ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង CGCC និង LCGC

នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅការិយាល័យ CGCC មានការចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា រវាង CGCC និង Lao Credit Guarantee Sole Company Limited (LCGC) ដើម្បីបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងស្ថាប័នធានាឥណទានទាំងពីរ ក្នុងគោលបំណងគាំទ្រដល់ការអភិវឌ្ឍសេវាធានាឥណទាន និងភាពរីកចម្រើនប្រកបដោយស្ថេរភាពរបស់សហគ្រាសធុន មីក្រូ តូច និងមធ្យម (MSMEs) ក្នុងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

 

 

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក ណូ លីដា អគ្គនាយក CGCC និងលោក Wong Keet Loong អគ្គនាយក LCGC ក្រោមវត្តមានជាសាក្សីពីថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម, ក្រសួងហិរញ្ញវត្ថុ, និងធនាគារជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ព្រមទាំងថ្នាក់គ្រប់គ្រង និងក្រុមការងាររបស់ CGCC សរុបប្រមាណ ៣០រូប។

ក្នុងនាមជាស្ថាប័នធានាឥណទានដែលបង្កើតឡើងដោយរដ្ឋាភិបាល ស្ថាប័នទាំងពីរមានទិសដៅរួមក្នុងការកាត់បន្ថយឧបសគ្គ និងគម្លាតក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលជាវិស័យសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅទូទាំងតំបន់។