ដំណើរការនៃការធានាសញ្ញាបណ្ណរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC)៖ ជំហានសាមញ្ញសម្រាប់អ្នកបោះផ្សាយ
ការបោះផ្សាយសញ្ញាបណ្ណស្តាប់ទៅហាក់ដូចជាស្មុគស្មាញ ប៉ុន្តែជាមួយការគាំទ្រពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដំណើរការត្រូវបានរៀបចំឡើងយ៉ាងល្អនិងងាយស្រួលខុសពីការគិតរបស់អ្នក។ ការធានាសញ្ញាបណ្ណរបស់ CGCC ជួយបង្កើនទំនុកចិត្តរបស់វិនិយោគិន បង្កើនកម្រិតឥណទានរបស់អ្នក និងទទួលបានដើមទុនជាមួយលក្ខខណ្ឌល្អប្រសើរជាងមុន។ ដំណើរការដាក់ពាក្យស្នើសុំ ត្រូវបានរៀបចំឡើងដើម្បីណែនាំដល់ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណតាមដំណាក់កាលនីមួយៗ ចាប់ពីការបង្ហាញចំណាប់អារម្មណ៍ដំបូង រហូតដល់ការធានាផ្លូវការ។ ដំណាក់កាលនីមួយៗមានតម្លាភាព ដោយ CGCC ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណ ដើម្បីធានាថាពួកគេបានត្រៀមខ្លួនរួចជាស្រេច។
ជំហានទី ១៖ លិខិតបព្ជាក់ចំណាប់អារម្មណ៍
ដំណើរការទាំងមូលចាប់ផ្តើមដោយ លិខិតបញ្ជាក់ចំណាប់អារម្មណ៍ដ៏សាមញ្ញមួយ។ តាមរយៈការចែករំលែកនូវ ព័ត៌មានលម្អិតជាមូលដ្ឋានរបស់ក្រុមហ៊ុន របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរយៈពេល ៣ឆ្នាំចុងក្រោយ ព័ត៌មានអំពីសញ្ញាបណ្ណ បញ្ជីឈ្មោះវិនិយោគិនសក្តានុពល ព័ត៌មានអភិបាលកិច្ចសាជីវកម្មនិងកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនធានាទិញមូលបត្រ។ CGCC នឹងពិនិត្យលើលក្ខខណ្ឌដំបូង។ ដំណាក់កាលនេះមានភាពរហ័ស និងមិនស្មុគស្មាញ។
ជំហានទី ២៖ ការដាក់ពាក្យស្នើសុំជាផ្លូវការ
បន្ទាប់ពីការត្រួតពិនិត្យលើលក្ខខណ្ឌដំបូងបានបញ្ចប់ ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណត្រូវបានអញ្ជើញឱ្យដាក់ពាក្យស្នើសុំធានាសញ្ញាបណ្ណជាផ្លូវការ។ ឯកសារតម្រូវរួមមាន ទម្រង់ពាក្យស្នើសុំធានាសញ្ញាបណ្ណរបស់ CGCC ផែនការអាជីវកម្ម ផែនការថវិកាលម្អិតដែលភ្ជាប់ជាមួយការព្យាករណ៍លំហូរសាច់ប្រាក់ ឯកសារពាក់ព័ន្ធនឹងក្រុមហ៊ុន ចំណាត់ថ្នាក់ឥណទាន អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតបទប្បញ្ញត្តិពាក់ព័ន្ធទាំងអស់។ បន្ថែមពីនេះ ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណត្រូវរំពឹងថា នឹងផ្តល់នូវរបាយការណ៍ត្រួតពិនិត្យបំពេញកាតព្វកិច្ចតាមច្បាប់ ផ្នែកគតិយុត្ត ផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការ និងរបាយការណ៍ផលប៉ះពាល់សង្គមនិងបរិស្ថាន។ ឯកសារធានា កិច្ចសន្យាសំខាន់ៗជាមួយភាគីពាក់ព័ន្ធ និងឯកសារផ្សេងទៀតអាចត្រូវបានស្នើសុំបន្ថែមតាមការចាំបាច់។
ជំហានទី ៣៖ ការសិក្សាវាយតម្លៃ
ក្នុងដំណាក់កាលវាយតម្លៃ ដែលជាការវាយតម្លៃតាមឯកសារដែលបានផ្តល់ឱ្យ CGCC ត្រួតពិនិត្យលើពាក្យស្នើសុំធានាសញ្ញាបណ្ណ ដើម្បីវាយតម្លៃភាពរឹងមាំផ្នែកហិរញ្ញវត្ថុ កម្រិតនៃឥណទាន និងលទ្ធភាពសម្រេចបាននៃគម្រោងរបស់ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណ។ ការវាយតម្លៃនេះរួមបញ្ចូលទាំងការវិភាគលើរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម ការព្យាករណ៍លំហូរសាច់ប្រាក់ អភិបាលកិច្ចសាជីវកម្ម និងហានិភ័យសំខាន់ៗដើម្បីធានាថាសញ្ញាបណ្ណនោះបំពេញតាមលក្ខខណ្ឌនិងសូចនាករហានិភ័យរបស់ CGCC មុនពេលបន្តទៅដំណាក់កាលចុះត្រួតពិនិត្យបំពេញកាតព្វកិច្ចតាមច្បាប់។
ជំហានទី ៤៖ ការអនុម័តជាគោលការណ៍
បន្ទាប់ពីការវាយតម្លៃលើឯកសាររួចមក CGCC អាចចេញលិខិតអនុម័តជាគោលការណ៍ ដែលបង្ហាញពីការអនុម័តបឋមដើម្បីបន្តនីតិវិធីបន្ទាប់។ លិខិតអនុម័តជាគោលការណ៍បញ្ជាក់ថា ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណបានបំពេញតាមលក្ខខណ្ឌ និងសូចនាករហានិភ័យដំបូង ហើយនឹងកំណត់លក្ខខណ្ឌសម្រាប់ដំណាក់កាលបន្តនៃការចុះត្រួតពិនិត្យបំពេញកាតព្វកិច្ចតាមច្បាប់ មុននឹងឈានដល់ការអនុម័តចុងក្រោយ។
ជំហានទី ៥៖ ការចុះត្រួតពិនិត្យបំពេញកាតព្វកិច្ចតាមច្បាប់
បន្ទាប់ពីទទួលបានលិខិតអនុម័តជាគោលការណ៍ CGCC នឹងធ្វើការចុះត្រួតពិនិត្យបំពេញកាតព្វកិច្ចតាមច្បាប់លម្អិត ដែលគ្របដណ្តប់លើផ្នែកហិរញ្ញវត្ថុ ផ្លូវច្បាប់ ប្រតិបត្តិការ ផលប៉ះពាល់បរិស្ថាននិងសង្គម របស់ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណ។ ដំណើរការនេះរួមមាន៖ ការចុះពិនិត្យទីតាំង ការសម្ភាសន៍ថ្នាក់ដឹកនាំ និងការផ្ទៀងផ្ទាត់ឯកសារ និងរបាយការណ៍សំខាន់ៗ ដូចជារបាយការណ៍នៃការចុះត្រួតពិនិត្យបំពេញកាតព្វកិច្ចតាមច្បាប់ដោយយកចិត្តទុកដាក់ផ្នែកហិរញ្ញវត្ថុ និងច្បាប់ជាដើម។ គោលបំណងគឺដើម្បីបញ្ជាក់នូវភាពគួរឱ្យទុកចិត្តជារួម ភាពរឹងមាំនៃអភិបាលកិច្ចសាជីវកម្ម និងសមត្ថភាពរបស់ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណ មុននឹងឈានទៅដល់ការអនុម័តចុងក្រោយ។
ជំហានទី ៦៖ ការអនុម័តជាផ្លូវការ និងការចេញលិខិតធានា
បន្ទាប់ពីបញ្ចប់ការចុះត្រួតពិនិត្យបំពេញកាតព្វកិច្ចតាមច្បាប់ទាំងស្រុង និងឈានទៅដល់ដំណាក់កាលអនុម័តជាផ្លូវការ ដែលជាជំហានចុងក្រោយមុនការធានា។ នៅដំណាក់កាលនេះ ការវាយតម្លៃ និងលក្ខខណ្ឌទាំងអស់ត្រូវបានព្រមព្រៀងទាំងអស់គ្នា មុននឹងឈានដល់ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានា និងការចុះអនុវត្តការធានាសញ្ញាបណ្ណជាផ្លូវការ។
អនុសាសន៍សម្រាប់ក្រុមហ៊ុនដែលចង់បោះផ្សាយសញ្ញាបណ្ណ
ក្រុមហ៊ុនដែលមានបំណងចង់បោះផ្សាយសញ្ញាបណ្ណត្រូវបានលើកទឹកចិត្តឱ្យចាប់ផ្តើមរៀបចំឯកសារសំខាន់ៗឱ្យបានឆាប់ជាមុនដូចជា របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម ការព្យាករណ៍អាជីវកម្ម របាយការណ៍ចុះត្រួតពិនិត្យបំពេញកាតព្វកិច្ចតាមច្បាប់ និងជាពិសេសការធ្វើចំណាត់ថ្នាក់ឥណទាន។ ការរៀបចំជាមុនអាចជួយសម្រួលដល់ការវាយតម្លៃ ដែលនាំឱ្យការអនុម័តមានភាពរលូន និងលឿនជាងមុន។
តើអ្នកបានត្រៀមខ្លួនចាប់ផ្តើមដំណើរការធានាសញ្ញាបណ្ណហើយឬនៅ?
ជាមួយនឹងការជួយគាំទ្ររបស់ CGCC ដំណើរការធានាសញ្ញាបណ្ណ មិនត្រឹមតែអាចគ្រប់គ្រងបានល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជំហានដ៏មានតម្លៃ ឆ្ពោះទៅរកភាពជោគជ័យនៅក្នុងទីផ្សារផងដែរ។ ក្រុមការងាររបស់យើងត្រៀមខ្លួនជាស្រេចដើម្បីជួយណែនាំអ្នកចាប់ពីការសាកសួរព័ត៌មានដំបូង រហូតដល់ការធានាជាផ្លូវការ។ ដើម្បីស្វែងយល់បន្ថែមអំពីការធានាសញ្ញាបណ្ណរបស់ CGCC ដែលគាំទ្រដល់ការបោះផ្សាយសញ្ញាបណ្ណរបស់អ្នក សូមទាក់ទងមកកាន់ក្រុមការងាររបស់យើងសម្រាប់ព័ត៌មានបន្ថែមតាមរយៈអុីមែល និងលេខទូរសព្ទដូចខាងក្រោម៖
- អុីមែល: [email protected]
- ទូរស័ព្ទ: ០២៣ ៧២២ ១២៣
- គេហទំព័រ: www.cgcc.com.kh/bond-guarantee
អាននិងទាញយកជា PDF: ស្វែងយល់អំពីដំណើរការធានាសញ្ញាបណ្ណរបស់ CGCC