

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងក្រុមហ៊ុន Credit Guarantee Sole Company Limited (LCGC) កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបង្កើនការអភិវឌ្ឍសេវាកម្មធានាឥណទាន និងការរីកចម្រើនដ៏រឹងមាំរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសទាំងពីរ។
អនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានចុះហត្ថលេខាដោយលោក ណូ លីដា អគ្គនាយកនៃ CGCC និងលោក វង់ គីតលួង (Wong Keet Loong) អគ្គនាយកនៃ LCGC ព្រមទាំងមានតំណាងជាន់ខ្ពស់មកពីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មឡាវ, ក្រសួងហិរញ្ញវត្ថុ, ធនាគារជាតិនៃសាធារណរដ្ឋប្រជាមានិតឡាវ ចូលរួមជាសាក្សី សរុបចំនួន ៣០ នាក់ នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា។
ថ្លែងក្នុងពិធីចុះហត្ថលេខា លោក លីដា បានមានប្រសាសន៍ថា “អនុស្សរណៈនៃការយោគយល់គ្នារវាង CGCC និង LCGC នឹងនាំមកនូវអត្ថប្រយោជន៍ទៅវិញទៅមកតាមរយៈកិច្ចសហការក្នុងការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងការកែលម្អប្រតិបត្តិការ”។
លោកបានបន្ថែមថា “វាបង្ហាញពីការចាប់ផ្តើមនៃភាពជាដៃគូដ៏យូរអង្វែង និងមានឥទ្ធិពលរវាងស្ថាប័នទាំងពីររបស់យើង។ នវានុវត្តន៍មិនត្រូវបានកំណត់ដោយភាពចាស់ទុំរបស់គ្រឹះស្ថាននោះទេ។ ទោះបីជា CGCC បានចាប់ផ្តើមប្រតិបត្តិការមុន LCGC ក៏ដោយ ក៏អាចមានផ្នែកដែល LCGC អនុវត្តបានល្អជាង ហើយយើងស្វាគមន៍ឱកាសទាំងនោះដើម្បីរៀន និងកែលម្អជាមួយគ្នា”។
ក្នុងឱកាសថ្លែងសុន្ទរកថា លោក Wong បានមានប្រសាសន៍ថា “យើងមានកិត្តិយសដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះជាមួយ CGCC នៅថ្ងៃនេះ ដោយបង្កើតកិច្ចសហការជាយុទ្ធសាស្ត្រសម្រាប់ LCGC។ CGCC មានមូលដ្ឋានគ្រឹះរឹងមាំ និងមានភាពចាស់ទុំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ទៅជាគ្រឹះស្ថានធានាឥណទានគំរូមួយនៅក្នុងតំបន់”។
អគ្គនាយក LCGC បានកត់សម្គាល់ថា ភាពជាដៃគូនេះនឹងគាំទ្រដល់ការអភិវឌ្ឍរបស់ LCGC ក្នុងការកែលម្អលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ MSMEs នៅក្នុងប្រទេសឡាវ។
លោកបានបន្តថា “អនុស្សរណៈនៃការយោគយល់គ្នានេះបង្កើតក្របខ័ណ្ឌដែលមានរចនាសម្ព័ន្ធសម្រាប់កិច្ចសហការជាបន្តបន្ទាប់រវាង CGCC និង LCGC ក្នុងការអភិវឌ្ឍ និងការអនុវត្តគម្រោងធានាឥណទាន ដើម្បីគាំទ្រ MSMEs ក៏ដូចជាក្នុងការផ្លាស់ប្តូរចំណេះដឹងលើចំណាត់ថ្នាក់បៃតង (green taxonomy) និងគម្រោងធានាហិរញ្ញប្បទានអាកាសធាតុ/បៃតង”។
លោកបានបន្ថែមថា “ក្នុងនាមជាគ្រឹះស្ថានធានាឥណទានដែលបង្កើតឡើងដោយរដ្ឋាភិបាល និងគ្រប់គ្រងដោយរដ្ឋ អង្គភាពទាំងពីរចែករំលែកអាណត្តិរួមមួយដើម្បីបន្ធូរបន្ថយការរឹតបន្តឹងហិរញ្ញប្បទានសម្រាប់ MSMEs ដែលជាវិស័យមួយដែលបម្រើជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់”។
Credit to: Khmer Times, Published on 14 May 2026
នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារ CGCC ក្រោមការដឹកនាំរបស់លោក ណូ លីដា អគ្គនាយករបស់ CGCC បានរៀបចំបេសកកម្មមនុស្សធម៌លើកទី៣ របស់ CGCC – ដើម្បីគាំទ្រ និងផ្ដល់ជំនួយដល់ស្ត្រីមានផ្ទៃពោះ និងអ្នកម្តាយដែលងាយរងគ្រោះចំនួន ១៦០នាក់ នៅក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
តាមរយៈបេសកកម្មមនុស្សធម៌នេះ CGCC បានផ្តល់កញ្ចប់ថែទាំចាំបាច់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដល់ស្ត្រីមានផ្ទៃពោះ ដើម្បីសម្រួលដល់បញ្ហាប្រឈមក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ និងលើកកម្ពស់សុខុមាលភាពរបស់ម្តាយ និងទារកផងដែរ។ សម្ភារៈឧបត្ថម្ភរួមមាន អាហារូបត្ថម្ភ សម្ភារៈថែទាំមាតា និងជំនួយហិរញ្ញវត្ថុផងដែរ។
គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ CGCC ចំពោះទំនួលខុសត្រូវសង្គម និងសុខុមាលភាពសហគមន៍ ជាពិសេសសម្រាប់ស្ត្រី និងគ្រួសារដែលត្រូវការការថែទាំ និងការគាំទ្របន្ថែមជាចាំបាច់ ក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល។




នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅការិយាល័យ CGCC មានការចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា រវាង CGCC និង Lao Credit Guarantee Sole Company Limited (LCGC) ដើម្បីបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងស្ថាប័នធានាឥណទានទាំងពីរ ក្នុងគោលបំណងគាំទ្រដល់ការអភិវឌ្ឍសេវាធានាឥណទាន និងភាពរីកចម្រើនប្រកបដោយស្ថេរភាពរបស់សហគ្រាសធុន មីក្រូ តូច និងមធ្យម (MSMEs) ក្នុងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក ណូ លីដា អគ្គនាយក CGCC និងលោក Wong Keet Loong អគ្គនាយក LCGC ក្រោមវត្តមានជាសាក្សីពីថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម, ក្រសួងហិរញ្ញវត្ថុ, និងធនាគារជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ព្រមទាំងថ្នាក់គ្រប់គ្រង និងក្រុមការងាររបស់ CGCC សរុបប្រមាណ ៣០រូប។
ក្នុងនាមជាស្ថាប័នធានាឥណទានដែលបង្កើតឡើងដោយរដ្ឋាភិបាល ស្ថាប័នទាំងពីរមានទិសដៅរួមក្នុងការកាត់បន្ថយឧបសគ្គ និងគម្លាតក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលជាវិស័យសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅទូទាំងតំបន់។


លោកស្រី ឡ សេងលាភ សព្វថ្ងៃជាប្រធានក្រុមហ៊ុនកិនស្រូវ សេកមាស និងជាស្ថាបនិកក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍។ លោកស្រី បានបន្ដវេនមុខរបរកិនស្រូវពីលោកឪពុករបស់លោកស្រី ចាប់តាំងពីឆ្នាំ១៩៩៤ មក ដែលជាអាជីវកម្មខ្នាតតូចលក្ខណៈគ្រួសារ។ ដោយសង្កេតឃើញពីសក្ដានុពល, តម្រូវការទីផ្សារ, និងក្ដីស្រមៃក្នុងការនាំចេញអង្ករទៅក្រៅប្រទេស លោកស្រីបានចាប់ផ្ដើមគំនិតអភិវឌ្ឍ និងពង្រីកអាជីវកម្មក្នុងឆ្នាំ២០១១។
លោកស្រីបានលើកឡើងពីប្រវត្តិនៃការចាប់ផ្តើមការនាំចេញអង្ករថា លោកស្រីធ្លាប់បានប្រើប្រាស់កម្ចីជាទុនបង្វិលប្រមូលទិញស្រូវ ដែលអាចបង្កើនចំនួនស្ដុកដែលលោកស្រីអាចលក់ចេញនូវទំហំធំជាងមុន ពោលក្នុងឆ្នាំ២០១៤ លោកស្រី បានសម្រេចក្ដីស្រមៃក្នុងការនាំចេញអង្ករជាលើកដំបូង។ សព្វថ្ងៃ ក្រុមហ៊ុនរបស់លោកស្រី បាននាំចេញអង្ករទៅកាន់អឺរ៉ុប សហរដ្ឋអាមេរិក ហើយភាគច្រើនទៅទីផ្សារប្រទេសចិន។
លោកស្រីបានឱ្យដឹងថា ការពង្រីកអាជីវកម្ម ពិតជាមានភាពលំបាក ដោយសារលោកស្រីមានដើមទុនតិច និងចំណេះដឹងអំពីស្ដង់ដាគ្រឿងម៉ាស៊ីន នៅមានកម្រិត។ ប៉ុន្ដែកត្តាទាំងនេះ ក៏មិនបានបញ្ឈប់លោកស្រីឡើយ ពោលលោកស្រីបានខិតខំចំណាយពេលសិក្សា និងប្រមូលប្រភពទុន ដើម្បីបំពាក់គ្រឿងបរិក្ខារ ស្របតាមស្ដង់ដា ទៅតាមតម្រូវការប្រតិបត្តិការអាជីវកម្មរបស់លោកស្រី។
លោកស្រី បានចែករំលែកថា៖ “ខ្ញុំពង្រីកតាមដំណាក់កាល ក្នុងមួយឆ្នាំយើងត្រូវពង្រីកផ្នែកណាខ្លះ យើងត្រូវមានគោលដៅច្បាស់លាស់ ថាក្នុងមួយឆ្នាំយើងចង់ពង្រីកអ្វីបន្ថែម ដែលអាចផលិតជាអង្ករបាន។”
ការពង្រីកអាជីវកម្មតាមរយៈតម្រូវការទុនរបស់លោកស្រី បានបន្តរហូតដល់ពេលមួយដែល លោកស្រី ទទួលបានព័ត៌មានអំពីការធានាឥណទានលើកម្ចីអាជីវកម្ម ដែលគ្មានទ្រព្យធានាពីសហព័ន្ធស្រូវអង្ករកម្ពុជា ហើយលោកស្រីក៏បានដាក់ស្នើកម្ចីជាទុនបង្វិលក្នុងការពង្រីកអាជីវកម្មមួយនេះ។ លោកស្រីបានបន្ថែមថា៖ “កម្ចីមានការធានានេះ មានសារៈប្រយោជន៍ច្រើន ដោយសារយើងមានកម្ចី (មុន) នៅធនាគារពាណិជ្ជអស់ហើយ តែបន្ទាប់ពី CGCC មិនតម្រូវឱ្យមានទ្រព្យធានា គឺយើងអាចស្នើកម្ចីមានការធានាពីខាង (ធនាគារដៃគូ) CGCC មកធ្វើជាទុនបន្ថែម។”
លោកស្រីក៏បានរំលឹកឡើងវិញដែរថា លោកស្រី បានចាប់ផ្ដើមអាជីវកម្មជាមួយលោកឪពុក ពីមានបុគ្គលិក ២រូប រហូតដល់សព្វថ្ងៃលោកស្រី មានបុគ្គលិកសរុបចំនួន ៤០រូប ហើយទិន្នផលកិនស្រូវក្នុងមួយថ្ងៃចំនួន ៥កុងតឺន័រ (២៤តោន ក្នុងមួយកុងតឺន័រ) រហូតដល់បច្ចុប្បន្ន លោកស្រីអាចផលិតបានចន្លោះពី ៨ ទៅ ១០កុងតឺន័រ។ ទន្ទឹមនឹងនេះ លោកស្រី ក៏មានលទ្ធភាពក្នុងការទទួលទិញស្រូវសើម ជាមធ្យមក្នុងមួយថ្ងៃ ប្រមាណ ៦០០តោន ផ្ទុយពីពេលមុន ដែលការប្រមូលទិញមិនដល់ ១០០តោនផង ដោយសារការហាលស្រូវត្រូវបានធ្វើឡើងតាមលក្ខណៈប្រពៃណី។
លោកស្រី បានបន្ថែមថា៖ “ពីមុន ខ្ញុំមានលទ្ធភាពត្រឹមតែទិញ (ស្រូវ) ដែលកសិករគាត់ដឹកយកមកលក់រាយ តែបន្ទាប់ពីខ្ញុំបានពង្រីកខ្លួន (អាជីវកម្ម) មក ខ្ញុំបានបំពាក់ឡសម្ងួត ទិញស្រូវដែលដឹកតាមឡាន និងក្នុងបរិមាណច្រើន។”
លោកស្រីនៅតែមានទិសដៅចង់ពង្រីក និងចូលរួមចំណែកនាំចេញអង្ករកម្ពុជាឱ្យបានកាន់តែច្រើនជាងនេះ ក្នុងគោលបំណងផ្សព្វផ្សាយផលិតផលអង្ករកម្ពុជា ជាពិសេស ជួយដល់ប្រជាកសិករដែលដាំដុះស្រូវឱ្យមានទីផ្សារអាចលក់ចេញ និងបង្កើនការនាំចេញដែលគាំទ្រដល់សេដ្ឋកិច្ចកម្ពុជា។ គួរបញ្ជាក់ផងដែរថា លោកស្រី បានទទួលបណ្ណសរសើរ និងពានរង្វាន់សហគ្រាសឆ្នើម ដែលបានប្រើប្រាស់កម្ចីមានការធានា ប្រកបដោយប្រសិទ្ធភាពខ្ពស់ពី CGCC នៅដើមឆ្នាំ២០២៦ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
អាននិងទាញយកជា PDF: ជួបជាមួយសហគ្រិនស្រ្ដីឆ្នើមក្នុងវិស័យស្រូវអង្ករ៖ ពីអាជីវកម្មបែបគ្រួសារ ទៅកាន់ទីផ្សារអន្ដរជាតិ
កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ លោកស្រីលឹម ចាន់ធីតា ប្រធាននាយកដ្ឋានប្រតិបត្តិការរបស់ CGCC បានចូលរួមជាវាគ្មិនកិត្តិយសមួយរូប នៃកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ “ជំហានសំខាន់ៗក្នុងការត្រៀមខ្លួនដើម្បីទទួលបានកម្ចីធនាគារ” ដែលត្រូវបានរៀបចំឡើងក្នុងកម្មវិធីពិព័រណ៍ផលិតផលខ្មែរ២០២៦ រៀបចំឡើងដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

កិច្ចពិភាក្សានេះរៀបចំឡើងក្នុងគោលបំណង ផ្តល់ចំណេះដឹងអំពីលក្ខខណ្ឌសំខាន់ៗ ដែលធនាគារត្រូវ និងណែនាំពីរបៀបរៀបចំឯកសារ ការត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានកម្ចី ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យមានទំនុកចិត្ត និងចែករំលែកបទពិសោធន៍លលើការស្នើសុំ និងប្រើប្រាស់កម្ចី។
ក្នុងកិច្ចពិភាក្សានេះ លោកស្រី លឹម ចាន់ធីតា បានធ្វើបទបង្ហាញស្តីពីគម្រោងធានាឥណទានរបស់ CGCC ក៏ណែនាំពីរបៀបទទួលបានកម្ចីដែលមានការធានា និងលើកឡើងពីតួនាទីដ៏សំខាន់របស់ CGCC ក្នុងការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនតូច និងមធ្យម តាមរយៈយន្តការធានាឥណទាន។ លើសពីនេះលោកស្រីក៏បានចែករំលែកការយល់ដឹងបន្ថែមអំពីគម្រោងធានាឥណទានរបស់ CGCC ដែលអាចជួយកាត់បន្ថយបន្ទុក ការទាមទារនូវទ្រព្យធានាសម្រាប់អាជីវកម្ម ដើម្បីបង្កើនឱកាសក្នុងការទទួលបានកម្ចីពីធនាគារផងដែរ។

កាលពីថ្ងៃទី២២ ដល់ទី២៥ ខែមេសា ឆ្នាំ២០២៦ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ CGCC អមដំណើរដោយថ្នាក់ដឹកនាំ និងបុគ្គលិករបស់ CGCC និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានអញ្ជើញចូលរួមក្នុងសន្និសីទ The Asian Credit Supplementation Institution Confederation (ACSIC) លើកទី ៣៨ ក្រោមប្រធានបទ “Strengthening Global Credit Guarantee Ecosystem Through Cooperation, Innovation and Resilience” នៅទីក្រុង ម៉ុមបៃ ប្រទេសឥណ្ឌា ដែលសន្និសីទនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូចំនួនប្រមាណ ១០០រូប មកពី ២០ស្ថាប័នជុំវិញពិភពលោក។

សន្និសីទនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបង្កើតជាវេទិកាសម្រាប់អ្នកជំនាញមកពីគ្រប់ស្ថាប័នដែលជាសមាជិកនៃ ACSIC បានចូលរួមផ្តល់មតិយោបល់ទៅវិញទៅមក និងការប្រមូលធាតុចូល ក្នុងកិច្ចសន្ទនា
ជាសកល អំពីប្រព័ន្ធធានាឥណទាន ព្រមទាំងជាឱកាសសម្រាប់អ្នកចូលរួមគ្រប់រូបបានសិក្សាស្វែងយល់បន្ថែមអំពីការរៀបចំយន្តការនៃការផ្តល់ និងទទួលបានហិរញ្ញប្បទាន ការគ្រប់គ្រងហានិភ័យ ការប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយលក្ខណៈនវានុវត្តន៍ក្នុងការគ្រប់គ្រង និងរៀបចំប្រព័ន្ធធានាឥណទានឱ្យកាន់តែប្រសើរ។ ជាពិសេសនោះគឺជា វេទិកានៃការផ្សារភ្ជាប់គ្នារវាងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុជាច្រើនរូបមកពីបណ្តាជាប្រទេសជាសមាជិក ក្នុងការបង្កើនទំនាក់ទំនង ដើម្បីកិច្ចសហប្រតិបត្តិការអនាគតរួមគ្នា សម្រាប់ការចូលរួមពង្រឹងប្រព័ន្ធធានាឥណទានជាសកលឱ្យកាន់តែប្រសើរ។
CGCC ក្នុងនាមជាសមាជិកមួយរបស់ ACSIC មានក្តីសោមនស្សដែលបានចូលរួមនូវវេទិកាអន្តរជាតិនេះ ដើម្បីបន្តសិក្សាស្វែងយល់អំពីប្រព័ន្ធធានាឥណទានជាសកល ក្នុងគោលដៅធានាឱ្យបាននូវការបង្កើនលទ្ធភាពទទួលបាននូវហិរញ្ញប្បទាន សម្រាប់ម្ចាស់អាជីវកម្ម
ធុនមីក្រូ តូច និងមធ្យម ដើម្បីជាផ្នែកមួយនៃការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយបរិយាបន្ន៕

នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ CGCC បានរៀបចំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់រូបនៃ CGCC ។
កម្មវិធីនេះមិនត្រឹមតែជាកិច្ចប្រជុំប៉ុណ្ណោះទេ តែជាវេទិកាបើកចំហរមួយ សម្រាប់បុគ្គលិកគ្រប់រូបមានឱកាសក្នុងការចែករំលែកនូវទស្សនៈ ផ្លាស់ប្តូរមតិយោបល់ ពិភាក្សា និងការទទួលយកអនុសាសន៍ណែនាំនានា ក្នុងគោលបំណងរួមមួយ ដើម្បីស្វែងរកនូវគំនិតថ្មីៗដែលមានលក្ខណៈនវានុវត្តន៍ក្នុងការចូលរួមអភិវឌ្ឍ CGCC ឱ្យក្លាយជាស្ថាប័នធានាឥណទានឈានមុខ និងចូលរួមចំណែកក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។



កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ តបតាមការអញ្ជើញ ក្រុមការងារ CGCC បានចូលរួមក្នុងកម្មវិធីពិព័រណ៍ការងារ AUPP Career Fair Spring 2026 ដែលបានរៀបចំឡើងដោយ សាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP) នៅឯទីតាំងសាកលវិទ្យាល័យផ្ទាល់ ដែលក្នុងកម្មវិធីនេះ CGCC បានចូលរួមដាក់តាំងបង្ហាញ និងផ្តល់នូវព័ត៌មានទូទៅអំពី CGCC និងការធានាឥណទានទៅកាន់សិស្ស និស្សិត និងអ្នកចូលរួមទូទៅឱ្យបានស្គាល់ និងបានយល់ដឹងបន្ថែម ព្រមទាំងបានបង្ហាញអំពីឱកាសការងារដែលមាននៅ CGCC សម្រាប់សិស្ស និស្សិតគ្រប់រូប ដែលមានបំណងចង់អភិវឌ្ឍសមត្ថភាព និងចំណេះដឹង។
កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងផ្តល់ជាវេទិកាសម្រាប់សិស្ស និស្សិត និងអ្នកចូលរួមទូទៅ អាចស្វែងយល់បន្ថែមអំពីឱកាសទីផ្សារការងារដែលកំពុងតែមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងសម្រាប់អ្នកចូលរួមគ្រប់រូបអាចទទួលបាននូវឱកាសក្នុងការស្វែងរកក្តីស្រមៃបំពេញការងារវិជ្ជាជីវៈរបស់ខ្លួននៅតាមស្ថាប័ននានា ដែលបានចូលរួមដាក់បង្ហាញក្នុងកម្មវិធីនេះផងដែរ។



នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ CGCC បានរៀបចំកម្មវិធីចែករំលែក Special Talk ក្រោមប្រធានបទ “Recent Trends in East and Southeast Asian Economies and Implications on Financial Markets” ដោយលោក Richard Yarrow ដែលជាអ្នកជំនាញផ្នែកសេដ្ឋកិច្ចមួយរូប សម្រាប់បុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ CGCC។
កម្មវិធីចែករំលែកនេះ បានផ្តល់ឱកាសដល់បុគ្គលិកគ្រប់រូបនៃ CGCC បានស្វែងយល់បន្ថែមអំពីការវិវឌ្ឍនៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ព្រមទាំងជាវេទិកាមួយសម្រាប់បុគ្គលិកគ្រប់រូបបានចូលរួមផ្លាស់ប្តូរមតិយោបល់ និងការយល់ឃើញរវាងគ្នាទៅវិញទៅមក ក្នុងគោលបំណងចែករំលែកនូវចំណេះដឹង ដើម្បីអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងដើម្បីជាធាតុចូលសម្រាប់ការបំពេញប្រតិបត្តិការការងារក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ។
CGCC សូមថ្លែងអំណរគុណលោក Richard Yarrow ដែលបានចំណាយពេលដ៏មានតម្លៃ ចូលរួមជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីចែករំលែកសម្រាប់បុគ្គលិកគ្រប់រូបរបស់ CGCC នាឱកាសនេះ។


