Understanding CGCC Portfolio Guarantee Scheme

អត្ថបទស្វែងយល់ពីគម្រោងធានាឥណទានជាកញ្ចប់របស់ CGCC

គិតមកទល់ពេលនេះ មានរយៈពេល២ឆ្នាំហើយដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានសាធារណៈ ជាលើកដំបូងបង្អល់ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ហៅថា គម្រោងធានាឥណទានដើម្បីស្តារជាអាជីវកម្ម (BRGS) ស្របពេលកម្ពុជាកំពុងប្រឈមមុខខ្ពស់បំផុតនឹងជម្ងឺកូវីដ-១៩។ ភ្លាមៗបន្ទាប់ពីការដាក់ឱ្យដំណើរការគម្រោង BRGS ប្រទេសកម្ពុជាត្រូវបានបិទខ្ទប់ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។ ក្នុងស្ថានភាពនេះ តម្រូវការនៃការធានាឥណទានមានភាពចាំបាច់កាន់តែខ្លាំង នៅពេលក្រុមហ៊ុនអាជីវកម្មដែលមានសក្តានុពលជួបការលំបាកក្នុងការទទួលបានឥណទាន ដើម្បីទ្រទ្រង់អាជីវកម្មឱ្យឈរជើងបាន។​ តាមរយៈនេះ គម្រោងធានាឥណទានចំនួន ២ទៀត ត្រូវបានដាក់ឱ្យដំណើរការ រួមមាន គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន (CFGS) និង គម្រោងធានាឥណទានសម្រាប់សហគ្រិនស្ត្រី (WEGS)។ គម្រោង BRGS, CFGS, និង WEGS គឺជាគម្រោងធានាឥណទានឯកត្តឥណទាន (IGS) មានន័យថា PFI ត្រូវស្នើសុំការអនុម័តលើការធានាឥណទានមួយ សម្រាប់កម្ចីមួយ មុនពេលបញ្ចេញកម្ចីដែលមានការធានា ជូនទៅក្រុមហ៊ុនអាជីវកម្មដែលជាអ្នកខ្ចី។

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ CGCC បានសម្រេចសមិទ្ធផលថ្មីមួយទៀត គឺការដាក់ឱ្យដំណើរការគម្រោងធានាឥណទានជាកញ្ចប់ (PGS) ក្រោយពីទទួលបានការអនុម័តដ៏ខ្ពង់ខ្ពស់បំផុតពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ PGS គឺជាគម្រោងធានាឥណទានដែល CGCC និង PFI ត្រូវព្រមព្រៀងគ្នាលើលក្ខខណ្ឌកម្ចីដែលមានការធានាជាមុន ដោយអនុញ្ញាតឱ្យ PFI អាចដាក់កម្ចីច្រើន ដើម្បីទទួលបានការធានា ក្រោមគម្រោង PGS ដោយមិនចាំបាច់ស្នើសុំការអនុម័តពី CGCC លើការធានាលើកម្ចីម្តងមួយៗ មុនពេលបញ្ចេញកម្ចីទាំងនោះទៅកាន់ក្រុមហ៊ុនអាជីវកម្ម។ ដូច្នេះ ប្រៀបធៀបនឹងគម្រោង IGS, PGS អនុញ្ញាតឱ្យមានការបញ្ចេញឥណទានដែលមានការធានា បានលឿន និងងាយស្រួលជាងមុន។

អានបន្ត៖ ស្វែងយល់ពីគម្រោងធានាឥណទានជាកញ្ចប់របស់ CGCC