CGCC ចូលរួមវគ្គបណ្តុះបណ្តាលក្រៅប្រទេស ស្តីពី “ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈដំណោះស្រាយឥណទានឌីជីថល” នៅប្រទេសសិង្ហបុរី

កាលពីថ្ងៃទី២៨ ដល់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី ក្រុមការងារ CGCC រួមមានលោក រីក ចំរើន អនុប្រធានការិយាល័យវាយតម្លៃឥណទាន និងលោក ម៉ក់ ឧត្តម បុគ្គលិកប្រតិបត្តិជាន់ខ្ពស់ គ្រប់គ្រងការធានាឥណទាន បានចូលរួមវគ្គបណ្តុះបណ្តាលក្រៅប្រទេស ស្តីពី “ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈដំណោះស្រាយឥណទានឌីជីថល” ដែលបានរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) តាមរយៈកិច្ចសហការជាមួយនឹងអង្គការ Water.Org ជូនដល់គ្រឹះស្ថានសមាជិកដែលបានចូលរួមក្នុងគម្រោងឥណទានទឹកស្អាតនិងអនាម័យ (WCAD)។

កម្មវិធីបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការវាយតម្លៃ និងត្រួតពិនិត្យឥណទាន ដើម្បីពង្រឹង និងពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុដែលប្រកបដោយបរិយាបន្ន ជាពិសេសការផ្តល់ដំណោះស្រាយលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យនៅកម្ពុជាប្រកបដោយនវានុវត្តឌីជីថល។ ជាមួយគ្នានេះ កម្មវិធីបណ្តុះបណ្តាល ក៏ផ្តល់នូវកាលានុវត្តភាពដល់សិក្ខាកាមដើម្បីឈ្វេងយល់អំពីការអនុវត្តល្អៗពាក់ព័ន្ធនឹងថ្នាលឌីជីថល ក៏ដូចជាទទួលបាននូវចំណេះដឹងអំពីការវាយតម្លៃឥណទាន ការគ្រប់គ្រងហានិភ័យ ការប្រមូលទិន្នន័យតាមប្រព័ន្ធឌីជីថល ជាពិសេសការបង្កើតយុទ្ធសាស្ត្រនានាដើម្បីជំរុញ និងគាំទ្រដល់សហគមន៍មូលដ្ឋានក្នុងការទទួលបានឥណទានទឹកស្អាត និងអនាម័យ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ CGCC និង CMA បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាពនៅកម្ពុជា ដែលរួមមានកិច្ចសហប្រតិបត្តិការក្នុងការចូលរួមពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបង្កើនការផ្តល់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើង៕