ទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយលើកទី៣ អំពីសហគ្រាសជលផលក្រោយប្រមូលផល គាំទ្រដោយគម្រោង CAPFISH-Capture ក្រោមប្រធានបទ “គម្រោង CAPFISH-Capture នឹងបញ្ចប់ សមិទ្ធិផលនៅតែបន្ត”
ខែកញ្ញា 15, 2025ព្រឹត្តិការណ៍ និងសកម្មភាព
កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកំពង់ធំ និងសៀមរាប CGCC តំណាងដោយ លោកស្រី សាន សុខរីណា ប្រធានជាន់ខ្ពស់នៃការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការរបស់ CGCC បានចូលរួមទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយលើកទី៣ អំពីសហគ្រាសជលផលក្រោយប្រមូលផល គាំទ្រដោយគម្រោង CAPFISH-Capture ក្រោមប្រធានបទ “គម្រោង CAPFISH-Capture នឹងបញ្ចប់ សមិទ្ធិផលនៅតែបន្ត”។

ទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយលើកទី៣នេះ ក៏មានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អ្នកតំណាងរដ្ឋបាលជលផល, ប្រតិភូសហភាពអឺរ៉ុប និងស្ថានទូតប្រទេសអឺរ៉ុបផ្សេងទៀត, បុគ្គលមានឥទ្ធិពល (Social Media Influencers), តំណាង CGCC, អ្នកសារព័ត៌មាន, ក្រុមការងារគម្រោង UNIDO និងបានទស្សនកិច្ចសិក្សាផ្ទាល់ទៅកាន់ទីតាំងអាជីវកម្មផ្ទាល់ របស់សហគ្រាសដៃគូអាជីវកម្ម ដែលស្ថិតនៅក្នុងវិស័យជលផលក្រោយប្រមូលផលចំនួន ៣។
គួរបញ្ជាក់ផងដែរថា កម្មវិធី ISF គឺជាគំរូហិរញ្ញវត្ថុថ្មីមួយរបស់គម្រោង CAPFISH-Capture ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) អនុវត្តដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO Cambodia) និងរដ្ឋបាលជលផល (FiA) ហើយកម្មវិធីនេះត្រូវបានគ្រប់គ្រង និងចាត់ចែងមូលនិធិដោយ CGCC។ កម្មវិធីនេះ ធ្វើឡើងដើម្បីជម្រុញដល់សហគ្រាស ដៃគូអាជីវកម្ម ដែលស្ថិតនៅក្នុងវិស័យជលផលក្រោយប្រមូលផល ដើម្បីបង្កើននូវផលិតភាព នៃផលិតផល ជាពិសេសលើលកម្ពស់ស្តង់ដា ចំណីអាហារ ឱ្យមានលក្ខណៈប្រកួតប្រជែងក្នុងទីផ្សារ ទាំងក្នុងនិងក្រៅប្រទេស។
