កិច្ចប្រជុំគណៈកម្មការវិនិយោគនៃកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ លើកទី៧
ខែកញ្ញា 19, 2025ព្រឹត្តិការណ៍ និងសកម្មភាព
កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរៀបចំកិច្ចប្រជុំគណៈកម្មការវិនិយោលើកទី៧ ដែលជាកិច្ចប្រជុំលើកចុងក្រោយនៃកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (Value Chain Investment Support Facility – ISF) នៅឯសណ្ឋាគារខាព្រីភ្នំពេញ និងតាមរយៈប្រព័ន្ធអនឡាញ។ កិច្ចប្រជុំនេះមានការដឹកនាំដោយលោក ខូវ គួង អនុប្រធានរដ្ឋបាលជលផល និងប្រធានគណៈកម្មការវិនិយោគនៃកម្មវិធី ISF និងមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ រួមមានការចូលរួមពីតំណាងរដ្ឋបាលជលផល (FiA) សមាគមអ្នកផលិតចំណីអាហារកម្ពុជា (CFMA), ក្រុមការងារគម្រោង UNIDO, ប្រតិភូសហភាពអឺរ៉ុប, តំណាងមក CGCC ដែលមានលោក ណូ លីដា ជាអគ្គនាយក លោកស្រី សាន សុខរីណា ជាប្រធានជាន់ខ្ពស់នៃការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការ រួមជាមួយក្រុមការងារ និងស្ថាប័នហិរញ្ញវត្ថុចំនួនបីផ្សេងទៀត ដើម្បីពិនិត្យ វាយតម្លៃ និងអនុម័តលើផែនការអាជីវកម្មរបស់សហគ្រាស។

ក្នុងនោះ ក្រុមការងារ CGCC បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃគម្រោង ISF និង ផែនការអាជីវកម្មរបស់សហគ្រាស ដើម្បីឱ្យគណៈកម្មាធិការធ្វើការពិនិត្យ វាយតម្លៃ និងអនុម័តលើផែនការអាជីវកម្មរបស់សហគ្រាសទាំងនោះ។ បន្ថែមពីលើនេះផងដែរ កិច្ចប្រជុំក៏បានផ្តោតទៅលើការវិនិយោគដែលកំពុងបន្ត មូលនិធិដែលបានប្រើប្រាស់ និងសមិទ្ធិផលរបស់សហគ្រាសដែលទទួលបានការគាំទ្រការវិនិយោគពីគម្រោង ISF កន្លងមក។ កម្មវិធី ISF គឺជាគំរូហិរញ្ញវត្ថុថ្មីមួយរបស់គម្រោង CAPFISH-Capture ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) អនុវត្តដោយអង្គការ UNIDO និងរដ្ឋបាលជលផល (FiA) ហើយកម្មវិធីនេះត្រូវបានគ្រប់គ្រង និងចាត់ចែងមូលនិធិដោយ CGCC ក្រោមគម្រោងធានាឥណទានសម្រាប់វិស័យជលផលក្រោយប្រមូលផល (PFGS) ។
គិតមកដល់ដំណាច់ខែសីហា ឆ្នាំ២០២៥ CGCC បានអនុម័តការធានាឥណទានដល់សហគ្រាសសរុបចំនួន២១ ដែលបានទំហំវិនិយោគសរុបប្រមាណ ១,៨ លានដុល្លា ដែលក្នុងនោះ ជំនួយឥតសំណងមាន (Grant) មានទំហំ ៤៦៣.៥៨៤ ដុល្លារ ស្មើនឹង ២៥.៧១%, កម្ចីដែលមានការធានា (Guaranteed Loan) មានទំហំ ៥៧៩.៥០០ ដុល្លារ ស្មើនឹង ៣២.១៤% និង បដិភាគចូលរួមផ្ទាល់ពីសហគ្រាស (Equity) មានទំហំ ៧៦០.០០៦ ដុល្លារ ស្មើនឹង ៤២.១៥% ៕

