នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លោក ណូ លីដា អគ្គនាយក CGCC និងលោកស្រី សាន សុខរីណា ប្រធានជាន់ខ្ពស់ទទួលបន្ទុកការិយាល័យ អភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការរបស់ CGCC បានចូលរួមក្នុងសិក្ខាសាលាបច្ចេកទេសបិទបញ្ចប់គម្រោង CAPFish-Capture (លទ្ធផលទី២) ក្រោមប្រធានបទ “ការជំរុញសមត្ថភាពប្រកួតប្រជែង ដើម្បីកំណើនអាជីវកម្មក្នុងវិស័យជលផលកាន់តែប្រសើរឡើងនៅកម្ពុជា” ដែលរៀបរៀបចំឡើងដោយអង្គការ UNIDO សហការជាមួយរដ្ឋបាលជលផល (FiA) និងសហភាពអឺរ៉ុប ក្រោមការអញ្ជើញជាអធិបតីភាពដោយ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីអ្នកបង្កើតគោលនយោបាយ ដៃគូអភិវឌ្ឍន៍ និងអ្នកតំណាងផ្នែកឯកជនរួមគ្នាជាច្រើន ក្នុងគោលបំណងពិនិត្យមើលសមិទ្ធផលគម្រោង ចែករំលែកមេរៀន និងស្វែងយល់ពីយុទ្ធសាស្ត្រសម្រាប់កំណើនវិស័យឯកជនប្រកបដោយនិរន្តរភាពក្នុងវិស័យជលផលរបស់កម្ពុជា។

នាឱកាសនោះដែរ លោក ណូ លីដា ក៏បានចូលរួមជាវាគ្មិនកិត្តិយសលើកិច្ចពិភាក្សាទី១ ក្រោមប្រធានបទ៖ “ការគាំទ្រផ្នែកសុវត្ថិភាពម្ហូបអាហារ និងសហហិរញ្ញប្បទានដើម្បីជំរុញការប្រកួតប្រជែងរបស់វិស័យឯកជន” រួមជាមួយនឹងតំណាងមកពីរដ្ឋបាលជលផល តំណាងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម អ្នកជំនាញអន្តរជាតិផ្នែកអភិវឌ្ឍវិស័យឯកជន ដែលផ្តោតលើការលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានខ្សែសង្វាក់តម្លៃ ការអនុលោមតាមសុវត្ថិភាពចំណីអាហារ និងការប្រកួតប្រជែង ដើម្បីពង្រឹងលទ្ធភាពទទួលបានទីផ្សារសម្រាប់ផលិតផលជលផលកម្ពុជា។

ជាមួយគ្នានេះលោកស្រី សាន សុខរីណា ក៏បានចូលរួមជាវាគ្មិនកិត្តិយសលើកិច្ចពិភាក្សាទី២ ក្រោមប្រធានបទ៖ “ការគាំទ្រផ្នែកសេវាកម្មអភិវឌ្ឍអាជីវកម្ម និងការចូលរួមរបស់សមាគមនក្នុងការអភិវឌ្ឍវិស័យឯកជនដើម្បីជំរុញកំណើនប្រកបដោយបរិយាប័ន្ន និងចីរភាព” ដែលផ្ដោតទៅលើការយល់ដឹងអំពីសារៈសំខាន់របស់ផែនការអាជីវកម្មសម្រាប់សហគ្រាសជលផលនៅកម្ពុជាក្នុងការទទួលបានហិរញ្ញប្បទានដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្មជលផលប្រកបដោយនិរន្តរភាព។

សិក្ខាសាលាបានបញ្ចប់ដោយមានការទទួលស្គាល់ពីអ្នករួមចំណែកសំខាន់ៗ និងអ្នកដឹកនាំនៃការផ្លាស់ប្តូរ ដែលបានគាំទ្រការកែលម្អខ្សែសង្វាក់តម្លៃ និងកំណើនអាជីវកម្មរួមបញ្ចូល។ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សានេះ CGCC បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត ក្នុងការជំរុញភាពច្នៃប្រឌិត ភាពជាដៃគូ និងភាពប្រកួតប្រជែងក្នុងខ្សែសង្វាក់តម្លៃជលផលរបស់កម្ពុជា។



























