CGCC

កិច្ចប្រជុំគណៈកម្មការវិនិយោគនៃកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ លើកទី៧

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរៀបចំកិច្ចប្រជុំគណៈកម្មការវិនិយោលើកទី៧ ដែលជាកិច្ចប្រជុំលើកចុងក្រោយនៃកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (Value Chain Investment Support Facility – ISF) នៅឯសណ្ឋាគារខាព្រីភ្នំពេញ និងតាមរយៈប្រព័ន្ធអនឡាញ។ កិច្ចប្រជុំនេះមានការដឹកនាំដោយលោក ខូវ គួង អនុប្រធានរដ្ឋបាលជលផល និងប្រធានគណៈកម្មការវិនិយោគនៃកម្មវិធី ​ISF និងមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ រួមមានការចូលរួមពីតំណាងរដ្ឋបាលជលផល (FiA) សមាគមអ្នកផលិតចំណីអាហារកម្ពុជា (CFMA), ក្រុមការងារគម្រោង UNIDO, ប្រតិភូសហភាពអឺរ៉ុប, តំណាងមក CGCC ដែលមានលោក ណូ លីដា ជាអគ្គនាយក លោកស្រី សាន សុខរីណា ជាប្រធានជាន់ខ្ពស់នៃការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការ​ រួមជាមួយក្រុមការងារ  និងស្ថាប័នហិរញ្ញវត្ថុចំនួនបីផ្សេងទៀត ដើម្បីពិនិត្យ វាយតម្លៃ និងអនុម័តលើផែនការអាជីវកម្មរបស់សហគ្រាស។

ក្នុងនោះ ក្រុមការងារ​ CGCC បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃគម្រោង ISF និង​ ផែនការអាជីវកម្មរបស់សហគ្រាស ដើម្បីឱ្យគណៈកម្មាធិការធ្វើការពិនិត្យ  វាយតម្លៃ និងអនុម័តលើផែនការអាជីវកម្មរបស់សហគ្រាសទាំងនោះ។ បន្ថែមពីលើនេះផងដែរ កិច្ចប្រជុំក៏បានផ្តោតទៅលើការវិនិយោគដែលកំពុងបន្ត មូលនិធិដែលបានប្រើប្រាស់ និងសមិទ្ធិផលរបស់សហគ្រាសដែលទទួលបានការគាំទ្រការវិនិយោគពីគម្រោង ISF កន្លងមក។ កម្មវិធី ISF គឺជាគំរូ​ហិរញ្ញវត្ថុថ្មីមួយរបស់គម្រោង CAPFISH-Capture ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) អនុវត្តដោយអង្គការ UNIDO និងរដ្ឋបាលជលផល (FiA) ហើយកម្មវិធីនេះត្រូវបានគ្រប់គ្រង និងចាត់ចែងមូលនិធិដោយ CGCC ក្រោមគម្រោងធានាឥណទានសម្រាប់វិស័យជលផលក្រោយប្រមូលផល (PFGS) ។

គិតមកដល់ដំណាច់ខែសីហា ឆ្នាំ២០២៥ CGCC បានអនុម័តការធានាឥណទានដល់សហគ្រាសសរុបចំនួន២១ ដែលបានទំហំវិនិយោគសរុបប្រមាណ ១,៨ លានដុល្លា ដែលក្នុងនោះ ជំនួយឥតសំណងមាន (Grant) មានទំហំ ៤៦៣.៥៨៤ ដុល្លារ ស្មើនឹង ២៥.៧១%, កម្ចីដែលមានការធានា (Guaranteed Loan) មានទំហំ ៥៧៩.៥០០ ដុល្លារ ស្មើនឹង ៣២.១៤% និង បដិភាគចូលរួមផ្ទាល់ពីសហគ្រាស (Equity) មានទំហំ ៧៦០.០០៦ ដុល្លារ ស្មើនឹង ៤២.១៥% ៕

កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់សាជីវកម្មធានាឥណទានកម្ពុជា (EPIC) វគ្គទី៦

នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តព្រៃវែង សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តព្រៃវែង បានសហការរៀបចំកម្មវិធី EPIC វគ្គទី៦ ស្តីអំពី “គន្លឹះក្នុងការទទួលបាន និងការប្រើប្រាស់ហិរញ្ញប្បទានផ្លូវការ ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព” ក្រោមអធិបតីភាព លោក វ៉ាន់ សុភាព ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តព្រៃវែង និងវត្តមានជាកិត្តិយសរបស់ លោក ណូ លីដា អគ្គនាយក CGCC លោក លឹម មិញ នាយកប្រតិបត្តិសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងមានការចូលរួមពីសិក្ខាកាមដែលជាម្ចាស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ម្ចាស់សិប្បកម្ម ជាពិសេសប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តព្រៃវែង និងបណ្តាខេត្តនានា សរុប រូប ព្រមទាំងបុគ្គលិករបស់ស្ថាប័ន និងមន្ទីរ សរុបប្រមាណរូប

ជារបៀបវារៈនៃកម្មវិធី EPIC 6 សិក្ខាកាម និងអ្នកចូលរួមទទួលបានការស្វែងយល់អំពី “យន្តការធានាឥណទាន ក្នុងការគាំទ្រលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនតូច និងមធ្យម”  តាមរយៈបទបង្ហាញដោយ លោក អេង តុងងី ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ និងអនុលោមភាពនៃ CGCC ដែលក្នុងនោះក៏មាននូវការចែករំលែកអំពីគម្រោងធានាឥណទានសម្រាប់អភិវឌ្ឍសេវាសាធារណៈ (UDGS) សម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន ដែលជាគម្រោងធានាឥណទាន ជាមួយនឹងលក្ខខណ្ឌអនុគ្រោះ ក្នុងគោលបំណងគាំទ្រ និងបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានផ្លូវការក្នុងការគាំទ្រដល់ប្រតិបត្តិករទឹកស្អាតឯកជន។

ស្របជាមួយនឹងយន្តការធានាឥណទានរបស់ CGCC លោក ហួត សារ៉ាត់ នាយកការិយាល័យសេវាហិរញ្ញវត្ថុ សហគ្រាសខ្នាតតូច និងមធ្យម នៃធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ក៏បានចែករំលែកអំពី “នីតិវិធីនៃការវាយតម្លៃឥណទាន និងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម” និងបានគូសបញ្ជាក់អំពីដំណោះស្រាយហិរញ្ញវត្ថុដែលធនាគារFTB អាចផ្តល់ជូនដល់ប្រតិបត្តិករទឹកស្អាតឯកជន និងម្ចាស់អាជីវកម្ម/សហគ្រាសផងដែរ។

បន្ថែមពីនេះ សិក្ខាកាមបានស្វែងយល់អំពីប្រធានបទបណ្តុះបណ្តាលគោលស្តីអំពី “គន្លឹះក្នុងការទទួលបាន និងការប្រើប្រាស់ហិរញ្ញប្បទានផ្លូវការ ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព” ដែលចែករំលែកដោយ លោក ទិត្យ កំរង អ្នកឯកទេស​ផ្នែកចំណេះ​ដឹង​ហិរញ្ញវត្ថុ និងជាស្ថាបនិក ក្រុមហ៊ុន ឫទ្ធិពល និងអេបកត់លុយ។ ក្រោយពីបានសិក្សាស្វែងយល់លើប្រធានបទបណ្តុះបណ្តាល សិក្ខាកាមទាំងអស់បានបែងចែកជា៤ក្រុម និងពិភាក្សាក្នុងការបង្កើតផែនការហិរញ្ញវត្ថុអាជីវកម្ម ដោយផ្អែកលើតារាងគម្រោងចំណូល ចំណាយ រយៈពេល១ឆ្នាំ។ ជាលទ្ធផលនៃការពិភាក្សា សិក្ខាកាមបានចែករំលែកអំពីគម្រោងចំណូល ចំណាយអាជីវកម្មតាមក្រុមនីមួយៗ ព្រមទាំងទទួលបានយោបល់កែលម្អពីគ្រូបង្គោលផងដែរ។

EPIC គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលនឹងនាំមកនូវប្រធានបទពាក់ព័ន្ធការប្រតិ​បត្តិនិងគ្រប់គ្រងអាជីវកម្ម ដើម្បីអភិវឌ្ឍសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ/គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម៕

 

CGCC ចូលរួមកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក”

កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ CGCC បានចូលរួមជាអ្នកសហការរៀបចំមួយក្នុងកម្មវិធី “ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥” ក្រោមប្រធានបទ “ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក” ដែលបានរៀបចំឡើងដោយសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ផងដែរថា កម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ នេះ  មានប្រមាណ ៣០០ស្តង់ ដែលបានដាក់តាំងនូវផលិតផលខ្មែរផលិតក្នុងស្រុកជាង ១០០ប្រភេទ ដែលក្នុងនោះ CGCC ក៏បានចូលរួមចំណែកមួយក្នុងការលើកកម្ពស់ផលិតផលិតក្នុងស្រុក សំដៅលើការផ្ដល់ការធានាឥណទានលើកម្ចីអាជីវកម្ម ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងលើកស្ទួយការផលិតក្នុងស្រុក ដែលកំពុងមានសន្ទុះកើនឡើងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។

ទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយលើកទី៣ អំពីសហគ្រាសជលផលក្រោយប្រមូលផល គាំទ្រដោយគម្រោង CAPFISH-Capture ក្រោមប្រធានបទ “គម្រោង CAPFISH-Capture នឹងបញ្ចប់ សមិទ្ធិផលនៅតែបន្ត”

កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកំពង់ធំ និងសៀមរាប CGCC តំណាងដោយ លោកស្រី សាន សុខរីណា ប្រធានជាន់ខ្ពស់នៃការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការរបស់ CGCC បានចូលរួមទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយលើកទី៣  អំពីសហគ្រាសជលផលក្រោយប្រមូលផល គាំទ្រដោយគម្រោង CAPFISH-Capture ក្រោមប្រធានបទ “គម្រោង CAPFISH-Capture នឹងបញ្ចប់ សមិទ្ធិផលនៅតែបន្ត”។

ទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយលើកទី៣នេះ  ក៏មានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ​​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អ្នកតំណាងរដ្ឋបាលជលផល, ប្រតិភូសហភាពអឺរ៉ុប និងស្ថានទូតប្រទេសអឺរ៉ុបផ្សេងទៀត, បុគ្គលមានឥទ្ធិពល (Social Media Influencers), តំណាង CGCC, អ្នកសារព័ត៌មាន, ក្រុមការងារគម្រោង UNIDO​ និងបានទស្សនកិច្ចសិក្សាផ្ទាល់ទៅកាន់ទីតាំងអាជីវកម្មផ្ទាល់ របស់សហគ្រាសដៃគូអាជីវកម្ម ដែលស្ថិតនៅក្នុងវិស័យជលផលក្រោយប្រមូលផលចំនួន ៣។

គួរបញ្ជាក់ផងដែរថា កម្មវិធី ISF គឺជាគំរូហិរញ្ញវត្ថុថ្មីមួយរបស់គម្រោង CAPFISH-Capture ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) អនុវត្តដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO Cambodia) និងរដ្ឋបាលជលផល (FiA) ហើយកម្មវិធីនេះត្រូវបានគ្រប់គ្រង និងចាត់ចែងមូលនិធិដោយ CGCC។ កម្មវិធីនេះ ធ្វើឡើងដើម្បីជម្រុញដល់សហគ្រាស ដៃគូអាជីវកម្ម ដែលស្ថិតនៅក្នុងវិស័យជលផលក្រោយប្រមូលផល ដើម្បីបង្កើននូវផលិតភាព នៃផលិតផល ជាពិសេសលើលកម្ពស់ស្តង់ដា ចំណីអាហារ ឱ្យមានលក្ខណៈប្រកួតប្រជែងក្នុងទីផ្សារ ទាំងក្នុងនិងក្រៅប្រទេស។

 

CGCC ចូលរួមវគ្គបណ្តុះបណ្តាលក្រៅប្រទេស ស្តីពី “ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈដំណោះស្រាយឥណទានឌីជីថល” នៅប្រទេសសិង្ហបុរី

កាលពីថ្ងៃទី២៨ ដល់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី ក្រុមការងារ CGCC រួមមានលោក រីក ចំរើន អនុប្រធានការិយាល័យវាយតម្លៃឥណទាន និងលោក ម៉ក់ ឧត្តម បុគ្គលិកប្រតិបត្តិជាន់ខ្ពស់ គ្រប់គ្រងការធានាឥណទាន បានចូលរួមវគ្គបណ្តុះបណ្តាលក្រៅប្រទេស ស្តីពី “ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈដំណោះស្រាយឥណទានឌីជីថល” ដែលបានរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) តាមរយៈកិច្ចសហការជាមួយនឹងអង្គការ Water.Org ជូនដល់គ្រឹះស្ថានសមាជិកដែលបានចូលរួមក្នុងគម្រោងឥណទានទឹកស្អាតនិងអនាម័យ (WCAD)។

កម្មវិធីបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការវាយតម្លៃ និងត្រួតពិនិត្យឥណទាន ដើម្បីពង្រឹង និងពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុដែលប្រកបដោយបរិយាបន្ន ជាពិសេសការផ្តល់ដំណោះស្រាយលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យនៅកម្ពុជាប្រកបដោយនវានុវត្តឌីជីថល។ ជាមួយគ្នានេះ កម្មវិធីបណ្តុះបណ្តាល ក៏ផ្តល់នូវកាលានុវត្តភាពដល់សិក្ខាកាមដើម្បីឈ្វេងយល់អំពីការអនុវត្តល្អៗពាក់ព័ន្ធនឹងថ្នាលឌីជីថល ក៏ដូចជាទទួលបាននូវចំណេះដឹងអំពីការវាយតម្លៃឥណទាន ការគ្រប់គ្រងហានិភ័យ ការប្រមូលទិន្នន័យតាមប្រព័ន្ធឌីជីថល ជាពិសេសការបង្កើតយុទ្ធសាស្ត្រនានាដើម្បីជំរុញ និងគាំទ្រដល់សហគមន៍មូលដ្ឋានក្នុងការទទួលបានឥណទានទឹកស្អាត និងអនាម័យ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ CGCC និង CMA បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាពនៅកម្ពុជា ដែលរួមមានកិច្ចសហប្រតិបត្តិការក្នុងការចូលរួមពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបង្កើនការផ្តល់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើង៕

 

ទស្សនកិច្ចរបស់និស្សិតនៃវិទ្យាស្ថានខេមអេដ មកកាន់សាជីវកម្មធានាឥណទានកម្ពុជា

ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ លោក ណូ លីដា អគ្គនាយក CGCC មានក្តីសោមនស្សដែលបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចនៃនិស្សិតវិទ្យាស្ថានខេមអេដ  (CamEd Business School) មកកាន់ការិយាល័យ CGCC តាមរយៈការដឹកនាំ និងសម្របសម្រួលដោយសាស្ត្រាចារ្យ ហូរ វរៈបុត្ត។

តាមរយៈដំណើរទស្សនកិច្ចនេះ លោកអគ្គនាយក បានចែករំលែកការយល់ដឹងអំពីតួនាទីសំខាន់របស់ CGCC ក្នុងការគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា តាមរយៈការធានាឥណទាន ការធានាសញ្ញាបណ្ណ និងកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC)។ និស្សិតទាំងអស់ក៏ទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រតិបត្តិការនៃការធានាឥណទាន សមិទ្ធផលសំខាន់ៗរបស់ CGCC និងការរួមចំណែកដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចកម្ពុជា។

គួរបញ្ជាក់ផងដែររថា ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ CGCC ក្នុងការចូលរួមកសាងសមត្ថភាព និងអភិវឌ្ឍជំនាញដល់យុវជនកម្ពុជា CGCC ក៏បានចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានខេមអេដ ក្នុងការផ្តល់ឱកាសដល់សិស្សានុសិស្សរបស់វិទ្យាស្ថាន តាមរយៈកម្មវិធីហ្វឹកហាត់ការងារ  (Internship Program) របស់ CGCC ដែលជាក់ស្ដែងនិសិត្សដែលបានបញ្ចប់ការសិក្សាចំនួន ៣រូបបានចូលរួមកម្មវិធីហ្វឹកហាត់ការងារយ៉ាងជោគជ័យផងដែរ។

CGCC ចូលរួមសន្និសីទជាតិកម្ពុជាឆ្នាំ ២០២៥

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារ SUN & MOON, លោក ណូ លីដា អគ្គនាយក CGCC និងសហការី​ បានចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងសន្និសីទជាតិកម្ពុជាឆ្នាំ ២០២៥ (Cambodia National Conference 2025) របស់ស្ថាប័ន CorporateConnections Cambodia ដែលមានការចូលរួមដោយផ្ទាល់ពី ថ្នាក់ដឹកនាំ សមាជិក វាគ្មិនថ្នាក់ជាតិ និងវាគ្មិនអន្តរជាតិ ព្រមទាំងភ្ញៀវកិត្តិយស។ សន្និសីទនេះគឺជាឱកាសដ៏មានតម្លៃក្នុងការបង្កើតទំនាក់ទំនងជាមួយម្ចាស់អាជីវកម្មទាំងក្នុង និងក្រៅប្រទេស ព្រមទាំងស្វែងយល់បន្ថែមពី បទពិសោធន៍ក្នុងការដឹកនាំអាជីវកម្មផ្ទាល់។

តាមរយៈសន្និសីទនេះ លោក ណូ ​លីដា ​ក៏បាន​ចែករំលែកអំពីការគាំទ្ររបស់ CGCC ទៅកាន់សហគ្រាសធុនតូច និងមធ្យមតាមរយៈសេវាកម្ម និងផលិតផលរបស់ CGCC ដែលរួមមាន ការធានាលើកម្ចីអាជីវកម្ម ការធានាសញ្ញាបណ្ណ និងកម្មវិធីកសាងសមត្ថភាពសម្រាប់សហគ្រិនរបស់ CGCC  ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា ស្ថាប័ន CorporateConnections គឺជាសហគមន៍បណ្តាញធុរកិច្ចសកល ដែលបានបង្កើតឡើងក្នុងគោលដៅ ផ្សារភ្ជាប់អ្នកដឹកនាំជុំវិញពិភពលោក និងផ្តល់សិទ្ធិអំណាចដល់ពួកគេដើម្បីបង្កើតឱកាសអាជីវកម្ម និងការផ្លាស់ប្តូរជាវិជ្ជមានប្រកបដោយអត្ថន័យនៅក្នុងស្ថាប័ន សហគមន៍ និងជីវិតរស់នៅរបស់ពួកគេ។ បច្ចុប្បន្ននេះ ស្ថាប័ន CorporateConnections មាននៅក្នុងប្រទេស ចំនួន ៣៣ប្រទេស និងមានសមាជិកសរុបចំនួន ១.៧០០នាក់។ គោលបំណងរបស់ CorporateConnections Cambodia គឺផ្សារភ្ជាប់ប្រទេសកម្ពុជាទៅកាន់ពិភពលោក និងផ្សារភ្ជាប់ពិភពលោកមកកាន់ប្រទេសកម្ពុជា។

 

CGCC បរិច្ចាគថវិកាចំនួន ២០.០០០.០០០ រៀល ក្នុងការគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា

កាលពីព្រឹកថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលដឹកនាំដោយប៊ុត វ៉ាន់នី ប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាលរបស់ CGCC និងបុគ្គលិករបស់ CGCC បានចូលជួបសម្តែងការគួរសមនិងសំណេះសំណាលជាមួយ លោកស្រី ថន កេណ្ណារ័ត្ន អគ្គនាយករង និងជាប្រធានផ្នែករដ្ឋបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងបាននាំយកថវិកាពី CGCC ចំនួន ២០.០០០.០០០ រៀល ដើម្បីប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

ការបរិច្ចាគនេះ គឺជាផ្នែកមួយនៃការចូលរួមគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្ដើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីស្នាមញញឹមកុមារកម្ពុជា និងរួមចំណែកបន្តនិរន្តរភាពនៃដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា៕

ដំណើរទស្សនកិច្ចរបស់ CGCC ទៅកាន់សហគ្រាស ក្នុងវិស័យជលផលក្រោយប្រមូលផលក្នុងខេត្តសៀមរាប

នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារ CGCC ដឹកនាំដោយលោក ណូ លីដា អគ្គនាយក CGCC បានធ្វើដំណើរទស្សនកិច្ចសំណេះសំណាលជាមួយម្ចាស់សហគ្រាសនៅក្នុងវិស័យជលផលក្រោយប្រមូលផល ចំនួន២ ក្នុងខេត្តសៀមរាបដែលទទួលបានកម្ចីមានការធានាពី CGCC និងទទួលបានការគាំទ្រទុនវិនិយោគ ក្រោមកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ដែលជាគម្រោងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មនៅកម្ពុជា (UNIDO Cambodia) និងសហការឧបត្ថម្ភដោយសហភាពអឺរ៉ុប និងមាន CGCC ជាអ្នកគ្រប់គ្រងគម្រោងមូលនិធិគម្រោង។

គោលបំណងនៃការជួបពិភាក្សានេះ គឺដើម្បីស្វែងយល់ពីវឌ្ឍនភាពក្រោយទទួលបានការគាំទ្រវិនិយោគពីកម្មវិធី ISF, ស្ថានភាព និងប្រតិបត្តិការអាជីវកម្ម, ផែនការសកម្មភាព, ព្រមទាំងបញ្ហាប្រឈមដែលម្ចាស់សហគ្រាសកំពុងជួបប្រទះ ក្នុងអំឡុងភាពតានតឹងនៃជម្លោះព្រំដែននាពេលបច្ចុប្បន្ននេះ។

តាមរយៈការគាំទ្រពីកម្មវិធី ISF និងការធានាឥណទានពីCGCC ម្ចាស់សហគ្រាសជលផលក្រោយប្រមូលផលទាំងពីរនេះ បាននិងកំពុងអភិវឌ្ឍ និងបង្កើនផលិតភាពអាជីវកម្មរបស់ខ្លួន តាមរយៈការធ្វើទំនើបកម្មនូវសម្ភារបរិក្ខារ និងបច្ចេកទេសកែច្នៃ ដែលអនុវត្តតាមស្ដង់ដារសុវត្ថិភាពចំណីអាហារ ដើម្បីពង្រីកទីផ្សារក្នុងស្រុក និងឱកាសនាំចេញនាពេលអនាគតផងដែរ៕

ជំនួបពិភាក្សារវាង CGCC ជាមួយធនាគារ FTB និង ធនាគារ ABA ក្នុងខេត្តសៀមរាប

នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារ CGCC ដឹកនាំដោយ លោក ណូ លីដា អគ្គនាយក CGCC បានចុះជួបសម្ដែងការគួរសម និងពិភាក្សាជាមួយថ្នាក់ដឹកនាំ និងសហការីនៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួនពីរ ក្នុងខេត្តសៀមរាប រួមមាន ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) និងធនាគារវឌ្ឍនៈ អាស៊ី ចំកាត់​ (ABA)។

ក្នុងជំនួបពិភាក្សានេះ លោក ណូ លីដា អគ្គនាយក CGCC បានសម្តែងនូវការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរបស់ធនាគារ FTB និងធនាគារ ABA ក្នុងការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម  ជាពិសេសទៅលើការចូលរួមរបស់ធនាគារទាំងពីរជាមួយ CGCC ក្នុងគម្រោងធានាឥណទានថ្មីៗ ដើម្បីគាំទ្រដល់កំណើនអាជីវកម្មរបស់ SMEs។ បន្ថែមពីនេះ លោកក៏បានចែករំលែកពីបច្ចុប្បន្នភាពនៃគម្រោងឥណទាន និងយន្តការគាំទ្ររបស់ CGCC ដែលពង្រីកលទ្ធភាពក្នុងការផ្តល់ហិរញ្ញប្បទានរបស់ PFIs និងមានលក្ខខណ្ឌប្រសើរជាងមុន​។

កិច្ចពិភាក្សានេះក៏ជាឱកាសមួយដ៏ពិសេសសម្រាប់ CGCC និងសាខាខេត្តរបស់ PFIs ក្នុងការពិភាក្សាដោយបើកចំហរអំពីស្ថានភាពអាជីវកម្មនៅក្នុងតំបន់, បញ្ហាប្រឈមដែលធនាគារ និងម្ចាស់អាជីវកម្មជួបប្រទះ, និងទទួលយកអនុសាសន៍ ក៏ដូចជាសំណូមពរនានាលើកិច្ចសហប្រតិបត្តិការកន្លងមក៕