
CGCC ចូលរួមកម្មវិធីទស្សនកិច្ចសិក្សា និងសិក្ខាសាលាស្តីពី លទ្ធផលស្រាវជ្រាវបឋម ក្រោមកម្មវិធីចែករំលែកចំណេះដឹង (Knowledge Sharing Program – KSP) ដែលរៀបចំឡើងដោយ KODIT
ខែមេសា 23, 2025ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្រោមកិច្ចសហប្រតិបត្តិការរវាងមូលនិធិធានាឥណទានកូរ៉េ (KODIT) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងជាផ្នែកមួយនៃបេសកកម្មការងារនៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ក្រុមការងារនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលដឹកនាំដោយលោកស្រី លឹម ចាន់ធីតា ប្រធាននាយកដ្ឋានប្រតិបត្តិការ នៃ CGCC រួមជាមួយលោកស្រី សាន សុខរីណា ប្រធានការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការនៃ CGCC និងក្រុមការងារ CGCC ចំនួនបួនរូបផ្សេងទៀត រួមជាមួយតំណាង ១រូប មកពីអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង តំណាង ១រូប មកពី អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចូលរួមចូលរួមកម្មវិធីទស្សនកិច្ចសិក្សា និងសិក្ខាសាលាស្តីពី លទ្ធផលស្រាវជ្រាវបឋម ក្រោមកម្មវិធីចែករំលែកចំណេះដឹង (Knowledge Sharing Program – KSP) ដែលរៀបចំឡើងដោយ KODIT។
កម្មវិធីទស្សនកិច្ចសិក្សា និងសិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បីចែករំលែកលទ្ធផលស្រាវជ្រាវដែលរៀបរៀងដោយអ្នកជំនាញរបស់ KODIT សហការជាមួយអ្នកប្រឹក្សាយោបល់ជំនាញរបស់កម្ពុជា ក្នុងគោលបំណងដើម្បីប្រមូលមតិយោបល់ លើទិសដៅអនាគតនៃការស្រាវជ្រាវ និងសម្របសម្រួលការពិភាក្សាស្តីពីការអភិវឌ្ឍ CGCC រួមជាមួយនឹងវគ្គសំនួរចម្លើយ ទាក់ទងនឹងប្រធានបទស្រាវជ្រាវផងដែរ៕