តើអាជីវកម្មរបស់អ្នកផលិតផលិតផល ឬផ្តល់សេវាអ្វី? តើមានអាជីវកម្មណា ទៀត ដែលផលិតផលិតផល និងផ្តល់សេវាដូចអាជីវកម្មរបស់អ្នក? តើអ្នកមានយុទ្ធសាស្ត្រអាជីវកម្មបែបណា ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ? ចម្លើយទៅនឹង សំណួរនេះ ទាក់ទងនឹងរចនាសម្ព័ន្ធទីផ្សារ ដែលអាជីវកម្មរបស់អ្នកកំពុងតែ ស្ថិតនៅ។ រចនាសម្ព័ន្ធទីផ្សារ សំដៅលើ ចរិក លក្ខណៈនៃទីផ្សារ រួមមាន ចំនួនអាជីវកម្ម, ប្រភេទផលិតផលនិងសេវា, សេរីភាពនៃការចូល និងដកខ្លួនចេញពីទីផ្សារជាដើម។ រចនាសម្ព័ន្ធទីផ្សារ ដើរតួនាទីយ៉ាងសំខាន់ក្នុងសម្រេចចិត្តជា យុទ្ធសាស្ត្រក្នុងអាជីវកម្ម ថាតើត្រូវធ្វើប្រតិបត្តិការនិងប្រកួតប្រជែងយ៉ាងដូចម្តេច។
ទីផ្សារប្រកួតប្រជែងល្អឥតខ្ចោះ
ប្រសិនអ្នកចង់ទិញទឹកបរិសុទ្ធពិសារនៅទីក្រុងភ្នំពេញ អ្នកមានជម្រើសជាច្រើន ដូចជា ទឹកបរិសុទ្ធ វីតាល់, អង្គរពូរ៉ូ, ដាសានី, ឱរ៉ាល់, ហាយ-ធិច, អរុណា, និងទឹកបរិសុទ្ធ កម្ពុជា ជាដើម។ ទោះបីមានផ្លាកសញ្ញាខុសគ្នា ទឹកបរិសុទ្ធ ទាំងនេះមានរសជាតិដូចគ្នា និងជាធម្មតាត្រូវបានលក់ក្នុងតម្លៃ ១.០០០រៀល ក្នុងមួយដបដូចគ្នា ដែលជាថ្លៃលំនឹងទីផ្សារសម្រាប់ទឹកបរិសុទ្ធប្រភេទនេះ។ ប្រសិនទឹកបរិសុទ្ធទាំងនេះត្រូវបានលក់នៅកន្លែងតែមួយដូចគ្នា ទឹកបរិសុទ្ធ ណាមួយដែលលក់ថ្លៃជាងថ្លៃលំនឹងទីផ្សារ នឹងបាត់បង់ទីផ្សារ។ អតិថិជននឹង ប្តូរទៅទិញទឹកបរិសុទ្ធណាដែលមានតម្លៃទាបជាងគេបំផុត។ ទីផ្សារសម្រាប់ ទឹកបរិសុទ្ធ គឺជាឧទារណ៍ប្រហាក់ប្រហែលបំផុត សម្រាប់ទីផ្សារប្រកួតប្រជែងល្អឥតខ្ចោះ។
ទីផ្សារប្រកួតប្រជែងល្អឥតខ្ចោះ គឺជារចនាសម្ព័ន្ធទីផ្សារ ដែលមានអាជីវកម្មច្រើន ផលិតផលិតផល ឬផ្តល់សេវាដូចគ្នាបេះបិត ហើយគ្មានអាជីវកម្មណាមួយមានអំណាចក្នុងការកំណត់ថ្លៃនោះទេ។ អតិថិជនមានព័ត៌មានពេញលេញ អំពីផលិតផល និងសេវា ហើយតម្លៃនៃផលិតផលនិងសេវាត្រូវបានកំណត់ ទាំងស្រុងដោយកត្តាតម្រូវការនិងការផ្គត់ផ្គង់។ ការចូល ឬដកខ្លួនចេញពីទីផ្សារ មានភាពងាយស្រួលបំផុត។ យុទ្ធសាស្ត្រក្នុងការប្រកួតប្រជែងក្នុងទីផ្សារប្រភេទនេះ គឺត្រូវកំណត់ថ្លៃលក់ ( P ) ឱ្យស្មើនឹងចំណាយក្នុងការផលិតមួយឯកតាបន្ថែម ( Marginal Cost – MC )។
ជាការពិតណាស់ ទីផ្សារប្រកួតប្រជែងល្អឥតខ្ចោះគឺកម្រនឹងកើតមាន (ឬមិន កើតមានសោះតែម្តង) ក្នុងស្ថានភាពជាក់ស្តែង។ ចរិកលក្ខណៈនៃទីផ្សារ ដែលថាមានអាជីវកម្មច្រើនផលិតផលិតផល ឬសេវាដូចគ្នាបេះបិត, អតិថិជន មានព័ត៌មានពេញលេញអំពីផលិតផល ឬសេវា, ហើយការចូល ឬដកខ្លួនចេញពីទីផ្សារមានភាពងាយស្រួលបំផុតនោះ គឺពិបាកនឹងកើតមានណាស់។ យ៉ាងណាក៏ដោយ ទីផ្សារប្រកួតប្រជែងល្អឥតខ្ចោះ គឺជាទ្រឹស្តីដែលអាចជួយឱ្យ យើងប្រើប្រាស់ដើម្បីប្រៀបធៀបនិងស្វែងយល់អំពីស្ថានភាពជាក់ស្តែងនៃទីផ្សារ។
ទីផ្សារផ្តាច់មុខ
ខ្ញុំបានត្រឡប់ចូលបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុវិញក្នុងឆ្នាំ២០១០ ខ្ញុំត្រូវបានចាត់ឱ្យធ្វើការពាក់ព័ន្ធនឹងការបោះផ្សាយលក់មូលបត្រជាលើកដំបូងជាសាធារណៈ (IPO ) ដែលជាការធ្វើ IPO លើកដំបូងបំផុត នៅលើក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ ដោយសារជាលើកដំបូងបំផុតនៅកម្ពុជា ការចុះបញ្ជី បោះផ្សាយលក់មូលបត្ររបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA ) មានបញ្ហាប្រឈមជាច្រើន និងចំណាយពេលយូរជាងធម្មតា។ យ៉ាងណាក៏ដោយ PPWSA បានបញ្ចប់នីតិវិធីនៃការចុះបញ្ជីបោះផ្សាយលក់មូលបត្រ ដោយជោគជ័យ នៅក្នុងខែមេសា ឆ្នាំ២០១២ ដោយកៀរគរទុនបានប្រមាណ ២០លានដុល្លារ។ ការវិនិយោគលើភាគហ៊ុនរបស់ PPWSA គឺជាការវិនិយោគដែលមានហានិភ័យទាប ដោយសារ PPWSA គឺជាប្រតិបត្តិករទឹកស្អាត តែមួយគត់ ដែលមានអាជ្ញាបណ្ណនៅទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ។ PPWSA ផ្តល់សេវាដែលមិនអាចខ្វះបាន (សេវាទឹកស្អាត) និងមិនមានដៃគូប្រកួតប្រជែងនោះទេ ក្នុងព្រំដែនអាជីវកម្មដែលត្រូវបានអនុញ្ញាត។ PPWSA អាចកំណត់តម្លៃទឹកស្អាត ដោយមិនព្រួយបារម្ភពីការបាត់បង់អតិថិជន។ និយាយឱ្យខ្លី PPWSA ផ្តល់ សេវាផ្តាច់មុខ។
ទីផ្សារផ្តាច់មុខ ផ្ទុយគ្នាពីទីផ្សារប្រកួតប្រជែងល្អឥតខ្ចោះ។ នៅក្នុងទីផ្សារផ្តាច់ មុខ មានអ្នកលក់តែមួយប៉ុណ្ណោះ និងមានអ្នកទិញច្រើន។ ទីផ្សារនេះមានរបាំង ដែលមិនអនុញ្ញាតឱ្យដៃគូប្រកួតប្រជែងអាចចូលក្នុងទីផ្សារនេះបាន។ អាជីវកម្មក្នុងទីផ្សារផ្តាច់មុខ អាចចាប់យកប្រាក់ចំណេញជាអតិបរមា ដោយផលិត ផលិតផល ឬផ្តល់សេវា ក្នុងបរិមាណមួយ ដែលចំណូលក្នុងមួយឯកតាបន្ថែម (Marginal Revenue – MR ) ស្មើនឹងចំណាយក្នុងមួយឯកតាបន្ថែម ហើយកំណត់ថ្លៃលក់ខ្ពស់បំផុតតាមដែលអាចធ្វើបាន ល្គឹកណាអតិថិជននៅតែមានឆន្ទៈក្នុងការទិញ។ យ៉ាងណាក៏ដោយ យុទ្ធសាស្ត្រថ្លៃរបស់អាជីវកម្មក្នុងទីផ្សារផ្តាច់មុខតែងតែស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ ដើម្បីធានាថាផលិតផល ឬសេវាផ្តាច់មុខនោះ អាចផ្តល់អត្ថប្រយោជន៍ដល់សង្គម។ អាជីវកម្មផ្សេងទៀត ដែលអាចត្រូវបានចាត់ទុកថាផ្តល់សេវាផ្តាច់មុខនៅកម្ពុជា មានដូចជា អគ្គិសនី កម្ពុជា, ក្រុមហ៊ុន ណាហ្គា, ក្រុមហ៊ុន ស៊ីនទ្រី, និងក្រុមហ៊ុនដែលខ្ញុំកំពុងបម្រើការ គឺសាជីវកម្មធានាឥណទានកម្ពុជា។
ទីផ្សារប្រកួតប្រជែង
ប្រសិនអ្នកសួរប្រជាជនកម្ពុជា ថាតើពួកគាត់ប្រើប្រាស់សេវាទូរសព័្ទចល័តមួយណានោះ ពិតណាស់ចម្លើយប្រាកដជា Cellcard, Smart ឬក៏ Metfone ជាមិនខាន។ ក្រុមហ៊ុនទាំងបីនេះ គឺជាក្រុមហ៊ុននាំមុខក្នុងទីផ្សារសេវាទូរសព័្ទ ចល័ត ដែលក្តោបក្តាប់ចំណែកទីផ្សារលើសពី ៩០% ។ Cellcard, Smart និង Metfone ប្រកួតប្រជែងគ្នាយ៉ាងខ្លាំង លើគ្រប់ផ្នែក ទាំងថ្លៃ, ទាំងផលិតផល, ទាំងនវានុវត្តន៍, និងទាំងការផ្សាយពាណិជ្ជកម្មជាដើម។ ធ្លាប់មានក្រុមហ៊ុន សេវាទូរសព័្ទចល័តមួយចំនួនបានព្យាយាមចូលក្នុងទីផ្សារនេះ ប៉ុន្តែបានដកខ្លួនវិញ ដូចជា ក្រុមហ៊ុន Beelines និង QB ជាដើម។ សេវាទូរសព័្ទចល័ត គឺជាទីផ្សារប្រកួតប្រជែង ( Oligopoly )។ ខ្ញុំមិនដឹងថាតើត្រូវបកប្រែ Oligopoly ជាភាសាខ្មែរ ឱ្យបានត្រឹមត្រូវថាម៉េចនោះទេ។ ពាក្យនេះហាក់មិនទាន់មានជា ភាសាខ្មែរនៅឡើយទេ។
ទីផ្សារប្រកួតប្រជែង (Oligopoly) គឺជាទីផ្សារដែលមានអាជីវកម្មក្នុងចំនួនតិច ដែលប្រកួតប្រជែងគ្នា និងក្តោបក្តាប់ទីផ្សារ។ ទីផ្សារប្រភេទនេះ មានការប្រកួត ប្រជែងគ្នាខ្លាំង ហើយការចូលក្នុងទីផ្សារនេះ មានការលំបាកខ្លាំង។ យុទ្ធសាស្ត្រ ដែលប្រើដោយអាជីវកម្មមួយក្នុងទីផ្សារនេះ មានឥទ្ធិពលលើការកំណត់យុទ្ធសាស្ត្រ ឆ្លើយតបរបស់អាជីវកម្មផ្សេងទៀត។ ដោយសារតែមានអាជីវកម្មក្នុងចំនួនតិច អាជីវកម្មទាំងអស់ក្នុងទីផ្សារនេះអាចនឹងសហការគ្នា ក្នុងការកំណត់បរិមាណ ផលិតផល និងកំណត់ថ្លៃ ដើម្បីទទួលបានប្រាក់ចំណេញអតិបរមា ដើម្បីចែកគ្នា (collusion ) ហើយពួកគេធ្វើប្រតិបត្តិការអាជីវកម្ម ហាក់បីដូចជាអាជីវកម្មផ្តាច់មុខ។ ទីផ្សារប្រកួតប្រជែង (Oligopoly ) ផ្សេងទៀតនៅកម្ពុជា អាចជាទីផ្សារផ្សារទំនើប (ផ្សារទំនើបឡាក់គី, ផ្សារទំនើបអុីអន, ផ្សារទំនើបជីបម៉ុង), ទីផ្សារប្រេងឥន្ទនៈលក់រាយ (តូតាល់, តេឡា, និងកាល់តិច), និងទីផ្សាររោងភាពយន្ត (លេជេន និង មេជ័រ ស៊ីណេផ្លិច)។
អាជីវកម្មនៅក្នុងរចនាសម្ព័ន្ធទីផ្សារខុសគ្នា ត្រូវកំណត់យុទ្ធសាស្ត្រអាជីវកម្ម ខុសគ្នាដើម្បីដំណើរការ និងប្រកួតប្រជែង។ ដូច្នេះ តើរចនាសម្ព័ន្ធទីផ្សារមួយណា ល្អជាងគេ? មិនមានរចនាសម្ព័ន្ធទីផ្សារណាមួយល្អបំផុតនោះទេ។ រចនាសម្ព័ន្ធទីផ្សារនីមួយៗមានចំណុចល្អ និងចំណុចមិនល្អរៀងៗខ្លួន អាស្រ័យលើទីផ្សារជាក់លាក់ និងគោលនយោបាយរបស់រដ្ឋាភិបាលចំពោះទីផ្សារទាំងនោះ៕
តារាងសង្ខេបអំពីរចនាសម្ព័ន្ធទីផ្សារ
អាននិងទាញយកជា PDF: ការស្វែងយល់អំពីរចនាសម្ព័ន្ធទីផ្សារ