CGCC

អត្ថបទស្វែងយល់ពីគម្រោងធានាឥណទានជាកញ្ចប់របស់ CGCC

គិតមកទល់ពេលនេះ មានរយៈពេល២ឆ្នាំហើយដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានសាធារណៈ ជាលើកដំបូងបង្អល់ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ហៅថា គម្រោងធានាឥណទានដើម្បីស្តារជាអាជីវកម្ម (BRGS) ស្របពេលកម្ពុជាកំពុងប្រឈមមុខខ្ពស់បំផុតនឹងជម្ងឺកូវីដ-១៩។ ភ្លាមៗបន្ទាប់ពីការដាក់ឱ្យដំណើរការគម្រោង BRGS ប្រទេសកម្ពុជាត្រូវបានបិទខ្ទប់ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។ ក្នុងស្ថានភាពនេះ តម្រូវការនៃការធានាឥណទានមានភាពចាំបាច់កាន់តែខ្លាំង នៅពេលក្រុមហ៊ុនអាជីវកម្មដែលមានសក្តានុពលជួបការលំបាកក្នុងការទទួលបានឥណទាន ដើម្បីទ្រទ្រង់អាជីវកម្មឱ្យឈរជើងបាន។​ តាមរយៈនេះ គម្រោងធានាឥណទានចំនួន ២ទៀត ត្រូវបានដាក់ឱ្យដំណើរការ រួមមាន គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន (CFGS) និង គម្រោងធានាឥណទានសម្រាប់សហគ្រិនស្ត្រី (WEGS)។ គម្រោង BRGS, CFGS, និង WEGS គឺជាគម្រោងធានាឥណទានឯកត្តឥណទាន (IGS) មានន័យថា PFI ត្រូវស្នើសុំការអនុម័តលើការធានាឥណទានមួយ សម្រាប់កម្ចីមួយ មុនពេលបញ្ចេញកម្ចីដែលមានការធានា ជូនទៅក្រុមហ៊ុនអាជីវកម្មដែលជាអ្នកខ្ចី។

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ CGCC បានសម្រេចសមិទ្ធផលថ្មីមួយទៀត គឺការដាក់ឱ្យដំណើរការគម្រោងធានាឥណទានជាកញ្ចប់ (PGS) ក្រោយពីទទួលបានការអនុម័តដ៏ខ្ពង់ខ្ពស់បំផុតពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ PGS គឺជាគម្រោងធានាឥណទានដែល CGCC និង PFI ត្រូវព្រមព្រៀងគ្នាលើលក្ខខណ្ឌកម្ចីដែលមានការធានាជាមុន ដោយអនុញ្ញាតឱ្យ PFI អាចដាក់កម្ចីច្រើន ដើម្បីទទួលបានការធានា ក្រោមគម្រោង PGS ដោយមិនចាំបាច់ស្នើសុំការអនុម័តពី CGCC លើការធានាលើកម្ចីម្តងមួយៗ មុនពេលបញ្ចេញកម្ចីទាំងនោះទៅកាន់ក្រុមហ៊ុនអាជីវកម្ម។ ដូច្នេះ ប្រៀបធៀបនឹងគម្រោង IGS, PGS អនុញ្ញាតឱ្យមានការបញ្ចេញឥណទានដែលមានការធានា បានលឿន និងងាយស្រួលជាងមុន។

អានបន្ត៖ ស្វែងយល់ពីគម្រោងធានាឥណទានជាកញ្ចប់របស់ CGCC

ស្វែងយល់ពីអត្រាការប្រាក់

ហេតុអ្វីអត្រាការប្រាក់មានសារៈសំខាន់សម្រាប់អ្នក? តើអ្នកយល់អំពីអត្រាការប្រាក់បានកម្រិតណា? អត្រាការប្រាក់មានឥទ្ធិពលយ៉ាងខ្លាំង លើការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ ស្ថាប័ននីមួយៗ ក៏ដូចជាប្រទេសទាំងមូល ក្នុងការខ្ចីប្រាក់ពីគេ ការផ្តល់ប្រាក់ឱ្យគេខ្ចី ការបង្កើនវិនិយោគ និងការបន្ថយការវិនិយោគ ជាដើម។ ប្រសិនអត្រាការប្រាក់កើនឡើងខ្ពស់ ក្រុមហ៊ុនអាជីវកម្មនឹងពន្យាពេល ក្នុងការកៀរគរដើមទុនមកវិនិយោគ ឬពង្រីកអាជីវកម្ម ដែលធ្វើឱ្យភាពមានការងារធ្វើ និងប្រាក់ចំណូលរបស់បុគ្គលម្នាក់ៗធ្លាក់ចុះ។ ដូច្នេះ ការស្វែងយល់អំពីអត្រាការប្រាក់មានសារៈសំខាន់ ក្នុងការសម្រេចចិត្តឱ្យបានត្រឹមត្រូវ ក្នុងការខ្ចីប្រាក់ ការឱ្យប្រាក់គេខ្ចី ឬការវិនិយោគលើអាជីវកម្ម។

១. និយមន័យនៃអត្រាការប្រាក់

ដូចគ្នានឹងទំនិញ ឬសេវាផ្សេងៗនៅក្នុងសេដ្ឋកិច្ចដែរ ការផ្តល់កម្ចីឬការខ្ចីគឺមានតម្លៃ (price) របស់វា។ ឧទាហរណ៍ ការជួលផ្ទះស្នាក់នៅ ១ខែ មានតម្លៃ ១.០០០ដុល្លារ រីឯការជួលសាច់ប្រាក់មកប្រើប្រាស់ ចំនួន ១០.០០០ដុល្លារ (ខ្ចីប្រាក់) ក្នុង ១ខែ មានតម្លៃ ១០០ដុល្លារ។ តាមរយៈឧទាហរណ៍នេះ អត្រាការប្រាក់សម្រាប់ការខ្ចីប្រាក់ ឬឱ្យប្រាក់គេខ្ចី (cost of borrowing) ចំនួន ១០.០០០ដុល្លារ ស្មើនឹង ១% ក្នុង ១ខែ (១០០ ចែកកនឹង ១០.០០០)។ ការជួលផ្ទះ មានតម្លៃ ខុសគ្នា ទៅតាមប្រភេទផ្ទះ, រយៈពេលនៃការជួលផ្ទះ, និងប្រភេទអតិថិជនដែលជួល។ល។ ដូចគ្នាដែរ អត្រាការប្រាក់ មានកម្រិតខុសគ្នា អាស្រ័យលើប្រភេទកម្ចី រយៈពេលកម្ចី និងអតិថិជនដែលស្នើសុំកម្ចី។ ជាទូទៅ អត្រាការប្រាក់ ត្រូវបានគិតជាភាគរយនៃប្រាក់ដើម ក្នុងមួយឆ្នាំ។ ដូច្នេះ នៅពេលគេនិយាយថា អត្រាការប្រាក់ចំនួន ៥% ឬ ១០% មានន័យថា ៥% ឬ ១០% ក្នុងមួយឆ្នាំ នៃប្រាក់ដើម។ និយាយឱ្យខ្លី អត្រាការប្រាក់គឺជាថ្លៃ (price) នៃការឱ្យប្រាក់គេខ្ចី ឬការស្នើសុំខ្ចីប្រាក់គេ។

អានបន្ត៖ ស្វែងយល់ពីអត្រាការប្រាក់

ស្វែងយល់អំពីការធានាឥណទាន “កិច្ចសម្ភាសន៍ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ”

អាននិងទាញយកជា PDF: កិច្ចសម្ភាសន៍ជាមួយប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​​ អេ ​អឹម ខេ

១. តើ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ យល់ឃើញដូចម្តេច ចំពោះគម្រោងធានាឥណទាននៅកម្ពុជា? ហេតុអ្វីបានជាអេ អឹម ខេ ចូលរួមជាដៃគូជាមួយ CGCC?

គម្រោងធានាឥណទាន មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់អតិថិជនទំាងឡាយណា ដែលមិនមានលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន ដោយគ្មានទ្រព្យធានា។ CGCC ដើរតួរយ៉ាងសំខាន់ក្នុងការគាំទ្រដល់អាជីវកម្មក្នុងស្រុក ដើម្បីបង្កើនភាពមានការងារធ្វើ ក៏ដូចជាគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជាទាំងមូលផងដែរ។ ជាមួយគ្នានេះ គម្រោងធានាឥណទាន បានគាំទ្រដល់បេសកកម្មរបស់ អេ អឹម ខេ ក្នុងការគាំទ្រដល់ប្រជាជនកម្ពុជា ដើម្បីទទួលបានហិរញ្ញប្បទានដោយគ្មានទ្រព្យធានា​ ព្រោះកម្ចីភាគច្រើនរបស់ អេ អឹម ខេ សុទ្ធសឹងតែជាកម្ចីដែលគ្មា​នទ្រព្យធានា។

 

២. បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀមធានាឥណទានជាមួយ CGCC និងកំពុងក្លាយជា PFI ដែលផ្តល់កម្ចីដែលមានការធានាច្រើនជាងគេមួយរបស់ CGCC តើ អេ អឹម ខេ យល់ឃើញថា គម្រោងធានាឥណទានបានផ្តល់អត្ថប្រយោជន៍ដូចម្តេចខ្លះចំពោះ អេ អឹម ខេ និងអតិថិជន?

តាមរយៈគម្រោងធានាឥណទានរបស់ CGCC អេ អឹម ខេ អាចពង្រីកការផ្តល់កម្ចីដែលមិនមានទ្រព្យធានាបានកាន់តែច្រើនឡើងៗ។ បើគ្មាន CGCC ទេ យើងក៏មិនមានទំនុកចិត្ត ក្នុងការផ្តល់កម្ចីយ៉ាងច្រើនបែបនេះដែរ ដោយសារយើងត្រូវពិចារណាយ៉ាងលម្អិតលើកម្ចីដែលគ្មានទ្រព្យធានា ពិសេសលើហានិភ័យ​ ដូចជាលទ្ធភាពនៃលំហូរសាច់ប្រាក់ដែលមិនប្រក្រតី និងក្នុងករណីអាជីវកម្មដែលអតិថិជនបានជួបបញ្ហា។ សម្រាប់អតិថិជន ពួកគាត់អាចរីករាយនឹងការគាំទ្រផ្នែកហិរញ្ញប្បទានពី អេ អឹម ខេ ដែលអាចបំពេញសេចក្តីត្រូវការ​របស់ពួកគាត់ ដើម្បីកំណើនអាជីវកម្ម ដោយពួកគាត់មិនចាំបាច់ព្រួយបារម្ភច្រើនពេកទៅលើតម្រូវការទ្រព្យធានា។

 

៣. តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ អេ អឹម ខេ​ យល់យ៉ាងដូចម្តេចចំពោះការធានាឥណទានជាកញ្ជប់ក្រោមការធានារបស់ CGCC?​ តើគម្រោងនេះអាចផ្តល់អត្ថ​ប្រយោជន៍យ៉ាងណាខ្លះដល់ អេ អឹម ខេ ក្នុងការបញ្ចេញកម្ចីដែលខ្វះទ្រព្យបញ្ចាំ?

ពិតណាស់ ចំពោះ អេ អឹម ខេ​ គម្រោងធានាឥណទានជាកញ្ចប់នេះ គឺជាគំនិតផ្តួចផ្តើមដ៏ល្អ ព្រោះថាវានឹងធ្វើឱ្យប្រសើរឡើងនូវពេលវេលាដំណើរការ និងបន្ទុកការងារ ដែលជះឥទ្ធិពលដល់ដំណើរការក្នុងការស្នើសុំប្រាក់កម្ចីទាំងមូល។ យ៉ាងណាក៏ដោយ យើងចង់ឃើញកម្រៃធានាឥណទានទាបសម្រាប់គម្រោងនេះ បើប្រៀបធៀបទៅនឹងគម្រោងបច្ចុប្បន្ន។

 

៤.ដោយមើលឃើញថា មួយរយៈចុងក្រោយនេះ ​ អេ អឹម ខេ បាននិងកំពុងតែបន្តបញ្ចេញឥណទានដែលគ្មានទ្រព្យធានាក្រោមការធានាពី CGCC ដល់អាជីវកម្ម កាន់តែច្រើន ដូច្នេះ តើ ​ អេ អឹម ខេ មានយុទ្ធសាស្រ្ត ឬផែនការដូចម្តេច ដើម្បីបង្កើនការប្រើប្រាស់ការធានាឥណទានឱ្យកាន់តែច្រើនទៀត នៅទូទាំងប្រទេសកម្ពុជា នាឆ្នាំ២០២៣ ខាងមុខនេះ?

ពួកយើង​ (AMK) នឹងបន្តផ្តោតលើការបំពេញតម្រូវការរបស់អតិថិជនរបស់យើងក្នុងគ្រប់វិស័យ។ លើសពីនេះ ពួកយើងនឹងផ្តោតសំខាន់លើអាជីវកម្មពាក់ព័ន្ធនឹងថាមពលកកើតឡើងវិញ (renewable energy) និងវិស័យកសិកម្ម។

 

៥. ដោយសារតែប្រធានបទនៃការធានាឥណទាននៅតែជារឿងថ្មីនៅឡើយសម្រាប់កម្ពុជា តើ អេ អឹម ខេ និង CGCC គួរតែបន្តធ្វើអ្វីខ្លះទៀត ដើម្បីលើកកម្ពស់ការយល់ដឹងនៃការធានាឥណទានសម្រាប់អតិថិជននាឆ្នាំ២០២៣ខាងមុខនេះ?

វាជាការល្អប្រសិនបើ CGCC និង AMK អាចចូលរួមសហប្រតិបត្តិជាមួយគ្នា ធ្វើកម្មវិធីសិក្ខាសាលាជាបន្តបន្ទាប់​ ដើម្បីបង្កើនការយល់ដឹងអំពីភាពជាដៃគូនេះដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈសមាគមឯកជន និងអាជីវកម្មនៅកម្ពុជា។

ជួបជាមួយម្ចាស់សិប្បកម្មទូកនេសាទ ដែលទទួលបានកម្ចីមានការធានាពី CGCC ដើម្បីទ្រទ្រង់អាជីវកម្ម និងលើកកម្ពស់ផលិតផលក្នុងស្រុក

អាននិងទាញយកអត្ថបទជា PDF: លោក ហៀង តារា ម្ចាស់អាជីវកម្មទូកនេសាទ KCC ខេត្តកំពង់ឆ្នាំង

ដោយសារតែមើលឃើញពីសក្ដានុពុល និងដើម្បីលើកស្ទួយដល់ផលិតផលខ្មែរ​ ខ្ញុំបានសម្រេចចិត្តចាប់ផ្តើមសិប្បកម្មផលិតទូក KCC ដែលជា សិប្បកម្មផលិតទូកនៅក្នុងស្រុកដ៏កម្រមួយ នៅក្នុងខេត្តកំពង់ឆ្នាំង នៅក្នុងឆ្នាំ ២០១៤។ ទូក គឺជាយាន្តដ៏សំខាន់សម្រាប់បងប្អូនប្រជាជនខ្មែរ​ ដែលប្រកបរបរនេសាទ និងស្រែចម្ការជាប់មាត់ទឹក។

ចាប់ពីចាប់ផ្ដើមដំបូងរហូតដល់សព្វថ្ងៃ បញ្ហាប្រឈមសំខាន់របស់ខ្ញុំគឺ កង្វះទុនបង្វិល ដើម្បីពង្រីកអាជីវកម្ម ព្រោះកំណើននៃការបញ្ជាទិញពីអតិថិជន និងដេប៉ូចែកចាយនៅតាមបណ្ដាខេត្តនីមួយៗ មានការកើនឡើងជាលំដាប់។ ដំណោះស្រាយសម្រាប់ខ្ញុំ គឺប្រាក់កម្ចីពីធនាគារ។ ដោយសារតែទ្រព្យធានារបស់ខ្ញុំមិនគ្រប់គ្រាន់សម្រាប់ប្រាក់កម្ចីដែលខ្ញុំបានស្នើសុំ អាជីវកម្មរបស់ខ្ញុំមានការរាំងស្ទះ។​

ជួបជាមួយម្ចាស់សិប្បកម្មទូកនេសាទ ដែលទទួលបានកម្ចីមានការធានាពី CGCC ដើម្បីទ្រទ្រង់អាជីវកម្ម និងលើកកម្ពស់ផលិតផលក្នុងស្រុក
ជួបជាមួយម្ចាស់សិប្បកម្មទូកនេសាទ ដែលទទួលបានកម្ចីមានការធានាពី CGCC ដើម្បីទ្រទ្រង់អាជីវកម្ម និងលើកកម្ពស់ផលិតផលក្នុងស្រុក

ប៉ុន្តែ ដោយសារការធានាឥណទានពី CGCC ខ្ញុំក៏ទទួលបានកម្ចីអាជីវកម្មពី ធនាគារ ABA ទៅតាមទំហំកម្ចីដែលខ្ញុំបានស្នើសុំ ទាន់ពេលវេលា។ បន្ទាប់ពីទទួលបានកម្ចីដែលមានការធានា ខ្ញុំបានយកវាទៅធ្វើជាទុនបង្វិល ដែលអាចឲ្យខ្ញុំបន្ដការផលិតទូកបាឡាស្មាច់ជូនដល់អតិថិជន និងដេប៉ូចែកចាយបានជាច្រើនខេត្តក្រុង ទាន់ពេលវេលា។

​​​​​​​​​​​​​​​​​​ការទទួលបានកម្ចីដែលមានការធានាពី CGCC គឺអាស្រ័យទៅលើសក្ដានុពលនៃអាជីវកម្មរបស់យើង ពោលគឺលទ្ធភាពនៃការរីកចម្រើនទៅមុខ ការកសាងនិងការថែទាំប្រវត្តិឥណទានឲ្យបានល្អ ក៏ដូចជាបំពេញនូវឯកសារតម្រូវដែលអាចបញ្ជាក់ពីភាពទុកចិត្តលើម្ចាស់អាជីវកម្មក្នុងការប្រើប្រាស់កម្ចីឲ្យចំគោលដៅផងដែរ។​ ការទទួលបានកម្ចីដែលមានការធានាពី CGCC​ ​ពិតជាបានជួយឱ្យអាជីវកម្មរបស់ខ្ញុំ រីករូតលាស់មកទល់សព្វថ្ងៃ។ ប្រសិនមិនមាន​វត្តមានរបស់ CGCC​ ទេ ម្លេះមិនដឹងថាអាជីវកម្មរបស់ខ្ញុំនឹងទៅជាយ៉ាងណាទេ? ម្ចាស់អាជីវកម្មដទៃទៀត ក៏អាចទទួលបានអត្ថប្រយោជន៍ពីការធានាឥណទានពី CGCC តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុដៃគូរបស់ CGCC ដូចរូបខ្ញុំដែរ៕

ជួបជាមួយម្ចាស់សិប្បកម្មទូកនេសាទ ដែលទទួលបានកម្ចីមានការធានាពី CGCC ដើម្បីទ្រទ្រង់អាជីវកម្ម និងលើកកម្ពស់ផលិតផលក្នុងស្រុក
ជួបជាមួយម្ចាស់សិប្បកម្មទូកនេសាទ ដែលទទួលបានកម្ចីមានការធានាពី CGCC ដើម្បីទ្រទ្រង់អាជីវកម្ម និងលើកកម្ពស់ផលិតផលក្នុងស្រុក

សហគ្រិននៅក្នុងវិស័យបច្ចេកវិទ្យា-ការទទួលបានកម្ចីដែលមានការធានា ក្លាយជាឱកាសក្នុងការបន្តសក្តានុពលអាជីវកម្មឱ្យកាន់តែរីកចម្រើន

អាននិងទាញយកអត្ថបទជា PDF: លោក ប៊ុន ចាន់ឈីម នាយកប្រតិបត្តិក្រុមហ៊ុន Cyber Grow Solution

នៅពាក់កណ្តាលឆ្នាំ២០១៩ ខ្ញុំបានបង្កើត “ក្រុមហ៊ុន Cyber Grow Solution” ដែលជាក្រុមហ៊ុនផ្តល់នូវសេវាកម្មព័ត៌មានវិទ្យា និងប្រឹក្សាយោបល់ផ្នែកសន្តិសុខ Cyber ដល់ក្រុមហ៊ុនសហគ្រាស ដើម្បីលើកស្ទួយការរីកចម្រើនរបស់អាជីវកម្មតាមប្រព័ន្ធស្តង់ដារបច្ចេកវិទ្យា និងសុវត្ថិភាព។ ដោយសារជាក្រុមហ៊ុន Startup ខ្ញុំជួបប្រទះនូវបញ្ហាប្រឈមរាប់មិនអស់ ប៉ុន្តែខ្ញុំនិងក្រុមការងារនៅតែខិតខំពុះពារបន្តទៅមុខ ដោយចាប់ផ្តើមជ្រៀតខ្លួនចូលទៅក្នុងទីផ្សារ និងបណ្តាញទំនាក់ទំនងនានា ជាពិសេសបាននាំចូលកម្មវិធីកម្ចាត់មេរោគ និងកម្មវិធីតេស្តសន្តិសុខនៅប្រព័ន្ធធនាគារ ដែលផ្តល់ឱកាសឱ្យខ្ញុំបានកសាងកេរ្តិ៍ឈ្មោះ និងលក្ខណៈពិសេសរបស់ក្រុមហ៊ុន។

ស្របពេលក្រុមហ៊ុនរីកចម្រើនលូតលាស់ ខ្ញុំមានភាពចាំបាច់ក្នុងការស្នើសុំកម្ចីពីគ្រឹះស្ថានធនាគារ ព្រោះដើម្បីអនុវត្តគម្រោងក្រុមហ៊ុន ខ្ញុំត្រូវមានទុនបម្រុងដើម្បីបញ្ជាទិញឧបករណ៍ព័ត៌មានវិទ្យានានាជាមុន ក៏ដូចជាចំណាយលើថ្លៃសិក្សាគម្រោង មុននឹងផ្តល់សេវាកម្មជូនដល់អតិថិជនជាស្ថាពរ និងទទួលចំណូលតាមក្រោយ។ មិនខុសពីសហគ្រិនជាច្រើនទៀតនោះទេ កង្វះទ្រព្យធានា គឺជាបញ្ហាប្រឈមរបស់ខ្ញុំ​ក្នុងការស្នើសុំកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ។ ប៉ុន្តែ ខ្ញុំត្រូវបានណែនាំអំពីសេវាធានាឥណទានរបស់ CGCC ដែលបានជួយខ្ញុំឱ្យបានទទួលកម្ចីដែលមានការធានា ពីធនាគារ J-Trust Royal ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមមួយរបស់ CGCC ក្នុងគោលបំណងប្រើប្រាស់ជាទុនបង្វិល សម្រាប់អាជីវកម្មរបស់ខ្ញុំ។ ការទទួលបាននូវកម្ចីដែលមានការធានានេះ បានជួយដោះស្រាយនូវបញ្ហាលំហូរសាច់ប្រាក់របស់ខ្ញុំ​ និងអាចឱ្យខ្ញុំទទួលបាននូវឱកាសចាប់យកនូវគម្រោងធំៗ ដែលទទួលបានពីអតិថិជនមកពីក្រុមហ៊ុន សហគ្រាស ធនាគារ រោងចក្រ​នានា។

សម្រាប់ខ្ញុំ ការទទួលបានកម្ចីដែលមានការធានា ដោយជោគជ័យ ទាមទារនូវរបាយការណ៍ហិរញ្ញវត្ថុ ផែនការអាជីវកម្ម ដែលបង្ហាញពីសក្តានុពលក្នុងការរីកចម្រើនរបស់អាជីវកម្ម និងអនុលោមភាពទៅតាមច្បាប់ និងលក្ខខណ្ឌនានា៕

នីតិវិធីសងត្រឡប់នៃកម្ចីដែលមានការធានា របស់សាជីវកម្មធានាឥណទានកម្ពុជា

ចុចអាននិងទាញយកជា PDF ៖ នីតិវិធីសងត្រឡប់នៃកម្ចីដែលមានការធានា របស់ CGCC 

គោលការណ៍១ នៃគោលការណ៍ទាំង១៦ របស់ធនាគារពិភពលោក អំពីគម្រោងធានាឥណទានសាធារណៈ ចែងថា៖ “ដំណើរការនៃការគ្រប់គ្រងការសងត្រឡប់គួរតែមានប្រសិទ្ធភាព, កំណត់ច្បាស់លាស់ជាលាយ​លក្ខណ៍​​​​អក្សរ, មាន​តម្លាភាព, មានការលើកទឹកចិត្តដល់ការទារមកវិញនូវកម្ចីដែលបានបាត់បង់, និងសមស្របតាមក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសសាម៉ី”។ ពិតណាស់ ការគ្រប់គ្រងនីតិវិធីការសងត្រឡប់ គឺជាកត្តាកំណត់មួយ នៃគណនេយ្យភាពរបស់ CGCC។ នីតិវិធីនៃការសងត្រឡប់ ត្រូវបានចែងជាលាយលក្ខណ៍អក្សរ នៅក្នុងកិច្ចព្រមព្រៀងធានាឥណទាន ដែលមានចំណងផ្លូវច្បាប់រវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFI) នីមួយៗ ដែលជាដៃគូរបស់ CGCC។

 

ការដាក់ពាក្យស្នើសុំការសងត្រឡប់. ដើម្បីអាចដាក់ពាក្យស្នើសុំការសងត្រឡប់ពី CGCC លើកម្ចីដែលមានការធានា ទាមទារនូវការបំពេញបាននូវលក្ខខណ្ឌដូចខាងក្រោម៖

  • កម្ចីត្រូវបានចាត់ទុកថា “បាត់បង់” ដោយផ្អែកតាមនិយមន័យរបស់ធនាគារជាតិនៃកម្ពុជា។
  • PFI បានទាមទារជាផ្លូវការនូវសំណងពីអ្នកខ្ចី ស្របតាមនីតិវិធីជាធរមានរបស់ PFIs។
  • PFI បានអនុវត្តរាល់ដំណើរការក្នុងការទាមទារសំណងពីអ្នកខ្ចី ស្របតាមនីតិវិធីជាធរមានរបស់ PFI។
  • នីតិវិធីផ្លូវច្បាប់ត្រូវបានចាប់ផ្តើមចំពោះអ្នកខ្ចី និងចំពោះទ្រព្យបញ្ចាំដែលមាន។
  • កម្ចីដែលបាត់បង់ នោះត្រូវបានធ្វើសំវិធានធន ឬត្រូវបានលុបចោលដោយ PFI។

PFI ត្រូវដាក់ពាក្យស្នើសុំការសងត្រឡប់ពី CGCC ក្នុងរយៈពេលយ៉ាងយូរ ៩០ថ្ងៃ បន្ទាប់ពីលក្ខខណ្ឌនៃការសងត្រឡប់ខាងលើត្រូវបានបំពេញ។

 

ការទូទាត់ការសងត្រឡប់. CGCC ទូទាត់ការសងត្រឡប់ជូន PFI ចំពោះកម្ចីដែលមានការធានាជា ២ដំណាក់កាល។ ក្នុងដំណាក់កាលទី១ CGCC នឹងទូទាត់ការសងត្រឡប់ចំនួន ៥០% នៃទំហំសងត្រឡប់សរុប ជូនទៅ PFIs យ៉ាងយូរ ៣០ថ្ងៃ បន្ទាប់ពីទទួលបានសំណើសុំការសងត្រឡប់ពី PFIs។ CGCC នឹងទូទាត់ការសងត្រឡប់ដែលនៅសេសសល់ ក្នុងដំណាក់កាលទី២ យ៉ាងយូរ ២ឆ្នាំ បន្ទាប់ពីដំណាក់កាលទី១។ រយៈពេលយ៉ាងយូរ ២ឆ្នាំ នេះ គឺជាការទុកពេលជូន PFI ដើម្បីបន្តអនុវត្តនីតិវិធីទាមទារការសងត្រឡប់ពីអ្នកខ្ចីមកវិញ។ ទោះបីជាកម្ចីមានការធានាពី CGCC ក៏ដោយ PFI ត្រូវខិតខំឱ្យអស់លទ្ធភាពក្នុងការទាមទារសំណងពីអ្នកខ្ចី ដូចករណីកម្ចីគ្មានការធានាពី CGCC ដែរ។

 

ការទទួលបានសំណងមកវិញពីអ្នកខ្ចី.​ រាល់ការប្រមូលបានមកវិញនូវកម្ចីដែលបានបាត់បង់ ត្រូវបានបែងចែករវាង CGCC និង PFI ទៅតាមសមាមាត្រនៃការធានា។ PFI អាចប្រើប្រាស់សំណងដែលប្រមូលមកវិញពីអ្នកខ្ចី ដើម្បីទូទាត់ចំណាយពាក់ព័ន្ធទៅតាមលំដាប់អាទិភាពដូចខាងក្រោម៖

  • ចំណាយពាក់ព័ន្ធនឹងដំណើរការនៃការទាមទារការសងត្រឡប់
  • ការប្រាក់សម្រាប់កម្ចីដែលមានការធានា ដែលអ្នកខ្ចីត្រូវបង់ជូន PFI
  • ចំណែករបស់ CGCC ទៅតាមសមាមាត្រនៃការធានា
  • ការផាកពិន័យនានាដែលអ្នកខ្ចីត្រូវបង់ជូន PFI

អានបន្ត៖ នីតិវិធីសងត្រឡប់នៃកម្ចីដែលមានការធានា របស់ CGCC 

៥ចំណុច សហគ្រិនគួរត្រៀមខ្លួន ដើម្បីទទួលបាននូវឥណទានដែលមានការធានា

អាននិងទាញយកអត្ថបទជា PDF: ការទទួលបានឥណទានដែលមានការធានា 

សេវាធានាឥណទាន ត្រូវបានប្រើប្រាស់ក្នុងគោលដៅគាំទ្រក្រុមហ៊ុនអាជីវកម្ម ជាពិសេស អាជីវកម្មខ្នាតតូច និងមធ្យម ឱ្យទទួលបានហិរញ្ញប្បទានផ្លូវការ។ បច្ចុប្បន្ន សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ផ្តល់ការធានាឥណទាន លើកម្ចីដែលបញ្ចេញដោយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (ហៅថាកាត់ថា PFIs) របស់ CGCC ទៅកាន់អ្នកស្នើសុំកម្ចី ក្រោមគម្រោងធានាឥណទានដែលបានដាក់ចេញដោយ CGCC។ ដូច្នេះ ដើម្បីចាប់យកអត្ថប្រយោជន៍ពីការធានាឥណទាន ក្រុមហ៊ុនអាជីវកម្មត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីស្នើសុំកម្ចីទៅកាន់ PFIs ជាមុនសិន។ ការស្វែងយល់អំពីលក្ខណៈវិនិច្ឆ័យដែល PFIs ប្រើប្រាស់ដើម្បីវាយតម្លៃលើសំណើសុំឥណទាន អាចជួយឱ្យក្រុមហ៊ុនអាជីវកម្មត្រៀមខ្លួនបានល្អប្រសើរជាមុន ក្នុងការទទួលបានកម្ចីដែលមានការធានាពី CGCC។

 

លក្ខខណ្ឌ (CONDITION)

Condition to get guaranteed loans
5 important things SMEs should understand to apply for guaranteed loans!

មុនពេលអនុម័តកម្ចី ធនាគារត្រូវតែដឹងច្បាស់អំពីគោលបំណងនៃកម្ចី និងទំហំកម្ចីដែលសមស្របទៅនឹងគោលបំណងនៃកម្ចីនោះ។ តើក្រុមហ៊ុនអាជីវកម្មអាចបញ្ជាក់ជូនធនាគារ អំពីគោលបំណងនៃកម្ចី និងទំហំកម្ចីដោយរបៀបណា? ផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុ ដែលមានភាពជឿទុកចិត្តបាន គឺជាមូលដ្ឋានដ៏សំខាន់ដែលអាចឱ្យធនាគារវាយតម្លៃលើទំហំកម្ចីដែលត្រូវការ និងគោលបំណងនៃកម្ចីរបស់អ្នកខ្ចីបាន។ ពិតណាស់ ផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ មិនត្រឹមតែអាចជួយក្រុមហ៊ុនអាជីវកម្មឱ្យស្នើសុំកម្ចីបានងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយក្រុមហ៊ុនអាជីវកម្មវាយតម្លៃលើស្ថានភាពអាជីវកម្មរបស់ខ្លួន ដើម្បីរៀបចំផែនការ​សម្រាប់ភាពជោគជ័យនៃអាជីវកម្មនាពេលអនាគតផងដែរ។ ផែនការអាជីវកម្ម និងរបាយការណ៏ហិរញ្ញវត្ថុ អាចជួយកំណត់ទំហំកម្ចី​ និងលទ្ធភាពនៃការសងត្រឡប់ ឱ្យកាន់តែមានភាពសុក្រិត។​ ការកំណត់ទំហំកម្ចីឱ្យបានត្រឹមត្រូវ ពិតជាសំខាន់។ ការទទួលបានកម្ចីច្រើនហួស ធ្វើឱ្យអ្នកខ្ចីខាតបង់ការប្រាក់ ថ្លៃរដ្ឋបាល ថ្លៃពិន័យក្នុងការសងមុនកាលកំណត់ និងថ្លៃសេវាផ្សេងៗទៀត។ ផ្ទុយទៅវិញ ការទទួលបានកម្ចីមិនបានគ្រប់គ្រាន់រាំងស្ទះដល់ការរីកចម្រើនរបស់ក្រុមហ៊ុនអាជីវកម្មឱ្យអស់សក្តានុពល។ កត្តា “លក្ខខណ្ឌ (Condition)” គឺជាលក្ខណៈវិនិច្ឆ័យមួយ ក្នុងចំណោមលក្ខណៈវិនិច្ឆ័យទាំង៥ ដែលធនាគារប្រើប្រាស់ក្នុងការវាយតម្លៃសំណើសុំកម្ចី។

 

ទ្រព្យបញ្ចាំ​ (COLLATERAL)

5 important things SMEs should understand to apply for guaranteed loans!
5 important things SMEs should understand to apply for guaranteed loans!

នៅពេលកត្តា “លក្ខខណ្ឌ” ត្រូវបានបំពេញ​ ធនាគារក៏មានលក្ខខណ្ឌតម្រូវឱ្យក្រុមហ៊ុនអាជីវកម្មមាន “ទ្រព្យបញ្ចាំ” ដើម្បីការពារធនាគារពីការខាតបង់ ក្នុងករណីក្រុមហ៊ុនអាជីវកម្មមិនអាចសងត្រឡប់បាន។ ជាទូទៅ ធនាគារអាចផ្តល់កម្ចីទំហំត្រឹមប្រមាណ ៧០% នៃតម្លៃទ្រព្យបញ្ចាំ។ តម្រូវការទ្រព្យបញ្ចាំ បានក្លាយឧបសគ្គចម្បងមួយ សម្រាប់ក្រុមហ៊ុនអាជីវកម្មក្នុងការទទួលបានកម្ចីពីធនាគារ។ យោងលើសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ៦៦% នៃអាជីវកម្មខ្នាតតូច និងមធ្យម ដែលបានស្នើសុំកម្ចីទៅកាន់ធនាគារ ត្រូវបានបដិសេធ ដោយសារមូលហេតុខ្វះទ្រព្យបញ្ចាំ។​ CGCC ត្រូវបានបង្កើតឡើង ដើម្បីចូលរួមដោះស្រាយបញ្ហានេះ​។ CGCC​ ផ្តល់ការធានាឥណទានដែលដើរតួជំនួសឱ្យទ្រព្យបញ្ចាំរបស់ក្រុមហ៊ុនអាជីវកម្ម ទៅកាន់ធនាគារ។ នៅពេលមានការធានាពី CGCC ធនាគារអាចវាយតម្លៃសំណើសុំខ្ចីពីក្រុមហ៊ុនអាជីវកម្ម ដោយចាត់ទុកការធានាឥណទានរបស់ CGCC ជាទ្រព្យបញ្ចាំរបស់ក្រុមហ៊ុនអាជីវកម្ម។ ការអនុវត្តនេះ អាចកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំ​ សម្រាប់ក្រុមហ៊ុនអាជីវកម្មនៅពេលស្នើសុំកម្ចី។

សមត្ថភាព (CAPACITY)

5 important things SMEs should understand to apply for guaranteed loans!
5 important things SMEs should understand to apply for guaranteed loans!

សមត្ថភាពសងត្រឡប់ គឺជាតម្រូវការជាមូលដ្ឋាន របស់ធនាគារក្នុងការអនុម័តកម្ចី។ ការបំពេញបាននូវកត្តា “លក្ខខណ្ឌ” និង “ទ្រព្យបញ្ចាំ” ខាងលើ មិនទាន់គ្រប់គ្រាន់ដើម្បីឱ្យធនាគារអនុម័តកម្ចី ហើយ CGCC ក៏មិនទាន់អាចផ្តល់ការធានាឥណទានជូននៅឡើយទេ ប្រសិនបើអ្នកខ្ចីមិនអាចបញ្ជាក់បានអំពីសមត្ថភាពគ្រប់គ្រាន់ក្នុងការសងត្រឡប់កម្ចីនោះវិញ។​ តើក្រុមហ៊ុនអាជីវកម្មអាចបញ្ជាក់អំពីសមត្ថភាពសងបានយ៉ាងដូចម្តេច? ជាថ្មីម្តងទៀត ផែនការអាជីវកម្ម និងរបាយការណ៏ហិរញ្ញវត្ថុ​ដែលអាចជឿទុកចិត្តបាន គឺជាភស្តុតាងដ៏ល្អ។ របាយការណ៏ហិរញ្ញវត្ថុ អាចបង្ហាញពីទ្រព្យសកម្ម បំណុល ដើមទុន ចំណូល និងលំហូរសាច់ប្រាក់ របស់ក្រុមហ៊ុនអាជីវកម្ម ដែលព័ត៌មានទាំងនេះ​ គឺជាភស្តុតាងដែលអាចជឿទុកចិត្តបាន ក្នុងការវាយតម្លៃអំពីសមត្ថភាពសងរបស់ក្រុមហ៊ុនអាជីវកម្ម។ ចំណែកឯ ផែនការអាជីវកម្ម អាចបង្ហាញពីសកម្មភាពអាជីវកម្ម និងចំណូលនាពេលអនាគត​ ដែលអាចត្រូវបានប្រើប្រាស់ដើម្បីបញ្ជាក់អំពីសមត្ថភាពសងត្រឡប់ផងដែរ។

 

ដើមទុន (CAPITAL)

5 important things SMEs should understand to apply for guaranteed loans!
5 important things SMEs should understand to apply for guaranteed loans!

នៅពេលផ្តល់កម្ចីអាជីវកម្ម ធនាគារតែងតែចង់ដឹងអំពីចំនួនដើមទុនដែលអ្នកខ្ចី​ បានដាក់វិនិយោគក្នុងក្រុមហ៊ុន។ កត្តា “ដើមទុន” មានសារៈសំខាន់ ព្រោះទំហំដើមទុនរបស់អ្នកខ្ចី បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អ្នកខ្ចីចំពោះក្រុមហ៊ុនអាជីវកម្មនោះ។ តើអ្នកខ្ចីអាចបញ្ជាក់ជូនធនាគារអំពីកត្តាដើមទុនដោយវិធីណា? របាយការណ៏​ហិរញ្ញវត្ថុដែលមានលក្ខណៈស្តង់ដា អាចបញ្ជាក់អំពីទំហំដើមទុនរបស់ម្ចាស់ក្រុមហ៊ុនក្នុងក្រុមហ៊ុនអាជីវកម្មនោះ។ ឯកសារផ្លូវការមួយចំនួនទៀត ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូ និងការចុះបញ្ជីក្រុមហ៊ុន គឺជាភស្តុតាងដែលអាចជឿទុកចិត្តបាន ដើម្បីបញ្ជាក់អំពីទំហំវិនិយោគរបស់អ្នកខ្ចី​ ទៅក្នុងក្រុមហ៊ុនអាជីវកម្ម។ ជាធម្មតា ធនាគារមានភាពលំបាកក្នុងការវាយតម្លៃក្រុមហ៊ុនដែលមិនបានចុះបញ្ជី ដោយសារតែកង្វះឯកសារដែលអាចជឿទុកចិត្តបាន ដើម្បីវាយតម្លៃសំណើសុំខ្ចី។ នេះជាមូលហេតុនៃការជំរុញ និងការលើកទឹកចិត្ត ឱ្យក្រុមហ៊នអាជីវកម្ម គួរចុះបញ្ចីឱ្យបានត្រឹមត្រូវ ដើម្បីបង្កើនលទ្ធភាពនៃការទទួលបានហិរញ្ញប្បទាន។

 

ចរិតលក្ខណៈ (CHARACTER)

5 important things SMEs should understand to apply for guaranteed loans!
5 important things SMEs should understand to apply for guaranteed loans!

កត្តាមួយទៀតដែលបញ្ជាក់ពីលទ្ធភាពសងត្រឡប់ គឺចរិតលក្ខណៈរបស់អ្នកខ្ចី។ ជាការកត់សម្គាល់ ធនាគារពិនិត្យមើលប្រវតិ្តឥណទានរបស់អ្នកខ្ចី​ ដូចជា ប្រវត្តិនៃការសងត្រឡប់ ចំនួនកម្ចី និងទំហំកម្ចីដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន ជាដើម ដើម្បីវាយតម្លៃអំពីភាពជឿទុកចិត្តបានរបស់អ្នកខ្ចី។ បច្ចុប្បន្ន ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) កត់ត្រា និងផ្តល់នូវរបាយការណ៏កម្ចីឥណទានរបស់បុគ្គល និងអាជីវកម្ម ដែលអាចគាំទ្រដល់ធនាគារ ក្នុងការវាយតម្លៃអំពីចរិតលក្ខណៈរបស់អ្នកខ្ចី។ យ៉ាងណាក៏ដោយ ក្នុងករណីមានប្រវត្តិឥណទានមិនល្អ អ្នកខ្ចីត្រូវតែពង្រឹងគុណភាពនៃកត្តាផ្សេងៗដូចបានរៀបរាប់ខាងលើ ដើម្បីគួបផ្សំនឹងកត្តាចរិតលក្ខណៈ។ ជាក់ស្តែង ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ក្រុមហ៊ុនអាជីវកម្មជាច្រើនជួបប្រទះនូវបញ្ហាប្រឈម ដែលនាំឱ្យការសងត្រឡប់កម្ចីមានភាពយឺតយ៉ាវ ឬមិនអាចសងត្រឡប់កម្ចីទាំងស្រុងតែម្តង ដែលកត្តានេះជះឥទ្ធិពលអវិជ្ជមាន ដល់កត្តាចរិតលក្ខណៈ និងកត្តាដើមទុនរបស់ក្រុមហ៊ុនអាជីវកម្ម។ ក្នុងករណីនេះ ដើម្បីទទួលបានកម្ចី អ្នកខ្ចីត្រូវ បង្ហាញផែនការអាជីវកម្មដែលសក្តានុពល និងមានភាពច្បាស់លាស់ និងអាចប្រើប្រាស់សេវាធានាឥណទានរបស់ CGCC ដើម្បីបង្កើនគុណភាពនៃកត្តាទ្រព្យបញ្ចាំ។

 

ដូចបានរៀបរាប់ពីខាងលើលក្ខណៈវិនិច្ឆ័យទំាងប្រាំ (5Cs) ដែលរួមមាន លក្ខខណ្ឌ (Condition) ទ្រព្យបញ្ចាំ (Collateral) សមត្ថភាព (Capacity) ដើមទុន (Capital) និងចរិតលក្ខណៈ (Character) គឺជាកត្តាសំខាន់ ដែលធនាគារជាទូទៅប្រើប្រាស់ជាមូលដ្ឋានក្នុងការវាយតម្លៃអ្នកខ្ចី មុននឹងអនុម័តកម្ចីណាមួយ។ ដូច្នេះ ការពង្រឹងគុណភាពលក្ខណៈវិនិច្ឆ័យទំាងប្រាំ (5Cs) អាចជួយឱ្យអ្នកខ្ចីមានឱកាសខ្ពស់ជាងមុន ក្នុងការទទួលបានកម្ចីពីធនាគារ។ ក្នុងនោះ របាយការណ៍ហិរញ្ញវត្ថុ និងផែនការអាជីវកម្ម​ដែលមានភាពជឿទុកចិត្តបាន អាចត្រូវបានប្រើប្រាស់ សម្រាប់ការវាយតម្លៃលើលក្ខណៈវិនិច្ឆ័យទំាងប្រាំ ខណៈសេវាធានាឥណទាន អាចជួយបង្កើនគុណភាពនៃកត្តាទ្រព្យបញ្ចាំរបស់ក្រុមហ៊ុនអាជីវកម្ម៕