ដំណើរទស្សនកិច្ចសិក្សា ទៅកាន់សហគ្រាស និងតំបន់ឧស្សាហកម្ម នៅសាធារណរដ្ឋកូរ៉េ

នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ក្រុមការងារនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលដឹកនាំដោយលោកស្រី លឹម ចាន់ធីតា ប្រធាននាយកដ្ឋានប្រតិបត្តិការនៃ CGCC រួមជាមួយលោកស្រី សាន សុខរីណា ប្រធានការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការនៃ CGCC និងសហការី CGCC ចំនួនបួនរូបផ្សេងទៀត រួមជាមួយតំណាង ១រូប មកពីអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាង ១រូប មកពី អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានធ្វើដំណើរទស្សនកិច្ចសិក្សា ទៅកាន់សហគ្រាស និងតំបន់ឧស្សាហកម្ម នៅសាធារណរដ្ឋកូរ៉េ ក្រោមការរៀបចំនិងសម្របសម្រួលដោយមូលនិធិធានាឥណទានកូរ៉េ (KODIT)។

ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់នូវឱកាសដល់ក្រុមការងាររបស់ CGCC និងគណប្រតិភូបានសិក្សាស្វែងយល់អំពីប្រតិបត្តិការអាជីវកម្ម និងដំណើរការលំហូរផលិតកម្មរបស់សហគ្រាស និងតំបន់ឧស្សាហកម្មដែលបានជ្រើសរើសទាំងនោះ ដើម្បីទទួលបានជាបទពិសោធន៍ និងធាតុចូលសម្រាប់អភិវឌ្ឍ CGCC និងយន្តការធានាឥណទាននៅកម្ពុជា សំដៅផ្តល់នូវការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចជាតិ។