CGCC ចូលរួមកិច្ចប្រជុំ Water Credit Partner Meeting ក្រោមប្រធានបទ “Flowing Together: Financing Sustainable Solutions for Water and Sanitation”
ខែកញ្ញា 22, 2025ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន លោក ណូ លីដា អគ្គនាយក CGCCបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងកិច្ចប្រជុំ Water Credit Partner Meeting ក្រោមប្រធានបទ “Flowing Together: Financing Sustainable Solutions for Water and Sanitation” ។
កិច្ចប្រជុំដែលត្រូវបានរៀបចំឡើងដោយអង្គការ Water.Org នេះ មានគោលបំណងចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការរួមគ្នារវាងភាគីពាក់ព័ន្ធ ជាពិសេសដៃគូដែលបានចូលរួមក្នុងគម្រោងឥណទានទឹកស្អាត និងអនាម័យ (WCAD) ក៏ដូចជាចែករំលែកនូវចំណេះដឹង បទពិសោធល្អៗ ព្រមទាំងឧត្តមាននុវត្តន៍ពាក់ព័ន្ធនឹងការអនុវត្តគម្រោង WCAD។ កិច្ចប្រជុំដដែលនេះ ក៏នឹងផ្តល់នូវកាលានុវត្តភាពដ៏ល្អដល់សិក្ខាកាម ដើម្បីសិក្សាស្វែងយល់កាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងផលជះ និងការពង្រីកវិសាលភាពនៃការអនុវត្តគម្រោង WCAD ព្រមទាំងឈ្វេងយល់អំពីនិន្នាការ និងឱកាសនានា សំដៅធានាឱ្យបាននូវការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ លទ្ធភាពទទួលបានទឹកស្អាត និងអនាម័យចំពោះប្រជាពលរដ្ឋនៅតាមសហគមន៍ឱ្យបានកាន់តែល្អប្រសើរ។

នៅក្នុងកិច្ចប្រជុំនេះ លោក ណូ លីដា ក៏បានចូលរួមចែករំលែកអំពីការចូលរួមចំណែករបស់ CGCC ក្នុងការគាំទ្រការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជាផងដែរ តាមរយៈការធានាឥណទាន និងការកសាងសមត្ថភាព។