CGCC

ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC

វិស័យកសិកម្មគឺជាវិស័យស្នូលមួយក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ ក្នុងនោះ ទីផ្សារស្រូវអង្ករដើរតួយ៉ាងសំខាន់ក្នុងការលើកតម្កើងវិស័យកសិកម្ម។  រោងម៉ាស៊ីនផលិតស្រូវអង្ករ  ឈុន  ធំ  ត្រូវបានចាប់បដិសន្ឋាកិច្ច ក្នុងឆ្នាំ១៩៩ដែលដំបូងឡើយជាមុខជំនួញបែបលក្ខណៈគ្រួសារមួយ។ បន្ទាប់ពីចាប់ផ្តើមដំណើរការអស់រយៈពេលជាច្រើនឆ្នាំមក អតិថិជនបានស្គាល់ពីម៉ាកយីហោ និងចាប់ផ្តើមផ្តល់ការជឿទុកចិត្តលើផលិតផលរបស់ពួកយើង។ ខ្ញុំបាទបានមើលឃើញពីឱកាស ក្នុងការពង្រីកអាជីវកម្មនេះឱ្យកាន់តែធំជាពិសេសលើបច្ចេកវិទ្យាដូចជាការទិញបន្ថែមនូវម៉ាស៊ីនកិនស្រូវ និងពង្រីកទីតាំងកិនស្រូវបន្ថែម

ខ្ញុំបាទបានទទួលការប្រឹក្សាជាមួយបុគ្គលិកធនាគារ ABA អំពីការធានាឥណទានលើកម្ចីអាជីវកម្មរបស់ CGCC ដែលអាចផ្តល់ការធានាលើកម្ចីរបស់ខ្ញុំ ទោះបីគ្មានទ្រព្យធានា។ ដោយសារការធានាឥណទានពី CGCC ទៅលើកម្ចីដែលទទួលបានពីធនាគារ ABA ខ្ញុំអាចទទួលបានទុនបន្ថែម ក្នុងការពង្រីកអាជីវកម្មរោងម៉ាស៊ីនកិនស្រូវរបស់ខ្ញុំបាទ ដូចជាការបន្ថែមគ្រឿងបរិក្ខារ មានដូចជា ម៉ាស៊ីនកិនស្រូវ និងពង្រីកទីផ្សារឱ្យកាន់តែធំទូលាយជាងមុន ព្រមទាំងសង្វាក់ផលិតកម្មឱ្យកាន់តែរលូនទៅមុខជាដើម។

ខ្ញុំយល់ថា ការធានាឥណទានរបស់ CGCC ពិតជាអាចគាំទ្រដល់អាជីវកម្មរបស់ខ្ញុំ ក៏ដូចជាសហគ្រាសខ្នាតតូច និងមធ្យមផ្សេងទៀត ដែលមានសក្តានុពល ប៉ុន្តែខ្វះទ្រព្យធានា ឱ្យទទួលបានទុនបន្ថែមចាំបាច់ពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការពង្រីកអាជីវកម្ម៕

អាននិងទាញយកអត្ថបទជា PDF: ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC

ស្វែងយល់អំពីការធានាឥណទាន-កិច្ចសម្ភាសន៍ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម អេស៊ីលីដា

អាននិងទាញយកជា PDF: ស្វែងយល់អំពីការធានាឥណទាន-កិច្ចសម្ភាសន៍ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម អេស៊ីលីដា

 

១. តើធនាគារ អេស៊ីលីដា យល់ឃើញដូចម្តេច ចំពោះគម្រោងធានាឥណទាន? ហេតុអ្វីបានជាធនាគារ ចូលរួមជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFI) មួយរបស់ CGCC?

គម្រោងធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា  ជាគម្រោងសហការក្នុងការផ្តល់សេវាធានាឥណទាន ដ៏មានសារៈសំខាន់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិនៅកម្ពុជា តាមរយៈការផ្តល់សេវាធានាឥណទានទៅដល់សហគ្រាសធុនតូច ធុនមធ្យម និងធុនធំ ដែលមាននិរន្ដរភាពអាជីវកម្ម ប៉ុន្តែមានទ្រព្យធានាមិនគ្រប់គ្រាន់ ឬគ្មានទ្រព្យធានា ឲ្យទទួលបានហិរញ្ញប្បទានពីធនាគារ អេស៊ីលីដា ក៏ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការផ្សេងទៀត។ តាមរយៈការធានាពី CGCC ធនាគារ អេស៊ីលីដា អាចជំរុញទីផ្សារឥណទាន និងបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងគ្រប់គ្រងហានិភ័យឥណទានប្រកបដោយប្រសិទ្ធភាព។

ធនាគារ អេស៊ីលីដា បានចូលរួមជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមមួយរបស់ CGCC ក្រោមហេតុផលចម្បងៗដូចជា៖

  • ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងគំនិតផ្ដួចផ្ដើម និងគម្រោងនានា ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស។
  • ចូលរួមលើកទឹកចិត្តសហគ្រាសធុនតូច ធុនមធ្យម និងធុនធំ ឱ្យទទួលហិរញ្ញប្បទានផ្លូវការពីគ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់ ដើម្បីស្ដារ និងពង្រីកអាជីវកម្មរបស់ខ្លួន។
  • ចូលរួមបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈការរីកលូតលាស់នៃអាជីវកម្មដែលទទួលបានឥណទានផ្លូវការក្រោមការធានាពី CGCC

 

២. គម្រោងធានាឥណទានបានផ្តល់អត្ថប្រយោជន៍ចំពោះធនាគារ និងអតិថិជនរបស់ ធនាគារ អេស៊ីលីដា យ៉ាងដូចម្តេចខ្លះ?

គម្រោងធានាឥណទាន បានផ្ដល់អត្ថប្រយោជន៍ចំពោះធនាគារ អេស៊ីលីដា និងអតិថិជនរបស់ធនាគារ អេស៊ីលីដា៖

  • ចំពោះធនាគារ អេស៊ីលីដា៖

    • ធ្វើពិពិធកម្មឥណទានស្របតាមផែនការយុទ្ធសាស្រ្តរបស់ធនាគារ
    • គ្រប់គ្រងនូវហានិភ័យឥណទាន
    • រក្សាអតិថិជនចាស់ និងអាចទាក់ទាញអតិថិជនថ្មីដែលមានសក្ដានុពលបន្ថែមទៀត
  • ចំពោះអតិថិជនធនាគារ អេស៊ីលីដា៖

    • ផ្តល់នូវជម្រើសជូនអតិថិជន និងមានលទ្ធភាពទទួលបានហិរញ្ញប្បទាន ដើម្បីពង្រីកអាជីវកម្ម
    • បង្កើនកម្រិតជីវភាពរស់នៅតាមរយៈការរីកលូតលាស់អាជីវកម្មរបស់ខ្លួន
    • មានឱកាសក្នុងការបង្កើតឱកាសការងារសម្រាប់សហគមន៍ និងនិវានុវត្តន៍សម្រាប់ផលិតផល សេវាកម្មរបស់ខ្លួន។

៣. តើកន្លងមក ធនាគារ អេស៊ីលីដា បានប្រើប្រាស់ការធានាឥណទាន ដើម្បីផ្តល់កម្ចីប្រភេទណាខ្លះ ជូនដល់អតិថិជន?

ធនាគារ អេស៊ីលីដា បានប្រើប្រាស់ការធានាឥណទានដើម្បីផ្តល់កម្ចីជាប្រភេទឥណទានអាជីវកម្ម ឥណទានសម្រាប់ទុនបង្វិល (Revolving facility) និងឥណទានវិបារូប៍ (Overdraft facility) ជូនដល់អតិថិជនដែលជាសហគ្រាសធុនតូច ធុនមធ្យម និងធុនធំ ទាំងនៅក្នុងវិស័យអាទិភាព និងវិស័យមិនមែនអាទិភាព ឲ្យស្របតាមតម្រូវការអាជីវកម្មរបស់អតិថិជន។

 

៤. តើម្ចាស់អាជីវកម្ម គួររៀបចំខ្លួនយ៉ាងដូចម្តេច ដើម្បីទទួលបានកម្ចីដែលមានការធានាពីធនាគារ អេស៊ីលីដា?

ដើម្បីទទួលបានកម្ចីដែលមានការធានាពីធនាគារ អេស៊ីលីដា ម្ចាស់អាជីវកម្មទាំងរូបវន្ដបុគ្គល និងនីតិបុគ្គល គួររៀបចំខ្លួន និងត្រៀមលក្ខណសម្បត្តិដូចជា៖

  • អាជីវកម្មត្រូវមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា និងមានសញ្ជាតិកម្ពុជា (ភាគហ៊ុនធំជាង ៥០%)
  • អាជីវកម្មត្រូវមានលិខិតអនុញ្ញាតអាជីវកម្មចេញដោយអាជ្ញាធរមានសមត្ថកិច្ច
  • អាជីវកម្មមាននិរន្ដរភាព និងមានរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់
  • មានដើមទុនចូលរួម និងមានគម្រោងអាជីវកម្មច្បាស់លាស់
  • ប្រើប្រាស់ប្រាក់កម្ចីឲ្យស្របតាមគោលបំណងដែលបានស្នើសុំ
  • មានឆន្ទៈក្នុងការអនុវត្តតាមកាតព្វកិច្ចឥណទានរបស់ខ្លួន ជាដើម។

 

៥. តើធនាគារ អេស៊ីលីដា មានយុទ្ធសាស្រ្ត ឬផែនការដូចម្តេច ដើម្បីបន្តបង្កើនការបញ្ចេញកម្ចីដែលការធានា ក្នុងឆ្នាំ២០២៤ នេះ?

ធនាគារ អេស៊ីលីដា នៅតែបន្ដកំណើនការបញ្ចេញឥណទានដែលមានការធានាពី CGCC សម្រាប់ឆ្នាំ ២០២៤ ដោយបន្តផ្សព្វផ្សាយដល់ឥណទានដល់អតិថិជនទាំងចាស់ និងថ្មី ដែលមានតម្រូវការ រួមទាំងផ្តល់នូវការហ្វឺកហ្វឺនស្ដីពីចំណេះដឹងការធានាឥណទានជាបន្តបន្ទាប់ដល់បុគ្គលិកឥណទានគ្រប់សាខាទូទាំងប្រទេស បន្តផ្តល់ការសម្របសម្រួលផ្នែកបច្ចេកទេសការធានាឥណទាន ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយ CGCC ដើម្បីបន្ដគាំទ្រ និងជំរុញកំណើនឥណទានដែលមានការធានា ប្រកបដោយចីរភាព។

 

ការស្វែងយល់ពីឥណទានមិនដំណើរការ

ឥណទានមិនដំណើរការ (NPL) នៅក្នុងវិស័យធនាគារ ក្នុងឆ្នាំ២០២៣ មានអត្រាខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេល ១៥ឆ្នាំ ចុងក្រោយ។ ក្នុងឆ្នាំ២០២៣ អត្រា NPL មានចំនួន ៥,៤% សម្រាប់ធនាគារ និង ៦,៥% សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធៀបនឹងអត្រា NPL ជាមធ្យម ២,១៨% ពីឆ្នាំ២០០៩ ដល់ ២០២២ (ក្រាហ្វិកទី១)។ ទន្ទឹមនេះ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងចំណោម ២០៧០ គណនីដែលមានការធានា ១៣៣ ជាគណនី NPL ដែលស្មើនឹង ៩,៧៦លានដុល្លារ។ ភាគរយនៃទំហំដែលមានការធានានៃឥណទានមិនដំណើរការ ធៀបនឹងទំហំដែលមានការធានាសរុប ស្មើនឹង ៨,០២%យ៉ាងណាក៏ដោយ NPL ស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន ខណៈវិស័យធនាគារនៅកម្ពុជានៅតែរក្សាបាននូវភាពរឹងមាំ។ ការស្វែងយល់ពី NPL មានសារៈសំខាន់ក្នុងការកាត់បន្ថយឥទ្ធិពលអវិជ្ជមានដល់អ្នកខ្ចី អ្នកផ្តល់កម្ចី និងសេដ្ឋកិច្ចទាំងមូល។

តើអ្វីទៅជាឥណទានមិនដំណើរការ?

ឥណទានមិនដំណើរការ កើតឡើងនៅពេលអ្នកខ្ចីមិនអាចបំពេញកាតព្វកិច្ចសងត្រឡប់ ដោយសារផលលំបាកហិរញ្ញវត្ថុ ឧទាហរណ៍ ការសងត្រឡប់យឺតជាង ៣០ថ្ងៃ សម្រាប់កម្ចីរយៈពេលខ្លី ឬយឺតជាង ៨៩ថ្ងៃ សម្រាប់កម្ចីរយៈពេលវែង។ លក្ខណៈវិនិច្ឆ័យក្នុងការបែងចែកចំណាត់ថ្នាក់ឥណទាន មានភាពខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ។ នៅកម្ពុជា ធនាគារជាតិនៃកម្ពុជា បែងចែកឥណទានជា ៥ចំណាត់ថ្នាក់ ផ្អែកលើចំនួនថ្ងៃដែលលើសកាលកំណត់សង ដូចបង្ហាញជូន ក្នុងតារាងទី១ ខាងក្រោម។ ឥណទានដែលមានចំណាត់ថ្នាក់ ធម្មតា” និង “ឃ្លាំមើល” គឺជាឥណទានដំណើរការ ចំណែកឯឥណទានដែលស្ថិតក្នុងចំណាត់ថ្នាក់ “ក្រោមស្តង់ដារ” ឬអន់ជាងនេះ ត្រូវបានចាត់ទុកថាជាឥណទានមិនដំណើរការ។

អាននិងទាញយកអត្ថបទជា PDF: ការស្វែងយល់ពីឥណទានមិនដំណើរការ

ការស្វែងយល់ពីការធានាលើសញ្ញាប័ណ្ណ

នៅខែមេសា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់គោលដៅយុទ្ធសាស្ត្រឱ្យ CGCC ធ្វើពិពិធកម្មសេវាធានាឥណទាន ទៅកាន់ការធានាឥណទានលើការបោះផ្សាយសញ្ញាប័ណ្ណ។ CGCC បានរៀបចំខ្លួននិងត្រូវបានទទួលស្គាល់ដោយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ជាបុគ្គលធានាលើការបោះផ្សាយសញ្ញាប័ណ្ណក្នុងស្រុក ក្នុងខែសីហា ឆ្នាំ២០២៣ និងបានបញ្ចប់នីតិវិធីវាយតម្លៃលទ្ធភាពសង ដោយទទួលបានចំណាត់ថ្នាក់ឥណទាន khAAA(Outlook: Stable) ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងស្រុក ពីក្រុមហ៊ុន រ៉េតធីង អេជេនស៊ី អហ្វ ខេបូឌា។ ជាមួយលក្ខខណ្ឌទាំងអស់នេះ CGCC នឹងចាប់ផ្តើមបេសកកម្មថ្មី ក្នុងការផ្តល់ការធានាឥណទានលើការបោះផ្សាយសញ្ញាប័ណ្ណ ដើម្បីចូលរួមជំរុញការអភិវឌ្ឍទីផ្សារទុននៅកម្ពុជា និងគាំទ្រសហគ្រាសខ្នាតតូច និងមធ្យម (SMEs) ដែលមានបំណងកៀរគរទុន នៅក្នុងទីផ្សារសញ្ញាប័ណ្ណ។

តើអ្វីទៅជាសញ្ញាប័ណ្ណ?

សញ្ញាប័ណ្ណ ឬមូលបត្របំណុល គឺជាប្រភេទកម្ចីដែលអាចជំនួសឱ្យកម្ចីធនាគារ។ អ្នកបោះផ្សាយសញ្ញាប័ណ្ណ គឺជាអ្នកខ្ចី រីឯអ្នកវិនិយោគលើសញ្ញាប័ណ្ណគឺជាអ្នកផ្តល់កម្ចី។ អ្នកវិនិយោគលើសញ្ញាប័ណ្ណ ទិញសញ្ញាប័ណ្ណពីអ្នកបោះផ្សាដែលសន្យាទូទាត់ការប្រាក់ (គូប៉ុង) និងប្រាក់ដើម ជូនអ្នកទិញសញ្ញាប័ណ្ណ ក្នុងអំឡុងពេលឥណប្រតិទាននៃសញ្ញាប័ណ្ណ។ សញ្ញាប័ណ្ណ មានភាពបត់បែនជាងកម្ចីធនាគារ ទៅលើលក្ខខណ្ឌ, ទំហំ, ឥណប្រតិទាន, និងអត្រាការប្រាក់។

ជាទូទៅ SME និងឯកត្តបុគ្គលណាក៏អាចកៀរគរទុន តាមរយៈកម្ចីធនាគារបានដែរ ឱ្យតែមានលទ្ធភាពសងគ្រប់គ្រាន់ ប៉ុន្តែមានតែ SME ដែលមាអភិបាលកិច្ច និងប្រតិបត្តិការអាជីវកម្មល្អ, របាយការណ៍ហិរញ្ញវត្ថុស្តង់ដារ និងអាចជឿទុកចិត្តបាន, ព្រមទាំងផែនការអាជីវកម្មរឹងមាំប៉ុណ្ណោះ ដែលអាចកៀរគរទុន តាមរយៈការបោះផ្សាយសញ្ញាប័ណ្ណបាន។ និយាយឱ្យខ្លី លក្ខខណ្ឌសម្រាប់ការបោះផ្សាយសញ្ញាប័ណ្ណមានភាពស្មុគស្មាញ និងតឹងតែងជាងលក្ខខណ្ឌសម្រាប់ស្នើសុំកម្ចីពីធនាគារ។ តារាងខាងក្រោម បង្ហាញពីការប្រៀបធៀបចំណុសំខាន់ៗ រវាងកម្ចីធនាគារ និងសញ្ញាប័ណ្ណ។

ពិតណាស់ ការបោះផ្សាយសញ្ញាប័ណ្ណ គឺជាវិធីសាស្ត្រសាមញ្ញាសម្រាប់រដ្ឋាភិបាល និងក្រុមហ៊ុនអាជីវកម្ម ដើម្បីកៀរគរទុន នៅតាមបណ្តាប្រទេសអភិវឌ្ឍន៍ជាច្រើន ដើម្បីគាំទ្រគម្រោងនានា ប៉ុន្តែវិធីសាស្ត្រនេះមិនទាន់ត្រូវបានប្រើប្រាស់បានទូលំទូលាយនៅឡើយទេនៅកម្ពុជា។ ទីផ្សារសញ្ញាប័ណ្ណនៅកម្ពុជាស្ថិតនៅក្នុងដំណាក់កាលកំពុងអភិវឌ្ឍន៍នៅឡើយ ដោយមានបញ្ហាប្រឈមសំខាន់ៗដូចជា សន្ទនីយភាពទាប, អត្រាការប្រាក់ខ្ពស់, និមូលដ្ឋានវិនិយោគិនតូចចង្អៀតជាដើម។ ប៉ុន្តែយើងឃើញមានវឌ្ឍនភាពជាវិជ្ជមានជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការចាប់ផ្តើមបោះផ្សាយសញ្ញាប័ណ្ណរដ្ឋ, សញ្ញាប័ណ្ណដែលមានការធានា, និងសញ្ញាប័ណ្ណនិរន្តរភាព។ បច្ចុប្បន្នមានសញ្ញាប័ណ្ណសាជីវកម្មចំនួន៩ បានចុះបញ្ជីនៅលើក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) ដែលបានកៀរគរទុនចន្លោះពី ១,៥លាន ដល់ ៣០លានដុល្លារ ពីការបោះផ្សាយនីមួយៗ។

អានបន្ត និងទាញយកអត្ថបទជា PDF: ការស្វែងយល់ពីការធានាលើសញ្ញាប័ណ្ណ

ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC

Solar Green Energy (SOGE) គឺជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពលបៃតង ដោយប្រើប្រាស់ថាមពលនៃពន្លឺព្រះអាទិត្យ ដើម្បីស្រូបយកទឹកទន្លេធម្មជាតិ សម្រាប់ការស្រោចស្រប់ដំណាំរបស់ប្រជាកសិករខ្មែរ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨។ បន្ទាប់ពីចាប់ផ្តើមដំណើរការបានមួយរយៈ អតិថិជនចាប់ផ្ដើមស្គាល់ក្រុមហ៊ុន និងចាប់ផ្តើមផ្តល់ការជឿទុកចិត្តលើសេវាកម្មរបស់ពួកយើង។ នាងខ្ញុំបានមើលឃើញពីឱកាស ក្នុងការពង្រីកអាជីវកម្មនេះឱ្យកាន់តែធំ។ ពួកយើងមានបច្ចេកវិទ្យាគ្រប់គ្រាន់ ប៉ុន្តែខ្វះធនធានមនុស្ស និងទុនបន្ថែម។

នាងខ្ញុំបានប្រឹក្សាជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន ដើម្បីទទួលបានទុនបន្ថែម។ ដោយសារនាងខ្ញុំខ្វះទ្រព្យធានា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក៏បានណែនាំនាងខ្ញុំ អំពីការធានាឥណទានលើកម្ចីអាជីវកម្មរបស់ CGCC ដែលអាចផ្តល់ការធានាលើកម្ចីរបស់នាងខ្ញុំ ដើម្បីឱ្យធនាគារអាចផ្តល់កម្ចីដល់នាងខ្ញុំបាន ទោះបីគ្មានទ្រព្យធានា។ ដោយសារការធានាឥណទានពី CGCC នាងខ្ញុំអាចទទួលបានទុនបន្ថែម ដើម្បីសាងសង់ស្ថានីយបូមទឹកថ្មីៗទៀតបន្ថែម។

SOGE បានប្រើប្រាស់កម្ចីដែលមានដែលការធានាពី CGCC ដើម្បីពង្រីកការសាងសង់ស្ថានីយ៏បូមទឹក នៅតាមបណ្ដាខេត្ត មួយចំនួនដូចជា ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ។ ស្ថានីយ៍ទាំងអស់នោះ អាចស្រោចស្រព្វផ្ទៃដីប្រម៉ាណ ១៦០០ ហិកតា និងបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ១០០០ គ្រួសារ។

នាងខ្ញុំយល់ថា ការធានាឥណទានរបស់ CGCC ពិតជាអាចគាំទ្រដល់អាជីវកម្មរបស់នាងខ្ញុំ  ក៏ដូចជាសហគ្រាសខ្នាតតូច  និងមធ្យមផ្សេងទៀត  ដែលមានសក្តានុពល ប៉ុន្តែខ្វះទ្រព្យធានា ឱ្យទទួលបានទុនបន្ថែមចាំបាច់ពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការពង្រីកអាជីវកម្ម៕

អាននិងទាញយកអត្ថបទជា PDF: ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC

ជួបជាមួយម្ចាស់អាជីវកម្មដែល​ទទួលបានកម្ចីដែលមានការធានាពី CGCC

វិស័យកសិកម្ម គឺជាវិស័យស្នូលមួយ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា។ ដោយសារមើលឃើញពីសក្ដានុពុល និងដើម្បីលើកស្ទួយដល់ផលិតផលខ្មែរ និងទ្រទ្រង់ដល់បងប្អូនកសិករខ្មែរ ខ្ញុំបានសម្រេចចិត្តចាប់ផ្តើម បង្កើតជាសហភាព សហគមន៍បន្លែសុវត្ថិភាពនៅក្នុងឆ្នាំ២០២១។

ចាប់ពេលពីចាប់ផ្ដើមដំបូងរហូតដល់សព្វថ្ងៃ បញ្ហាប្រឈមសំខាន់របស់ខ្ញុំគឺ កង្វះធនធានមនុស្សក្នុងការរៀបចំឯកសារ និងការងាររដ្ឋបាលផ្សេងៗដោយសារភាគច្រើនសមាជិកនៅក្នុងសហភាពសហគមន៍គឺជាកសិករ។ បញ្ហាប្រឈសំខាន់មួយទៀតគឺ កង្វះទុនបង្វិលដើម្បីពង្រីកអាជីវកម្ម និងជំរុញការនាំចេញ។ ដំណោះស្រាយសម្រាប់ខ្ញុំ គឺប្រាក់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ។

ដំបូងឡើយ ដោយសារទ្រព្យធានារបស់ខ្ញុំមិនគ្រប់គ្រាន់ ខ្ញុំមិនទទួលបានប្រាក់កម្ចីតាមតម្រូវការនោះទេ ដែលបានធ្វើឱ្យអាជីវកម្មរបស់ខ្ញុំមានការរាំងស្ទះប៉ុន្តែក្រោយមក ដោយសារការធានាឥណទានពី CGCC ខ្ញុំក៏ទទួលបានកម្ចីអាជីវកម្មពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន តាមទំហំកម្ចីដែលខ្ញុំបានស្នើសុំទាន់ពេលវេលា។ បន្ទាប់ពីទទួលបានកម្ចីដែលមានការធានា ខ្ញុំបានយកវាទៅធ្វើជាទុនបង្វិល ដែលអាចឲ្យខ្ញុំបន្ដការអាជីវកម្មសហភាពសហគមន៍បន្លែសុវត្ថិភាព ជូនដល់អតិថិជន និងដេប៉ូចែកចាយបានជាច្រើនខេត្តក្រុងទាន់ពេលវេលា។ មិនតែប៉ុណ្ណោះអាជីវកម្មរបស់ខ្ញុំ ក៏ទទួលបានការជឿទុកចិត្តពីដៃគូរអភិវឌ្ឍន៍នានាផងដែរ។

ការទទួលបានកម្ចីដែលមានការធានាពី CGCC គឺអាស្រ័យទៅលើសក្ដានុពលនៃអាជីវកម្មរបស់ខ្ញុំ ពោលគឺលទ្ធភាពនៃការរីកចម្រើនទៅមុខ ការកសាងនិងការថែទាំប្រវត្តិឥណទានឲ្យបានល្អ ក៏ដូចជាការបំពេញឯកសារតម្រូវដែលអាចបញ្ជាក់ពីភាពចាំបាច់ក្នុងការប្រើប្រាស់កម្ចីសម្រាប់អាជីវកម្មរបស់ខ្ញុំ។ ម្ចាស់អាជីវកម្មដទៃទៀតដែលមានតម្រូវការទុនប៉ុន្តែខ្វះទ្រព្យធានា ក៏អាចស្វែងរកការធានាឥណទានពី CGCC តាមរយៈគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុជាដៃគូរបស់ CGCC បានដែរ៕

អាននិងទាញយកអត្ថបទជា PDF: ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC

អត្ថបទស្វែងយល់អំពីប្រព័ន្ធគ្រប់គ្រងការធានា (GMS)

អាជីវកម្មមួយ មិនអាចរីកចម្រើនអស់លទ្ធភាពនោះទេ ប្រសិនមិនប្រើប្រាស់បច្ចេកវិទ្យា។ អាជីវកម្មរបស់ CGCC ក៏ដូច្នេះដែរ។ លោក ប៊ីល ហ្គេត ស្ថាបនិករបស់ក្រុមហ៊ុន Microsoft បានលើកឡើងថា៖ “បច្ចេកវិទ្យាព័ត៌មាន និងអាជីវកម្មបានភ្ជាប់គ្នាដ៏ស្អិតរមួត។ ខ្ញុំយល់ថា យើងមិនអាចនិយាយដោយមានន័យអំពីអាជីវកម្ម ដោយមិននិយាយអំពីបច្ចេកវិទ្យាព័ត៌មាននោះទេ។” ចាប់តាំងពីថ្ងៃដំបូងនៃអាជីវកម្ម CGCC បានប្រកាន់ភ្ជាប់នូវការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដោយចាប់ផ្តើមពីការប្រើប្រាស់កម្មវិធីអ៊ិចសែល និកម្មវិធី Microsoft SharePoint ដើម្បីគ្រប់គ្រងប្រតិបត្តិការធានាឥណទាន។ ថ្ងៃនេះ CGCC បានសម្រេចលទ្ធផលថ្មីមួយទៀត គឺការដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងការធានាឥណទាន (GMS) ដើម្បីបង្កើនការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក្នុងប្រតិបត្តិការធានាឥណទាន ប្រកបដោយប្រសិទ្ធភាព។ ការចាប់យកបច្ចេកវិទ្យាព័ត៌មាន គឺជាការប្តេជ្ញាចិត្តរបស់ CGCC ក្នុងការចូលរួមមួយចំណែកតូច ក្នុងការគាំទ្រអាទិភាពគន្លឹះទាំងប្រាំ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) នៃ យុទ្ធសាស្ត្របច្ចកោណ៖ ដំណាក់កាលទីមួយ” របស់រាជរដ្ឋាភិបាលកម្ពុជា

តើ GMS ជាអ្វី?

GMS គឺជាប្រព័ន្ធឌីជីថល ដែលធ្វើស្វ័យប្រវត្តិកម្ម និងសម្រួលដំណើរការ នៃការធានាឥណទាន ឱ្យមានលក្ខណៈងាយស្រួល លឿន និងមានសុវត្ថិភាព។ GMS គឺជាប្រព័ន្ធឌីជីថលគ្រប់គ្រងប្រតិបត្តិការធានាឥណទានដំបូងគេបង្អស់ និងមានតែមួយគត់នៅកម្ពុជា ដែលត្រូវបានបង្កើតឡើងជាក់លាក់ សម្រាប់តែម៉ូដែលនៃការធានាឥណទានរបស់ CGCC។ វាគឺជាប្រព័ន្ធ ដែលផ្អែកលើបណ្តាញអ៊ីនធឺណែត និងត្រូវបានបង្កើតឡើងដោយប្រើប្រាស់ស្ថាបត្យកម្ម សេវាកម្មលក្ខណៈមីក្រូ និងបច្ចេកវិទ្យាទំនើប ដើម្បីបង្កើនប្រសិទ្ធភាព ភាពត្រឹមត្រូវ និងសុវត្ថិភាពនៃដំណើរការធានាឥណទាន។

តើ GMS ត្រូវបានបង្កើតឡើងយ៉ាងដូចម្តេច?

CGCC បានអភិវឌ្ឍ GMS ជាដំណាក់កាល។ GMS ដំណាក់កាលទី១ ត្រូវបានចំណាយពេលក្នុងការអភិវឌ្ឍអស់រយៈពេលប្រមាណ២ឆ្នាំ   ដោយក្រុមអ្នកជំនាញអភិវឌ្ឍន៍កម្មវិធីដែលមានបទពិសោធន៍ខ្ពស់។ ការអភិវឌ្ឍ GMS ត្រូវបានធ្វើឡើងតាមវិធីសាស្រ្ត ដែលមានលក្ខណៈបត់បែនឆាប់រហ័ស (Agile Approach) ដោយត្រូវបានកែលម្អជាប្រចាំ ផ្អែកលើមតិយោបល់ពីអ្នកប្រើប្រាស់ផ្ទាល់។ GMS ត្រូវបានអភិឌ្ឍ ដោយភាពប្រុងប្រយ័ត្នខ្ពស់ និងត្រូវបានធ្វើតេស្តដោយយកចិត្តទុកដាក់និងម៉ត់ចត់ មុននឹងដាក់ឱ្យដំណើរការ ដើម្បីធានាសុវត្ថិភាព និងភាពជឿទុកចិត្តបាន។  នៅក្នុងដំណាក់កាលទីមួយ  GMS ផ្តល់លក្ខណៈសំខាន់ៗ ដូចខាងក្រោម៖

. ស្វ័យប្រវត្តិកម្មទាំងស្រុង៖ GMS ធ្វើស្វ័យប្រវត្តិកម្មដំណើរការការធានាឥណទានទាំងមូល ចាប់ពីការស្នើសុំការធានាពី PFIs រហូតដល់ការអនុម័តការធានាឥណទានរបស់ CGCC។ ការផ្តល់ និងកែតម្រូវព័ត៌មានដោយស្វ័យប្រវត្តិ ត្រូវបានដាក់បញ្ចូលក្នុង GMS ដើម្បីកាត់បន្ថយកំហុស និងពេលវេលា ក្នុងការបង្កើតសំណើសុំការធានាឥណទាន និងការវាយតម្លៃសំណើធានាឥណទានផងដែរ។

. ការតាមដានដោយផ្ទាល់គ្រប់ពេលវេលា៖ GMS ផ្តល់មធ្យោបាយសម្រាប់ការតាមដានដោយផ្ទាល់គ្រប់ពេលវេលាអំពីវឌ្ឍនភាពនៃសំណើសុំការធានាឥណទាន ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចឆែកមើលបច្ចុប្បន្នភាពនៃការវាយតម្លៃសំណើសុំការធានាឥណទានពី CGCC បានគ្រប់ពេលវេលា។

. របាយការណ៍យ៉ាងទូលំទូលាយ៖ GMS បង្កើតរបាយការណ៍ដោយស្វ័យប្រវត្តិយ៉ាងទូលំទូលាយ អំពីការធានាឥណទាន សម្រាប់ការវិភាគទិន្នន័យអំពីការធានាឥណទាន ដើម្បីធ្វើការកែតម្រូវ និងការសម្រេចចិត្ត។

. សុវត្ថិភាពខ្ពស់៖ GMS ត្រូវបានរៀបចំនៅលើប្រព័ន្ធសុវត្ថិភាព និងប្រើប្រាស់បច្ចេកវិទ្យាសុវត្ថិភាពចុងក្រោយបំផុតដើម្បីការពារទិន្នន័យរបស់អ្នកប្រើប្រាស់។

អានបន្ត៖ អត្ថបទស្វែងយល់អំពីប្រព័ន្ធគ្រប់គ្រងការធានា (GMS)

ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC

ដោយមើលឃើញថាការយល់ដឹងអំពីហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជាយើងនៅមានកម្រិត ហើយការប្រើប្រាស់និងការចាត់ចែងហិរញ្ញវត្ថុរបស់ពួកគាត់មិនសូវមានប្រសិទ្ធភាព នាងខ្ញុំនិងស្វាមីក៏ចាប់ផ្តើមបង្កើតក្រុមហ៊ុនឫទ្ធិពលនេះឡើងក្នុងឆ្នាំ២០១២ ដើម្បីផ្សព្វផ្សាយអំពីចំណេះដឹងហិរញ្ញវត្ថុ ក៏ដូចជាប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុផងដែរ។ រហូតមកដល់ឆ្នាំ២០២០ អាជីវកម្មរបស់ពួកយើងបានរងផលប៉ះពាល់មួយចំនួនពីវិបត្តិសកល គឺជម្ងឺកូវីដ-១៩ ប៉ុន្តែពួកយើងក៏នៅតែអាចឆ្លងកាត់បានមកដល់បច្ចុប្បន្ន។ កត្តាដែលលំបាកបំផុតនាពេលនោះ គឺបញ្ហាខ្វះដើមទុន ជាពិសេសទុនបង្វិល ដើម្បីទ្រទ្រង់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ។ នៅពេលនោះយើងបានប្រើប្រាស់ទ្រព្យរបស់យើងធ្វើជាទ្រព្យធានា ដើម្បីស្នើសុំកម្ចី  ឋឋប៉ុន្តែពួកយើងនៅតែមិនអាចទទួលបានទុនគ្រប់គ្រាន់តាម តម្រូវការដំណោះស្រាយដ៏ល្អនាពេលនោះគឺមានការណែនាំពី ខេមា មីក្រូហិរញ្ញវត្ថុដែលជាគ្រឹះស្ថានហិរញ្ញវត្ថុដៃគូរបស់ CGCC ឲ្យពួកយើងស្នើសុំកម្ចីដែលមានការការធានាពី CGCC សម្រាប់អាជីវកម្មដោយមិនចាំបាច់មានទ្រព្យធានាគ្រប់គ្រាន់។

បន្ទាប់ពីទទួលបានទុនបង្វិលដែលមានការធានា យើងក៏អាចដោះស្រាយបញ្ហាសំខាន់ៗជាច្រើនដូចជាការចំណាយលើការធ្វើទីផ្សារ     ការផ្សព្វផ្សាយ និង ការចំណាយលើប្រត្តិបត្តិការអាជីវកម្មទាំងមូល។ យើងខ្ញុំបានពង្រីកអាជីវកម្មឲ្យធំជាងមុន មានបុគ្គលិកច្រើនជាងមុន អតិថិជនបានទទួលជ្រាប និងស្គាល់ រួមជាមួយនឹងការប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំបានកើនឡើងជាលំដាប់។ ម៉្យាងទៀត យើងខ្ញុំក៏មានពេលវេលាច្រើនជាងមុន ដើម្បីគិតគូរទៅលើយុទ្ធសាស្រ្តថ្មីៗបន្ថែមទៀតដោយលែងបារម្ភពីបញ្ហាដើមទុនតទៅទៀត។

ដើម្បីឲ្យអាជីវកម្មមួយជោគជ័យទៅបានគឺអាស្រ័យលើកត្តាជាច្រើនក្នុងនោះដើមទុន ឬក៏ទុនបង្វិលគឺជាកត្តាសំខាន់បំផុតសម្រាប់អាជីវកម្មនីមួយៗ។ យើងខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាលដែលបានបង្កើត CGCC ឡើង និងបានជួយគាំទ្រដល់អាជីវកម្មរបស់យើងខ្ញុំ ក៏ដូចជាម្ចាស់អាជីវកម្មដ៏ទៃផ្សេងទៀត ឲ្យមាឱកាសរីកចម្រើនទៅបានយ៉ាងរលូន ក៏ដូចជាដើម្បីភាពរីកចម្រើននៃសេដ្ឋកិច្ចប្រទេសជាតិទាំងមូលផងដែរ៕

អាននិងទាញយកអត្ថបទជា PDF: លោកស្រី ប៉ែន បុប្ផា នាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាលឫទ្ធិពល

ស្វែងយល់ពីហានិភ័យការជ្រើសរើស និងហានិភ័យចិត្តសាស្ត្រ

ហានិភ័យការជ្រើសរើស (Adverse Selection) និងហានិភ័យចិត្តសាស្ត្រ (Moral Hazard) កើតឡើងដោយសារអសមភាពនៃព័ត៌មាន (Asymmetry Information) ដែលអាចនាំឱ្យមានភាពបរាជ័យនៃទីផ្សារ។ អសមភាពនៃព័ត៌មាន គឺជាស្ថានភាពដែលភាគីនានា ក្នុងប្រតិបត្តិការណាមួយ មិនមានព័ត៌មានស្មើគ្នា ដើម្បីអនុវត្តប្រតិបត្តិការនោះដោយយុតិ្តធម៌ និងស្មើភាពគ្នា។ ឧទាហរណ៍ ក្នុងការទិញឡានមួយទឹក អ្នកទិញ មិនដឹងអំពីចំណុចខ្វះខាតនៃឡាននោះ គ្រប់ជ្រុងជ្រោយ ដូចម្ចាស់ឡានដែលជាអ្នកលក់នោះទេ។ ដូច្នេះ អ្នកលក់អាចកំណត់តម្លៃបានត្រឹមត្រូវជាង ខណៈអ្នកទិញមិនមានព័ត៌មានស្មើគ្នា ដើម្បីចរចារតម្លៃឱ្យមកនៅកម្រិតមួយ ដែលឆ្លុះបញ្ចាំងពីស្ថានភាពពិតប្រាកដរបស់ឡាននោះទេ។ ក្នុងស្ថានភាពនេះ អសមភាពនៃព័ត៌មានអាចបណ្តាលឱ្យមានភាពបរាជ័យនៃទីផ្សារ ដោយសារមិនមានការទិញ-លក់ ព្រោះអ្នកទិញគិតថា គ្រប់តម្លៃឡានដែលអ្នកលក់ព្រមលក់ នឹងផ្តល់ផលប្រយោជន៍ដល់អ្នកលក់ច្រើនជាង។ អសមភាពនៃព័ត៌មាន គឺជាទ្រឹស្តីដែលត្រូវបានបង្កើតដោយសេដ្ឋវិទូ ដែលបានឈ្នះរង្វាន់ណូប៊ែល George Akerlof ក្នុងឆ្នាំ១៩៧០។

អសមភាពនៃព័ត៌មាន អាចកើតឡើងនៅក្នុងប្រតិបត្តិការច្រើនប្រភេទ។ នៅក្នុងប្រតិបត្តិការធនាគារ អ្នកខ្ចីជាទូទៅមានព័ត៌មានច្បាស់លាស់អំពីលទ្ធភាពសងរបស់ខ្លួន ជាងធនាគារដែលផ្តល់កម្ចី ដែលធ្វើឱ្យមានការលំបាកសម្រាប់ធនាគារក្នុងការកំណត់តម្លៃកម្ចី (អត្រាការប្រាក់) ដែលឆ្លុះបញ្ចាំងពិតប្រាកដពីស្ថានភាពរបស់អ្នកខ្ចី។ ដោយឡែក នៅក្នុងប្រតិបត្តិការធានាឥណទាន អសមភាពនៃព័ត៌មាន កើតឡើងនៅពេលស្ថាប័នផ្តល់កម្ចី ដែលស្នើសុំការធានាលើកម្ចីដឹងព័ត៌មានអំពីកម្ចី និងអ្នកខ្ចី ច្រើនជាងស្ថាប័នដែលផ្តល់ការធានាលើកម្ចី។ អសមភាពនៃព័ត៌មាន អាចបណ្តាលឱ្យមានបញ្ហាពីរគឺ៖ ហានិភ័យការជ្រើសរើស និងហានិភ័យចិត្តសាស្ត្រ។

នៅពេលមានអសមភាពនៃព័ត៌មាន ធនាគារមិនអាចបែងចែករវាងអ្នកខ្ចីល្អ និងអ្នកខ្ចីមិនល្អនោះទេ។ ដោយសារប្រឈមនឹងហានិភ័យនេះ ធនាគារអាចនឹងកំណត់ការប្រាក់មួយ ដែលខ្ពស់ពេកសម្រាប់អ្នកខ្ចីល្អ។ អ្នកខ្ចីល្អនឹងចាកចេញពីទីផ្សារ នៅសល់តែអ្នកខ្ចីមិនល្អដែលស្វែងរកស្នើសុំកម្ចី។ ករណីនេះ ហៅថាហានិភ័យការជ្រើសរើស។ ដូច្នេះ វិធីសាស្ត្រមួយដើម្បីបង្កើនប្រសិទ្ធភាពទីផ្សារឥណទាន គឺបង្រួមភាពខុសគ្នានៃការដឹងព័ត៌មានពីគ្នា រវាងអ្នកខ្ចី និអ្នកផ្តល់កម្ចី។ ហេតុនេះហើយ ទើបធនាគារតែងតែទាមទារព័ត៌មានទាំងអស់ពីអ្នកខ្ចីតាមដែលអាចធ្វើបាន មុនពេលផ្តល់កម្ចី ដើម្បីចៀសវាងហានិភ័ការជ្រើសរើស។ ព័ត៌មានគ្រប់គ្រាន់់ ជឿទុកចិត្តបាន និងទាន់ពេលវេលាអំពីអ្នកខ្ចី អាចជួយធនាគារ ឱ្យដឹងពីស្ថានភាពពិតប្រាកដរបស់អ្នកខ្ចី ដើម្បីកំណត់លក្ខខណ្ឌកម្ចី ដែលផ្តល់អត្ថប្រយោជន៍ឱ្យភាគីទាំងពីរ។ ដូចគ្នាដែរ ហានិភ័យការជ្រើសរើស នៅក្នុងប្រតិបត្តិការធានាឥណទាន គឺជាហានិភ័យដែលស្ថាប័នផ្តល់កម្ចី ដែលដឹងព័ត៌មានពីអ្នកខ្ចី ជ្រើសយកតែកម្ចីមិនល្អសម្រាប់ស្នើសុំការធានាពីស្ថាប័នផ្តល់ការធានាឥណទាន។

អានបន្ត៖ ស្វែងយល់ពីហានិភ័យការជ្រើសរើស និងហានិភ័យចិត្តសាស្ត្រ

ជួបជាមួយម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក ដែលទទួលបានកម្ចីដែលមានការធានាពី CGCC ដើម្បីទ្រទ្រង់អាជីវកម្ម

អាននិងទាញយកអត្ថបទជា PDF: លោក សុខ ណាឡែន ម្ចាស់អាជីវកម្ម កសិដ្ឋានចិញ្ចឹមជ្រូក ខេត្តកំពង់ឆ្នាំង

នៅក្នុងឆ្នាំ២០១៤ ខ្ញុំបាទបានចាប់ផ្ដើមអាជីវកម្ម កសិដ្ឋានចញ្ចឹមជ្រូកមួយនេះឡើង។ ដំបូងឡើយ កសិដ្ឋាននេះគឺជាកសិដ្ឋានចញ្ចឹមជ្រូកកូន រហូតដល់ឆ្នាំ២០១៩ កសិដ្ឋានមួយនេះបានប្រែក្លាយទៅជាកសិដ្ឋានចញ្ចឹមជ្រូកសាច់។

ពេលចាប់ផ្ដើមអាជីកម្មកសិដ្ឋានចិញ្ចឹមជ្រូកនេះដំបូង ខ្ញុំប្រឈមនឹងបញ្ហាសំខាន់២គឺ បញ្ហាបចេ្ចកទេស និងបញ្ហាទុនបង្វិល។ បច្ចេកវិទ្យាប្រែប្រួលយ៉ាងឆាប់រហ័សពីមួយឆ្នាំទៅមួយឆ្នាំ ដែលតម្រូវឲ្យម្ចាស់អាជីវកម្មមានទុនបង្វិលគ្រប់គ្រាន់។ ចំពោះកសិដ្ឋានរបស់ខ្ញុំ តាមស្ដង់ដារបច្ចេកទេស គឺតម្រូវឲ្យមានឡជីវឧស្ម័នដែលការពារបរិស្ថានជុំវិញកសិដ្ឋានដូចជា ការពារការបំភាយផ្សែងពុល និងការពារក្លិនមិនល្អនានា។ មិនតែប៉ុណ្ណោះ ឡជីវឧស្ម័ន អាចឱ្យយើងកែច្នៃកាកសំណល់ មកប្រើប្រាស់ឡើងវិញបាន។ ជាសំណាងល្អ មជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំ (BTIC) បានផ្តល់ជំនួយបច្ចេកទេស ក្នុងការកែច្នៃ និងបង្កើតឡជីវឧស្ម័នសម្រាប់កសិដ្ឋានចញ្ចឹមជ្រូករបស់ខ្ញុំ។ យ៉ាងណាក៏ដោយ កង្វះទុន គឺជាបញ្ហាប្រឈមមួយទៀតសម្រាប់ខ្ញុំ។ តាមរយៈភាពជាដៃគូសហការរបស់ CGCC BTIC បានណែនាំខ្ញុំអំពីកម្ចីដែលមានការធានា ដោយមិនចាំបាច់មានទ្រព្យធានា។ ជាមួយការធានាឥណទានពី CGCC ខ្ញុំក៏ទទួលបានកម្ចីអាជីវកម្មពី ធនាគារ កាណាឌីយ៉ា តាមអ្វីដែលខ្ញុំបានស្នើសុំ និងទាន់ពេលវេលាដោយមិនចាំបាច់មានទ្រព្យធានា។ កម្ចីដែលមានការធានាពី CGCC គឺជាទុនបង្វិល ដែលអាចឲ្យខ្ញុំបន្ដការសាងសង់ឡជីវឧស្ម័នថ្មី ដើម្បីទ្រទ្រង់កសិដ្ឋានចញ្ចឹមជ្រូករបស់ខ្ញុំ។

ការទទួលបានកម្ចីដែលមានការធានាពី CGCC គឺអាស្រ័យទៅលើសក្ដានុពលនៃអាជីវកម្មរបស់ខ្ញុំ ពោលគឺលទ្ធភាពនៃការរីកចម្រើនទៅមុខ ការកសាង ការថែទាំប្រវត្តិឥណទានឲ្យបានល្អ ក៏ដូចជាការបំពេញឯកសារតម្រូវដែលអាចបញ្ជាក់ពីភាពចាំបាច់ក្នុងការប្រើប្រាស់កម្ចីសម្រាប់អាជីវកម្មរបស់ខ្ញុំ។ ម្ចាស់អាជីវកម្មដទៃទៀតដែលមានតម្រូវការទុន ប៉ុន្តែខ្វះទ្រព្យធានា ក៏អាចស្វែងរកការធានាឥណទានពី CGCC តាមរយៈគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុជាដៃគូរបស់ CGCC បានដែរ៕