CGCC

CGCC ចូលរួមកិច្ចពិភាក្សាលើ ក្រុមការងារកម្រិតបច្ចេកទេសលើកទី១ ដែលរៀបចំដោយសាជីវកម្មធានាឥណទានថៃ (TCG)

ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ គណៈប្រតិភូ CGCC ដឹកនាំដោយលោក អេង តុងងី ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ និងអនុលោមភាព រួមជាមួយសហការី CGCC ៣រូប បានចូលរួមកិច្ចពិភាក្សាលើ ក្រុមការងារកម្រិតបច្ចេកទេសលើកទី១ ដែលរៀបចំដោយសាជីវកម្មធានាឥណទានថៃ (TCG) ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរ និងចែករំលែកការអនុវត្តល្អៗរវាងស្ថាប័នទាំងពីរ ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

តាមរយៈកិច្ចពិភាក្សានេះ  ក្រុមការងាររបស់ CGCC និង TCG បានផ្លាស់ប្តូរការចែករំលែកអំពីទិដ្ឋភាពទូទៅនៃគម្រោងធានាឥណទានរបស់ស្ថាប័នខ្លួន, ការផ្តល់ពិន្ទុឥណទាន,ការវាយតម្លៃការធានា, ការត្រួតពិនិត្យការធានា, ការទាមទារសំណង និងការស្តារឥណទានឡើងវិញ, និងការប្រមូលបំណុល។

ជាផ្នែកមួយនៃបេសកកម្ម​នេះ គណៈប្រតិភូរបស់ CGCC ក៏ទទួលបានការអញ្ជើញ និងសម្របសម្រួលយ៉ាងកក់ក្តៅពីសំណាក់ TCG ដោយបានទៅទស្សនាសាខារបស់ TCG និងទីតាំងអាជីវកម្មធុនតូច និងមធ្យម (SME) មួយកន្លែងនៅទីក្រុងបាងកក ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពីប្រតិបត្តិការរបស់ TCG និងស្វែងយល់ពីសក្តានុពលនៃផលិតផល របស់ SME ផងដែរ ៕

CGCC ចូលរួមចែករំលែកក្នុងសិក្ខាសាលាស្ដីពី “Unlocking Sustainable Growth: The Role of Credit Guarantees & ESG in Cambodia’s Financial Future”

នាថ្ងៃទី0៩ ខែឧសភា ឆ្នាំ២០២៥ លោក យុន ផន  ប្រធាននាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍន៍អាជីវកម្មនៃ CGCC និង​លោកស្រី សាន សុខរីណា ប្រធានជាន់ខ្ពស់នៃការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការរបស់ CGCC បានចូលរួមចែករំលែកក្នុងសិក្ខាសាលាស្ដីពី “Unlocking Sustainable Growth: The Role of Credit Guarantees & ESG in Cambodia’s Financial Future”   ដែលរៀបចំដោយវិទ្យាស្ថានខេមអេដ​ នៅអគារនៃវិទ្យាស្ថានខេមអេដ ក្រោមការសម្របសម្រួល និងដឹកនាំដោយ លោកសាស្រ្តាចារ្យ ហូរ វរៈបុត្ត។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បី បង្កើនការយល់ដឹងអំពីតួនាទីរបស់ CGCC ក្នុងការផ្តល់ការធានាឥណទាន ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងការអនុវត្តគោលការណ៍ដែលទាក់ទងនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច (​​ESG) ដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្តរបស់CGCC សំដៅចូលរួមដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ទៅតាមគោលការណ៍របស់ ESG ។

កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម

កាលពីថ្ងៃទី២២ ដល់ ២៤ ខែមេសា ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដឹកនាំដោយលោក យុន ផន ប្រធាននាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍន៍អាជីវកម្ម បានជួបពិភាក្សាស្វែងយល់អំពីការអនុវត្តយន្តការធានាឥណទាន និងផ្សព្វផ្សាយបន្ថែមអំពីគម្រោងធានាឥណទានរបស់ CGCC ដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិករបស់សាខានៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួនរបស់ CGCC រួមមាន៖

  • ខេត្តកំពង់ធំ៖ ធនាគារ ស្ថាបនា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC
  • ខេត្តកំពង់ចាម៖ ធនាគារកាណាឌីយ៉ា ធនាគារ ស្ថាបនា  និង ធនាគារ ហ្វីលីព

ការពិភាក្សាជាមួយ PFIs នៅតាមសាខានានា​នៃខេត្តនីមួយៗ បានផ្តល់ឱកាសសម្រាប់ CGCCនិង PFIs ក្នុងការជំរុញការយល់ដឹងកាន់តែច្បាស់អំពីសេវាធានាឥណទាន បង្កើនគុណភាពនៃសេវាកម្ម​ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការធានាឥណទាន និងអាចបង្កើនការផ្តល់កម្ចីជូនទៅដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានសក្តានុពលនិងមានតម្រូវការកម្ចីចាំបាច់ រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ជនបទផងដែរ៕

CGCC រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី CGCC និងវគ្គបណ្តុះបណ្តាលជំនាញនៃការលក់សម្រាប់បុគ្គលិកធនាគារ/មីក្រូហិរញ្ញវត្ថុ នៅខេត្តព្រះវិហារ

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារ CGCC ដឹកនាំដោយលោក យុន ផន ប្រធាននាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍន៍អាជីវកម្ម  បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីយន្តការធានាឥណទានរបស់ CGCC និងវគ្គបណ្តុះបណ្តាលជំនាញផ្នែកលក់សម្រាប់បុគ្គលិកធនាគារនៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម(PFIs) របស់ CGCC  ប្រចាំសាខាខេត្តព្រះវិហារ ដើម្បីបង្កើនការយល់ដឹងអំពីការធានាឥណទាន នីតិវិធីនៃការធានាឥណទាន និងអមដោយជំនាញក្នុងការលក់ដ៏មានប្រសិទ្ធិភាព ដោយ លោក យុន ផន  ដែលមានបទពិសោធន៍ក្នុងផ្នែកលក់បែបប្រឹក្សាយោបល់ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុជាច្រើនឆ្នាំ។

សិក្ខាសាលានេះមានការចូលរួមពីថ្នាក់គ្រប់គ្រង និងបុគ្គលិករបស់ PFIs មួយចំនួនរួមមានៈ ធនាគារកាណាឌីយ៉ា ធនាគារស្ថាបនា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ធនាគារព្រីនស៍ ធនាគារ ABA & ធនាគារអេស៊ីលីដា សរុបចំនួន៣០ នាក់។  សិក្ខាសាលានេះគឺជាឱកាសមួយដ៏ពិសេសសម្រាប់ទាំង CGCC និង PFIs ក្នុងការស្វែងយល់អំពីអត្ថប្រយោជន៍នៃការធានាឥណទាន និងឱកាសដែល PFIs អាចបង្កើនការផ្តល់កម្ចីជូនទៅដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានសក្តានុពល និងមានតម្រូវការកម្ចី តែប្រឈមនឹងបញ្ហាខ្វះទ្រព្យធានាតាមរយៈការអនុវត្តន៍ជំនាញផ្នែកលក់ប្រកបដោយប្រសិទ្ធិភាព៕

CGCC ចូលរួមសិក្ខាសាលាបញ្ជ្រាបការយល់ដឹង និងជំរុញការបោះផ្សាយលក់មូលបត្រក្រោមប្រធានបទ “យន្តការថ្មីនៃការកៀរគរហិរញ្ញប្បទានតាមរយៈការបោះផ្សាយលក់សញ្ញាបណ្ណក្រោមក្របខណ្ឌបំណុលរយៈពេលមធ្យម”

នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ កញ្ញា ជុំ សិលារ័ត្ន ប្រធានការិយាល័យអភិវឌ្ឍន៍អាជីវកម្ម (ការធានាសញ្ញាបណ្ណ) នៃ CGCC បានចូលរួមចែករំលែកអំពីការធានាសញ្ញាបណ្ណរបស់ CGCC នៅក្នុងសិក្ខាសាលាបញ្ជ្រាបការយល់ដឹង និងជំរុញការបោះផ្សាយលក់មូលបត្រក្រោមប្រធានបទ “យន្តការថ្មីនៃការកៀរគរហិរញ្ញប្បទានតាមរយៈការបោះផ្សាយលក់សញ្ញាបណ្ណក្រោមក្របខណ្ឌបំណុលរយៈពេលមធ្យម” ដែលរៀបចំដោយនិយ័តករមូលបត្រកម្ពុជា នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ជូនដល់បុគ្គលចុះបញ្ជីលក់មូលបត្រ ក្រុមហ៊ុនបោះផ្សាយសក្ដានុពល ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា  អ្នកចូលរួមក្នុងទីផ្សារ និងក្រុមហ៊ុនដែលផ្តល់សេវាក្នុងវិស័យមូលបត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក.។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងការបោះផ្សាយលក់សញ្ញាបណ្ណក្រោមក្របខណ្ឌបំណុលរយៈពេលមធ្យម ក្នុងគោលដៅជំរុញដល់ការបោះផ្សាយលក់មូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

 

CGCC ចូលរួមបេសកកម្មទៅកាន់ទីស្នាក់ការកណ្តាលអង្គការ UNIDO នៅប្រទេសអូទ្រីស

ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៥ លោក ណូ លីដា អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា(CGCC) ត្រូវបានអញ្ជើញឱ្យទៅចូលរួមក្នុងបេសកកម្ម ទៅកាន់ទីស្នាក់ការកណ្ដាល នៃអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម(UNIDO) នៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស។

គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺ (១) ដើម្បីបង្ហាញជូនក្រុមការងារពាក់ព័ន្ធ នៅទីស្នាក់ការកណ្តាលនៃអង្គការ UNIDO អំពីវឌ្ឍនភាព និងបញ្ហាប្រឈម និងមេរៀន នៃការអនុវត្តកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (Investment Support Facility – ISF) នៃគម្រោងអភិវឌ្ឍន៍វិស័យជលផល (CAPFISH-Capture) ដែល CGCC ជាស្ថាប័នគ្រប់គ្រងមូលធិនិ ISF និង (២) ដើម្បីបង្កើនការយល់ដឹងរបស់ CGCC អំពីនីតិវិធីពាក់ព័ន្ធរបស់ UNIDO ក្នុងការបង្កើនប្រសិទ្ធភាពនៃការការគ្រប់គ្រងមូលនិធិ ISF របស់ CGCC។

តាមរយៈដំណើរទស្សនកិច្ចនេះ លោក ណូ លីដា បានជួបប្រជុំពិភាក្សាជាមួយក្រុមការងារពាក់ព័ន្ធ នៅទីស្នាក់ការកណ្តាលនៃអង្គការ UNIDO រួមមាន៖ Islamic Finance Taskforce, Procurement and Finance Division, Agirculture Division និង Innovative Finance Division ជាដើម ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម, ដំណោះស្រាយ ដើម្បីធ្វើឱ្យប្រសើរឡើងនូវកម្មវិធី ISF, និងឱកាសក្នុងការពង្រីកកិច្ចសហប្រតិបត្តិការនាពេលអនាគត។

កម្មវិធី ISF គឺជាគំរូ​ហិរញ្ញវត្ថុថ្មីមួយរបស់គម្រោង CAPFISH-Capture ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) អនុវត្តដោយអង្គការ UNIDO និងរដ្ឋបាលជលផល (FiA) ហើយកម្មវិធីនេះត្រូវបានគ្រប់គ្រង និងចាត់ចែងមូលនិធិដោយ CGCC។  CGCC ក៏បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានសម្រាប់វិស័យជលផលក្រោយប្រមូលផល (PFGS) ដើម្បីផ្តល់ការធានាឥណទាន ដល់កម្ចីដែលនៅក្រោមកម្មវិធី​ ISF នេះ។ ជាលទ្ធផល គិតមកដល់ដំណាច់ខែមីនា ឆ្នាំ២០២៥ ក្រោមគម្រោង​នេះ CGCC បានអនុម័តការធានាឥណទានដល់សហគ្រាសសរុបចំនួន ១២ គិតជាទំហំកម្ចីស្មើនឹងប្រមាណជិត ៣០ម៉ឺនដុល្លារ៕

កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់សាជីវកម្មធានាឥណទានកម្ពុជា (EPIC) វគ្គទី៤

នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅខេត្តកំពង់ចាម សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ចាម បានសហការរៀបចំកម្មវិធី EPIC វគ្គទី៤​ ស្តីអំពី “ការរៀបចំផែនការអាជីវកម្មសម្រាប់កម្ចីអាជីវកម្មខ្នាតតូច និងមធ្យម” ក្រោមអធិបតីភាព លោក ពូន រុន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ចាម និងវត្តមានជាកិត្តិយសរបស់លោក ណូ លីដា អគ្គនាយក CGCC និងមានការចូលរួមពីសិក្ខាកាមដែលជាម្ចាស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមជាពិសេសប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តកំពង់ចាម និងបណ្តាខេត្តនានា សរុបប្រមាណ៧៥រូប ក្នុងនោះស្រ្តីមាន ២៨រូប។

តាមរយៈកម្មវិធី EPIC 4 សិក្ខាកាមបានស្វែងយល់អំពីប្រធានបទបណ្តុះបណ្តាលគោលស្តីអំពី “ការរៀបចំផែនការអាជីវកម្មសម្រាប់កម្ចីអាជីវកម្មខ្នាតតូច និងមធ្យម”     ដែលចែករំលែក ដោយ លោកស្រី ចៅ លន់មូលីការ នាយិកាប្រតិបត្តិ និងស្ថាបនិកក្រុមហ៊ុន Cambodian Standard Development & Supply Co., Ltd. និងជាក្រុមប្រឹក្សាភិបាលទទួលបន្ទុកគណៈកម្មការលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)។ ក្រោយពីបានសិក្សាស្វែងយល់លើប្រធានបទបណ្តុះបណ្តាល សិក្ខាកាមទាំងអស់ក៏បានចែករំលែកនូវបទពិសោធន៍ជាក់ស្តែងផ្ទាល់ខ្លួន ពីគ្នាទៅវិញទៅមក តាមរយៈវេទិកាពិភាក្សាជាក្រុមទៅលើការបង្កើតផែនការអាជីវកម្មតែមួយទំព័រ (Business Plan Model Lean Canvas) ដែលជាឱកាសសម្រាប់សិក្ខាកាមក្នុងការអនុវត្តផ្ទាល់ និងទទួលបានយោបល់កែលម្អនានាពីគ្រូបង្គោល និងវាគ្មិនកិត្តិយសនៅក្នុងកម្មវិធីផងដែរ។

បន្ថែមពីនេះ សិក្ខាកាមក៏ទទួលបានស្វែងយល់អំពី “យន្តការធានាឥណទាន ក្នុងការគាំទ្រលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់   សហគ្រាសធុនតូច និងមធ្យម”  តាមរយៈបទបង្ហាញដោយ លោក យុន ផន  ប្រធាននាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍន៍អាជីវកម្មនៃ CGCC ដែលក្នុងនោះក៏មាននូវការចែករំលែកអំពីគម្រោងធានាឥណទានសម្រាប់អភិវឌ្ឍសេវាសាធារណៈ សម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន ដែលជាគម្រោងធានាឥណទានគ្រោងនឹងដាក់ចេញក្នុងពេលឆាប់ៗ ដើម្បីគាំទ្រដល់ប្រតិបត្តិករទឹកស្អាតឯកជន។

ស្របជាមួយនឹងយន្តការធានាឥណទានរបស់ CGCC លោក លោក តាំង ហុកឡេង នាយកឥណទាន អាជីវកម្មខ្នាតតូច និង មធ្យម នៃធនាគារ មេយប៊ែង ខេមបូឌា ក៏បានចែករំលែកអំពី “ “នីតិវិធីនៃការវាយតម្លៃឥណទាន និងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម” និងក៏បានគូសបញ្ជាក់អំពីដំណោះស្រាយហិរញ្ញវត្ថុដែលធនាគារមេយប៊ែង អាចផ្តល់ជូនដល់ប្រតិបត្តិករទឹកស្អាតឯកជនផងដែរ។

ការកសាងសមត្ថភាពសហគ្រិន គឺជាការងារអាទិភាពមួយរបស់ CGCC ក្នុងបេសកកម្មបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។ EPIC គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែល នឹងនាំមកនូវប្រធានបទពាក់ព័ន្ធការប្រតិ​បត្តិនិងគ្រប់គ្រងអាជីវកម្ម ដើម្បីអភិវឌ្ឍសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ/គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម៕

CGCC ចូលរួមកម្មវិធីទស្សនកិច្ចសិក្សា និងសិក្ខាសាលាស្តីពី លទ្ធផលស្រាវជ្រាវបឋម ក្រោមកម្មវិធីចែករំលែកចំណេះដឹង (Knowledge Sharing Program – KSP) ដែលរៀបចំឡើងដោយ KODIT

នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្រោមកិច្ចសហប្រតិបត្តិការរវាងមូលនិធិធានាឥណទានកូរ៉េ (KODIT) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងជាផ្នែកមួយនៃបេសកកម្មការងារនៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ក្រុមការងារនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលដឹកនាំដោយលោកស្រី លឹម ចាន់ធីតា ប្រធាននាយកដ្ឋានប្រតិបត្តិការ នៃ CGCC រួមជាមួយលោកស្រី សាន សុខរីណា ប្រធានការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការនៃ CGCC និងក្រុមការងារ CGCC ចំនួនបួនរូបផ្សេងទៀត រួមជាមួយតំណាង ១រូប មកពីអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ តំណាង ១រូប មកពី អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចូលរួមចូលរួមកម្មវិធីទស្សនកិច្ចសិក្សា និងសិក្ខាសាលាស្តីពី លទ្ធផលស្រាវជ្រាវបឋម ក្រោមកម្មវិធីចែករំលែកចំណេះដឹង (Knowledge Sharing Program – KSP) ដែលរៀបចំឡើងដោយ KODIT។

កម្មវិធីទស្សនកិច្ចសិក្សា និងសិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បីចែករំលែកលទ្ធផលស្រាវជ្រាវដែលរៀបរៀងដោយអ្នកជំនាញរបស់ KODIT សហការជាមួយអ្នកប្រឹក្សាយោបល់ជំនាញរបស់កម្ពុជា ក្នុងគោលបំណងដើម្បីប្រមូលមតិយោបល់ លើទិសដៅអនាគតនៃការស្រាវជ្រាវ និងសម្របសម្រួលការពិភាក្សាស្តីពីការអភិវឌ្ឍ CGCC រួមជាមួយនឹងវគ្គសំនួរចម្លើយ ទាក់ទងនឹងប្រធានបទស្រាវជ្រាវផងដែរ៕

ដំណើរទស្សនកិច្ចសិក្សា ទៅកាន់សហគ្រាស និងតំបន់ឧស្សាហកម្ម នៅសាធារណរដ្ឋកូរ៉េ

នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ក្រុមការងារនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលដឹកនាំដោយលោកស្រី លឹម ចាន់ធីតា ប្រធាននាយកដ្ឋានប្រតិបត្តិការនៃ CGCC រួមជាមួយលោកស្រី សាន សុខរីណា ប្រធានការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការនៃ CGCC និងសហការី CGCC ចំនួនបួនរូបផ្សេងទៀត រួមជាមួយតំណាង ១រូប មកពីអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាង ១រូប មកពី អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានធ្វើដំណើរទស្សនកិច្ចសិក្សា ទៅកាន់សហគ្រាស និងតំបន់ឧស្សាហកម្ម នៅសាធារណរដ្ឋកូរ៉េ ក្រោមការរៀបចំនិងសម្របសម្រួលដោយមូលនិធិធានាឥណទានកូរ៉េ (KODIT)។

ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់នូវឱកាសដល់ក្រុមការងាររបស់ CGCC និងគណប្រតិភូបានសិក្សាស្វែងយល់អំពីប្រតិបត្តិការអាជីវកម្ម និងដំណើរការលំហូរផលិតកម្មរបស់សហគ្រាស និងតំបន់ឧស្សាហកម្មដែលបានជ្រើសរើសទាំងនោះ ដើម្បីទទួលបានជាបទពិសោធន៍ និងធាតុចូលសម្រាប់អភិវឌ្ឍ CGCC និងយន្តការធានាឥណទាននៅកម្ពុជា សំដៅផ្តល់នូវការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចជាតិ។

CGCC ចូលរួមកម្មវិធីបណ្តុះបណ្តាលដែលរៀបចំដោយ KODIT នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ

ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្រោមកិច្ចសហប្រតិបត្តិការរវាងមូលនិធិធានាឥណទានកូរ៉េ (KODIT) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) លោកស្រី លឹម ចាន់ធីតា ប្រធាននាយកដ្ឋានប្រតិបត្តិការ នៃ CGCC រួមជាមួយលោកស្រី សាន សុខរីណា ប្រធានការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការនៃ CGCC និងក្រុមការងារ CGCC ចំនួនបួនរូបផ្សេងទៀត រួមជាមួយតំណាង ១រូប មកពីអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ តំណាង ១រូប មកពី អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលដែលរៀបចំដោយ KODIT នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

កម្មវិធីបណ្តុះបណ្តាលនេះផ្តោតលើទិដ្ឋភាពទូទៅរបស់ KODIT ការស៊ើបអង្កេតឥណទាន ការស៊ើបអង្កេតនៅនឹងកន្លែងផ្ទាល់ ការគ្រប់គ្រងហានិភ័យសំណង ការចែករំលែកអំពីព័ត៌មានឥណទាន កម្មវិធីគាំទ្រធុរកិច្ចបង្កើតថ្មី (Startup) របស់ KODIT ប្រព័ន្ធគ្រប់គ្រងហានិភ័យ និងការអភិវឌ្ឍហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម។ កម្មវិធីបណ្តុះបណ្តាលនេះបានផ្តល់ឱកាសល្អមួយសម្រាប់ក្រុមការងារ CGCC និងអ្នកចូលរួមផ្សេងទៀតដើម្បីស្វែងយល់អំពីបទពិសោធន៍ ចំណេះដឹងថ្មីៗ និង ការអនុវត្តល្អៗ រួមនឹងយន្តការធានាឥណទានឆ្នៃប្រឌិតថ្មីៗ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការធានាឥណទានរបស់ CGCC ជាពិសេស ការបង្គើនសមត្ថភាពវិភាគឥណទានសម្រាប់ប្រតិបត្តិការធានាឥណទាន ការគ្រប់គ្រងហានិភ័យ និងបង្កើតគម្រោងឥណទានក្នុងការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ៕