CGCC តំណាងឱ្យកម្ពុជា ចូលរួមកម្មវិធី KOICA Fellowship Program on Capacity Building on Innovative Financing on MSMEs (2025–2027) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េខាងត្បូង

កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ លោក ញឹម សូរិយា នាយកនាយកដ្ឋានហិរញ្ញវត្ថុ និងវិភាគអាជីវកម្ម និងកញ្ញា ជុំ សិលារ័ត្ន ប្រធានការិយាល័យអភិវឌ្ឍន៍អាជីវកម្ម  (ធានាសញ្ញាប័ណ្ណ) របស់​ CGCC បានតំណាងឱ្យកម្ពុជាចូលរួមក្នុង កម្មវិធី KOICA Fellowship Program on Capacity Building on Innovative Financing on MSMEs (2025–2027)  នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េខាងត្បូង។

កម្មវិធីនេះរៀបចំឡើងដោយ Korea International Cooperation Agency (KOICA) សហការជាមួយ Korea Credit Guarantee Fund (KODIT) ដោយមានការចូលរួមពីគ្រូបង្គោលដែលមានជំនាញនិងបទពិសោធន៍ជាច្រើនរូប និងសិក្ខាកាមពីស្ថាប័នពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ និងសហគ្រាសធុនតូចនិងមធ្យមនៃបណ្តាប្រទេសចំនួន៦ផ្សេងទៀត ដើម្បីផ្សព្វផ្សាយចំណេះដឹង និងចែករំលែកបទពិសោធន៍ដោយផ្តោតសំខាន់លើយន្តការធានាឥណទាននិងហិរញ្ញប្បទានបៃតង។

ក្នុងរយៈពេលពីរសប្តាហ៍ កម្មវិធីនេះបានផ្តល់ឱកាសឱ្យសិក្ខាកាមទទួលបានចំណេះដឹង តាមរយៈសិក្ខាសាលា និងទស្សនកិច្ចសិក្សា ពាក់ពន្ធ័នឹងប្រធានបទដូចជា៖

  • ការអភិវឌ្ឍប្រកបដោយចីរភាព និង ហិរញ្ញវត្ថុអន្តរកាល
  • យន្តការហិរញ្ញវត្ថុបៃតង និងការរួមបញ្ចូល ESG នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ
  • ផែនទីផ្លូវនៃការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចបៃតងរបស់កូរ៉េ និង Green Taxonomy
  • ឧបករណ៍ជំនួយហិរញ្ញវត្ថុដូចជា Loan Guarantees, P-CBOs (Primary Collateralized Bond Obligations), និង Public-Private Partnership Guarantees
  • ការវាស់វែងកាបូន និងប្រព័ន្ធ MRV (Monitoring, Reporting, and Verification)
  • ដំណើរទស្សនកិច្ចទៅកាន់ក្រុមហ៊ុនអាជីវកម្មបៃតង និងសហគ្រិនច្នៃប្រឌិត ដែលទទួលបានការគាំទ្រពីស្ថាប័នហិរញ្ញវត្ថុកូរ៉េ

កម្មវិធីនេះបានបង្ហាញពីប្រព័ន្ធធានាឥណទានដ៏រឹងមាំរបស់កូរ៉េ និងវិធីសាស្ត្រច្នៃប្រឌិតនានាដើម្បីកាត់បន្ថយហានិភ័យក្នុងការផ្តល់ហិរញ្ញវត្ថុសម្រាប់ MSMEs។ CGCC ក្នុងនាមជាស្ថាប័នក្នុងស្រុកមួយដែលផ្តល់ការធានាឥណទានសម្រាប់អាជីវកម្ម មានបំណងយកបទពិសោធន៍ និងចំណេះដឹងដែលទទួលបានក្នុងកម្មវិធីនេះ ដើម្បីបន្តពង្រឹងយុទ្ធសាស្ត្រ និងការអភិវឌ្ឍផលិតផល របស់ខ្លួន ជាពិសេសក្នុងហិរញ្ញប្បទានបៃតង (Green Finance) និង ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព (Sustainable Finance) ដើម្បីពង្រឹងបន្ថែមនូវការបង្កើនបរិយាបន្នហិរញ្ញវត្ថុ បង្កើនភាពធន់នឹងហានិភ័យ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានភាពបៃតង និងចីរភាព។