CGCC ចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល ACSIC លើកទី៣៣ ឆ្នាំ២០២៥ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
ខែតុលា 10, 2025ព្រឹត្តិការណ៍ និងសកម្មភាព
ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ គណៈប្រតិភូ CGCC ដឹកនាំដោយ លោកស្រី គឹម សុផៃ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់ CGCC និងចូលរួមដោយ លោកស្រី កឹម ចាន់ថាវី អនុប្រធានការិយាល័យទីផ្សារ និងអភិវឌ្ឍន៍អាជីវកម្ម និង លោក អំ ដេត អនុប្រធានការិយាល័យហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខព័ត៌មានវិទ្យា បានចូលរួមកម្មវិធីបណ្តុះបណ្តាល Asian Credit Supplementation Institution Confederation (ACSIC) លើកទី៣៣ ឆ្នាំ២០២៥ នៅទីក្រុង ម៉ានីល ប្រទេសហ្វីលីពីនដែលបានរៀបចំដោយស្ថាប័នធានាឥណទាននៃប្រទេសហ្វីលីពីន (PHILGUARANTEE) ក្រោមប្រធានបទ ការបង្កើតលទ្ធភាពធានាឥណទានដើម្បីកៀរគរមូលនិធិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាបន្ន (Enabling Credit Guarantees to Mobilize Funds for Sustainable and Inclusive Economic Development) ”។

កម្មវិធីបណ្តុះបណ្តាលនេះមានការចូលរួមពីគណៈប្រតិភូប្រមាណ ៨៥នាក់ មកពីស្ថាប័នសមាជិក និងអ្នកសង្កេតការណ៍របស់ ACSIC ១៣ស្ថាប័ន មកពី ១១ប្រទេស ផ្សេងៗគ្នា។ ព្រឹត្តិការណ៍នេះចាត់ទុកជាវេទិកាមួយដើម្បីបង្ហាញពីការអនុវត្តល្អបំផុត ក្នុងការជំរុញកិច្ចសហការ និងស្វែងរកវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតក្នុងការពង្រឹងការផ្តល់ហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)។
ក្នុងអំឡុងពេលនៃកម្មវិធីបណ្តុះបណ្តាល អ្នកចូលរួមទាំងអស់ បានចូលរួមក្នុងការពិភាក្សាដ៏រឹងមាំជាមួយអ្នកជំនាញអន្តរជាតិ តំណាងរដ្ឋាភិបាល និងស្ថាប័នសមាជិក ACSIC ដែលផ្តោតលើការកែលម្អលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម ដោយផ្តោតជាពិសេសលើតួនាទីសំខាន់នៃការធានាឥណទានក្នុងការជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
កម្មវិធីបណ្តុះបណ្តាលនេះក៏បានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់ប្រតិភូរបស់ CGCC ក្នុងការពង្រីកបណ្តាញទំនាក់ទំនងជាមួយស្ថាប័នធានាឥណទានផ្សេងទៀត ដែលជាការបើកផ្លូវទៅកាន់កិច្ចសហប្រតិបត្តិការនាពេលអនាគត់និងការចែករំលែកចំណេះដឹងដែលនឹងជួយគាំទ្រដល់ការអភិវឌ្ឍន៍របស់ CGCC ។ សំខាន់ជាងនេះ ប្រតិភូរបស់ CGCC ក៏បានសិក្សាពីរបៀបដែលកម្មវិធីបណ្តុះបណ្តាល ACSIC ត្រូវបានធ្វើឡើង ដែលជាបទពិសោធន៍ដ៏មានប្រយោជន៍សម្រាប់ CGCC ក្នុងការធ្វើជាម្ចាស់ផ្ទះកម្មវិធីបណ្តុះបណ្តាល ACSIC លើកទី៣៤ នៅឆ្នាំ២០២៦ ដែលកម្ពុជាជាប្រទេសម្ចាស់ផ្ទះ។

