វិស័យជលផល ជាវិស័យយ៉ាងសំខាន់មួយក្នុងការទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ មិនតែប៉ុណ្ណោះ វិស័យនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានិរន្ដរភាពសន្ដិសុខស្បៀង ប្រភពចំណូល និងការផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា។
ខ្ញុំបាទឈ្មោះ ចាវ សួស្ដី សព្វថ្ងៃជាម្ចាស់សិប្បកម្មផលិតផលជលផល ចាវ សួស្ដី។ ខ្ញុំបានចាប់ផ្ដើមបើកប្រតិបត្តិការអាជីវកម្មរបស់ខ្ញុំ នៅឆ្នាំ២០២២ ជាអាជីវកម្មលក្ខណៈគ្រួសារ ក្រោយខ្ញុំបម្រើការងារជាមួយក្រុមហ៊ុនឯកជនមួយក្នុងវិស័យកសិកម្មដែលផ្តោតលើវារីវប្បកម្មជាងមួយទសវត្ស។ ការចាប់ផ្ដើមរបស់ខ្ញុំ កើតឡើងដោយសារក្ដីស្រមៃ និងក្ដីស្រឡាញ់ក្នុងវិស័យកែច្នៃផលិតផល ជាពិសេសបទពិសោធន៍ ចំណេះនិងជំនាញដែលខ្ញុំមានស្រាប់នៅក្នុងវិស័យវារីវប្បកម្ម។ ប្រតិបត្តិការអាជីវកម្មដំបូងរបស់ខ្ញុំ មានបុគ្គលិកក្រៅម៉ោងចំនួន ៤រូប រហូតដល់ឆ្នាំ២០២៤ បានកើនឡើងរហូតដល់ ៨រូប ហើយចាប់ពីឆ្នាំ២០២៣ ផលិតផលរបស់ខ្ញុំបានចែកចាយ និងផ្គត់ផ្គង់ ២៥ខេត្ត/ក្រុង តាមបណ្ដាអាហារដ្ឋាននានា។ បន្ថែមពីនេះ ក្នុងឆ្នាំ២០២៥ ខ្ញុំក៏បានបង្កើនផលិតភាពនិងកែច្នៃផលិតផលបន្ថែមទៀត រួមមានប្រហុកមណ្ឌល, ម្សៅត្រីប្រមាមណ្ឌល, និងម្សៅត្រីមណ្ឌល។
ក្នុងនាមជាម្ចាស់អាជីវកម្ម ការស្វែងរក និងការកៀរគរទុនសម្រាប់ពង្រីក និងអភិវឌ្ឍអាជីវកម្ម គឺជារឿងដ៏លំបាកមួយសម្រាប់ខ្ញុំ ដោយសារការខ្វះទ្រព្យធានាក្នុងការដាក់ស្នើកម្ចីអាជីវកម្ម។ ខ្ញុំធ្លាប់បរាជ័យក្នុងការដាក់ស្នើកម្ចី ដោយសារខ្វះទ្រព្យធានា និងកង្វះខាតការរៀបចំឯកសារ។ ប៉ុន្ដែក្នុងឆ្នាំ២០២៤ ខ្ញុំទទួលបានព័ត៌មានពីគម្រោង កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH CAPTURE) ស្របពេលខ្ញុំមានគោលបំណងក្នុងការបង្កើនផលិតភាពនិងពង្រីកអាជីវកម្ម។
ដោយស្ថានភាពអំណោយផល និងការទទួលបានគាំទ្រពីគម្រោង និង CGCC ដែលជាអ្នកគ្រប់គ្រងមូលនិធិរបស់គម្រោង ខ្ញុំក៏បានចាប់ឱកាសនេះ ដើម្បីសិក្សាពីលទ្ធភាពស្នើកម្ចី ហើយខ្ញុំបានជួបពិភាក្សាជាមួយធនាគារមេយប៊ែង ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមមួយរបស់ CGCC ជាមួយនឹងជំនឿទុកចិត្តក្នុងការប្រឹក្សា និងការទទួលបានកម្ចីអាជីវកម្ម។
ការធានាពី CGCC លើកម្ចីអាជីវកម្មរបស់ខ្ញុំ ពិតមានសារៈសំខាន់ណាស់ ដោយសារជាធម្មតាមិនថាបុគ្គល ឬម្ចាស់អាជីវកម្មទេ ភាគច្រើនតែងតែមានជាប់ទ្រព្យតម្កល់ជាមួយកម្ចីចាស់នៅធនាគារមុន ហើយប្រសិនបើចង់ស្នើកម្ចីបន្ថែម ច្រើនតែមិនងាយមានទ្រព្យធានាដែលនៅសល់នោះទេ។ ជាមួយនឹងកម្ចីមានការធានា ខ្ញុំមានឱកាសក្នុងការពង្រីក និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការទិញគ្រឿងបរិក្ខារ ដើម្បីជំរុញប្រសិទ្ធភាព និងបង្កើនផលិតភាពអាជីវកម្មរបស់ខ្ញុំ។ ជាសមិទ្ធផល ខ្ញុំគ្រោងនឹងចេញនូវកញ្ចប់ផលិតផលចំនួន ៣ទំហំបន្ថែម គឺទម្ងន់១០ក្រាម ១០០ក្រាម និង២០០ក្រាម។ ខ្ញុំរំពឹងថា ខ្ញុំនឹងអាចនាំចេញផលិតផលរបស់ខ្ញុំទៅកាន់ទីផ្សារអន្ដរជាតិនាពេលខាងមុខ នៅឆ្នាំ២០២៦ ព្រោះខ្ញុំមានគ្រឿងបរិក្ខារគ្រប់គ្រាន់ ដែលសិប្បកម្មខ្ញុំអាចផលិតក្នុងបរិមាណច្រើន និងផ្គត់ផ្គង់ទាន់ពេលវេលា។
ដើម្បីស្នើកម្ចីអាជីវកម្មបានជោគជ័យ ខ្ញុំគិតថាម្ចាស់អាជីវកម្មគ្រប់រូបត្រូវតែមានការតាំងចិត្តខ្ពស់ក្នុងការរៀបចំផែនការអាជីវកម្ម ការទទួលស្គាល់ពីចំណុចខ្វះខាត និងការស្វែងរកយន្ដការគាំទ្រសម្រាប់អាជីវកម្មរបស់ខ្លួន។ ជាពិសេស ការកំណត់គោលដៅអាជីវកម្មនិងផែនការចំណាយលើប្រាក់កម្ចីដែលទទួលបាន ផ្អែកទៅតាមផែនការអាជីវកម្មដែលបានកំណត់ និងជាពិសេស ត្រូវកត់ត្រារបាយការណ៍ហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ ពីចំណូល ចំណាយ ចំណេញ និងខាតប្រចាំខែ និងប្រចាំឆ្នាំ៕
អាននិងទាញយកជា PDF: ម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC ក្រោមគម្រោងធានាឥណទានសម្រាប់វិស័យជលផលក្រោយប្រមូលផល