SME-Cyber Grow Solution

សហគ្រិននៅក្នុងវិស័យបច្ចេកវិទ្យា-ការទទួលបានកម្ចីដែលមានការធានា ក្លាយជាឱកាសក្នុងការបន្តសក្តានុពលអាជីវកម្មឱ្យកាន់តែរីកចម្រើន

អាននិងទាញយកអត្ថបទជា PDF: លោក ប៊ុន ចាន់ឈីម នាយកប្រតិបត្តិក្រុមហ៊ុន Cyber Grow Solution

នៅពាក់កណ្តាលឆ្នាំ២០១៩ ខ្ញុំបានបង្កើត “ក្រុមហ៊ុន Cyber Grow Solution” ដែលជាក្រុមហ៊ុនផ្តល់នូវសេវាកម្មព័ត៌មានវិទ្យា និងប្រឹក្សាយោបល់ផ្នែកសន្តិសុខ Cyber ដល់ក្រុមហ៊ុនសហគ្រាស ដើម្បីលើកស្ទួយការរីកចម្រើនរបស់អាជីវកម្មតាមប្រព័ន្ធស្តង់ដារបច្ចេកវិទ្យា និងសុវត្ថិភាព។ ដោយសារជាក្រុមហ៊ុន Startup ខ្ញុំជួបប្រទះនូវបញ្ហាប្រឈមរាប់មិនអស់ ប៉ុន្តែខ្ញុំនិងក្រុមការងារនៅតែខិតខំពុះពារបន្តទៅមុខ ដោយចាប់ផ្តើមជ្រៀតខ្លួនចូលទៅក្នុងទីផ្សារ និងបណ្តាញទំនាក់ទំនងនានា ជាពិសេសបាននាំចូលកម្មវិធីកម្ចាត់មេរោគ និងកម្មវិធីតេស្តសន្តិសុខនៅប្រព័ន្ធធនាគារ ដែលផ្តល់ឱកាសឱ្យខ្ញុំបានកសាងកេរ្តិ៍ឈ្មោះ និងលក្ខណៈពិសេសរបស់ក្រុមហ៊ុន។

ស្របពេលក្រុមហ៊ុនរីកចម្រើនលូតលាស់ ខ្ញុំមានភាពចាំបាច់ក្នុងការស្នើសុំកម្ចីពីគ្រឹះស្ថានធនាគារ ព្រោះដើម្បីអនុវត្តគម្រោងក្រុមហ៊ុន ខ្ញុំត្រូវមានទុនបម្រុងដើម្បីបញ្ជាទិញឧបករណ៍ព័ត៌មានវិទ្យានានាជាមុន ក៏ដូចជាចំណាយលើថ្លៃសិក្សាគម្រោង មុននឹងផ្តល់សេវាកម្មជូនដល់អតិថិជនជាស្ថាពរ និងទទួលចំណូលតាមក្រោយ។ មិនខុសពីសហគ្រិនជាច្រើនទៀតនោះទេ កង្វះទ្រព្យធានា គឺជាបញ្ហាប្រឈមរបស់ខ្ញុំ​ក្នុងការស្នើសុំកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ។ ប៉ុន្តែ ខ្ញុំត្រូវបានណែនាំអំពីសេវាធានាឥណទានរបស់ CGCC ដែលបានជួយខ្ញុំឱ្យបានទទួលកម្ចីដែលមានការធានា ពីធនាគារ J-Trust Royal ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមមួយរបស់ CGCC ក្នុងគោលបំណងប្រើប្រាស់ជាទុនបង្វិល សម្រាប់អាជីវកម្មរបស់ខ្ញុំ។ ការទទួលបាននូវកម្ចីដែលមានការធានានេះ បានជួយដោះស្រាយនូវបញ្ហាលំហូរសាច់ប្រាក់របស់ខ្ញុំ​ និងអាចឱ្យខ្ញុំទទួលបាននូវឱកាសចាប់យកនូវគម្រោងធំៗ ដែលទទួលបានពីអតិថិជនមកពីក្រុមហ៊ុន សហគ្រាស ធនាគារ រោងចក្រ​នានា។

សម្រាប់ខ្ញុំ ការទទួលបានកម្ចីដែលមានការធានា ដោយជោគជ័យ ទាមទារនូវរបាយការណ៍ហិរញ្ញវត្ថុ ផែនការអាជីវកម្ម ដែលបង្ហាញពីសក្តានុពលក្នុងការរីកចម្រើនរបស់អាជីវកម្ម និងអនុលោមភាពទៅតាមច្បាប់ និងលក្ខខណ្ឌនានា៕