លោកស្រី ឡ សេងលាភ សព្វថ្ងៃជាប្រធានក្រុមហ៊ុនកិនស្រូវ សេកមាស និងជាស្ថាបនិកក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍។ លោកស្រី បានបន្ដវេនមុខរបរកិនស្រូវពីលោកឪពុករបស់លោកស្រី ចាប់តាំងពីឆ្នាំ១៩៩៤ មក ដែលជាអាជីវកម្មខ្នាតតូចលក្ខណៈគ្រួសារ។ ដោយសង្កេតឃើញពីសក្ដានុពល, តម្រូវការទីផ្សារ, និងក្ដីស្រមៃក្នុងការនាំចេញអង្ករទៅក្រៅប្រទេស លោកស្រីបានចាប់ផ្ដើមគំនិតអភិវឌ្ឍ និងពង្រីកអាជីវកម្មក្នុងឆ្នាំ២០១១។
លោកស្រីបានលើកឡើងពីប្រវត្តិនៃការចាប់ផ្តើមការនាំចេញអង្ករថា លោកស្រីធ្លាប់បានប្រើប្រាស់កម្ចីជាទុនបង្វិលប្រមូលទិញស្រូវ ដែលអាចបង្កើនចំនួនស្ដុកដែលលោកស្រីអាចលក់ចេញនូវទំហំធំជាងមុន ពោលក្នុងឆ្នាំ២០១៤ លោកស្រី បានសម្រេចក្ដីស្រមៃក្នុងការនាំចេញអង្ករជាលើកដំបូង។ សព្វថ្ងៃ ក្រុមហ៊ុនរបស់លោកស្រី បាននាំចេញអង្ករទៅកាន់អឺរ៉ុប សហរដ្ឋអាមេរិក ហើយភាគច្រើនទៅទីផ្សារប្រទេសចិន។
លោកស្រីបានឱ្យដឹងថា ការពង្រីកអាជីវកម្ម ពិតជាមានភាពលំបាក ដោយសារលោកស្រីមានដើមទុនតិច និងចំណេះដឹងអំពីស្ដង់ដាគ្រឿងម៉ាស៊ីន នៅមានកម្រិត។ ប៉ុន្ដែកត្តាទាំងនេះ ក៏មិនបានបញ្ឈប់លោកស្រីឡើយ ពោលលោកស្រីបានខិតខំចំណាយពេលសិក្សា និងប្រមូលប្រភពទុន ដើម្បីបំពាក់គ្រឿងបរិក្ខារ ស្របតាមស្ដង់ដា ទៅតាមតម្រូវការប្រតិបត្តិការអាជីវកម្មរបស់លោកស្រី។
លោកស្រី បានចែករំលែកថា៖ “ខ្ញុំពង្រីកតាមដំណាក់កាល ក្នុងមួយឆ្នាំយើងត្រូវពង្រីកផ្នែកណាខ្លះ យើងត្រូវមានគោលដៅច្បាស់លាស់ ថាក្នុងមួយឆ្នាំយើងចង់ពង្រីកអ្វីបន្ថែម ដែលអាចផលិតជាអង្ករបាន។”
ការពង្រីកអាជីវកម្មតាមរយៈតម្រូវការទុនរបស់លោកស្រី បានបន្តរហូតដល់ពេលមួយដែល លោកស្រី ទទួលបានព័ត៌មានអំពីការធានាឥណទានលើកម្ចីអាជីវកម្ម ដែលគ្មានទ្រព្យធានាពីសហព័ន្ធស្រូវអង្ករកម្ពុជា ហើយលោកស្រីក៏បានដាក់ស្នើកម្ចីជាទុនបង្វិលក្នុងការពង្រីកអាជីវកម្មមួយនេះ។ លោកស្រីបានបន្ថែមថា៖ “កម្ចីមានការធានានេះ មានសារៈប្រយោជន៍ច្រើន ដោយសារយើងមានកម្ចី (មុន) នៅធនាគារពាណិជ្ជអស់ហើយ តែបន្ទាប់ពី CGCC មិនតម្រូវឱ្យមានទ្រព្យធានា គឺយើងអាចស្នើកម្ចីមានការធានាពីខាង (ធនាគារដៃគូ) CGCC មកធ្វើជាទុនបន្ថែម។”
លោកស្រីក៏បានរំលឹកឡើងវិញដែរថា លោកស្រី បានចាប់ផ្ដើមអាជីវកម្មជាមួយលោកឪពុក ពីមានបុគ្គលិក ២រូប រហូតដល់សព្វថ្ងៃលោកស្រី មានបុគ្គលិកសរុបចំនួន ៤០រូប ហើយទិន្នផលកិនស្រូវក្នុងមួយថ្ងៃចំនួន ៥កុងតឺន័រ (២៤តោន ក្នុងមួយកុងតឺន័រ) រហូតដល់បច្ចុប្បន្ន លោកស្រីអាចផលិតបានចន្លោះពី ៨ ទៅ ១០កុងតឺន័រ។ ទន្ទឹមនឹងនេះ លោកស្រី ក៏មានលទ្ធភាពក្នុងការទទួលទិញស្រូវសើម ជាមធ្យមក្នុងមួយថ្ងៃ ប្រមាណ ៦០០តោន ផ្ទុយពីពេលមុន ដែលការប្រមូលទិញមិនដល់ ១០០តោនផង ដោយសារការហាលស្រូវត្រូវបានធ្វើឡើងតាមលក្ខណៈប្រពៃណី។
លោកស្រី បានបន្ថែមថា៖ “ពីមុន ខ្ញុំមានលទ្ធភាពត្រឹមតែទិញ (ស្រូវ) ដែលកសិករគាត់ដឹកយកមកលក់រាយ តែបន្ទាប់ពីខ្ញុំបានពង្រីកខ្លួន (អាជីវកម្ម) មក ខ្ញុំបានបំពាក់ឡសម្ងួត ទិញស្រូវដែលដឹកតាមឡាន និងក្នុងបរិមាណច្រើន។”
លោកស្រីនៅតែមានទិសដៅចង់ពង្រីក និងចូលរួមចំណែកនាំចេញអង្ករកម្ពុជាឱ្យបានកាន់តែច្រើនជាងនេះ ក្នុងគោលបំណងផ្សព្វផ្សាយផលិតផលអង្ករកម្ពុជា ជាពិសេស ជួយដល់ប្រជាកសិករដែលដាំដុះស្រូវឱ្យមានទីផ្សារអាចលក់ចេញ និងបង្កើនការនាំចេញដែលគាំទ្រដល់សេដ្ឋកិច្ចកម្ពុជា។ គួរបញ្ជាក់ផងដែរថា លោកស្រី បានទទួលបណ្ណសរសើរ និងពានរង្វាន់សហគ្រាសឆ្នើម ដែលបានប្រើប្រាស់កម្ចីមានការធានា ប្រកបដោយប្រសិទ្ធភាពខ្ពស់ពី CGCC នៅដើមឆ្នាំ២០២៦ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
អាននិងទាញយកជា PDF: ជួបជាមួយសហគ្រិនស្រ្ដីឆ្នើមក្នុងវិស័យស្រូវអង្ករ៖ ពីអាជីវកម្មបែបគ្រួសារ ទៅកាន់ទីផ្សារអន្ដរជាតិ
