្រាប់របស់ធនាគារ ឈីហ្វ ដើម្បីចែករំលែកហានិភ័យជាមួយធនាគារ និងកាត់បន្ថយកម្រិតថ្លឹងហានិភ័យលើអ៊ិចស្ពូស៊ើដែលមានការធានា។ តាមរយៈ WGS ធនាគារ ឈីហ្វ នឹងអាចពង្រីកលទ្ធភាពក្នុងការផ្តល់កម្ចីរបស់ធនាគារ និងជំរុញឱ្យធនាគារអាចផ្តល់ហិរញ្ញប្បទានបន្ថែមទៅកាន់ SMEs ដែលមានសក្តានុពលកាន់តែច្រើន។ ដោយឡែក ក្រោមគម្រោង ESGS, CGCC នឹងផ្តល់ការធានាលើកម្ចីអាជីវកម្មថ្មីរបស់ធនាគារ ឈីហ្វដែលផ្តល់ដល់ក្រុមហ៊ុន/អាជីវកម្ម រួមទាំងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងក្រុមហ៊ុនធំៗ ជាមួយនឹងវិសាលភាពនៃការធានារហូតដល់ ៩០% នៃប្រាក់ដើម និងលក្ខខណ្ឌធានាអនុគ្រោះនានា។ គម្រោង WGS និង ESGS នឹងចូលរួមចំណែកគាំទ្រធនាគារ ឈីហ្វ ក្នុងការពង្រីកលទ្ធភាពផ្តល់ហិរញ្ញប្បទានសម្រាប់អាជីវកម្មដែលប្រឈមនឹងបញ្ហាកង្វះទ្រព្យធានា ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍវិស័យឯកជន និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា៕

Credit to: Cambonomist, Published on 20 May 2026

 

 

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរបស់ LCGC ស្តីពីការផ្លាស់ប្តូរចំណេះដឹងបច្ចេកទេស និងបទពិសោធពី CGCC ក្នុងប្រតិបត្តិការធានាឥណទាន

CGCC មានក្តីសោមនស្សស្វាគមន៍យ៉ាងកក់ក្តៅ នូវដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកពី Lao Credit Guarantee Sole Company Limited (LCGC) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្រាប់ការសិក្សាស្តីពីការផ្លាស់ប្តូរចំណេះដឹងបច្ចេកទេស និងបទពិសោធន៍ពី CGCC ក្នុងប្រតិបត្តិការធានាឥណទាន។

ទស្សនកិច្ចនេះជាផ្នែកមួយនៃការប្តេជ្ញារបស់ LCGC ក្នុងការពង្រឹងសមត្ថភាពប្រតិបត្តិការរបស់ខ្លួន តាមរយៈការសិក្សាពីបទពិសោធន៍របស់ CGCC ក្នុងការអនុវត្តគម្រោងធានាឥណទាននៅកម្ពុជា។ គួរបញ្ជាក់ផងដែរថា ទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពី ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង CGCC និង LCGC ដែលជាជំហានសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរចំណេះដឹងរវាងស្ថាប័នទាំងពីរ។

ទស្សនកិច្ចសិក្សានេះជាវេទិកាដ៏មានអត្ថន័យសម្រាប់ការរៀនសូត្រពីគ្នាទៅវិញទៅមករវាងស្ថាប័នទាំងពីរ និងបញ្ជាក់បន្ថែមពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងការអភិវឌ្ឍវិស័យធានាឥណទាន។ CGCC និង LCGC បន្តប្តេជ្ញាចិត្តរួមគ្នា ក្នុងការចែករំលែកចំណេះដឹងរវាងគ្នានិងគ្នា ដើម្បីគាំទ្រដល់ការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានផ្លូវការសម្រាប់សហគ្រាសខ្នាតមីក្រូ តូច មធ្យម និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្នកាន់តែទូលំទូលាយ៕

 

 

  

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង CGCC និង LCGC

នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅការិយាល័យ CGCC មានការចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា រវាង CGCC និង Lao Credit Guarantee Sole Company Limited (LCGC) ដើម្បីបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងស្ថាប័នធានាឥណទានទាំងពីរ ក្នុងគោលបំណងគាំទ្រដល់ការអភិវឌ្ឍសេវាធានាឥណទាន និងភាពរីកចម្រើនប្រកបដោយស្ថេរភាពរបស់សហគ្រាសធុន មីក្រូ តូច និងមធ្យម (MSMEs) ក្នុងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

 

 

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក ណូ លីដា អគ្គនាយក CGCC និងលោក Wong Keet Loong អគ្គនាយក LCGC ក្រោមវត្តមានជាសាក្សីពីថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម, ក្រសួងហិរញ្ញវត្ថុ, និងធនាគារជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ព្រមទាំងថ្នាក់គ្រប់គ្រង និងក្រុមការងាររបស់ CGCC សរុបប្រមាណ ៣០រូប។

ក្នុងនាមជាស្ថាប័នធានាឥណទានដែលបង្កើតឡើងដោយរដ្ឋាភិបាល ស្ថាប័នទាំងពីរមានទិសដៅរួមក្នុងការកាត់បន្ថយឧបសគ្គ និងគម្លាតក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលជាវិស័យសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅទូទាំងតំបន់។

 

CGCC, CWA, FTB និង Water.org បង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានផ្លូវការ សម្រាប់គាំទ្រវិស័យទឹកស្អាតនៅកម្ពុជា

ទាញយកសេចក្តីប្រកាសព័ត៌មាន

 

 

ABA និង CGCC សហការផ្ដល់លទ្ធភាពកាន់តែទូលំទូលាយ ដើម្បីអាជីវកម្មនានាទទួលហិរញ្ញប្បទាន តាមរយៈគម្រោងធានាឥណទាន

(ភ្នំពេញ)៖ ធនាគារ ABA និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធានាឥណទានចំនួនពីរ រួមមាន១៖ គម្រោងធានាឥណទានដើម្បីជំរុញសេដ្ឋកិច្ច (ESGS) និង២៖ គម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ ជំហានទី២ (REGS 2)។ ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើង នៅការិយាល័យកណ្តាលធនាគារ ABA ដោយមានការអញ្ជើញចូលរួមពីលោក Bibhu Pandey អគ្គនាយករងប្រតិបត្តិ និងជានាយកឥណទាននៃធនាគារ ABA និង លោក ណូ លីដា អគ្គនាយក CGCC ព្រមទាំងក្រុមការងាររបស់ស្ថាប័នទាំងពីរ។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងពីរនេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ច សហការដ៏រឹងមាំរវាងធនាគារ ABA និង CGCC ក្នុងការគាំទ្រអាជីវកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា ដោយពង្រីកវិសាលភាពឲ្យកាន់តែទូលំទូលាយ ដើម្បីអាជីវកម្មនានាទទួលបានកម្ចីផ្លូវការ តាមរយៈគម្រោងធានាឥណទានដែលមានរចនាសម្ពន្ធត្រឹមត្រូវ។

ក្រោមគម្រោង ESGS នេះ CGCC អាចផ្តល់ការធានាទៅលើកម្ចីដែលផ្ដល់ដោយធនាគារ ABA ជូនដល់អាជីវកម្មដែលមានគុណវុឌ្ឍជាមួយនឹងវិសាលភាពនៃការធានារហូតដល់៩០% និងកម្រៃធានាឥណទានចាប់ពី០.៧៥។ ជាមួយនឹងការធានារបស់ CGCC ធនាគារABA នឹងអាចបង្កើនការផ្តល់កម្ចីចាំបាច់បន្ថែមទៀតដល់អាជីវកម្មដែលមានសក្តានុពល ដើម្បីគាំទ្រដល់ ភាពធន់នៃសេដ្ឋកិច្ចក្នុងកាលៈទេសៈដ៏លំបាកនេះ។

ជាមួយគ្នានេះ គម្រោង REGS 2 ក៏បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជានៅក្នុងវិស័យកសិកម្មផងដែរ។ គម្រោងនេះនឹងផ្តល់នូវកម្ចីមានការធានា ដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលខ្វះទ្រព្យធានា សំដៅបង្កើនភាពប្រកួតប្រជែងរបស់អង្ករកម្ពុជា លើទីផ្សារអន្តរជាតិ ដែលបន្តលើកកម្ពស់វិស័យដ៏សំខាន់មួយនេះ សម្រាប់ការអភិវឌ្ឍជនបទ។ គិតត្រឹមនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ កម្ចីមានការធានាពី CGCC ប្រមាណជា៣៨លានដុល្លារអាមេរិក ត្រូវបានផ្ដល់ជូនអាជីវកម្ម ក្រោមគម្រោងREGS។

លោក Bibhu Pandey បានថ្លែងថា «យើងខ្ញុំនៅធនាគារ ABA មានមោទនភាពយ៉ាងក្រៃលែង ក្នុងការពង្រីកភាពជាដៃគូយុទ្ធសាស្ដ្រនេះ ជាមួយ CGCC តាមរយៈគម្រោងធានាឥណទានទាំងពីរ។ គំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំចំពោះការផ្ដល់ហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង។ ក្នុងដំណើររួមគ្នានេះ យើងខ្ញុំនឹងនៅតែបន្តគាំទ្របណ្ដាធុរកិច្ច និងអាជីវកម្មគ្រប់ប្រភេទ ដើម្បីឲ្យពួកគេសម្រេចបាននូវ សក្តានុពលពេញលេញ»

លោក ណូ លីដា ក៏បានថ្លែងថា «ធនាគារ ABA និង CGCC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទានជាលើកដំបូងកាលពីឆ្នាំ២០២១។ ចាប់តាំងពីពេលនោះមក ធនាគារ ABA បានបង្កើនការបញ្ចេញកម្ចី តាមរយៈគម្រោងធានារបស់ CGCC ជាលំដាប់ ដើម្បីគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម (SME) ក្នុងវិស័យអាទិភាព។ ថ្ងៃនេះ យើងខ្ញុំពិតជាមានក្តីសោមនស្សដែលបានពង្រីកកិច្ចសហការនេះកាន់តែស៊ីជម្រៅ តាមរយៈគម្រោង ESGS និង REGS2»

លោកបានគួសបញ្ជាក់ផងដែរថា «REGS2 គឺជាផលបត្រគម្រោងធានាឥណទានដំបូងបង្អស់របស់យើងខ្ញុំជាមួយធនាគារ ABA ដែលនឹងបង្កើនប្រសិទ្ធភាពនៃ ការបញ្ចេញកម្ចី មានការធានាជូនដល់អតិថិជន។ ខ្ញុំជឿជាក់ថា ការចូលរួមរបស់ធនាគារ ABA ក្នុង គម្រោងទាំងពីរនេះ នឹងផ្ដល់លទ្ធភាពដល់អាជីវកម្ម កាន់តែច្រើនឲ្យទទួលបានកម្ចី សម្រាប់ពង្រីកអាជីវកម្មរបស់ពួកគាត់។ តាមរយៈការផ្តល់កម្ចីរបស់ធនាគារ ABA និងការធានាឥណទានរបស់ CGCC យើងរួមគ្នាពង្រឹងលទ្ធភាពរបស់សហគ្រាសធុនតូច និងមធ្យម ឲ្យទទួលបានហិរញ្ញប្បទាន»

ដោយសម្លឹងឆ្ពោះទៅមុខប្រកបដោយសុទិដ្ឋិនិយម ធនាគារ ABA និង CGCC នឹងនៅតែបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការបង្កើនលទ្ធភាពអាជីវកម្ម ឲ្យទទួលបានហិរញ្ញប្បទានកាន់តែទូលំទូលាយ ក្នុងន័យលើកកម្ពស់សហគ្រិនភាព និងរួមចំណែកជួយឲ្យទិដ្ឋភាពសេដ្ឋកិច្ចកាន់តែមានភាពធន់ និងពិពិធភាព៕

Credit to: Fresh News Plus, Published on 07 August 2025

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងសាជីវកម្មធានាឥណទានកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីអភិវឌ្ឍសហគមន៍កសិកម្មទំនើប

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) កាលពីថ្ងៃអង្គារបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីលើកកម្ពស់ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតីភាព លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលសាជីវកម្មធានាឥណទានកម្ពុជា (CGCC) នៅ ក្រសួងកសិកម្ម។

ដោយគូសបញ្ជាក់ខ្លឹមសារនៃ MoU នេះ លោក ឌិត ទីណា បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការថ្មីនេះនឹងមានការផលិតដោយផ្អែកលើតម្រូវការទីផ្សារ គុណភាពល្អ កាត់បន្ថយថ្លៃដើមផលិតកម្ម និងប្រសិទ្ធភាពសេដ្ឋកិច្ច។

លោក ឌិត ទីណា បានបន្តថា ការអភិវឌ្ឍសហគមន៍កសិកម្មទំនើបគឺជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “សហគមន៍កសិកម្មទំនើបដើរតួនាទីយ៉ាងសំខាន់ និងដើរតួជាខែលដ៏រឹងមាំក្នុងការជួយកសិករដែលខ្វះបច្ចេកវិទ្យា បញ្ហាប្រឈមនឹងការប្រែប្រួលអាកាសធាតុ ខ្វះឥណទាន និងបញ្ហាប្រឈមនឹងហានិភ័យទីផ្សារ។

កសិករដែលស្ម័គ្រចិត្តចូលជាសមាជិកសហគមន៍កសិកម្មទំនើបនឹងទទួលបានការវិនិយោគ និងដើមទុនគ្រប់គ្រាន់សម្រាប់ផលិតផលកសិកម្មដែលមានសក្តានុពលដូចជាស្រូវ ដំឡូងមី និងគ្រាប់ស្វាយចន្ទី។

លោក ឌិត ទីណា បានលើកសរសើរសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដោយកត់សម្គាល់ថា CGCC ដើរតួជាដៃគូដ៏ល្អក្នុងការវាយតម្លៃ និងផ្តល់ធាតុចូលសំខាន់ៗក្នុងការរៀបចំផែនការអាជីវកម្ម ដែលជួយនាំយកចក្ខុវិស័យនៃសហគមន៍កសិកម្មទំនើបប្រកបដោយផ្លែផ្កា និងធានានូវភាពជោគជ័យរបស់ខ្លួន។

CGCC គឺជាសហគ្រាសគ្រប់គ្រងដោយរដ្ឋ ក្រោមការណែនាំហិរញ្ញវត្ថុ និងបច្ចេកទេសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីកែលម្អបរិយាប័ន្នហិរញ្ញវត្ថុ និងគាំទ្រដល់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរនៅលើបណ្តាញសង្គមរបស់លោកកាលពីថ្ងៃអង្គារថា MoU រវាងក្រសួងកសិកម្ម និង CGCC នឹងបើកផ្លូវឱ្យសហគមន៍កសិកម្មទំនើបមានដើមទុនសម្រាប់ចំណាយលើប្រតិបត្តិការរបស់ពួកគេ និងព្រមទាំងទទួលបាន អត្រាការប្រាក់ទាបជាងប្រាក់កម្ចីទូទៅផ្សេងទៀត។

លោក ហ្វីណង់ បានមានប្រសាសន៍ថា “ដោយសារតែភាពរឹងមាំនៃផែនការអាជីវកម្ម និងកិច្ចសន្យាទីផ្សារច្បាស់លាស់ជាមុន CGCC ត្រៀមខ្លួនក្នុងការផ្តល់សេវាកម្មធានាឥណទានក្នុងនាមសហគមន៍ ដែលនឹងអនុញ្ញាតឱ្យសហគមន៍មានធនធានគ្រប់គ្រាន់ដើម្បីដំណើរការប្រតិបត្តិការរបស់ខ្លួនដោយមិនចាំបាច់ឱ្យសមាជិកនីមួយៗជាប់បំណុលធនាគារ។ នេះជាជំហានសំខាន់មួយទៀតសម្រាប់សហគមន៍ទំនើបរបស់យើង»។

ថ្លែងក្នុងវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ ក្រោមមូលបទ ‘ការប្រែក្លាយខ្សែច្រវាក់ផ្គត់ផ្គង់អង្ករកម្ពុជាឱ្យមានភាពធន់ បរិយាប័ន្ន និងនិរន្តរភាព’ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់សហគមន៍កសិកម្មទំនើប និងបានអំពាវនាវឱ្យមានសហគមន៍កសិកម្មបែបនេះបន្ថែមទៀត នៅទូទាំងប្រទេសកម្ពុជា។

លោកបានបន្ថែមថា រហូតមកដល់ពេលនេះ ការអភិវឌ្ឍន៍បានធ្វើឡើងជាមួយនឹងសហគមន៍កសិកម្មទំនើបចំនួន ៨ ដែលគ្របដណ្តប់លើផ្ទៃដីជិត ២០០០ ហិកតា ក្នុងដំណាក់កាលដំបូង ហើយលោកបានអំពាវនាវឱ្យបន្តធ្វើដើម្បីឱ្យកាន់តែរីកចម្រើន។

 

Credit to: Khmer Times, Published on 19 September 2024

 

ពិធីចុះហត្ថលេខាលើ MOU រវាងនិយ័តករមូលបត្រកម្ពុជា និងCGCC និងសិក្ខាសាលា ស្ដីពី “អត្ថប្រយោជន៍ និងកាលានុវត្តភាពនៃការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានានៅកម្ពុជា”

នាព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងលោក Wong Keet Loong អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពី “កិច្ចសហប្រតិបត្តិការក្នុងការជំរុញការអភិវឌ្ឍ និងការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានា” និងសហការរៀបចំសិក្ខាសាលាស្ដីពី “អត្ថប្រយោជន៍ និងកាលានុវត្តភាពនៃការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានានៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់​ខ្ពស់​របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខា​ធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុម-ប្រឹក្សាភិបាលរបស់សាជីវកម្មធានាឥណទានកម្ពុជា ព្រមទាំងជាអនុប្រធានក្រុមប្រឹក្សាភិបាល អ.ស.ហ. នៅអគារ អ.ស.ហ.

កម្មវិធីចុះ MoU នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការអភិវឌ្ឍវិស័យមូលបត្រ និងការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានា តាមរយៈការគាំទ្រឱ្យក្រុមហ៊ុន និងស្ថាប័នហិរញ្ញវត្ថុទទួលបាននូវទុនបន្ថែមតាមរយៈការបោះផ្សាយលក់សញ្ញាបណ្ណ ដែលរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង, សញ្ញាបណ្ណសង្គម, សញ្ញាបណ្ណផ្សារភ្ជាប់នឹងចីរភាព និងសញ្ញាបណ្ណចីរភាពជាដើម ដែលមានការគាំទ្រ និងធានាលទ្ធភាពសងក្នុងករណីក្ស័យធន់ពីបុគ្គលធានាក្នុងស្រុក ក្នុងគោលដៅលើកកម្ពស់ការកៀរគរមូលធនក្នុងស្រុកឱ្យកាន់តែមានប្រសិទ្ធ-ភាព។ ផ្សារភ្ជាប់នឹងកម្មវិធីនេះ ស្ថាប័នទាំងពីរក៏បានសហការរៀបចំសិក្ខាសាលាស្តីពី “អត្ថប្រយោជន៍ និងកាលានុវត្តភាពនៃការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានានៅកម្ពុជា” ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយ អំពី​លក្ខខណ្ឌដើម្បីទទួលបាននូវការធានាសញ្ញាបណ្ណ និងការធានាដល់សហគ្រាសធុនតូច និងមធ្យម និងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាបង្ហាញពីអត្ថប្រយោជន៍ និងកាលានុវត្តភាពនៃការបោះផ្សាយសញ្ញាបណ្ណដែលមានការធានាផងដែរ។

ថ្លែងក្នុងកម្មវិធីនេះ ឯកឧត្តមប្រតិភូ បានលើកឡើងថាតាមរយៈ MoU នាថ្ងៃនេះ នឹងអាចទាក់ទាញក្រុមហ៊ុនកាន់តែច្រើន ដែលរួមបញ្ចូលផងដែរទាំងសហគ្រាសធុនតូច និងមធ្យមក្នុងការស្វែងរកហិរញ្ញប្បទានតាមរយៈទីផ្សារមូលបត្រ ហើយក៏នឹងផ្តល់អត្ថប្រយោជន៍បន្ថែមសម្រាប់ក្រុមហ៊ុនដែលបានចុះបញ្ជីលក់មូលបត្រ ហើយត្រូវការស្វែងរកប្រភពហិរញ្ញប្បទានបន្ថែមក្នុងទម្រង់ជាការបោះផ្សាយលក់សញ្ញាបណ្ណ ឬជាលក្ខណៈបំណុលផ្សេងទៀត ដោយក្រុមហ៊ុននឹងអាចមានឱកាសទទួលបាននូវការធានាឥណទានមួយក្នុងអត្រាពិសេស។

ជាមួយគ្នានេះ លោក Wong Keet Loong បានលើកឡើងថា៖  “ក្នុងនាមជាស្ថាប័នធានាលើសញ្ញាបណ្ណដំបូង និងតែមួយគត់នៅក្នុងប្រទេសកម្ពុជា ស.ធ.ក. នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍការរីកចម្រើននៃការបោះផ្សាយសញ្ញាបណ្ណ ដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា។ ចំណាត់ថ្នាក់ឥណទាន khAAA របស់ ស.ធ.ក. នឹងបង្កើនចំណាត់ថ្នាក់ឥណទានរបស់អ្នកបោះផ្សាយ ដែលនឹងផ្តល់ទំនុកចិត្តបន្ថែមដល់វិនិយោគិនលើសញ្ញាបណ្ណ។ MoU ជាមួយ ន.ម.ក. គឺជាយុទ្ធសាស្រ្តដើម្បីអភិវឌ្ឍ និងឆ្ពោះទៅរកការពង្រឹងក្របខណ្ឌមូលបត្រ ដើម្បីលើកកម្ពស់ការបោះផ្សាយសញ្ញាបណ្ណឱ្យបានច្រើនជាងមុន ដើម្បីកៀរគរទុន និងទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេសកាន់តែច្រើន។

បន្ថែមពីនេះ ឯកឧត្តម រស់ សីលវ៉ា បានមានប្រសាសន៍បន្ថែមថា៖ MoU នេះនឹងអនុញ្ញាតឱ្យភាគីទាំង២ សម្រេចបាននូវគោលដៅរួម ក្នុងការគាំទ្រ ន.ម.ក. លើការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណ និងគាំទ្រ ស.ធ.ក.  លើការក្លាយជាស្ថាប័នធានាសញ្ញាបណ្ណឈានមុខគេនៅកម្ពុជា ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ទន្ទឹមនេះ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ជាផលវិជ្ជមាននៅក្នុងទីផ្សារសញ្ញាបណ្ណនៅកម្ពុជា តាមរយៈការជំរុញឱ្យមានការបោះផ្សាយ និងការវិនិយោគលើសញ្ញាបណ្ណកាន់តែច្រើន រួមមាន សញ្ញាបណ្ណបៃតង, សញ្ញាបណ្ណសង្គម, និងសញ្ញាបណ្ណចីរភាព ជាដើម។

កម្មវិធីនេះ មានសមាសភាពចូលរួមរួមមាន៖ តំណាងជាន់ខ្ពស់ដែលអញ្ជើញមកពីអគ្គលេខាធិការដ្ឋាន និងនិយ័តករក្រោមឱវាទ អ.ស.ហ., ផ្សារមូលបត្រកម្ពុជា, សមាគមក្រុមហ៊ុនមូលបត្រកម្ពុជា, សភាពាណិជ្ជកម្មកម្ពុជា, សមាគមសហគ្រិនវ័យក្មេង, សមាគមធនាគារនៅកម្ពុជា, រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក, ក្រុមហ៊ុន បោះផ្សាយលក់មូលបត្រ និងក្រុមហ៊ុនបោះផ្សាយសក្តានុពល, ដៃគូប្រព័ន្ធផ្សព្វផ្សាយ​ និងក្រុមហ៊ុន-ស្ថាប័ន​ពាក់ព័ន្ធដទៃទៀត សរុបចំនួន ១០០ រូប។ ក្នុងកម្មវិធីសិក្ខាសាលា ក៏មានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនកិត្តិយសដែលមានបទពិសោធន៍យូរឆ្នាំមកពី ន.ម.ក. និងស.ធ.ក., ក្រុមហ៊ុន តែលកូថេក ធិកធីឌី, ក្រុម-ហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក និងក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរឺន ម.ក ផងដែរ។

 

មធ្យោបាយទំនាក់ទំនង៖

ន.ម.ក.

សូមទាក់ទងនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិ តាមរយៈលេខទូរសព្ទ (៨៥៥) ៩៥ ៧៧៥ ៧៧២​ (ឃី ពុជ្ឈីង) ឬ អ៊ីមែល៖ [email protected]

ស.ធ.ក.

សូមទាក់ទងនាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍអាជីវកម្ម តាមរយៈលេខទូរសព្ទ (៨៥៥) ០៧៨​២២២ ​១៨៦ (សន ឆវីវតី) ឬ អ៊ីមែល៖ [email protected]

 

អំពី ន.ម.ក.

ន.ម.ក. ជាអាជ្ញាធរគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រមលេខ នស/រកម/០១២១/០០៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រមលេខ នស/រកម/១០០៧/០២៨ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះផ្សាយ និងជួញដូរមូលបត្រមហាជន និងអនុក្រឹត្យលេខ ៩៧ អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មការមូលបត្រកម្ពុជា។​ ន.ម.ក.មានគេហទំព័រផ្លូវការ (វេបសាយ) www.serc.gov.kh និងគេហទំព័រផ្លូវការ (ហ្វេសប៊ុក) www.facebook.com/serc.gov.kh

 

អំពី ស.ធ.ក.

ស.ធ.ក. គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើងដោ​​យ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេក​ទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់សាជីវកម្មធានាឥណទានកម្ពុជា គឺផ្តល់​នូវ​ការ​ធានាឥណទាន​ ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ នៅ​ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ ស.ធ.ក. បានប្រកាសជាផ្លូវការនូវការក្លាយខ្លួនជាបុគ្គលធានាលើការបោះផ្សាយសញ្ញាបណ្ណ​ដំបូង​គេរ​បស់កម្ពុជា បន្ទាប់ពីទទួលបានការទទួលស្គាល់ពី ន.ម.ក. និងទទួលបានចំណាត់ថ្នាក់ឥណទាន khAAA ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងស្រុក ពីក្រុមហ៊ុន រ៉េតធីង អេជេនស៊ី អហ្វ ខេមបូឌា។ ស.ធ.ក. មានគោលបំណងផ្តល់ការធានាលើការបោះផ្សាយសញ្ញាបណ្ណរបស់សាជីវកម្មក្នុងស្រុក នៅក្នុង​ផ្សារ​មូលបត្រកម្ពុជា ដើម្បីគាំទ្រដល់ក្រុមហ៊ុនក្នុងស្រុក ក្នុងការកៀរគរទុន និង​ដើម្បីអភិវឌ្ឍវិ​ស័យ​មូលបត្រ​នៅប្រទេស​កម្ពុជា។ គេហទំព័រផ្លូវការរបស់ CGCC ៖ www.cgcc.com.kh និងទំព័រហ្វេសប៊ុក ៖ https://www.​​facebook.com/officialcgcc

 

CGCC, GuarantCo និង PIDG សហការគ្នាបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព នៅកម្ពុជា

(ភ្នំពេញ)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង ក្រុមហ៊ុន GuarantCo, នៃសម្ព័ន្ធអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន (Private Infrastructure Development Group-PIDG) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលគោលបំណងបង្កើនបរិយាបន្នហិរញ្ញវត្ថុប្រកបដោយចីរភាព និងឱកាសវិនិយោគនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ នឹងបង្កើនសមត្ថភាពនៃការធានាឥណទានរបស់ CGCC តាមរយៈការចូលរួមរបស់ CGCC ក្នុងប្រតិបត្តិការធានាឥណទាន ជាមួយក្រុមហ៊ុន GuarantCo និងការទទួលបានជំនួយបច្ចេកទេសពី PIDG។

ជាមួយនឹងបទពិសោធន៍ធានាលើការបោះផ្សាយសញ្ញាបណ្ណចំនួនបី នៅកម្ពុជា ក្រុមហ៊ុន GuarantCo កំពុង សិក្សាលើការជួយអភិវឌ្ឍសមត្ថភាពធានារបស់ CGCC នៅក្នុងទីផ្សារមូលធន តាមរយៈកម្មវិធី PIDG Credit Enhancement Facility។

កម្មវិធីនេះមានគោលបំណងបង្កើនលទ្ធភាពធានាលើរូបិយប័ណ្ណក្នុងស្រុក នៅក្នុងទីផ្សារគោលដៅ តាមរយៈការចាប់ដៃគូជាមួយស្ថាប័នក្នុងស្រុក និងការប្រើប្រាស់ធនធានពី PIDG Group ពោលគឺ ការផ្តល់ការធានាបន្ត (Re-Guarantee) ដោយ GuarantCo និងជំនួយបច្ចេកទេសពី PIDG។

អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាជំហានដំបូង របស់ភាគីទាំងពីរ ក្នុងការឆ្ពោះទៅរកការរៀបចំក្របខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូទូលំទូលាយមួយ ដែលភាគីទាំងពីរសង្ឃឹមថានឹងអាចចាប់ផ្តើមនៅក្នុងឆ្នាំនេះ ដោយរួមមាន ការផ្ទេរអ៊ិចស្ប៉ូស័រនៃការធានាទៅវិញទៅមក រវាង CGCC និង GuarantCo ក៏ដូចជា ជំនួយបច្ចេកទេសផងដែរ។

កម្មវិធីជំនួយបច្ចេកទេសរបស់ PIDG នឹងគាំទ្រ CGCC ក្នុងការរៀបចំឯកសារសំខាន់ៗ សម្រាប់ការធានាលើការបោះផ្សាយសញ្ញាបណ្ណ និងផ្តល់អ្នកប្រឹក្សាយោបល់លើប្រតិបត្តិការធានាឥណទាន ក៏ដូចជាផ្តល់ការគាំទ្រដល់ការកសាងសមត្ថភាព លើដំណើរការគ្រប់គ្រងឥណទាន ការវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោក Philippe Valahu នាយកប្រតិបត្តិរបស់ PIDG បានមានប្រសាសន៍ថា៖ «ដំណោះស្រាយហិរញ្ញប្បទានក្នុងតំបន់ គឺជាផ្នែកដ៏សំខាន់មួយនៃយុទ្ធសាស្ត្រឆ្នាំ២០៣០ របស់យើង ហើយការបង្កើតឱ្យមានជំនួយសម្រាប់លើកកម្ពស់ឥណទាននៅក្នុងប្រទេស គឺជាគោលដៅសំខាន់មួយ ដើម្បីជួយអភិវឌ្ឍទីផ្សារក្នុងស្រុក។ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយ CGCC នឹងជួយពន្លឿនការងារនេះ»

លោក Layth Al-Falaki នាយកប្រតិបត្តិក្រុមហ៊ុន GuarantCo បានមានប្រសាសន៍ថា៖ «យើងមានមោទនភាពដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ជាមួយសាជីវកម្មធានាឥណទានកម្ពុជា និងអាចប្រើប្រាស់លទ្ធភាពធានាដើម្បីគាំទ្រដល់ CGCC ក្នុងការពង្រីកប្រតិបត្តិការរបស់ខ្លួនសម្រាប់ការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព តាមរយៈទីផ្សារមូលធនក្នុងស្រុក ស្របតាមផែនការយុទ្ធសាស្ត្ររបស់ PIDG និង GuarantCo។ វត្តមានរបស់ក្រុមហ៊ុន GuarantCo នៅកម្ពុជាបានចាប់ផ្តើមនៅឆ្នាំ២០២២ តាមរយៈការធានាលើការបោះផ្សាយសញ្ញាប័ណ្ណរបស់ក្រុមហ៊ុន First Finance, Royal Railway និងក្រុមហ៊ុន Cellcard នៅឆ្នាំ២០២៣។ តាមរយៈអនុស្សរណៈនៃការយោគយល់ជាមួយ CGCC នេះ យើងនឹងបន្តសន្ទុះការងាររបស់យើងនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា នូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលមានលក្ខណៈកាន់តែប្រសើរឡើង»

លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា បានមានប្រសាសន៍ថា៖ «យើងមានកិត្តិយសជាខ្លាំងដែលមានឱកាសសហការជាមួយក្រុមហ៊ុន GuarantCo ដែលជាក្រុមហ៊ុនផ្តល់ការធានាលំដាប់អន្តរជាតិ ទទួលបានទុនពីរដ្ឋាភិបាលចំនួន ៧នៃក្រុមប្រទេស G12 រួមមាន ចក្រភពអង់គ្លេស ស្វីស ស៊ុយអែត អូស្ត្រាលី ហូឡង់ កាណាដា និងបារាំង។ CGCC នឹងទទួលបានអត្ថប្រយោជន៍ពីជំនាញឯកទេស ក្នុងដំណើរការធានាលើការបោះផ្សាយសញ្ញាបណ្ណរបស់យើង។ យើងពិតជាមានសេចក្តីរំភើបជាខ្លាំងចំពោះកិច្ចសហប្រតិបត្តិការនេះ ហើយរំពឹងថានឹងទទួលបានការគាំទ្រដ៏រឹងមាំ ដែលអាចពង្រីកសមត្ថភាពធានារបស់យើង»

អំពី GuarantCo

GuarantCo កៀរគរការវិនិយោគរូបិយប័ណ្ណ ក្នុងស្រុកពីវិស័យឯកជនសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្រដល់ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបនៅទូទាំងទ្វីបអាហ្វ្រិក និងអាស៊ី។ GuarantCo គឺជាផ្នែកមួយនៃ PIDG និងទទួលមូលនិធិពីរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ស្វីស អូស្ត្រាលី និងស៊ុយអែត តាមរយៈ PIDG Trust ពីប្រទេសហូឡង់ តាមរយៈ FMO និង PIDG Trust ពីប្រទេសបារាំង តាមរយៈមណ្ឌលប្រចាំការ និង Global Affairs ពីប្រទេសកាណាដា តាមរយៈជំនួយដែលផ្តល់សំណងវិញបាន។ GuarantCo ទទួលបានចំណាត់ថ្នាក់ឥណទាន កម្រិត AA ពីក្រុមហ៊ុនវាយតម្លៃ Fitch និងកម្រិត A1 ពីក្រុមហ៊ុនវាយតម្លៃ Moody’s។ ចាប់តាំងពីឆ្នាំ ២០០៥ មក ក្រុមហ៊ុន GuarantCo បានគាំទ្រដល់ការកៀរគរប្រាក់វិនិយោគសរុបចំនួន ៦,៨ ពាន់លានដុល្លារ និងការវិនិយោគពីវិស័យឯកជនចំនួន ៥,៧ ពាន់លានដុល្លារ ដោយផ្តល់អត្ថប្រយោជន៍ពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដល់ប្រជាជនចំនួន ៤៤,៧ លាននាក់ និងបង្កើតការងារប្រមាណ ២៤៣.០០០។ សកម្មភាពរបស់ GuarantCo ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន GuarantCo Management Company ដែលជាផ្នែកមួយនៃស្ថាប័ន Cardano Development www.guarantco.com

អំពី PIDG

ក្រុមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន (PIDG) គឺជាក្រុមហ៊ុនអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនវានុវត្តន៍ និងជាក្រុមហ៊ុនវិនិយោគ ដែលកៀរគរការវិនិយោគឯកជនសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តភាព និងបរិយាបន្នកម្មក្នុងអនុតំបន់សាហារ៉ានៃទ្វីប អាហ្វ្រិក និងនៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ ការវិនិយោគរបស់ PIDG ជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងការឆ្ពោះទៅរកការបំភាយឧស្ម័នសូន្យ ការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។ PIDG សម្រេចបាននូវមហិច្ឆិតារបស់ខ្លួន ស្របតាមគុណតម្លៃរបស់ក្រុមហ៊ុនក្នុងការច្នៃប្រឌិតថ្មី ភាពជាដៃគូ សុវត្ថិភាព បរិយាបន្ន និងភាពបន្ទាន់។

PIDG ផ្តល់ជំនួយបច្ចេកទេសសម្រាប់សកម្មភាពក្នុងដំណាក់កាលដំបូង និងដើមទុនសម្បទាន។ ក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ PIDG ដែលផ្តោតលើការអភិវឌ្ឍគម្រោង រួមមាន InfraCo Africa និង InfraCo Asia ធ្វើការវិនិយោគលើការអភិវឌ្ឍគម្រោងក្នុងដំណាក់កាលដំបូង និងការវិនិយោគលើភាគហ៊ុនកម្មសិទ្ធិរបស់សាជីវកម្មនានា។ ដំណោះស្រាយឥណទានរបស់ PIDG រួមមាន EAIF (មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាហ្វ្រិកដែលកំពុងរីកចម្រើន) ជាមូលនិធិបំណុលចម្រុះដំបូងគេ និងទទួលបានជោគជ័យ នៅក្នុងទីផ្សារនៃប្រទេសដែលមានប្រាក់ចំណូលទាប ខណៈដែល GuarantCo ដែលជាស្ថាប័នធានាឥណទាន និងជាបុត្រសម្ព័ន្ធរបស់ PIDG ផ្តល់ការលើកកម្ពស់ឥណទាន និងដំណោះស្រាយរូបិយប័ណ្ណក្នុងស្រុកតាមរយៈការកាត់បន្ថយហានិភ័យរបស់គម្រោង និងបង្កើនការធានាលើឥណទានក្នុងស្រុក ដែលអនុញ្ញាតឱ្យមានការផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

ចាប់តាំងពីឆ្នាំ ២០០២ មក PIDG បានគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន២៣៣ ដោយបានផ្តល់ជូននូវលទ្ធភាពប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធថ្មី ឬប្រសើរជាងមុន ដល់ប្រជាជនប្រមាណជា ២២៨ លាននាក់។ PIDG ទទួលបានមូលនិធិពីរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ហូឡង់ ស្វីស អូស្ត្រាលី ស៊ុយអែត ក្រសួងកិច្ចការសកលនៃប្រទេសកាណាដា អាល្លឺម៉ង់ និង IFC។ pidg.org

អំពីសាជីវកម្មធានាឥណទានកម្ពុជា

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់សាជីវកម្មធានាឥណទានកម្ពុជា គឺផ្តល់នូវការធានាឥណទាន ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៤ CGCC បានប្រកាសជាផ្លូវការនូវការក្លាយខ្លួនជាបុគ្គលធានាលើការបោះផ្សាយសញ្ញាបណ្ណដំបូងគេរបស់កម្ពុជា បន្ទាប់ពីទទួលបានការទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា (SERC) និងទទួលបានចំណាត់ថ្នាក់ឥណទាន khAAA ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងស្រុក ពីក្រុមហ៊ុន រ៉េតធីង អេជេនស៊ី អហ្វ ខេមបូឌា។ CGCC មានគោលបំណងផ្តល់ការធានាលើការបោះផ្សាយសញ្ញាបណ្ណរបស់សាជីវកម្មក្នុងស្រុក នៅក្នុងទីផ្សារមូលបត្រកម្ពុជា (CSX) ដើម្បីគាំទ្រដល់ក្រុមហ៊ុនក្នុងស្រុក ក្នុងការកៀរគរទុន និងដើម្បីអភិវឌ្ឍវិស័យមូលបត្រនៅប្រទេសកម្ពុជា។ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៤ CGCC បានផ្តល់ការធានាលើឥណទានប្រមាណ ២០០លានដុល្លារ ដល់សហគ្រាសខ្នាតតូច និងមធ្យម ជាង ២.៣០០ អាជីវកម្ម។ www.cgcc.com.kh

Credit to: Fresh News, Publish on 07 August 2024