CGCC

CGCC អបអរសាទរទិវានារីអន្ដរជាតិ

នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ CGCC បានរៀបចំកម្មវិធីជួបជុំមួយ ដើម្បីអបអរសាទរទិវានារីអន្តរជាតិ និងថ្លែងអំណរគុណដល់បុគ្គលិកនារីគ្រប់រូបនៃ CGCC ដែលបានចូលរួមបំពេញការងារយ៉ាងសកម្មសម្រាប់ការកសាង និងអភិវឌ្ឍ CGCC ឱ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងបេសកកម្មចូលរួមបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។

បុគ្គលិកនារីគ្រប់រូបប្រកបដោយសក្តានុពល និងពោរពេញដោយទេពកោសលស្យរបស់ CGCC តែងតែប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ CGCC ដោយបន្តចូលរួមចំណែកអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈការធានាឥណទានសម្រាប់ការពង្រឹង និងពង្រីកអាជីវកម្ម ដើម្បីសម្រេចនូវគោលដៅរួម គឺការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

 

CGCC ចូលរួមក្នុងកម្មវិធី វេទិកាសមាជិកភាពរបស់សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA)

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី ជុន សុថានី ប្រធាននាយកដ្ឋានយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍អាជីវកម្មរបស់ CGCC និងសហការី បានចូលរួមក្នុងកម្មវិធី វេទិកាសមាជិកភាព ដែលរៀបចំឡើងដោយ សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី (WEDC)។

 

តាមរយៈវេទិកានេះ លោកស្រី ជុន សុថានី បានធ្វើបទបង្ហាញអំពី CGCC និងអត្ថប្រយោជន៍នៃការធានាឥណទាន ជូនទៅកាន់សហគ្រិនស្ត្រីប្រមាណ១០០រូប ដែលបានចូលរួមកម្មវិធីនេះ ជាពិសេស លោកស្រីបានចែករំលែកពី គម្រោងធានាឥណទានសម្រាប់សហគ្រិនស្ត្រី (WEGS) ដែលជាគម្រោងបង្កើតឡើងដើម្បីគាំទ្រដល់សហគ្រិនស្រ្តី ក្នុងការទទួលបានហិរញ្ញប្បទានផ្លូវការ ប្រកបដោយលក្ខខណ្ឌអនុគ្រោះ។

 

 

វេទិកាសមាជិកភាពនេះ ត្រូវបាន រៀបចំឡើងក្នុងគោលបំណងបង្កើតជាវេទិកាសម្រាប់សហគ្រិនស្ត្រីគ្រប់រូបទទួលបាននូវ
ឱកាសក្នុងការជួបជុំ ផ្លាស់ប្តូរមតិយោបល់ ផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់ខ្លួន ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីសកម្មភាព និងអត្ថប្រយោជន៍ដែលសហគ្រិនស្ត្រីគ្រប់រូបទទួលបានក្នុងការចូលរួមជាសមាជិកនៃ CWEA ផងដែរ។

វគ្គបណ្តុះបណ្តាលសមត្ថភាពលើការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណ ដោយ CGIF ដល់ CGCC

នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមស្មារតីនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តលើការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណកម្ពុជា មូលនិធិធានាឥណទាន និងជំរុញការវិនិយោគ (CGIF) បានចែករំលែកចំណេះដឹងតាមរយៈវគ្គបណ្តុះបណ្តាលកសាងសមត្ថភាព និងការចែករំលែកបទពិសោធជាលើកដំបូង ដល់គណៈគ្រប់គ្រង និងបុគ្គលិកប្រមាណ២០រូបរបស់ CGCC នៅការិយាល័យរបស់ CGCC។

តាមរយៈវគ្គបណ្ដុះបណ្ដាល​ CGIF បានចែករំលែកអំពីដំណើរការធានាឥណទានរបស់ CGIF និងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យឥណទានសាជីវកម្ម សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

ការចែករំលែកចំណេះដឹងនេះ គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត តាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាង CGCC និង CGIF ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់ស្ថាប័នទាំងពីរ ក្នុងការជំរុញការអភិវឌ្ឍទីផ្សារមូលបត្រនៅក្នុងតំបន់ទាំងមូល។

ពិធីអបអរសាទរខួប ៥ឆ្នាំ របស់ CGCC “៥ឆ្នាំ នៃការធានាឥណទានជាយុទ្ធសាស្រ្ដ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន”

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានសហការរៀបចំខួប៥ឆ្នាំ របស់ CGCC ក្រោមប្រធានបទ “៥ឆ្នាំ នៃការធានាឥណទានជាយុទ្ធសាស្រ្ដ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារសាន់ & មូន រីវើសាយ។

ពិធីនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យ និងអបអរសមិទ្ធផលសំខាន់ៗ, ការវាយតម្លៃអំពី វឌ្ឍនភាពនៃដំណើរការយន្ដការធានាឥណទាន ក្នុងរយៈពេល ៥ឆ្នាំ កន្លងមក, ការប្រគល់ពានរង្វាន់ និងបណ្ណសរសើរជូនគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម, សហគ្រាសឆ្នើម និងបុគ្គលិករបស់ CGCC, ព្រមទាំង​ការប្រមូល​ធាតុ​ចូល​ពីភាគីពាក់ព័ន្ធ អំពីយន្ដការការធានាឥណទាន ក្នុងការកសាងប្រព័ន្ធហិរញ្ញវត្ថុ ប្រកបដោយបរិយាបន្ន, ភាពធន់, និង​ចីរភាពនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះ មានអ្នកចូលរួម ដែលអញ្ជើញមកពីស្ថាប័នរដ្ឋ, ដៃគូអភិវឌ្ឍន៍ជាតិ និង​អន្ដរជាតិ, ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, ក្រុមហ៊ុនមូលបត្រ, សមាគមអាជីវកម្ម, និងស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណ ១៥០រូប។

នៅក្នុងពិធីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានដាក់សម្ពោធជាផ្លូវការនូវ “គម្រោងធានាឥណទានឯកត្តឥណទានពិសេស” ដែលត្រូវបានបង្កើតឡើង ដើម្បីគាំទ្រគោលនយោបាយ, យុទ្ធសាស្រ្ដ, និងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជា វិស័យស្រូវអង្ករ, ស្វាយចន្ទី, កម្មន្ដសាល, ការអភិវឌ្ឍលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ។ល។ គម្រោងនេះ អនុញ្ញាតឱ្យម្ចាស់អាជីវកម្ម អាចដាក់ពាក្យបង្ហាញចំណាប់អារម្មណ៍ មក CGCC ដោយផ្ទាល់ ក្នុងការទទួលបានការធានាឥណទានលើកម្ចីរហូតដល់ ១០ លានដុល្លារ ក្នុងមួយកម្ចី  សម្រាប់​ការប្រើប្រាស់ជាទុនបង្វិល និងពង្រីកអាជីវកម្ម និងអនុញ្ញាតឱ្យ CGCC ចូលរួមវាយតម្លៃលទ្ធភាពសងរបស់អ្នកខ្ចី រួមជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការផ្តល់ហិរញ្ញប្បទាន។

លើសពីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានផ្ដល់ពានរង្វាន់ និងបណ្ណសរសើរ ជូនគ្រឹះស្ថាន​ហិរញ្ញវត្ថុចូលរួមឆ្នើម របស់ CGCC រួមមាន៖ ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA), ធនាគារ មេយប៊ែង ខេមបូឌា ​(Maybank), និងធនាគារស្ថាបនា (Sathapana Bank) ដែលបានបញ្ចេញកម្ចីមានការធានាច្រើនជាងគេ ក្នុងឆ្នាំ២០២៥ និងសហគ្រាសឆ្នើម ចំនួន៣ រួមមាន៖ រោងចក្រធុនតូចកិនស្រូវ សេកមាស, ក្រុមហ៊ុន បាយ័ន ហេរីធេច ហូលឌីង គ្រុប, និងទឹកស្អាត សំណាង ឌីណា លំចង់ ដែលបានប្រើប្រាស់កម្ចីមានការធានា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងបានប្រគល់បណ្ណសរសើរជូនបុគ្គលិករបស់ CGCC ចំនួន ១០រូប  ដែលបានបំពេញការងារ ប្រកបដោយការទទួលខុសត្រូវ, វិជ្ជាជីវៈ, និងបុរេសកម្ម ដើម្បីកសាង និងអភិវឌ្ឍ សាជីវកម្មធានាឥណទានកម្ពុជា នាពេលកន្លងមក។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា៖ “ការបង្កើត CGCC នេះឡើង គឺជាការគិតគូរជាយុទ្ធសាស្ត្រ ដ៏ល្អិតល្អន់ និង ដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៦ នៃរដ្ឋសភា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា, ក្នុងការអនុវត្តវិធានការអន្តរាគមន៍ តាមរយៈយន្តការធានាឥណទាន, សំដៅស្តារ និង ជំរុញកំណើនសេដ្ឋកិច្ច,​​​ ជាពិសេស ក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល, ដោយផ្អែកលើឧត្តមានុវត្តជាអន្តរជាតិ ក៏ដូចជា ការវិវត្តនៃបរិបទសង្គម-សេដ្ឋកិច្ចជាក់ស្តែង​ របស់កម្ពុជា។ យន្តការធានាឥណទាន បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្តគោល-នយោបាយគន្លឹះនានា របស់រាជរដ្ឋាភិបាល រួមមាន៖ ទី១. ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, ជាពិសេស សម្រាប់សហគ្រាសធុនតូច និង មធ្យម, តាមរយៈ ការបង្កើនលទ្ធភាពទទួលបាននូវហិរញ្ញប្បទាន; ទី២. ការពង្រឹងការអភិវឌ្ឍវិស័យឯកជន តាមរយៈ ការគាំទ្រឱ្យមានការវិនិយោគ, ការពង្រីកប្រតិបត្តិការអាជីវកម្ម, និង ការបង្កើតការងារបន្ថែមឱ្យបានកាន់តែច្រើន, ជាពិសេសសម្រាប់យុវជន; និងទី៣. ការពង្រឹងភាពធន់នៃសេដ្ឋកិច្ច តាមរយៈ ការបង្កើនទំនុកចិត្តក្នុងទីផ្សារ និងការរួមគ្នាគ្រប់គ្រងហានិភ័យ, ជាពិសេស ក្នុងអំឡុងវិបត្តិ ឬ បញ្ហាប្រឈមពីកត្តាខាងក្រៅ, ដែលមិនចំណុះនឹងការគ្រប់គ្រងរបស់កម្ពុជា ។

CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្ដល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងរួមចំណែក ដល់កំណើនសេដ្ឋកិច្ច។ នៅក្នុងរយៈពេល ៥ឆ្នាំ កន្លងមកនេះ CGCC បានដាក់ឱ្យដំណើរការការធានាឥណទាន ឯកត្តឥណទាន ចំនួន គម្រោង, ការធានាឥណទានជាកញ្ចប់ ចំនួន ១៧ កិច្ចព្រមព្រៀង,  ការធានាលើ​ការបោះផ្សាយ​សញ្ញាបណ្ណរបស់ក្រុមហ៊ុនចំនួន , និងការធានាឥណទានបោះដុំ ចំនួន ៣ កិច្ចព្រមព្រៀង ព្រមទាំងបានដាក់ឱ្យដំណើរការកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC)។ តាមរយៈគម្រោងទាំងអស់នេះ CGCC បាន​អនុម័តការធានាឥណទាន ចំនួន ៩.៥៥៦ គណនី លើកម្ចី ប្រមាណ ៥២១,២៨ លានដុល្លារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

 

បេសកកម្មមនុស្សធម៌លើកទី២ របស់ CGCC ទៅកាន់គ្រួសារខ្មែរដែលកំពុងរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមព្រំដែន

កាលពីថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដឹកនាំដោយលោក ប៊ុត វ៉ាន់នី ប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាលរបស់ CGCC បានចូលរួមអមដំណើររបស់ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិត (ក្រុមទី៦) នៃសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងជាអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយបាននាំយកជំនួយសប្បុរសធម៌ដែលទទួលបានពីបុគ្គលិកគ្រប់ជាន់ថ្នាក់ និងថវិកាផ្ទាល់របស់ CGCC ប្រគល់ជូនប្រជាពលរដ្ឋជាជនភៀសសឹក និងគ្រួសារ ក៏ដូចជាចុះសួរសុខទុក្ខវីរៈកងទ័ពជួរមុខ និងគ្រួសារ នៅមណ្ឌលសុវត្ថិភាព ដែលកំពុងរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមព្រំដែន។

សម្ភារៈជំនួយមួយចំនួនរួមមានម្ហូបអាហារ រួមជាមួយនឹងថវិការមួយចំនួនផងដែរ ត្រូវបានផ្ដល់ជូនដោយផ្ទាល់ ក្នុងនោះភាគច្រើនរួមមានមនុស្សចាស់ ស្ត្រី និងកុមារតូចៗ ដែលជាក្រុមងាយរងគ្រោះបំផុត។ សកម្មភាពមនុស្សធម៌នេះមិនត្រឹមតែជួយកាត់បន្ថយបន្ទុកជាក់ស្តែងរបស់បងប្អូនជនរួមជាតិខ្មែរដែលជាជនភៀសសឹកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាបង្ហាញដ៏មានអត្ថន័យនៃស្មារតីសាមគ្គីរវាងប្រជាជនខ្មែរទាំងមូល។

បេសកកម្មមនុស្សធម៌នេះជាការបង្ហាញយ៉ាងច្បាស់នៃស្មារតី ខ្មែរជួយខ្មែរ” ដែល ស្រឡាញ់សាមគ្គីភាព និងការថែរក្សាគ្នាទៅវិញទៅមក ដែលបានជ្រាបចូលក្នុងសង្គមខ្មែរតាំងពីយូរលង់ណាស់មកហើយ និងក៏ជាសេចក្ដីបញ្ជាក់ពីកាតព្វកិច្ចជាតិដ៏ជ្រាលជ្រៅក្នុងការធានាថា គ្មានបងប្អូនខ្មែរណាមួយត្រូវបានទុកចោល នៅក្នុងអំឡុងពេលដ៏លំបាកមួយនេះ ហើយក៏ជាសក្ខីភាពបញ្ជាក់ថា ប្រជាជនរួមជាតិតែងតែនៅក្បែរគ្នាជានិច្ច។

 

 

CGCC ចូលរួមក្នុងកម្មវិធី Climate Venture Scaler: Pipeline Development and Capital Facilitation

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោក ណូ លីដា អគ្គនាយក CGCC បានចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាស្តីពី “ការជំរុញសកម្មភាពអាកាសធាតុតាមរយៈការអភិវឌ្ឍ និងការចូលរួមរបស់វិស័យឯកជននៅកម្ពុជា” ដែលធ្វើឡើងក្នុងផ្នែកមួយនៃកម្មវិធី Climate Venture Scaler: Pipeline Development and Capital Facilitation ក្រោម Climate Finance Network ដែលរៀបចំដោយ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ក្នុងភាពជាដៃគូជាមួយ Impact Investment Exchange (IIX) ដោយមានការគាំទ្រពីរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ស៊ុយអែត និងន័រវែស។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុអាកាសធាតុរបស់កម្ពុជា ដោយលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន ការកៀរគរដើមទុន និងការគាំទ្រលើដំណោះស្រាយអាកាសធាតុ។

លោកណូ លីដា ក៏បានចែករំលែកពីតួនាទីរបស់ CGCC សំដៅលើយន្តការធានាឥណទាន និងការចែករំលែកហានិភ័យជាមួយស្ថាប័នផ្ដល់កម្ចី ដោយអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យម អាចទទួលបានហិរញ្ញប្បទាន ដើម្បីវិនិយោគ លើគំនិតផ្តួចផ្តើមទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការបញ្ចេញកាបូន ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។ កិច្ចពិភាក្សានេះ បានគូសបញ្ជាក់អំពីតម្រូវការសម្រាប់កិច្ចសហការដ៏រឹងមាំ រវាងរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានា ដើម្បីបង្កើតលំហូរដ៏រឹងមាំ និងបន្តឱកាសវិនិយោគដែលផ្តោតលើអាកាសធាតុ និងជំរុញការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចមួយដែលមានភាពធន់ និងបរិយាបន្នកាន់តែប្រសើរ។

 

Roadshow លើកទី៣ ប្រចាំឆ្នាំ២០២៥ របស់ CGCC ក្នុងការផ្សព្វផ្សាយការធានាឥណទានទៅកាន់សាខាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងសៀមរាប

កាលពីថ្ងៃទី១ ដល់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដឹកនាំដោយលោកស្រី ជុន សុថានី ប្រធាននាយកដ្ឋានយុទ្ធសាស្រ្ដ និងអភិវឌ្ឍន៍អាជីវកម្មនៃ CGCC បានជួបពិភាក្សាស្វែងយល់អំពីការអនុវត្តយន្តការធានាឥណទាន និងផ្សព្វផ្សាយបន្ថែមអំពីគម្រោងធានាឥណទានរបស់ CGCC ដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិករបស់សាខានៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួនរបស់ CGCC រួមមាន៖

– ខេត្តកំពង់ឆ្នាំង៖ ធនាគារស្ថាបនា, ធនាគារហ្វីលីព និងធនាគារ ABA

– ខេត្តពោធិ៍សាត់៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC, ធនាគារស្ថាបនា និងធនាគារ ABA

– ខេត្តបាត់ដំបង៖ ធនាគារ FTB និងធនាគារប្រេដ

– ខេត្តសៀមរាប៖ ធនាគារ ABA

ការពិភាក្សាជាមួយ PFIs នៅតាមសាខានានានៃខេត្តនីមួយៗ បានផ្តល់ឱកាសសម្រាប់ CGCC និង PFIs ក្នុងការជំរុញការយល់ដឹងកាន់តែច្បាស់អំពីសេវាធានាឥណទាន បង្កើនគុណភាពនៃសេវាកម្ម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការធានាឥណទាន និងអាចបង្កើនការផ្តល់កម្ចីជូនទៅដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានសក្តានុពលនិងមានតម្រូវការកម្ចីចាំបាច់ រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ជនបទផងដែរ៕

 

កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់សាជីវកម្មធានាឥណទានកម្ពុជា (EPIC) វគ្គទី៧

នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តបាត់ដំបង សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារ ABA បានសហការរៀបចំកម្មវិធី EPIC វគ្គទី៧​ ស្តីអំពី «ប្រតិបត្តិការអាជីវកម្មក្នុងយុគសម័យឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម» ក្រោមវត្តមានកិត្តិយសពីសំណាក់ លោក រស់ វិសិទ្ធ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង, លោកស្រី ជុន សុថានី ប្រធាននាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍន៍អាជីវកម្មនៃ CGCC, លោកស្រី ម៉ក់ ដាវី នាយករងឥណទានអាជីវកម្មខ្នាតមធ្យមនៃធនាគារ ABA និងសិក្ខាកាមដែលជាម្ចាស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ៥០រូប ព្រមទាំង បុគ្គលិកនៃស្ថាប័នទាំងបី សរុបប្រមាណ ៧០រូប។​

ជាផ្នែកមួយនៃរបៀបវារៈនៃកម្មវិធី EPIC 7 សិក្ខាកាម និងអ្នកចូលរួមបានទទួលការចែករំលែក តាមរយៈបទបង្ហាញស្តីពី “យន្តការធានាឥណទាន ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ សហគ្រាសធុនតូច និងមធ្យម” ដោយ លោក សែ គឹមវាសនា បុគ្គលិកជំនាញជាន់ខ្ពស់ផ្នែកទីផ្សារ និងទំនាក់ទំនងនៃ CGCC  និងបទបង្ហាញស្តីពី “នីតិវិធីនៃការវាយតម្លៃឥណទាន និងផលិតផលឥណទានដែលមានការធានា សម្រាប់អាជីវកម្ម” ដោយ លោក សឿន សុបាល ប្រធានសាខាខេត្តបាត់ដំបង នៃធនាគារ ABA។

លើសពីនេះ សិក្ខាកាមក៏បានស្វែងយល់អំពីប្រធានបទបណ្តុះបណ្តាលគោល ស្តីអំពី «ប្រតិបត្តិការអាជីវកម្មក្នុងយុគសម័យឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម» ដែលចែករំលែកដោយ លោកស្រី ជុន សុថានី។ ជាលទ្ធផលសិក្ខាកាម និងអ្នកចូលរួមបានយល់ដឹងកាន់តែច្បាស់ពីបញ្ហាប្រឈមពិតប្រាកដ ដែលពួកគេបានកំពុងជួបប្រទះក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរយ៉ាងលឿននៃផ្នែកឌីជីថល និងបានណែនាំអំពីឧបករណ៍ឌីជីថលជាក់ស្តែងដើម្បីកែលម្អប្រតិបត្តិការ ការធ្វើទីផ្សារ និងការចូលរួមរបស់អតិថិជន។ អ្នកចូលរួមក៏ទទួលបានការយល់ដឹងពីអត្ថប្រយោជន៍ក្នុងការកំណត់ដំណោះស្រាយសមស្រប និងយន្តការគាំទ្រ ក៏ដូចជាយុទ្ធសាស្ត្រសំខាន់ៗដើម្បីបង្កើនឱកាសរបស់ពួកគេក្នុងការទទួលបានហិរញ្ញប្បទាន និងការប្រើប្រាស់ប្រាក់កម្ចីប្រកបដោយប្រសិទ្ធភាពដើម្បីពង្រឹងអាជីវកម្មរបស់ពួកគេ។

ការកសាងសមត្ថភាពសហគ្រិន គឺជាការងារអាទិភាពមួយរបស់ CGCC ក្នុងបេសកកម្មបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។ EPIC គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលនឹងនាំមកនូវប្រធានបទពាក់ព័ន្ធការប្រតិ​បត្តិ និងគ្រប់គ្រងអាជីវកម្ម ដើម្បីអភិវឌ្ឍសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម៕

 

កម្មវិធីវិបស្សនារបស់ CGCC ប្រចាំឆ្នាំ២០២៥ ទៅកាន់ខេត្តមណ្ឌលគិរី

CGCC ផ្តល់ជូនបុគ្គលិកទាំងអស់នូវឱកាសដែលលើសពីការអភិវឌ្ឍចំណេះដឹង និងបទពិសោធន៍ការងារ ដោយទទួលស្គាល់ថាបុគ្គលិកម្នាក់ៗសុទ្ធតែមានតម្លៃ និងមិនអាចខ្វះបានក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់ CGCC ។ ក្នុងស្មារតីនេះ CGCC បានរៀបចំកម្មវិធីវិបស្សនាប្រចាំឆ្នាំរបស់ខ្លួនទៅកាន់ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីពង្រឹងផលិតភាព សាមគ្គីភាព ស្មារតីជាក្រុម និងបង្ហាញពីការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់បុគ្គលិកទាំងអស់ក្នុងការជំរុញការអភិវឌ្ឍការធានាឥណទានរបស់ CGCC ។

កម្មវិធីវិបស្សនាប្រចាំឆ្នាំនេះបានបង្កើតឱកាសដ៏មានអត្ថន័យសម្រាប់បុគ្គលិកទាំងអស់ក្នុងការកសាងទំនាក់ទំនងឱ្យកាន់តែរឹងមាំ បង្កើនការងារជាក្រុម និងពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក។

កម្មវិធីវិបស្សនាប្រចាំឆ្នាំនេះ បុគ្គលិកមានឱកាសភ្ជាប់ទំនាក់ទំនង ចែករំលែកបទពិសោធន៍ និងរីករាយជាមួយគ្នាទៅវិញទៅមកក្នុងបរិយាកាសដ៏រីករាយ ការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការ។ CGCC សង្ឃឹមថា កម្មវិធីវិបស្សនាដ៏មានអត្ថន័យនេះនឹងពង្រឹងបន្ថែមទៀតនូវសាមគ្គីភាព ប្រសិទ្ធភាព និងផលិតភាព ដោយគាំទ្រដល់ការអភិវឌ្ឍជាបន្តបន្ទាប់របស់ CGCC និងស្របតាមចក្ខុវិស័យរបស់ខ្លួនក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងលើកកម្ពស់ការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

 

 

ដំណើរទស្សនកិច្ចទៅកាន់វិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានមោទនភាពក្នុងការធ្វើដំណើរទស្សនកិច្ចទៅកាន់ក្នុងខេត្តមណ្ឌលគិរី  ដែលដឹកនាំដោយលោក ណូ លីដា អគ្គនាយក CGCC រួមជាមួយគណៈគ្រប់គ្រង និងបុគ្គលិក CGCC ទាំងអស់ និងបាននាំយកសម្ភារៈសិក្សាមួយចំនួន ដើម្បីគាំទ្រ និងសម្រួលដល់ការសិក្សារបស់សិស្សានុសិស្សប្រចាំវិទ្យាល័យដោយផ្ទាល់។ ដំណើរទស្សនកិច្ចនេះត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកនាយកសាសា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រហែល ២៤០នាក់។

ដំណើរទស្សនកិច្ចដ៏មានអត្ថន័យទៅកាន់វិទ្យាល័យដែលមានទីតាំងនៅតំបន់ភូមិភាគឦសានរបស់ប្រទេសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមដោយផ្ទាល់ជាមួយសិស្សានុសិស្សប្រចាំថ្នាក់ទី១២ ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ជីវិត និងការណែនាំជាក់ស្តែង។ តាមរយៈការពិភាក្សាដ៏រស់រវើក CGCC មានគោលបំណងជំរុញសិស្សានុសិស្សទាំងអស់ឱ្យជ្រើសរើសមុខវិជ្ជាសិក្សារបស់ពួកគេដោយឈ្លាសវៃ កំណត់គោលដៅឱ្យច្បាស់លាស់ និងរៀបចំខ្លួនដោយមានទំនុកចិត្ត សម្រាប់ការសិក្សានាពេលអនាគតរបស់ពួកគេនៅកម្រិតសាកលវិទ្យាល័យ។

ក្នុងនាមជាស្ថាប័នធានាឥណទានតែមួយគត់របស់កម្ពុជា CGCC នៅតែប្តេជ្ញាចិត្តមិនត្រឹមតែពង្រឹងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេស។